ថ្មគ្រែ ជាក្រុមប្រាសាទបុរាណមួយមានអាយុកាលនៅសម័យមុនអង្គរក្នុងរវាងដើមស.វ.ទី៧ តែបានបាក់បែកអស់ទាំងស្រុង ក្លាយជាវត្តអារាមនៃព្រះពុទ្ធថេរវាទ ហើយយើងអាចនៅមើលសំណល់វត្ថុសិល្បៈបុរាណមួយចំនួនដូចជា បំណែកផ្តែរទ្វារ សសរពេជ្រ និងជើងទម្របដិមា។ល។ ទីតាំងប្រាសាទថ្មគ្រែ គេធ្លាប់រកឃើញសិលាចារឹកចំនួន៣ ផ្ទាំង រួមមាន សិលាចារឹក K.122 សិលាចារឹក K.926 និងសិលាចារឹក K.927។ ដោយឡែក នៅក្នុងអត្ថបទខ្លីនេះ យើងផ្តោតតែលើសិលាចារឹក K.122 មួយប៉ុណ្ណោះ។ សិលាចារឹកនេះ ចារឹកនៅជាប់ថ្មប៉ប្រះទឹកមួយកន្លែងក្នុងទន្លេមេគង្គដែលមានទីតាំងស្ថិតនៅមុខវត្តថ្មគ្រែ ក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ (រូបលេខ១)។ ដើម្បីមើលឃើញសិលាចារឹកនេះបាន គេត្រូវរង់ចាំដល់ពេលទឹកទន្លេមេគង្គស្រកផុតអក្សរចារឹកជាមុនសិន ដែលជានិច្ចកាលគេអាចមើលឃើញនៅចុងរដូវប្រាំងក្នុងរវាងខែមេសា ហើយឆ្នាំខ្លះទឹកមិនស្រកផុតក៏គេមិនអាចមើលឃើញដែរ។
សិលាចារឹកថ្មគ្រែ ចារឹកក្នុងរជ្ជកាលព្រះបាទចិត្រសេន-មហេន្រ្ទវរ្ម័ន ដែលជាព្រះមហាក្សត្រនៅសម័យចេនឡា ឡើងសោយរាជ្យនៅរវាងគ.ស.៦០៧ ដល់ ៦១៦។ ព្រះនាម “ចិត្រ សេន” គឺជាព្រះនាមព្រះអង្គមិនទាន់ឡើងសោយរាជ្យ និងជាមេទ័ពទៀតផង រីឯព្រះនាម “មហេន្រ្ទវរ្ម័ន” គឺជាព្រះនាមព្រះអង្គពេលឡើងសោយរាជ្យ។ ទ្រង់គឺជាព្រះអនុជជីដូនមួយរបស់ព្រះបាទភវវរ្ម័នទី១ និងជាបិតារបស់ស្តេចឦសានវរ្ម័នទី១ ដែលឡើងសោយរាជ្យបន្តពីទ្រង់ចាប់ពីគ.ស.៦០៦ ដល់៦៣៧។ នៅក្នុងរជ្ជកាលព្រះបាទចិត្រសេន-មហេន្រ្ទវរ្ម័ន រដ្ឋទាំងមូលមិនរួបរួមគ្នាឡើយ ហើយតែងតែមានការបះបោរ ការប្រជែងអំណាច ជាញឹកញាប់ពីសំណាក់ស្តេចសាមន្តរដ្ឋផ្សេងទៀត។ ហេតុដូច្នេះហើយ ទើបបានជាយើងឃើញថា សិលាចារឹកនៅក្នុងរជ្ជកាលព្រះបាទចិត្រសេន-មហេន្រ្ទវរ្ម័ន ច្រើនតែរៀបរាប់អំពីជ័យជម្នះរបស់ព្រះអង្គលើការបង្រ្កាបក្រុមបះបោរ និងសាងរបស់ពិសិដ្ឋក្នុងសាសនាដើម្បីទុកគោរពបូជានៅទីកន្លែងជាច្រើន។ សិលាចារឹកក្នុងរាជ្យរបស់ទ្រង់ ច្រើនរកឃើញនៅលើទឹកដីថៃ លាវ ដែលជាអតីតដែនដីអាណាចក្រចេនឡា និងមួយចំនួនទៀតរកឃើញនៅទឹកដីខ្មែរបច្ចុប្បន្ន តួយ៉ាងដូចជា រកឃើញនៅខេត្តក្រចេះជាដើម។
ដោយឡែក សិលាចារឹកថ្មគ្រែ K.122 ដែលយើងនឹងលើកមកសិក្សានេះ មានខ្លឹមសារដូចគ្នាទាំងស្រុងជាមួយសិលាចារឹកចំនួនពីរផ្សេងទៀតនៅក្នុងខេត្តក្រចេះដដែល គឺសិលាចារឹកភ្នំសុពណ៌កាលី និងសិលាចារឹកភ្នំសំបុក ហើយតាមរយៈអត្ថ ន័យនេះបង្ហាញថា សិលាចារឹកនេះចារឡើងនៅពេលទ្រង់នៅជាមេទ័ព ពុំទាន់ឡើងសោយរាជ្យជាស្តេចនៅឡើយទេ។ សិលាចារឹកថ្មគ្រែខាងលើនេះទៀតសោត ចារឹកជាភាសាសំស្រ្កឹត មានចំនួន ៤ បន្ទាត់ ហើយលោក ហ្សក សឺដេស ធ្លាប់បានសិក្សាម្តងរួចមកហើយកាលពីឆ្នាំ ១៩៥០ ព្រមទាំងធ្លាប់មានការសិក្សាពីអ្នកស្រាវជ្រាវមួយចំនួនទៀតដូចជា លោក អេជែន អៃម៉ូញេ ឆ្នាំ១៩០០ លោក លូណេ ដឺឡាហ្សង់ព្យែ ឆ្នាំ១៩០២ លោក ហង់រី ប៉ាម៉ង់ចេ ឆ្នាំ១៩២៧។ល។
អត្ថបទពាក្យចារឹក
១. ភក្ត្យា ភគវតឝ្ឝម្ភោ
២. ម៌្មាតាបិត្រោរនុជ្ញយា
៣. ស្ថាបិតញ្ចិត្រសេនេន
៤. លិង្គញ្ជយតិ ឝាម្ភវម៑។
បំណកប្រែ
ដោយសេចក្តីគោរពចំពោះព្រះសម្ភុ (ព្រះសិវ)ដោយមានសេចក្តីណែនាំអំពីព្រះរាជមាតា ព្រះបិតាទាំង២ព្រះអង្គ ព្រះសិវលិង្គស្ថាបនាដោយព្រះបាទចិត្រសេនរមែងទទួលបានជ័យជម្នះ។
ពន្យល់ពាក្យ
ភក្ត្យា = ដោយសេចក្តីគោរព
ភគវតឝ៑ (ភគវតះ) =ព្រះជាម្ចាស់, ព្រះអាទិទេព
ឝម្ភោរ៑ (ឝម្ភោះ) =ចំពោះព្រះឥសូរ ឬព្រះសិវៈ
មាតាបិត្រោរ៑ (មាតាបិត្រោះ) = របស់ព្រះរាជមាតា និងព្រះបិតាទាំងពីព្រះអង្គ
អនុជ្ញយា = តាមសេចក្តីអនុញ្ញាត,តាមសេចក្តីណែនាំ,តាមសេចក្តីបង្គាប់
ស្ថាបិតញ៑ (ស្ថាបិតំ) =ឱ្យស្ថាបនា,ឱ្យសាងសង់ទុក
ចិត្រសេនេន = ដោយទ្រង់ ចិត្រសេន , ដោយអ្នកអង្គម្ចាស់ ចិត្រសេន
លិង្គម៑ (លិង្គំ) = នូវព្រះសិវលិង្គ ឬ នូវលិង្គព្រះឥសូរ
ជយតិ = រមែងមានជ័យជម្នះ, រមែងឈ្នះ
ឝាម្ភវម៑(ឝាម្ភវំ) =ជារបស់ព្រះសម្ភុ ឬរបស់ព្រះឥសូរ
អត្ថបទដោយ៖ លោក កំ វណ្ណរ៉ា