ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹក​វត្តមៀន K.១០៥ (ភាគបញ្ចប់)

សិលាចារឹក​វត្តមៀន K.១០៥ (ភាគបញ្ចប់)

ក្នុងអត្ថបទសិលាចារឹកនេះ គឺចារពុំបានរៀបរយល្អទេ។ អត្ថបទ​ផ្នែកទី១​  អក្សរ​ចារ​ពុំ​ត្រង់​ជួរ​ល្អ ប៉ុន្តែចំណារជ្រៅៗ។ អ្នកចារពុំលៃ​លក​គម្លាតបន្ទាត់លើក្រោម​ឱ្យសមល្មម នាំ​ឱ្យ​តួ​អក្សរ​ខ្លះ​​ចារ​ជាន់​គ្នា​។ តួ​អក្សរ​មួយចំនួន​ពុំមានសក់នោះទេ ដែលតួអក្សរ​ខ្លះ អាច​នាំឱ្យ​យើង​ច្រឡំ​គ្នាបាន ដូច​ករណី​​តួអក្សរ «ស» និង «ល»។ ពាក្យមួយចំនួន​មានសរសេរភ្លេចតួ​អក្សរផងដែរ។ អត្ថបទផ្នែកទី២និងទី៣ ចារតួអក្សរតូចៗ ជម្រៅ​ចារពុំជ្រៅ​ល្អ តួអក្សរខ្វៀក មានភ្លេចតួអក្សរ និងជួសតួអក្សរដែលភ្លេចឡើងវិញ។

អត្ថបទដើមជាអក្សរទំនើប

សំណៅផ្ដិតសិលាចារឹកវត្តមៀន (រូបថត EFEO_CAM16781)

អត្ថបទទី១

១-      ៨៣៤ ឝកនូមានវ្រះឝាសណធូលិវ្រះបាទធូលិជេង៑វ្រះកំម្រតេង៑

២-      អញ៑ឯកាទឝីរោច៑ចៃត្រចន្ទ្រវារនុឱយ៑វ្រះ(សុ)បាត្រតម្រ

៣-     តាញ៑ឝ្រិវិក្រមសណ្នាហតិ ប្រេទៅស្ឋាប(នា)តគិស្រុក៑ទ្ទៃ

៤-      អាយវ្រៃវ្យក៑ប្រមានឝ្រិឥន្ទ្របូរនៅ រុវទ្រវ្យ(នុ)ខ្ញុំមស្រុ

៥-      ក៑ស្រេតតិម្រតាញឝ្រិវិក្រមសន្នាហ នុម្រ(តាញ)ខ្លោ

៦-      ញមហាបូរូឞឱយ៑តវ្រះ·សិទ្ធិ ស្រុកថ្ក្វល៑(ធ)មអម្រះ

៧-      ៤·ស្រុកវ្នុរតិបឝ្ចិមអំវិតគិមុំត្រវាង៑វ្រះស្វាយ

៨-      តោ[[យ៑]]បុវ៌្វគិថ្ន្វល៑ត្រវាង្វេង៑តិបុវ៌្វ តោយ៑(ទក្ឞិណ)ល្វោ[[ះ]]

៩-      ត្រវង៑ឥត្ត តិឧត្តរល្វោះតគិផ្លុវ·(អម្រះ៤)

១០-    សិអនរោក៑សិចំលៅសិកំបត៑សិអន្ទហ(ស្រុក៑)

១១-    សុខគ្រាម  ស្រុក៑ត្រលៅ ស្រុក៑សំវេគ (ស្រុកបុរុឞ)

១២-   បុរ(ស្រុក៑្រ – ក៑) ស្រុក៑ថ្នល ស្រុករិនិវាស ស្រុ(ក៑)

១៣-   វិណវបុរ៑ ស្រុក៑ឝលមេត៑ ស្រុក៑សំ(សំ) ស្រុ(ក្ត្រ)[វាង៑]

១៤-    ស្រុក៑វ្រៃតេំថ្និង៑ នាកន្តល៑វលនេះស្យង៑ស្រុ[[ក៑]]វ្រះ[ជំន្វន៑]

១៥-    តវ្រះកំម្រតេង៑អញ៑នុវខ្ញុំវ្រះផោង៑

១៦-    នៅតយោក្កនេះតរោះនេះតិប្រេកាប៑ថ្ប្វង៑

អត្ថបទទី២

១៧-   ៩០៨ឝកចតុទ៌្ទឝិកេត៑ភាទ្របទអាទិត្យវារនុមាន៑វ្រះឝាសនធូលិ

១៨-   វ្រះបាទធូលិជេង៑វ្រះកម្រតេង៑អញ៑តវាប៑ហ្ឫទយឝិវបំចាំប្រត្យយនាចត្វារិតិប្រេមោ​កឱយ៑

១៩-   ស្រេតវ្រះកម្រតេងអញភគវតីគិអំវិយស្រេបិឱយ៑ហេតុបុល៑ក្របិយទ្ន្យំ១នុទុញ៑ថ្មោ​អ្លេ​ង៑

២០-    នុថ្វេវ្រះវ្នំមន្វាបសិប៑ខ្លោញ៑ជ្ន្វល៑នុទឝាធិក្ឫត្តនុប្រត្យយមោកឱយស្រេថ្លាយ៑

២១-   ក្របិគិហេតុបិមាន៑ស្រេវ្រះកំម្រតេង៑អញ៑ភគវតី

អត្ថបទទី៣

២២-   ៩០៩ឝកតគិម្វយ៑រោច៑មាគ៌្គឝិរឝុក្រវារនុខ្លោញ៑វលខ្លោញ៑វិ

២៣-  ឞយវ្នំកន្សិង៑ឱយ៑ខ្ញុំតវ្រះកំម្រតេង៑អញ៑ភគវតី·តៃកញ៑ចុតិទុញនុស្ពោក៑

២៤-   ក្វន៑សិអ្នន្តតៃបន្លស៑តៃ១តៃថ្មោក្វន៑សិអ្គត៑សិចង៑កាស៑សិកន៑ធិបៅ១តៃកន៑ហេយ៑តិ

២៥-   តិត្វរនុខ្ញុំមចៅតៃឆ្បោង៑·តៃបន៑ហេម៑បស៑គន្ធ·តៃឆ្បោង៑តិទុញ៑នុវុទិតវាប៑

២៦-   វ្រាំវ្រៃកន្ទិនក្វន៑សិតិថ៌តៃកន៑ស្រច៑តៃបន៑ហេំ·តៃបន្ទន៑តិទុញ៑នុវុទិតវាប៑

២៧-   (ចា)ម្បកំមលេង៑ក្វ[[ន៑]]សិសំអប៑តៃភទ្រ·តៃកញ្ចន៑ក្វ[[ន៑]]តៃថ្អ្យក៑បៅ[[១]]តៃកំវៃតៃកន្ទ្វត៑

២៨-   សិកញ៑យច៑តៃផ្គង៑ក្វន៑កំវៃវ្យរផ្អ្វន៑វ្យត៌ិ· តៃកំវៃតិទុញ៑នុប្រាកតយ្វន៑កំ

២៩-   វង៑តទ្ទិង៑សិវ្រហ្មទល៑មាកសិខ្នេត៑សិកន្លាន៑សិបន៑ហេម៑១សិឝឝាង្កសិកំវៃ

៣០-   តៃកនតេមវ្រៅតិទុញ៑តៃភវតិត្វរនុខ្ញុំម

សំណៅផ្ដិតសិលាចារឹកវត្តមៀន (រូបថត EFEO_CAM16782)

អត្ថបទប្រែសម្រួល​ជា​ភាសាខ្មែរទំនើប

អត្ថបទទី១

(នា)មហាសករាជឆ្នាំ៨៣៤ មានព្រះរាជសាសន៍ព្រះបាទធូលីជើងព្រះគម្តែងអញ (នា​ថ្ងៃ)​ទី​១១រោច ខែចែត្រ ថ្ងៃចន្ទ (ទ្រង់​)ប្រទានព្រះសុបត្រ(/រាជសារ)ដល់ម្រតាញស្រីវិក្រមសន្នាហ (ត្រាស់បង្គាប់)​​ប្រើ​ទៅស្ថាបនានៅស្រុកទៃ នាព្រៃវ្យក ប្រមាន(/ខេត្ត)ស្រីឥន្ទ្របូរ​។ នូវទ្រព្យសម្បត្តិ​ អ្នកបម្រើ ដី ស្រែ ដែលម្រតាញស្រីវិក្រមសន្នាហ និងម្រតាញខ្លោញមហាបុរស ថ្វាយទៅជាព្រះ ​ជា​កម្ម​សិទ្ធិ(មាន)៖ ស្រុកថ្កូលធំ(១) (និង)អំរះ៤។ (ព្រំ​ប្រទល់​ដី​ស្រុក​ថ្កូលធំ មាន​ដូច​ជា​ដី)ស្រុកផ្នូរ(នៅ)​ទិស​ខាង​លិច(គិត)ពីជ្រុងត្រពាំង, (ដី)ព្រះស្វាយទៅ​​ខាងកើត គឺ(ដល់)ថ្នួល, (ដី)ត្រពាំងវែងនៅ​ទិស​ខាងកើត ទៅដល់​ទិសខាងត្បូង រហូតដល់​ត្រពាំងឥដ្ឋ (ដី)​នៅ​ទិស​ខាងជើងដល់ផ្លូវ។ អ្នកបម្រើ៤(នាក់ មាន)សិអន្រោក សិចំលៅ សិ​កំបត់ សិអន្ទះ។ (ដីភូមិមាន)ស្រុកសុខគ្រាម ស្រុកត្រលៅ ស្រុកសំវេគ ស្រុកបុរសបូរ ស្រុក… ស្រុកថ្នល់ ស្រុករិនិវាស ស្រុកវិណវបូរ ស្រុកសលមេត ស្រុកសំសំ ស្រុក… ស្រុកព្រៃដើមថ្នឹងនាកណ្តាលពល។ (ដីទាំង)នេះសុទ្ធសឹង(ជា)ស្រុកព្រះជំនូនថ្វាយ​ព្រះគម្តែងអញ ព្រមទាំងអ្នកបម្រើព្រះផង​។ នូវ(នរជន​ណា)ដែលយក(ដីព្រះជំនូន)ទាំងនេះត្រូវកាប់​ក្បាល។

អត្ថបទទី២

(នា)មហាសករាជឆ្នាំ​៩០៨ (ថ្ងៃ)ទី១៤កើត ខែភទ្របទ ថ្ងៃអាទិត្យ មានព្រះរាជសាសន៍​ធូលីព្រះបាទធូលីជើងព្រះគម្តែងអញ (ត្រាស់បង្គាប់)ដល់វាបហឫទ័យសិវ (ជា​)​រាជ​មន្ត្រី​​ប្រចាំ​ការ​ថ្នាក់ទី៤ ប្រើមកថ្វាយស្រែចំពោះព្រះគម្តែងអញភគវតី គឺ​ស្រែ​ដែល​ត្រូវ​ឱ្យ ដោយ​ហេតុ​បុល​ក្របី១នឹម សម្រាប់​ទិញថ្មបាយក្រៀម​ដើម្បី​ធ្វើប្រាសាទ​។ វាបសិបជា​ខ្លោញ​​ឈ្នួល(មេឈ្នួល) និង(មន្ត្រី)ទសាធិក្រឹត ព្រម​ទាំងរាជ​​មន្ត្រី (ជាអ្នក)​មកឱ្យស្រែ(សង)ថ្លៃក្របី (គឺដី)ស្រែរបស់​ព្រះគម្តែង​អញ​ភគ​វតី។

អត្ថបទទី៣

 (នា)មហាសករាជឆ្នាំ​៩០៩ (ថ្ងៃ)ទី១រោច ខែមិគសិរ ថ្ងៃសុក្រ ខ្លោញពល (និង)ខ្លោញវិស័យភ្នំកន្សិង ថ្វាយអ្នកបម្រើចំពោះព្រះគម្តែងអញភគវតី។ (អ្នកបម្រើមាន៖) តៃកញ្ចុដែលទិញនឹងស្ពក (និង)កូន(ឈ្មោះ)សិអនន្ត, នារីបន្លាស់ម្នាក់ (គឺ)តៃថ្ម(និង)កូន(ឈ្មោះ)សិអ្គត់ សិចង្កាស សិកន្ធិ (និង)កូននៅបៅម្នាក់, តៃកន្ហេយដែលដូរនឹងខ្ញុំបម្រើ(ដែលជា)ចៅរបស់​តៃច្បង, តៃបន្ហេម(ដែលជា)អ្នកកិនគ្រឿងក្រអូប, តៃច្បងដែលទិញនឹងថូ​ ពីវាបវ្រាំ(នៅ)​ព្រៃកន្ទិន, កូន​របស់សិតិថ៌, តៃកន្ស្រច, តៃបន្ហេម, តៃបន្ទន់ដែលទិញនឹងថូពីវាបចាម្បកំ​(ជាជនជាតិ)មលេង  (និង)កូន(ឈ្មោះ)សិសំអប់ (និង)តៃភទ្រ, តៃកញ្ចន (និង)កូន(ឈ្មោះ​​)​​​តៃថ្អៀក (និង)កូន​នៅបៅម្នាក់, តៃកំវៃ​, តៃកន្ទួត, សិកញ្យច, តៃផ្គង (និង)កូន(តៃ)​កំវៃ​ពីរ​នាក់ (និង)ប្អូនពីរនាក់​។ តៃកំវៃដែលទិញនឹងប្រាក់ពីយួន(នៅ)កំពង់ទទឹង, សិព្រហ្ម(ជា)ទ្រមាក់, សិត្នោត, សិកន្លាន, សិបន្ហេម, សិសសាង្ក, សិកំវៃ, តៃកន្តេម(នៅ)ព្រៅដែលទិញ(មក), តៃភវៈដែលដូរនឹងអ្នកបម្រើ។

សិលាចារឹកវត្តមៀន

សិក្សាវាក្យសព្ទ

អត្ថបទចារឹកនេះចារជាភាសាខ្មែរបុរាណសម័យអង្គរ និងមានប្រើ​ពាក្យសំស្ក្រឹតលាយ​​​ជាមួយ​ផង​ដែរ ប៉ុន្តែសំណេរ​ពាក្យ​ភាសាសំស្ក្រឹតទាំង​នោះ មាន​​ឃ្លាត​ចាក​អក្ខរាវិរុទ្ធ​មួយ​ចំនួន​ផងដែរ​។ ឧទាហរណ៍ដូចជាពាក្យសំស្ក្រឹត «ឝាសន» ក្នុងអត្ថបទខាងលើ មានសំណេរ​ពីរបែប គឺសរសេរ​ជា​ «ឝាសណ» ផង និង «ឝសន» ផង។

វ្រះឝាសណ = ព្រះរាជសាសន៍, ព្រះរាជបញ្ជា។

ធូលិវ្រះបាទធូលិជេង៑វ្រះកំម្រតេង៑អញ៑ = ជាឋានន្តរនាមព្រះមហាក្សត្រ។

ឯកាទឝី = ទី១១ ។

វ្រះសុបាត្រ = ព្រះសុបត្រ, ព្រះរាជសារ។ បត្រ = ក្រដាស, សន្លឹក, ស្លឹក, ។ រីឯ វ្រះ​ និង សុ- ជាពាក្យប្រើដើម្បីចម្រើនពាក្យ បាត្រ(បត្រ) ឲ្យខ្ពង់ខ្ពស់ ដ្បិតប្រើជាមួយ​ព្រះមហាក្សត្រ។

ម្រតាញ៑ = ឋានន្តរនាមមន្ត្រីថ្នាក់កណ្តាលខាងយោធា, រដ្ឋបាលស៊ីវិល, បម្រើការក្នុងរាជវាំង និងសាសនា។

តិ = ធាតុវេយ្យាករណ៍ប្រើសម្រាប់បង្កើតទម្រង់ល្បះអកម្មក្នុងភាសាខ្មែរបុរាណ។

ស្ឋាបនា = ស្ថាបនា, តាំង, តម្កល់, សាងសង់។ ពាក្យនេះ ជាទូទៅប្រើចំពោះការតម្កល់បដិមាឬសាងសង់ប្រាសាទ។

ប្រមាន = តំបន់ធំឬតូចដែលព្រះរាជាប្រទានទៅឲ្យអ្នកធំណាម្នាក់គ្រប់គ្រង។

រូវ = ដូច, ដូចជា, បីដូច, ស្មើនឹង។

ខ្ញុំ = អ្នកបម្រើ។

ម្រតាញខ្លោញ = ឋានន្តរនាមមន្ត្រីត្រួតពលប្រចាំស្រុកនីមួយៗនៅសម័យអង្គរ និងមន្ត្រីថ្នាក់កណ្តាលបម្រើការផ្នែករដ្ឋបាលស៊ីវិល កងទ័ព និងសាសនា ។

វ្រះសិទ្ធិ = កម្មសិទ្ធិរបស់ព្រះ។

អម្រះ = ប្រភេទអ្នកបម្រើដើរមើលរះត្រួតកិច្ចការទូទៅ កងក្រវែល កងល្បាត ។

ល្វោះ = លុះ។

សិ = អ្នកបម្រើប្រុស, ពាក្យនេះសព្វថ្ងៃនៅសល់ជាប់នឹងពាក្យ ប្តី គឺ ប្តីសី។

បឝ្ចិម =បស្ចិម គឺទិសខាងលិច។

បុវ៌្វ =បូព៌ ទិសខាងកើត។

ទក្ឞិណ =ទក្សិណ គឺទិសខាងត្បូង។

ឧត្ដរ = ទិសខាងជើង។

វ្រះជំន្វន៑ = ព្រះជំនូនគឺជាតង្វាយដែលថ្វាយទៅទេព ដើម្បីឱ្យប្រាសាទដំណើរការជាប្រក្រតី។ ជាទូទៅតង្វាយមានច្រើនប្រភេទ៖

១- ដីសម្រាប់សាងទីបូជាឬសម្រាប់ធ្វើស្រែចំការយកភោគផលជាអម្រស់អម្រចិញ្ចឹ​ម​​ជីវិតបព្វជិតនិងអ្នកបម្រើទីបូជានៅទីនោះផង ព្រមទាំងសម្រាប់ធ្វើកិច្ចគ្រប់បែបយ៉ាងឆ្ពោះទៅទេពនានាដែលតម្កល់នៅទីនោះផងដែរ។

២- អ្នកបម្រើគ្រប់តួនាទី

៣- វត្ថុនានាសម្រាប់ទុកជាទ្រព្យទីបូជានោះ។

តេំ = ដើម ស្រៈ «េ» ប្រែប្រួលមកជាស្រៈ «េ, ែ, ើ»នាពេលបច្ចុប្បន្ន។ចំណែកស្រៈ «ំ» =​ «ម»។

បេ្រ = ប្រើ បញ្ជាឲធ្វើ, ត្រាស់បង្គាប់ឲធ្វើតាម។

រោះហ = ដូច, ដូចតទៅ។

ថ្ប្វង៑ > ត្បូង = ក្បាល។ ឧ. ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។

ចតុទ៌្ទឝី  = ទី១៤។

វាប៑  = ឋានន្តរនាមមន្ត្រី មានមុខការខុសៗគ្នាចាប់ពីមន្ត្រីតូចតាចដែលជាប្រធានភូមិដល់អភិបាលខេត្ត មន្ត្រីធ្វើការនៅតាមភូមិស្រុកខេត្ត និងនៅក្នុងរាជវាំង។

បំចាំ = អ្នកចាំ, អ្នកនៅមើលថែរក្សា។

ប្រត្យយ = រាជបម្រើ, អ្នកបម្រើស្តេច, មន្ត្រីបម្រើស្តេច ។

ចត្វារិ = ទី៤, កម្រិតឬថ្នាក់ទី៤។

បុល៑ = បុល, បណ្ដាក់ទ្វេឬបណ្ដាក់មួយជាពីរ គឺបណ្ដាក់អ្វីៗមានស្រូវជាដើម កាលដែលយកពីគេមកឬឲ្យទៅគេតែ១ភាគ លុះដល់កាលរដូវ ត្រូវសងឬត្រូវយកវិញជាពីរភាគ។​

ទ្ន្យំ = នឹម។

ទុញ៑ > ទិញ។

ថ្មោអ្លេង៑ = ថ្មបាយក្រៀម។

វ្រះវ្នំ = ព្រះភ្នំ, ប្រាសាទ។ លោក អៃម៉ូនីញ៉េរ យល់ថាពាក្យ «វ្រះវ្នំ» ឬ ព្រះភ្នំ​ នេះ ត្រូវគ្នានឹងបាភ្នំ ខេត្តព្រៃវែង។  លោក សឺដែស បានយោងគំនិតនេះ ដាក់​បញ្ជាក់​នៅក្នុងអត្ថបទរបស់លោកផងដែរ។

ទឝាធិក្ឫត្ត = អ្នកគ្រប់គ្រងលើមនុស្សដប់នាក់។

ខ្លោញវល = មេទ័ព។

ខ្លោញវិសយ = មេខេត្ត, ចៅហ្វាយខេត្ត។

តៃ = ពាក្យសម្រាប់សម្គាល់ឋានន្តរអ្នកបម្រើស្រី។

ក្វន៑ = កូន។

បន្លស៑ = បន្លាស់, អ្វីដែលផ្លាស់ឬជំនួសគេ។

ត្វរ៑ = ដូរ។

បស = កិន, បសគន្ធ = កិនគ្រឿងក្រអូប។

វុទិ = ថូទឹកធ្វើពីលោហៈ, ពាក្យនេះក្លាយទៅជាពាក្យ ប៉ោត ។

ត្វន៑ = ដូន, ជីដូន, យាយ។

មលេង៑ = ជាក្រុមជនជាតិមួយ ដែលប្រទះឃើញ​ក្នុងសិលាចារឹក តាំងពីសម័យមុនអង្គរ។ សិលាចារឹកនៅរកឃើញនៅស្នាយពល ក៏មានបញ្ជាក់​ពី​អ្នកបម្រើ​ជា​ជន​ជាតិ​មលេងនេះដែរ។ នៅសម័យអង្គរ តំបន់មលេង៑ អ្នកប្រាជ្ញសន្និដ្ឋានថាត្រូវនឹងតំបន់មោងឫស្សីខេត្តបាត់ដំបង ។

បៅ , បៅតៃ = កូនស្រីរបស់អ្នកបម្រើដែលនៅបៅដោះ។

ផ្អ្វន៑ = ប្អូន។

វ្យរ៑ = ពីរ។

យ្វន៑ = យួន, ក្លាយមកពីពាក្យសំស្ក្រឹតថា យវន។

ទល្មាក៑ = ទ្រមាក់។

វ្រៅ  = ព្រៅ, ជនជាតិព្រៅ។

———————————–

Vat Mean inscription, K.105 (End)

Inscription K.105 part 1 has not written in a straight line. However, the carve is deep. The engraver did not manage the lower space which the overlapping of the letters. Some alphabets are missing their forms which confuses the alphabet. For instance, Sa and La. Moreover, some words are miss-spelling. Similarly, inscription parts 2 and 3 have smaller letters, are shallow, imperfect, miss spell, and replace parts.

Translation

Part 1:

11th Roch, Chet, Monday of 834 Caka, the order of Vraḥ Pāda Dhūlijeṅ Vraḥ Kamrateṅ Añ send a letter to his official Sri Vikramannāha to establish at Sruk Dai, Sri Indrapura. Accordingly, Sri Vikramannāha and Mratañ Khloñ Mahāpurusa offered the property, servants, and paddies to God. The properties of God are Sruk Thkoul Thom 1, Amrah 4. The boundary of Sruk Thkoul Thom is Sruk Phnor (west) from the corner of the pond, Vraḥ Svāy (east) up to Thkoul, Trapang Veng (east to south) up to Trapang Ed (north to the road). There are 4 servants: [Si Androk, Si Chamlao, Si Kambat, and Si Anteh]. The lands are [ Sruk Suk Gram, Sruk Tralao, Sruk Samveg, Sruk Purusapura, Sruk…Sruk Thal, Sruk Vinivasa, Sruk Salameta, Sruk Samsam, Sruk…Sruk Vrai Dem Thneng at Kandal Pol]. He who takes these lands will be cut the head.

Part 2:

14t Ket, Padrapada, Sunday of 908 Caka, the order of the King to Vāp[Bahardayashiva]who is the official in the 4th category to offer paddies for a goddess Vraḥ Kamrateṅ Añ Bhagavati. The paddies are the payment from borrowing a couple of buffalos to buy laterite for making the temple.  

Part 3:

1st Roch, Migasira, Friday of 909 Caka, two officials (Khloñ Pol and Khloñ Vnom Kamsiṅ) offer servants to Vraḥ Kamrateṅ Añ Bhagavati. Those servants are Tai Kancu and her son named Si Ananta (bought by a piece of land), Tai Tmar (Banlah) and her son named Si Angat, Si Cankas, Si Kandhi, and a baby, Tai Kaneya (Exchanged with a servant who is a grandchild of Tai Cbon), Tai Banhem (grinder of beauty products), Tai Cbon (purchase by using a jar from Vāp Champakam who is Malyen) and a son named Si Sam Ab, Tai Padra, Tai Kancan and children named Tai Thaek and a baby, Tai Kamvai, Tai Kandut, Si Kanyac, Tai Pagan and children, Tai Kamvai 2 and two sisters. Tai Kamvai purchased with the currency from Youn Kampong Taten, Si Brahma (elephant trapper), Si Tnot, Si Knanlan, Si Sasangka, Si Kamvai, Tai Kantem (a bachelor), Tai Bhava (exchanged with a servant).

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!