ទំព័រដើមប្រវត្តិសាស្ត្រ“ខ្ញុំ” ក្នុងសិលាចារឹកខ្មែរ

“ខ្ញុំ” ក្នុងសិលាចារឹកខ្មែរ

“ខ្ញុំ” និង “ក្ញុំ” ជាពាក្យតែមួយ ប៉ុន្តែសរសេរក្នុងកាលវេលាខុសគ្នា។ ក្នុងសិលាចារឹកសម័យមុនអង្គរ និងដើមសម័យអង្គរ តែងឃើញគេសរសេរជា ក្ញុំ លុះក្រោយមកក្នុងសម័យអង្គរគេសរសេរជា ខ្ញុំ។ សិលាចារឹកជាច្រើនបង្ហាញពីបញ្ជី “ខ្ញុំ” រាប់រយពាន់នាក់ដែលគេបានធ្វើអំណោយទៅប្រាសាទ ឬទៅបម្រើទេព ដោយពួកគេមានតួនាទីដោយឡែកៗពីគ្នា ដូចជាដុតភ្លើងបំភ្លឺ យាមទ្វារ ដាំស្ល ធ្វើស្រែចំការជាដើម។ តាមរយៈការសិក្សារបស់អ្នកស្រាវជ្រាវធំៗជាច្រើនក៏ដូចជា លោក ហ្សក សឺដេស ដែលជាអ្នកសិក្សាសិលាចារឹកខ្មែរដ៏ល្បីបានសន្និដ្ឋានថា ពាក្យ “ខ្ញុំ” ក្នុងសិលាចារឹកភាសាខ្មែរ ត្រូវគ្នានឹងពាក្យ “ទាសា ទាសី” ក្នុងសិលាចារឹកសំស្រ្កឹតហើយអាចប្រែជាភាសាបារាំងថា​ Esclave ឬ Slave ជាភាសាអង់គ្លេស ។

តើ “ខ្ញុំ” ជាអ្វី?

ក្នុងសង្គមខ្មែរសព្វថ្ងៃ “ខ្ញុំ” ជាសព្វនាមបុរសទី១ ហើយអាចប្រើផ្សំ និងពាក្យផ្សេងៗដូចជា ខ្ញុំបាទ នាងខ្ញុំ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ ខ្ញុំឯង ជាដើម។ ក្រៅពីនោះ “ខ្ញុំ” ក៏ប្រើបញ្ជាក់ស្ថានភាពរបស់មនុស្សផងដែរដូចជា ខ្ញុំគេ ខ្ញុំបម្រើ ខ្ញុំកញ្ជះ ខ្ញុំកំដរ ខ្ញុំរាជការ។ល។

ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត “ខ្ញុំ” មានន័យថា មនុស្សក្រីក្រ ដែលជំពាក់បំណុលគេ ហើយក៏មានន័យម្យ៉ាងទៀតស្មើនឹងពាក្យថា “ទាសា​ (ខ្ញុំប្រុស) ទាសី (ខ្ញុំស្រី)” ដូចក្នុងសិលាចារឹកខ្មែរបុរាណដែរ។ គួរឲ្យកត់សម្គាល់ថា ពាក្យ “ទាសា ទាសី” នៅបន្តប្រើប្រាស់ក្នុងព្រះបរមរាជវាំងនៅឡើយ។ ក៏ប៉ុន្តែដើម្បីឲ្យយល់កាន់តែច្បាស់ពីអ្វីជា “ខ្ញុំ” គួរពិនិត្យអត្ថន័យ និងបរិបទនៃការប្រើប្រាស់ពាក្យ “ទាសា ទាសី” ក្នុងសង្គមឥណ្ឌាផងដែរ។ ពាក្យ “ទាសា ទាសី” ចេញមកពីឬស“ទាស” ដែលសំដៅន័យថា ខ្មៅ ឬមនុស្សមានជាតិសម្បុរខ្មៅ ដែលនិយមន័យនេះជាប់ទាក់ទងនឹងការងារកសិកម្ម។ ពាក្យនេះលេចឡើងនៅក្នុងគម្ពីរល្បីៗរបស់ឥណ្ឌាដូចជាឫកវេទជាដើម ហើយប្រើប្រាស់ក្នុងន័យថាជា អ្នកបម្រើ។ ទន្ទឹមនឹងនោះ អ្នកស្រាវជ្រាវលោក លូដូ រូឆើ បានបញ្ជាក់ថា “ទាសា ទាសី” ក៏អាចមានន័យថា “សូទ្រ”ដែរ គឺមនុស្សដែលគេចាត់ចូលក្នុងជំពូកទី៤ក្នុងសង្គមឥណ្ឌា ដែលប្រកបការងារដោយប្រើកំលាំង និងហត់នឿយជាដើមនោះ។ ដូច្នេះបើពិនិត្យទៅលើអត្ថន័យរបស់ពាក្យ “ខ្ញុំ” ព្រមទាំងកិច្ចការងារប្រចាំថ្ងៃដែលមានបញ្ជាក់ក្នុងសិលាចារឹកខ្មែរបុរាណ គឺស្របគ្នានឹងកិច្ចការងាររបស់ “ទាសា ទាសី” មិនត្រឹមតែក្នុងសិលាចារឹកសំស្រ្កឹតខ្មែរបុរាណទេ ប៉ុន្តែនៅក្នុងសង្គមឥណ្ឌាផងដែរ។

លើសពីនោះទៅទៀត ន័យរបស់ពាក្យ “ខ្ញុំ” មិនដែលផ្លាស់ប្តូរទេក្នុងសង្គមខ្មែរ គឺ “ខ្ញុំ” មានន័យត្រឹមតែជាអ្នកបម្រើ ឬមានន័យបង្កប់នូវការគោរពអ្នកដទៃដ៏ជ្រាលជ្រៅ។ ឧទាហរណ៍ ខ្ញុំរាជការ។ ពាក្យខ្ញុំរាជការ មានន័យល្អណាស់។ ខ្ញុំរាជការ គឺជាអ្នកបម្រើការងារផ្សេងៗជូនទៅរាជការ។ ពួកគាត់ទទួលបានផលប្រយោជន៍គ្រប់គ្រាន់ កេរ្តិ៍ឈ្មោះ ឬប្រាក់កម្រៅសម្រាប់ចិញ្ចឹមជីវិតដោយសមរម្យ។ ឧទាហរណ៍ម្យ៉ាងទៀត ព្រះមហាក្រត្ស ព្រះអង្គតែងមានព្រះឳសជាប្រក្រតីថា ទួលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ។បើសង្កេតមើលន័យនេះ ពាក្យ  “ខ្ញុំ”  ទាំងបីប្រហែលជាអាចសំដៅន័យបីផ្សេងគ្នា។ ទី១ សព្វនាម ទី២ ការគោរព ទី៣ បញ្ជាក់ពីភារកិច្ចការងារ។ ព្រះមហាក្សត្រ ព្រះអង្គគឺជាទីគោរពសក្ការតម្កល់លើត្បូងរបស់ប្រជានុរាស្រ្ត ប៉ុន្តែព្រះអង្គបានបូជាព្រះកាយពលរបស់ព្រះអង្គបម្រើរាស្រ្តទូទាំងប្រទេស។ ដូច្នេះការប្រើប្រាស់ពាក្យ “ខ្ញុំ” គ្រប់ស្រទាប់វណ្ណៈក្នុងសង្គមខ្មែរមិនមែនជាការចៃដន្យ ឬដោយគ្មានអត្ថន័យវិសេសវិសាលនោះឡើយ។ ម្យ៉ាងទៀត ប្រសិនបើ “ខ្ញុំ” សំដៅដល់ភាពឈឺចាប់ និងទុក្ខវេទនា ខ្មែរប្រហែលមិនប្រើពាក្យនេះសម្គាល់ខ្លួនឯងនោះទេ។

សរុបមក “ខ្ញុំ” ទាំងឡាយដែលមានបញ្ជាក់ក្នុងសិលាចារឹកខ្មែរបុរាណ គឺជាក្រុមមនុស្សដែលប្រកបកិច្ចការងារបម្រើព្រះ និងប្រាសាទ ហើយដែលប្រភេទកិច្ចការងារ ព្រមទាំងបរិបទសង្គមនាសម័យនោះ មិនអាចទាញសន្និដ្ឋានថា ពួក “ខ្ញុំ” ទាំងនោះគឺជា ទាសករ ដូចការយល់ក្នុងពេលបច្ចុប្បន្ន ឬដែលបារាំងប្រែថា Esclave និងអង់គ្លេសថា Slave នោះទេ។

អត្ថបទដើម៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!