ជាទូទៅក្នុងមជ្ឈដ្ឋានអ្នកស្រាវជ្រាវគេហៅផ្តែរទ្វារនេះថា “ផ្តែរវត្តអង្គខ្នា” ដែលគេសំដៅលើឈ្មោះទីតាំងវត្តមួយកន្លែងនៅក្នុងភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប៉ុន្តែ តាមពិតទៅ វត្តនោះពុំមែនឈ្មោះថា “អង្គខ្នា” នោះឡើយ រីឯឈ្មោះពិតនោះគឺ “វត្តឥន្រ្ទកុមារ” ឬ “វត្តឥន្រ្ទខ្មា” ហើយផ្តែរនេះទៀតសោតមានទីតាំងដើមស្ថិតនៅវត្តមហរ ដែលស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយដឹកជញ្ជូនយកទៅដាក់វត្តឥន្រ្ទខ្មា មុននឹងដឹកចេញទៅរក្សាទុកនិងតាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញកាលពីទសវត្សរ៍១៩២០ (Parmentier 1927)។ ផ្តែរទ្វារនេះ ជាសិល្បៈរចនាបថព្រៃក្មេង រវាងពាក់កណ្តាលស.វ.ទី៧ (Dupont 1952) ដោយសិល្បករឆ្លាក់ជាពីរផ្នែកផ្សេងគ្នា ដែលផ្នែកខាងលើអ្នកស្រាវជ្រាវយល់ថាជាចម្លាក់រឿងទេវកថាក្នុងព្រហ្មញ្ញសាសនា និងផ្នែកខាងក្រោមគេច្រើនយល់ថាជាទិដ្ឋភាពក្នុងពិធីស្រង់ទឹកឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះរាជា (រូបលេខ១)។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងសាកល្បងពន្យល់ថា ចម្លាក់នៅផ្នែកខាងក្រោមអាចមិនមែនជាពិធីស្រង់ទឹកឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ តែអាចជាពិធីមួយនៅក្នុងទេវកថាព្រហ្មញ្ញសាសនាដូចគ្នាក្នុងនិកាយកបាលិក (?) នៃលទ្ធិព្រះសិវ។
លោក Goerge Groslier ជាអ្នកស្រាវជ្រាវជនជាតិបារាំងធ្លាប់បានសិក្សាផ្តែរនេះដំបូងគេនៅពាក់កណ្តាលទសវត្សរ៍១៩២០។ លោកមិនបានរៀបរាប់អំពីរឿងទេវកថានៅផ្នែកខាងលើទេ ដោយគ្រាន់តែបញ្ជាក់ថាចម្លាក់នៅខាងលើគឺជារូបត្រីមូត៌ិ (ការបង្ហាញទេពបី) រួមមាន សសរភ្លើងតំណាងឱ្យព្រះសិវ ទេពមានព្រះសិរបួនជាព្រះព្រហ្ម និងទេពមានព្រះហស្តបួនកាន់ខ្យងស័ង្ខជាព្រះវិស្ណុ (Groslier 1925)។ នៅក្រោយមកបន្តិច លោក Henri Parmentier បានបោះពុម្ពផ្សាយសៀវភៅមួយក្បាលមានចំណងជើងថា “L’art Khmer Primitif” ហើយលោកក៏បានសិក្សាផ្តែរនេះដូចគ្នា។ លោកយល់ថា ផ្នែកខាងលើរបស់ផ្តែរឆ្លាក់រឿងទេវកថាទាក់ទងនឹងការបង្កើតលិង្គ ឬការបង្កើតលោក ឬហៅម្យ៉ាងទៀតថា “លិង្គោទ្ភវមូត៌ិ” (Liṅgodbhavamȗrti) (Parmentier 1927)។ រឿងនេះមានរៀបរាប់នៅក្នុងគម្ពីរ Śivapurāṇa (ភាគ១ ជំពូកទី ៦-៨) និងគម្ពីរ Skandapurāṇa (ភាគ៣ ជំពូកទី ៩-១៥) ដែលរៀបរាប់អំពីជម្លោះរវាងព្រះវិស្ណុនិងព្រះព្រហ្មថាតើនរណាជាទេពខ្លាំងជាងគេ ឬទេពអង្គណាជាអ្នកបង្កើតលោក? រហូតដល់ផ្ទុះចេញជាការប្រយុទ្ធគ្នាមិនឈ្នះមិនចាញ់ ក៏លេចចេញសសរភ្លើងមួយដើមមានព្រះភក្រ្តព្រះសិវផង (Ekamukhaliṅga) ហើយមានបន្ទូលថា ទ្រង់ឯណេះទេគឺជាអ្នកបង្កើតលោក (Roveda 2005)។ ម្ល៉ោះហើយ ទើបយើងឃើញនៅលើដងធ្នូរបស់ផ្តែរវត្តមហរ មានរូបទេពបីទន្ទឹមគ្នា ដែលកណ្តាលជាសសរភ្លើងតំណាងឱ្យព្រះសិវ អមដោយព្រះវិស្ណុនិងព្រះព្រហ្ម ហើយជាពិសេសនោះគឺមានចម្លាក់សត្វជ្រូកព្រៃនិងសត្វហង្សនៅអមព្រះសិវទៀតផង តំណាងឱ្យការប្រែក្រឡាខ្លួនរបស់ព្រះវិស្ណុទៅជាជ្រូកព្រៃមុជចុះទៅក្រោមស្វែងរកគល់សសរភ្លើង និងព្រះព្រហ្មជាហង្សហោះឡើងទៅលើស្វែងរកក្បាលសសរភ្លើង (Guy 2014)។
![](https://asset.ams.com.kh/khmercivilization/media/Fig.-2-9-768x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/Fig.-3-5-768x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/Fig.-4-8-768x1024.jpg)
ដោយឡែក ផ្នែកខាងក្រោមវិញ លោក Henri Parmentier មិនបានបញ្ជាក់ថាជាពិធីស្រង់ទឹកឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រខ្មែរទេ ដោយគ្រាន់តែបញ្ជាក់ដោយត្រួសៗថា ជារូបព្រាហ្មណ៍និងក្រុមតន្រ្តីករកំពុងនាំគ្នាគោរពដល់ឥស្សរជននៅចំណុចកណ្តាល (Parmentier 1927)។ មកដល់ឆ្នាំ១៩៣១ លោក Bosch F.K.D. សិក្សាផ្តែរទ្វារនេះបន្ថែម ដោយបោះផ្សាយនៅក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ាប្រទេស លេខ៣១។ លោកក៏យល់ដូចគ្នាថា ចម្លាក់ផ្នែកខាងលើជារឿងលិង្គោទ្ភវមូត៌ិ តែលោកបញ្ជាក់បន្ថែមថា រូបព្រះសិវនៅលើសសរភ្លើងក្នុងសិល្បៈខ្មែរនិងចាមបង្ហាញត្រឹមតែព្រះសិរប៉ុណ្ណោះ ផ្ទុយពីនៅស្រុកឥណ្ឌាគេបានបង្ហាញជារូបឈរដល់ត្រឹមក្បាលជង្គង់ក៏មាន (Bosch 1931)។ ម្យ៉ាងវិញទៀត នៅស្រុកឥណ្ឌាចម្លាក់រឿងបង្កើតលោក ឬសសរភ្លើង ឬលិង្គោទ្ភវមូត៌ិ ពុំមានឡើយនៅសម័យដំណាលគ្នាជាមួយសិល្បៈខ្មែរ ពោល គឺទើបតែលេចឡើងនៅដើមស.វ.ទី៨ ក្នុងសិល្បៈដើមសន្តតិវង្សចលុក្យខាងលិច (Pattadakal) និងសន្តតិវង្សបល្លវ (Kailasanatha) (Barrett 1964)។ ករណីនេះ មានន័យថា សិល្បករខ្មែរបានទទួលយកវប្បធម៌ឥណ្ឌាត្រឹមតែគោលគំនិតប៉ុណ្ណោះ គឺមិនបានចម្លងសុទ្ធតាមឥណ្ឌាឡើយ ហើយកើតចេញពីការច្នៃប្រឌិតផ្ទាល់របស់ខ្លួន។ ដោយឡែក ចម្លាក់នៅផ្នែកខាងក្រោមរបស់ផ្តែរ លោក Bosch យល់ថា ទំនងបង្ហាញអំពីស្រង់ទឹកអភិសេកព្រះរាជាជាម្ចាស់ផែនដីក្រោមអំណាចរបស់ព្រះសិវ ដ្បិតរូបព្រះរាជាអង្គុយនៅក្រោមសសរភ្លើងរបស់ព្រះសិវ (Bosch 1931)។ គំនិតនេះមានការយល់ស្របពីអ្នកស្រាវជ្រាវជាច្រើនរូបរហូតមកទល់បច្ចុប្បន្ន ដែលមានជាអាទិ៍ដូចជា លោក Pierre Dupont (1952) លោកស្រី Madeleine Giteau (1956) លោក Jean Boisselier (1957) លោក Kamaleswar Bhattacharya (1961b) លោក Victorio Roveda (2004) លោក John Guy (2014; 2018) លោកស្រី Ashley Thompson (2016) លោកស្រី Swati Chmeburkur (2022) ជាដើម។
![](https://asset.ams.com.kh/khmercivilization/media/Fig.-5-11-1024x768.jpg)
បើទោះបីគំនិតនេះមានការយល់ស្របច្រើនពីបណ្តាអ្នកស្រាវជ្រាវឯទៀតក៏ដោយ ក៏នៅតែមានគំនិតរួមចំណែកផ្សេងៗទៀតទៅលើរូបចម្លាក់នៅខាងក្រោមនោះ។ ជាក់ស្តែង លោក Roveda យល់ស្របតាមគំនិតលោក Bosch ដែលថាជាពិធីអភិសេកព្រះរាជា ប៉ុន្តែលោកបានសន្និដ្ឋានបន្ថែមទៀតថា វាអាចតំណាងឱ្យពិធីអស្វមេធ (Aśvamedha) នៅក្នុងរាជវាំងរបស់ខ្មែរតាមគំនិតលទ្ធិព្រហ្មញ្ញសាសនា (Roveda 2004)។ ពាក្យនេះមានន័យថា “ការបូជាសេះ” ហើយពិធីអស្វមេធនេះរៀបរាប់នៅក្នុងគម្ពីរវេទថា គឺជាការវាតទីដណ្តើមយកទឹកដីរបស់នគរមួយក្នុងរយៈពេល១ឆ្នាំ ដោយប្រើសេះល្អ ដោយអាចប្រារព្ធធ្វើបានតែព្រះមហាក្សត្រប៉ុណ្ណោះដើម្បីទទួលបានអំណាចល្បីខ្ទរខ្ទារ និងនគរមានភាពចម្រុងចម្រើន (សូមអាន សុខ កែវសុវណ្ណារ៉ា ២០២១)។ ចំពោះលោកស្រី Ashley Thompson មិនបានបដិសេធគំនិតរបស់លោក Bosch ទេ តែលោកស្រីយល់ថា រូបព្រះរាជាអង្គុយលើបល្ល័ង្ក មិនមានតំណាងឱ្យព្រះឥសូរ និងទេពស្រី (លិង្គ និងយោនី) នោះទេ ពោល គឺគ្រាន់តែគេចាត់ទុកព្រះរាជាដូចជាទេពនៅលើផែនដី ប៉ុន្តែបល្ល័ង្កមិនមែនតំណាងឱ្យទេពស្រីឬថាមពលញីនោះឡើយ វាគ្រាន់តែជាការលម្អមួយប៉ុណ្ណោះ (Thompson 2016)។
![](https://asset.ams.com.kh/khmercivilization/media/Fig.-6-9-768x1024.jpg)
គំនិតនេះ គឺលោកស្រីយល់ផ្ទុយពីលោក Paul Mus (1931) ដែលយល់ថា ព្រះរាជាគឺជាព្រះសូរនៅស្ថានកណ្តាល ហើយដែនដីរបស់ទ្រង់គឺតំណាងឱ្យទេពស្រីឬថាមពលញី។ ចំណែក លោក John Guy វិញ ក៏មិនបដិសេធគំនិតរបស់លោក Bosch ដូចគ្នា តែលោកបានពន្យល់បន្ថែមថា ពិធីអភិសេកនេះធ្វើឡើងតាមក្បួនច្បាប់នៃគម្ពីរព្រហ្មញ្ញសាសនា ដែលមានរៀបរាប់នៅក្នុង សតបថព្រាហ្មណ (Śatapatha Brāhmaṇa) ហើយព្រះរាជាពាក់ខ្សែកអង្គុយនៅមណ្ឌបឱ្យព្រាហ្មណ៍ស្រោចទឹក គឺក្នុងបំណងឱ្យជាតិក្រោយនៅតែមានអំណាចខ្លាំងក្លាដដែល (Guy 2014)។ រីឯពួកព្រាហ្មណ៍ដែលជាអ្នកចាក់ទឹកថ្វាយព្រះរាជា លេងតន្រ្តី និងរាំកម្សាន្ត ដោយមានបួងសក់ឡើងលើជារបៀប ជតា (Jatā) ស្លៀកកន្ទបអាចជាព្រាហ្មណ៍នៃនិកាយមួយរបស់លទ្ធិសិវដែលមាននៅកម្ពុជាតាំងពីដើមស.វ.ទី៧ (Guy 2018; Chemburkur 2022)។
![](https://asset.ams.com.kh/khmercivilization/media/Fig.-7-6-768x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/Fig.-8-5-1024x768.jpg)
វាអាចប្រហែលជាទៅរួចដែរថា ចម្លាក់នៅខាងក្រោមគឺជាព្រះរាជពិធីអភិសេកព្រះរាជានៅក្នុងសង្គមខ្មែរបុរាណ។ ប៉ុន្តែ គំនិតនេះក៏មិនមានភស្តុតាងណាមួយរឹងមាំសម្រាប់គាំទ្រឡើយព្រោះឯកសារសំណេរមិនមានរៀបរាប់អំពីរឿងនេះឡើយ។ នៅសម័យក្រោយនេះ គេបានរកឃើញសិលាចារឹកថ្មីមួយនៅវត្តមហរចារនៅស.វ.ទី៧ ប៉ុន្តែសិលាចារឹកនោះមិនបាននិយាយអំពីរឿងរ៉ាវអភិសេកព្រះរាជាដូចចម្លាក់ឡើយ។ គំនិតខ្ញុំនៅពេលនេះ ខ្ញុំមិនបដិសេធសំណើរបស់លោក Bosch និងអ្នកស្រាវជ្រាវដទៃទៀតឡើយ។ តែខ្ញុំសាកល្បងពន្យល់តាមរបៀបមួយផ្សេង ដោយខ្ញុំគិតថាចម្លាក់នៅលើផ្នែកទ្វារវត្តមហរខាងក្រោម គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចម្លាក់នៅផ្នែកខាងលើ ហើយទំនងផ្នែកខាងក្រោមមិនមែនជារឿងនៅក្នុរាជវាំងរបស់ស្តេចនៅស្ថានកណ្តាលទេ តែវាអាចជារឿងទេវកថារបស់ទេពច្រើនជាង ដែលទំនងជារឿងព្រះសិវស្រង់ទឹកលាងបាបនៅនគរវារាណសិ (ពារាណសី) ក្នុងនិកាយកាបាលិក (?) នៃលទ្ធិសិវ (Pai 1928; Donaldson 1986; Lorenzen 1972)។ រឿងនេះរៀបរាប់នៅក្នុងគម្ពីរ Kūrma Purāṇa ភាគទី២ ដែលរៀបរាប់ថា “នៅពេលដែលព្រះព្រហ្មចចេសមិនព្រមទទួលស្គាល់ព្រះសិវជាទេពធំជាងគេ ឬជាអ្នកបង្កើតលោក ព្រមទាំងព្រះព្រហ្មភូតកុហកព្រះសិវថាបានទៅដល់កំពូលសសរភ្លើងផង ព្រះសិវក៏ក្រោធយ៉ាងខ្លាំង ហើយលេចចេញនូវទេពមួយអង្គចេញពីរោចចិញ្ចើមរបស់ទ្រង់ដែលមានព្រះនាមថា “ភៃរវ”។ ទេពភៃរវក៏បានកាត់ក្បាលទីប្រាំរបស់ព្រះព្រហ្ម យកទៅដាក់ក្នុងចានគោមមួយ។ ដោយមានព្រះទ័យស្តាយក្រោយ ព្រះសិវក៏ឈ្វេងយល់ថា អំពើរបស់ទ្រង់ដែលកាត់ក្បាលទីប្រាំរបស់ព្រះព្រហ្ម គឺជាអំពើបាបដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ទ្រង់ក៏សម្រេចចិត្តចូលព្រៃដើម្បីលាងបាបរយៈពេល ១២ឆ្នាំ ហើយចុងក្រោយត្រូវទៅលាបបាបដោយទឹកទន្លេគង្គានៅទីក្រុងវារាណសិ។ ពេលចូលព្រៃលាងបាប ព្រះសិវមានព្រះនាមថា “កបាលិន” (Kapālina) ដោយក្នុងព្រះហស្តរបស់ទ្រង់មានកាន់លលាដ៍ក្បាលរបស់ព្រះព្រហ្ម ពាក់ខ្សែកលលាដ៍ក្បាលខ្មោច ហើយអាក្រាតព្រះកាយ។ នៅតាមផ្លូវទៅនគរវារាណសិ ព្រះ កបាលិន បានទៅដល់នគររបស់ព្រះវិស្ណុ ហើយបបួលព្រះវិស្ណុទៅជាមួយគ្នា ដែលពេលនោះព្រះវិស្ណុបានប្រែក្រឡាទៅជាទេពស្រីមហេសីរបស់កបាលិនឈ្មោះថា “មោហិនិ“។ មោហិនិ បាននាំកបាលិនទៅនគរវារាណសិ។ មកដល់នគរវារាណសិលលាដ៍ក្បាលព្រះព្រហ្មក៏ជ្រុះធ្លាក់ពីព្រះហស្តរបស់កបាលិនភ្លាម។ ព្រះកបាលិន ក៏បានបង្កើតទីក្រុងមួយនៅទីនោះ បន្ទាប់មកពួកព្រាហ្មណ៍ក៏ធ្វើពិធីលាងជម្រះបាបដោយទឹកទន្លេគង្គាថ្វាយដល់ទ្រង់ (Donaldson 1986)។
ងាកមកចាប់អារម្មណ៍និ ងពិចារណាចម្លាក់ផ្នែកខាងលើនិងខាងក្រោមរបស់ផ្តែរវត្តមហរវិញ វាដូចជាមានលក្ខណៈជាសាច់រឿងទេវកថាប្រទាក់គ្នាល្អណាស់ ព្រោះផ្នែកខាងលើជារឿងលិង្គោទ្ភវមូត៌ិ ហើយផ្នែកខាងក្រោមគឺអាចជាពិធីស្រង់ទឹកលាងជម្រះបាប (?)។ ក្នុងសាច់រឿងព្រះកបាលិន (ព្រះសិវ) បានកសាងទីក្រុងមួយ តើវាអាចត្រូវនឹងរូបមណ្ឌបនៅក្នុងចម្លាក់នេះទេ? កបាលិនពាក់ខ្សែកក្បាលខ្មោចមួយជួរ តើវាអាចត្រូវនឹងខ្សែករបស់តួអង្គនៅចំកណ្តាល ដែលយើងមើលខ្សែកមិនច្បាស់ថាជាអ្វីនេះទេ? មួយវិញ រូបកណ្តាលដែលអ្នកស្រាវជ្រាវភាគច្រើនគិតថាជាព្រះរាជានេះ គឺឆ្លាក់ត្រូវអ័ក្សគ្នាជាមួយរូបសសរភ្លើងតំណាងឱ្យព្រះសិវនៅខាងលើតែម្តង តើវាអាចមិនមែនជារូបព្រះរាជា បែរជារូបព្រះសិវក្នុងទម្រង់ជាកបាលិនវិញដែរទេ? ព្រោះជាទូទៅ បើព្រះសិវប្រែកាយទៅជារូបផ្សេងហើយ វាគួរតែមិនមានព្រះនេត្រទីបីនៅលើថ្ងាសក៏ថាបាន។ ទឹកដែលព្រាហ្មណ៍កំពុងស្រង់ថ្វាយចម្លាក់នៅកណ្តាល តើអាចជារូបព្រាហ្មណ៍កំពុងយកទឹកទន្លេគង្គាលាងជម្រះបាបជូនព្រះសិវក្នុងទម្រង់ជាកបាលិនដែរទេ? តើព្រាហ្មណ៍នៅក្នុងចម្លាក់ដែលកំពុងលេងតន្រ្តីនិងរាំកម្សាន្ត អាចជាព្រាហ្មណ៍នៅក្នុងនិកាយកាបាលិកនៃលទ្ធិសិវដែរឬទេ? យើងក៏មិនមានភស្តុតាងណាមួយឱ្យរឹងមាំសម្រាប់បញ្ជាក់បានឡើយ ដូចតែគំនិតដែលអ្នកប្រាជ្ញគិតថាជាការអភិសេកព្រះរាជាដូច្នោះដែរ ពោល គឺសុទ្ធតែគំនិតកើតចេញពីការពិចារណាដោយមិនមានភស្តុតាងស៊ីជម្រៅឡើយ។
ជារួមមក ចម្លាក់ផ្នែកខាងលើរបស់ផ្តែរវត្តមហរ គឺបង្ហាញអំពីសាច់រឿងទេវកថាលិង្គោទ្ភវមូត៌ិដ៏ល្បីល្បាញរបស់ព្រហ្មញ្ញសាសនា ដែលគេស្គាល់ទូទៅថារឿង កំណើតសសរភ្លើង ឬកំណើតលោកទាំងបី។ រីឯផ្នែកខាងក្រោម អ្នកស្រាវជ្រាវជាទូទៅយល់ថា គឺជាពិធីស្រង់ទឹកអភិសេកព្រះរាជាក្នុងរាជវាំងនៅសម័យបុរាណ ហើយអត្ថបទនេះសាកល្បងពិចារណាមួយផ្សេងទៅជាចម្លាក់ “ព្រះឥសូរស្រង់ទឹកលាងជម្រះបាបនៅនគរវារាណសិក្នុងទម្រង់ជាទេពកបាលិន នៅក្នុងនិកាយកាបាលិក នៃលទ្ធិព្រះសិវ” (?)។ ទោះបីជាយ៉ាងណា ភស្តុតាងទាំងឡាយសុទ្ធតែមិនមានភាពរឹងមាំដើម្បីឆ្លើយតប ដ្បិតសិលាចារឹកដែលរកឃើញនៅទីតាំងរកឃើញផ្តែរក៏មិនបាន ផ្តល់ព័ត៌មានណាមួយទាក់ទងនឹងចម្លាក់។ ចម្លាក់នៅផ្តែរទ្វារវត្តមហរ គឺជាភស្តុតាងដ៏សំខាន់មួយ ដើម្បីឆ្លើយតបនឹងទ្រឹស្តី “មូលដ្ឋានីយកម្ម” ដែលលើកឡើងដោយអ្នកស្រាវជ្រាវជាច្រើន ពោល គឺមានន័យថា មនុស្សនៅអាស៊ីអាគ្នេយ៍ដែលរួមបញ្ចូលទាំងខ្មែរផងនោះ ប្រហែលពិតជាបានទទួលអារ្យធម៌ឥណ្ឌា ប៉ុន្តែការទទួលនោះគឺធ្វើឡើងត្រឹមតែរយៈពេលខ្លី ហើយត្រឹមតែគំនិតដើមប៉ុណ្ណោះ រីឯការវិវត្តនិងច្នៃប្រឌិតផ្សេងៗប្រហែលកើតចេញពីគំនិតខ្មែរផ្ទាល់ខ្លួន (Ang Choulean 2017; Brown 2017)៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី