ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥៣)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥៣)

(ថ្កើងត្រង់ណា)

           ហ៎! ហ៎ នាំគ្នាមើលមុខនាងដែលចុះមកពីម្ចាស់សួគ៌។ ម្នាក់ទៀតតបថាៈ

          យ៉ា! សាច់គេល្អមែន ម៉ដ្ឋដូចភ្លៅគោវើយ!

          សំណើតលាន់ឮគ្អឹលទៀត។ ម្នាក់ស្ទុះទៅកាន់សក់នាង។

          យី! សូម្បីតែសក់ក៏រលើបរលោងល្អដែរ។

          នារីធ្វើភ្នែកឡេងឡង់កណ្តាលចំណោមគេ។

          ឳ! ព្រះអើយ! មកពីស្ថានសួគ៌ ម៉េចក៏មានភ្នែកពីរត្រចៀកពីរ ច្រមុះមួយ មាត់មួយដូច តែប្រពន្ធអញដែរ ហ៊ឺ វាខុសគ្នាត្រង់ណា?

          ម្នាក់ឆ្លើយកាត់ថាៈ

          ខុសត្រង់ប្រពន្ធឯងជាសត្វ ឯគេៗជាមនុស្ស។​

          ឳ! អឺ! ៗមែន!

          គេសើចគឹលឡើងទៀត។

          អូ! សុំមើលធ្មេញមើលដូចយើងទេ?

          ថាហើយ គេចាប់មាត់ព្រះនាងយើងច្របាច់យ៉ាងខ្លាំងឲ្យហាឡើង។ ទាំងអស់គ្នាក៏អើត ជំទើតមើល។

          ទៅវើយ! ដូចតែប្រពន្ធយើងទេតើ! អៃយ៉ា! ដង្កូវស៊ីធ្មេញគល់ថ្គាមផង ហាស់ៗ​ មើល ដង្កូវហ៊ានចូលទៅស៊ីជ្រៅម្ល៉េះ? ហ៎ម៉េចអីចុះហ៊ឺសៗ ឯងខ្លាចតែគេអ្នកធំនោះ វាខុសពីយើង ណាស់ណាទៅ បានជាគេមើលងាយយើងម្ល៉េះ? ហ៊ឺសៗ ឯងទើបនឹងដឹងវាដូចតែគ្នាទេ។

          មានន្ទលបសើចតែម្នាក់ឯងរួចស្រែកបញ្ជាថាៈ

          កនយើង! យកអ្នកទោសទៅចងក្រោមដើមស្វាយទៅ។

          អ្នកទាំងអស់គ្នាក៏បែកខ្ចាយ។ ធីតាត្រូវគេដឹកយកទៅចងនៅក្រោមដើមស្វាយ។ នាង ខឹងយ៉ាងខ្លាំងក្រៃពេក។ មុខឡើងក្រហមឆ្អៅ។ គឺជាព្រឹត្តិការណ៍មួយដែលពុំអាចបំភ្លេចបាន ឡើយ។ ព្រឹត្តិការណ៍នេះគូសចំណាំមួយយ៉ាងជ្រៅក្នុងសតិនាង។

          បីថ្ងៃក្រោយមកទៀត ទើបកញ្ញាបានរសាយខ្លះពីកំហឹងនាងចាប់សើចរីករាយបន្តិច។

          គេសង់កូនខ្ទមតូចមួយអោយនាងគេង។ ដល់ពេលបាយ នាងបរិភោគដូចទាហានឯ ទៀត    គឺបាយក្រហម អំបិល ប្រហុកដុត។ នាងពិចារណាថា ពួកនេះឃើញប្លែកណាស់ មិន ដែលឮទាស់ទែងគ្នា មិនដែលឃើញអ្នកណាផឹកស្រាស្រវឹងប៉ោឡែសោះ។ ធីតាឃើញគេធ្វើ ការមិនឈប់ឈរ។ ដល់ពេលរៀន គេរៀន ខ្លះរៀនអក្សរ ខ្លះរៀនការស្រុកទេស។ គ្នាគេៗចែក ជាក្រុមៗ ក្នុងក្រុមនីមួយៗមានមេដឹកនាំ។ មេនេះគិតគូរពីរឿងរៀនសូត្រ ធ្វើការតាមម៉ោង ពេល។ ក្រុមនិមួយៗមានការខុសគ្នា ក្រុមខ្លះធ្វើចំការ ក្រុមខ្លះធ្វើស្រែ ក្រុមខ្លះចិញ្ចឹមគោ ក្រុម ខ្លះចិញ្ចឹមជ្រូក។

          ក្រុមនិមួយៗជុំគ្នា មានឆ្នាំងបាយដាច់ៗពីគ្នា។ រួចមានចិញ្ចឹមមាន់ ទា ជ្រូក និងដាំបន្លែ​បង្ការដូចៗគ្នា។ អ្នកទាំងអស់គ្នាជាទាហាន។ ព្រះនាងឃើញថាជីវិតរបស់ “ចោរកសាងជាតិ” នេះស្រួលបួលមែន ជាជីវិតចម្រើនមែន។

          ប្លែកទៅទៀត គឺដល់ពេលថ្ងៃសីល អ្នករាល់គ្នាសុំសីលសូត្រធម៌ទ្រហឹងអឺងកង។ ក្នុង មួយអាទិត្យ គេមានពេលសម្រាប់នាំគ្នាដើរលេងក្នុងព្រៃស្ងាត់ ខ្លះថាទៅលេងអូរ ខ្លះថាទៅលេងត្រពាំងជិតៗនេះ។

          ធីតានឹងស្ងើចកោតសរសើរថា ​”ចលនាគេ ទើបនឹងកើតទេ តែម្តេចក៏ឆាប់ធ្លាក់ផ្លូវត្រូវ ម្លេះ”។

          តាមពិតមានន្ទកាលមួយឆ្នាំមុននេះ បានឲ្យនាយអារុណ និងមហាកាលមកតាំងទីលំ នៅកន្លែនេះស្រាប់ បានជាដល់ពេលនេះ ទាំងសណ្តាប់ធ្នាប់ ទាំងរបៀបរៀបរយ កកើតមាន ឥតនរណាធ្វើការទិតៀនបាន។

          កន្លះខែក្រោយមកទៀត នាងមណីមានពេលនិយាយគ្នាយ៉ាងស្រួលជាមួយនាយបម្រុងដែលនាងបានស្គាល់លើកដំបូង។ នាយបម្រុងក្រឡេកមើលនាយអាយក្រែងឃើញអ្នក ឯទៀត រីឯនាងខត្តិយ៉ាណីរំភើបញាប់ញ័រក្រៃពេកដោយបានឃើញបុរសនោះ។ នាងស្ទុះទៅ ចាប់ដៃបុរសនិយាយខ្សឹបៗថាៈ

          ម៉េចបងភ្លេចអូនហើយឬនៅ?​

          ទេៗ! ខ្ញុំមិនភ្លេចទេ

          បងមានរៀបចំរត់ទេ?

          រៀបចំស្រេចអស់ហើយ

          អញ្ចឹងឬ? ប្អូនត្រេកអរណាស់។ ប្អូនមិនអាចរស់នៅក្នុងច្រវ៉ាក់ដូច្នេះទេ។

          តែប្រហែលបីថ្ងៃទៀត ពួកវាទៅទន្លេរកត្រីហើយ នៅសល់ក្នុងបន្ទាយតែបួនដប់នាក់ទេ គ្មាននរណាច្រើនទេ។

          ចុះបងឯងទៅទេ?

          ទៅៗ ប៉ុន្តែដល់ពាក់កណ្តាលផ្លូវខ្ញុំរត់មកវិញ។

          ចុះអ្នកយាម?​

          ហ៊ឺៗពួកអាមោកអស់នោះ ខ្ញុំអាចកុហកវាថាខ្ញុំឈឺទៅមិនរួច។ ដល់យប់យើងនាំគ្នារត់

          ខ្ញុំរត់មិនរួចទេ។

          យើងជិះសេះ។

          ថាបានតែប៉ុណ្ណោះ នាយបម្រុងឃើញទាហានម្នាក់ដើរមកជិត បុរសធ្វើជាលើកចាន បាយរបស់នាងមណីយកទៅលាង ហើយដើរចេញទៅ។ រាត្រីនេះស្ងាត់ឈឹង។ ពលរេហ៍ទំាងឡាយចេញដំណើរទៅបាត់អស់ សល់តែបួនដប់ នាក់នៅចាំកន្លែង ហើយមាននាទីយាមព្រះនាងខត្តិយាណី។

 (សូមរងចាំតាមដានភាគទី៥៤ នៅសប្តាហ៍ក្រោយ)   

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!