ទំព័រដើមសិល្បៈព្រះវិហារ​វត្ត​ភ្នំធនមន្តនិង​គំនូរ​រឿង​នាងពិម្ពា

ព្រះវិហារ​វត្ត​ភ្នំធនមន្តនិង​គំនូរ​រឿង​នាងពិម្ពា

ព្រះវិហារ​វត្តភ្នំ​ធនមន្ត គឺជា​ស្ថាបត្យកម្ម​​សម័យ​សង្គម​រាស្រ្ត​និយម​​ដែល​កសាង​​​អំពី​ឥដ្ឋនិងកំបោរបាយ​អ​ សង់​នៅលើ​កូន​​ភ្នំតូច​មួយ ស្ថិត​នៅក្នុង​ឃុំ​ព្រែកគយ ​ស្រុក​ស្អាង ខេត្ត​កណ្តាល។ បើ​យោង​​តាមឯក​សារ​បានឱ្យ​ដឹង​ថា វត្ត​ភ្នំធនមន្ត ឬវត្ត​ធនមន្ត​​ មាន​ឈ្មោះ​​ផ្សេង​ទៀត​​ដូច​ជា​ ​វត្ត​ស្រះស្រង់ ឬវត្ត​​​គិរី​សោភ័ណ ឬហៅ​រួម​ពាក្យទាំងអស់ថា “វត្ត​ស្រះ​ស្រង់​គិរី​សោភ័ណ​​ភ្នំ​ធន​មន្ត​”។ នៅលើ​ជញ្ជាំងនិង​ពិតានព្រះវិហារ ​មាន​គំនូរ​យ៉ាង​ល្អ​វិសេស​​​​​និយាយ​​​ពី​​ជាតិ​កំណើត​ផ្សេងៗ​​របស់​​នាង​ពិម្ពា ដែលតែង​​​អន្ទោល​តាម​ចាប់​ជាតិ​ជា​កន្សៃ​​​សារពេជ្ញ​​​។ អ្នក​​ស្រាវជ្រាវ​​​​យល់​ថា គំនូរ​ទាំង​នោះ​គូរ​​ដំណាលគ្នាតាំងពី​កសាង​ព្រះ​​វិហារ​​ ហើយ​​ជា​គំនូរ​សាច់​រឿង​​ដែល​សង្កេតឃើញលើក​យក​មក​គូរ​​តែនៅ​ព្រះវិហារ​វត្ត​ភ្នំ​ធន​​​​មន្ត​មួយ​​គត់។

ព្រះវិហារ​វត្ត​ភ្នំធនមន្ត (រូបមើលពីមុខទិសឦសាន)

បើផ្អែក​តាមផ្ទាំង​ចារឹក​លើ​ជញ្ជាំងព្រះវិហារ​វត្ត​ភ្នំធនមន្ត​ឱ្យ​ដឹងថា ព្រះវិហារ​វត្ត​នេះ​​​​ចាប់​ផ្តើម​ក​​ឡើងតាំងពី​ឆ្នាំ​​១៩៤៧ រហូត​ហើយ​រួ​ចរាល់ជា​ស្ថាពរ​ក្នុង​ឆ្នាំ​១៩៥៦។ ព្រះ​វិហារ​កសាង​ឡើង​ប្រកប​ដោយ​ទឹកដៃសិល្បៈ​ល្អឆើត ​ក្នុង​ទម្រង់​ជា​ព្រះ​វិហារ​មណ្ឌប មាន​​​កំពូល​មុខ​ព្រហ្ម។ នៅជើង​ភ្នំផ្នែកខាង​កើត ​មាន​​​​ជណ្តើរ​មួយកសាងតាំងពី​ឆ្នាំ​១៩៥០ ហើយ​នៅ​​ខាង​ជើង​មាន​ជណ្តើរ​២ និង​ខាងលិច​មាន​ជណ្តើរ​១ ភ្ជាប់មក​ទីធ្លា​​វត្ត​​នៅ​​ជើង​​​ភ្នំ​ផ្នែក​ខាងជើង ដែល​មាន​​សំណង់ផ្សេងៗដូចជា​ កុដិ សាលា​ឆាន់ សាលា​បាលី ស្រះទឹក និង​រោង​​ទូក​​ជា​ដើម។

ជណ្តើរ​ឡើងព្រះវិហារ​វត្ត​ភ្នំធនមន្តផ្នែក​ខាងកើត

នៅជើង​ភ្នំ​ផ្នែកខាង​ជើង ស្ថិត​នៅ​ក្បែរជណ្តើរឡើង​ ​​មាន​សាលា​​​មួយខ្នង​សង់​ក្នុង​ឆ្នាំ​១៩៥៦​ គូរ​សាច់​រឿង​​មឃមាណព។ រីឯ​នៅ​លើ​កំពូល​ភ្នំមាន​សាលា​បីទៀត​សង់​ព័ទ្ធ​ព្រះ​​វិហារ​​​​​ផ្នែក​ខាង​ជើង​ ខាងត្បូង​ និង​ខាង​​លិច គូរ​សាច់រឿង​ផ្សេងៗគ្នា​គួរ​ឱ្យ​កត់​សម្គាល់។ សាលា​​​ខាងជើង​ព្រះវិហារ​សង់​ក្នុង​​ឆ្នាំ​១៩៥៧ គូរ​សាច់​រឿង​និយាយ​​អំពីនាង​បដាចារ​តាំង​ពី​ដើម​ដល់​ចប់។ សាលា​ខាងត្បូងកសាង​ពីឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៥៤​ គូរ​សាច់រឿង​មហា​វេស្សន្តរ​ជាតក​ទាំង​១៣កណ្ឌ។ ចំណែក​សាលា​ខាងលិច​គេ​ហៅថា​សាលា​​​​ប្រជុំ​បុណ្យ​ មាន​​គំនូរ​​សាច់រឿង​ចម្រុះ​ទាំងក្នុង​ពុទ្ធ​ប្រវត្តិ និង​រឿង​នរក​ប្រេត​​​នានា ហើយ​ប្រហែ​ល​​គូរ​ក្នុង​ឆ្នាំ​២០០៣។ ដោយឡែក នៅជ្រុង​ឦសាន​ព្រះវិហារ​មាន​សំណង់​មួយ​​លំនាំ​ហោ​ត្រៃ​សង់​​​ឡើង​តម្កល់​ព្រះធាតុ​ព្រះចៅអធិការ​ដំបូង។ ចំណែក​ឯនៅ​ជាប់​​ខឿន​ព្រះវិហារ​ផ្នែក​​ខាង​​​ត្បូង​​មាន​សំណង់តូច​មួយ​​តម្កល់​ព្រះពុទ្ធបដិមា​ចូលនិព្វាន និង​រូប​ព្រះគោ​ព្រះកែវ ជាទី​​​ដែល​អ្នកមាន​ជំនឿតែង​ចូលបួង​សួង​ស្ទើរ​រាល់ថ្ងៃ។​

ព្រះវិហារ​មណ្ឌប​កំពូល​មុខ​ព្រហ្មនៃវត្ត​ភ្នំធនមន្ត ជាសំណង់​​នៅលើ​ខឿន​ខ្ពស់​មាន​ខ្លោង​ទ្វារ​​យ៉ាង​វិចិត្រ​​​​​ចំនួន​៤ សង់​​ក្នុង​រវាង​​ទសវត្ស​ទី៥០​ ដែល​​នៅចំហៀង​ខាង​ជើងមាន​​​២ និង​​ខាង​ត្បូងមាន​២។ ចំណែក​​​​ឯតាម​ល្វែង​បាំង​សាច គេរចនា​ឱ្យ​មាន​ជា​រូបបង្កាន់ដៃ​នាគ​ព័ទ្ធ​​ជុំវិញ ដោយ​ទុក​ជណ្តើរ​ឡើង​​នៅ​ផ្នែក​​ខាង​មុខ​និង​​ខាង​ក្រោយ​ម្ខាង​២។ នៅ​ត្រង់​ផ្ទៃ​ក្រោម​​​​បង្កាន់​ដៃជណ្តើរ​ទាំង​បួននោះ មាន​ចម្លាក់​​ស្តើងៗឆ្លាក់​អំពីស៊ីម៉ងត៍។​ ម្ខាង​ឆ្លាក់​រូប​ហនុ​មាន​កាន់​ព្រះខ័ន ហើយ​ម្ខាង​ទៀត​ជារូប​ដូច​​តួ​អង្គក្សត្រ​ទ្រង់ធ្នូ ​ដេញ​សត្វ​ចតុបាទ​មួយ​ក្បាល​ ដែល​ប្រហែល​​​​​ដក​ស្រង់ពីរឿងរាមកេរ្តិ៍​ ។ រីឯនៅ​តាម​​ស៊ុម​ទ្វារ​​​នីមួយៗ​​មាន​គូរជាក្បាច់លម្អ និង​រូប​ព្រះ​​ពុទ្ធ ឬ​ព្រះសិអារ្យមេត្រី។​ សូម​បញ្ជាក់​ថានៅក្នុង​ឆ្នាំ​២០០៣ ព្រះវិហារវត្ត​ភ្នំធនមន្តបាន​ជួស​ជុល​លាបថ្នាំថ្មី។ ដូច្នេះ​​គំនូរ​​និងក្បាច់​ស៊ុម​ទ្វារ​នីមួយៗ​ប្រហែលគូរក្នុង​ពេលនោះ។ បច្ចុប្បន្នព្រះវិហារ​នេះ​កំពុង​​ជួស​ជុល​បង្កាន់ដៃខឿន​ខាងក្រោម​​ និងលាបថ្នាំ​​ម្តងទៀត ហើយ​គំនូរ​និង​ក្បាច់​​ស៊ុម​ទ្វារ​ទាំងអស់​ត្រូវជំនួស​ដោយ​ក្បាច់និង​បដិមា​ចាក់ពុម្ពស៊ីម៉ងត៍​វិញ។

ការលម្អនៅតាម​ជណ្តើរ​របៀង​បាំង​សាច និង​នៅតាម​ស៊ុមទ្វារព្រះវិហារ​វត្ត​ភ្នំធនមន្ត

ទោះបីយ៉ាងជាណាក្តី ​គេ​សម្គាល់​ឃើញ​ថាគ្រឿងគ្រោង​ដំបូល​ខាងលើ​នៃ​ព្រះ​វិហារ​វត្ត​ភ្នំធនមន្ត​ គឺប្រើ​ជា​ប្រភេទ​បេតុង​ទាំង​អស់។ ប៉ុន្តែ​ដំបូល​ខាងលើ បិទលម្អ​បន្ថែម​ដោយ​ការ៉ូ​​ចម្រុះ​ពណ៌ ពោលគឺ​ពុំ​ប្រើក្បឿងឡើយ ហើយ​តាម​ចុង​​ព្រំដំបូល​មុខ-​ក្រោយ ​​បំពាក់​លម្អ​ដោយ​​ជហ្វា​ម្ខាង​​៣ ឯនៅ​តាម​ចុង​​ព្រំ​ដំបូល​ខាងជើង ​និង​​ខាង​ត្បូង​​បំពាក់​លម្អ​ដោយ​ជហ្វា​ម្ខាង​២។ ដោយ​ឡែក​​លើហោជាង​ទាំង​បួន​ទិស​នៃ​ព្រះ​វិហារ​នេះ​ គេឃើញ​លម្អ​ដោយ​ក្បាច់និង​រូប​ពីរ​ប្រភេទ។ ហោជាងខាងកើតនិង​ខាង​លិច​លម្អដោយ​រូប​សិង្ហ(?)លើកជើង​មុខ​ទល់គ្នា​នៅ​មុខ​​ថូផ្កា​មួយ​ ហើយ​ទ្រដោយក្បាច់​​​ភ្ញី​ទេស​​នៅផ្នែក​ខាងក្រោម។ ហោជាង​​ខាង​ជើងនិង​ខាង​ត្បូង​លម្អ​ដោយ​ហង្ស​​មួយ​គូ​ឈរ​ទល់មុខគ្នា ព័ទ្ធជុំវិញ​ដោយ​​ក្បាច់​​​ភ្ញី​ទេស។ ប៉ុន្តែ​​នៅគល់​ហោ​ជាង​ខាងជើង​និង​ខាងត្បូងនេះ គេ​គូរ​​ទេស​ភាព​ផ្សេងៗ​លម្អ​​​​បន្ថែមទៀត។

ការលម្អទាំងពីរ​បែបនៅលើ​ហោជាង​ព្រះវិហារ​វត្ត​ភ្នំធនមន្ត

ចំពោះផ្នែក​ខាងក្នុង​ព្រះវិហារ គេចែកជា​បីល្វែង​ដូច​ព្រះវិហារ​ទូទៅដែរ ពោលគឺ​មាន​ល្វែង​គ្រឹះ​នៅកណ្តាល​ អម​ដោយ​របៀងសងខាង ដែល​បង្កើត​បាន​ជា​បី​ល្វែងយ៉ា​ង​ធំ​​ទូលាយ​សម្រាប់រៀបចំ​ធ្វើ​កិច្ច​ពិធី​ផ្សេងៗ​តាម​ទំនៀម​​។ ស្ថិត​នៅ​អម​ល្វែងគ្រឹះ​នេះដែរ មាន​សសរ​បេតុង​មូល​ធំៗ​ពីរជួរ​ទ្រ​ពិតាន​ ដែល​សសរ​នីមួយៗ​សុទ្ធតែគូរ​លម្អ​ដោយ​រូប​នាគ​រុំ​កន្ទុយ​​ចុះមកពីលើយ៉ាងអង់​អាច​ក្រៃលែង។ ​ នៅត្រង់​ខាងចុង​ល្វែង​គ្រឹះ​ផ្នែក​ខាងលិច ​​គឺ​ជា​បល័ង្ក​​ព្រះជីវ៍ ដែល​តម្កល់​ខ្ពស់​ក្នុង​កាយ​​​​​វិហារ​ផ្ចាញ់​មារ។ បើផ្អែក​តាម​ចារឹក​មួយផ្ទាំង​ខាងក្រោយ​ព្រះប្រឹស្ឋ ព្រះពុទ្ធបដិមា​ព្រះ​ជីវ៍អង្គនេះសាង​​ឡើងក្នុង​ពុទ្ធសករាជ​២៤៩៨ (គ.ស.​១៩៥៥) ហើយ​ធ្វើ​បុណ្យ​ភិសេក​ក្នុង​​​ពុទ្ធសករាជ​២៥០២ (គ.ស.១៩៥៩)​ ដោយថ្វាយ​ព្រះនាមថា “ព្រះ​វិរិយមេតេយ្យោ​ពុទ្ធោ” ដែល​គេ​ទុក​ដូចជា​តំណាង​ព្រះសិអារ្យមេត្រី។ ការ​​ថ្វាយ​ព្រះ​នាម​​​ដល់​ព្រះបដិមា​ព្រះជីវ៍ក្នុង​ព្រះ​វិហារ​​បែបនេះជាការ​កម្រប្រទះឃើញណាស់ ហើយ​ព្រះ​ជីវ៍អង្គនេះ​សោត​ក៏​​ជា​​ព្រះជីវ៍​​ដែល​បាន​រួច​ពី​ការ​បំផ្លាញ​ក្នុង​សម័យ​សង្រ្គាម​ បើធៀប​នឹង​ព្រះជីវ៍​តាម​បណ្តា​ព្រះ​វិហារ​បុរាណ​ផ្សេង​ទៀត​។

ព្រះពុទ្ធបដិមា​ព្រះជីវ៍​វត្ត​ភ្នំធនមន្ត​ព្រះនាម “ព្រះ​វិរិយមេតេយ្យោពុទ្ធោ”

ដោយឡែក​ចំពោះគំនូរខាងក្នុង​ព្រះវិហារ​វត្ត​ភ្នំធនមន្ត គេដឹងថាគូរ​ក្នុង​ឆ្នាំ​១៩៥៨ ដោយ​ព្រះសង្ឃព្រះនាម​ អាក់ ឥន្ទ។ ផ្ទាំងគំនូរ​តូច​ធំ​ទាំងអស់​មាន​ចំនួន​ជាង​៥០​ផ្ទាំង​ដែល​គូរ​​នៅលើ​ផ្ទៃ​ជញ្ជាំង​ជុំវិញ​ និង​លើ​ពិតាន។ ប៉ុន្តែប្រធានបទជា​ធំ​លើកយក​ម​កគូរ គឺ​រឿង​ផ្សេងៗពាក់​ព័ន្ធនឹង​​ជាតិកំណើតនាងពិម្ពាកាល​ពីអតីតជាតិ ​​ដែល​គេ​ដឹង​ថា​​មាន​និយាយ​ក្នុង​​​គម្ពីរសន្ធរានិព្វាន។ ក្នុង​ឆ្នាំ​១៩៦០ អ្នក​ឧកញ៉ាវិបុលរាជសេនា នូ កន បានចម្លង​រឿង​ផ្សេងៗ​​នៃ​គម្ពីរ​នេះ​ចេញ​​ពីសាស្រ្តាស្លឹករឹត​បោះពុម្ព​ដាក់​ចំណង​ជើងថា“ពិម្ពានិព្វាន”​ដោយ​​​​​បែង​ចែក​ជា​ភាគ​។ តាមរយៈសាច់រឿង​ក្នុង​គម្ពីរនេះ​ គេដឹងថាជា​រឿង​ដែល​មាន​ឥទ្ធិពល​ពី​រឿង​​ក្នុង​ជាតក​ផ្សេងៗ​ដូចជា​ បញ្ញាសជាតក និង​ធម្មបទ​ដ្ឋកថាជាដើម។ សាច់​រឿង​​ក្នុង​ព្រះវិហារ​នេះ ចាប់​ផ្តើមគូរ​​ពី​ជ្រុង​ខាងកើត​នៃជញ្ជាំង​ខាងត្បូង​ ដោយ​​សាច់រឿង​ជាទូទៅលើកមកគូរ​​ខ្លះ​និយា​យ​​​អំពីព្រះពុទ្ធអង្គ​និង​នាងពិម្ពាយក​កំណើត​ជា​ប្តី​ប្រពន្ធ​កំសត់ទុរគត់ តែមានសទ្ធាជ្រះថ្លាចំពោះព្រះអរហន្ត រឿងខ្លះ​និយាយ​អំពី​នាងពិម្ពា​និង​​ព្រះពុទ្ធអង្គ​​យកកំណើត​ជា​បក្សី ឬជាត្រី ឬជាស្តេច ​ឥសី តាបស ឬព្រាហ្មណ៍​ជាដើម។ ជាក់​ស្តែង​ដូចជា​សាច់​រឿង​ក្នុង​រូបខាងក្រោម និយាយពីជាតិដែល​ព្រះអង្គកើតជា​ “អតិ​​ទុក្ក​មាណ​ព” ​​​យក​ភរិយា​ទៅលក់យក​ប្រាក់​សង់កុដិថ្វាយ​ព្រះ​អរហន្ត។ លុះ​រំលាង​​​សង្ខារ​​​​ទៅ​បាន​​កើត​ក្នុង​ស្ថានសួគ៌ទេវលោក។ ឯរឿង​ក្នុង​រូប​ខាងក្រោម និយាយ​ពី​ជាតិ​​ដែល​​ព្រះ​អង្គ​កើត​​ជា​ត្រីរាជ ឯនាងពិម្ពាកើត​ជាបក្សី​ហើយ​ជ្រះថ្លាដាក់​ទាន​ជីវិត​ឱ្យ​ឆ្កែ​ចចក។

គំនូរ​រឿងដែលពាក់ព័ន្ធនឹង​ជាតិកំណើត​ផ្សេងៗរបស់នាង​ពិម្ពា និង​ព្រះពុទ្ធអង្គក្នុង​អតីត​ជាតិនោះ រៀបរាប់ហូរហែតាម​ជញ្ជាំង​និង​ពិតានរហូត​ដល់ផ្ទាំងទី៤២។ ផុតអំពីនោះ​មក វិចិត្រ​ករ​គូរ​បញ្ចូល​សាច់រឿង​ត្រង់​ពិធីអភិសេក​ព្រះវេស្សន្តរ និង​នាង​មេទ្រី១ផ្ទាំង និង​បន្ត​មករឿង​ពុទ្ធប្រវត្តិត្រង់​ព្រះអង្គចេញបួស ទុក្ខកិរិយា​ ត្រាស់ដឹង (គូរ​រួម​​គ្នា​​​១ផ្ទាំង) ទ្រង់​ប្រឈួន​ រហូត​បរិនិព្វាន និង​ព្រះឥន្ទនាំយក​ព្រះចង្កូម​កែវ​ទៅឋាន​ត្រៃត្រិង្ស​ជា​​ចុង​បញ្ចប់​​នៅត្រង់​លើ​ពិតានមុខ​ព្រះជីវ៍ ក្បែរផ្ទាំងរូប​ព្រះ​អាទិត្យ និង​ព្រះចន្រ្ទ។

គំនូរ​​ព្រះចូលនិព្វានគូរលើពិតានព្រះវិហារ​វត្ត​ភ្នំធនមន្ត

សង្ខេបសេចក្តីមក ព្រះវិហារ​វត្ត​ភ្នំធនមន្ត​ គឺជា​ស្ថាបត្យកម្ម​ព្រះពុទ្ធសាសនា​ល្អ​​ប្លែក​មួយ​គួរ​ឱ្យ​សិក្សា​ស្រាវជ្រាវលម្អិតវែងឆ្ងាយតទៅមុខ ពោលគឺទាំង​ប្លង់ស្ថាបត្យកម្ម និង​ការ​លើក​យក​សាច់រឿង​ផ្សេងៗមក​គូរ​បង្ហាញទាំងក្នុង​ព្រះវិហារ និងតាម​សាលា​ជុំវិញ។ ទន្ទឹម​នេះព្រះវិហារ​វត្ត​ភ្នំធនមន្តក៏ជា​សំណង់ដែល​បង្ហាញឱ្យ​ឃើញ​ច្បាស់​ពីទឹកដៃ​ និង​ចំណេះ​ផ្នែក​សំណង់​សាសនា​របស់អ្នកស្រុកផងដែរ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!