ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទគោកចក ប្រាង្គខាងជើង K.៥២១

សិលាចារឹកប្រាសាទគោកចក ប្រាង្គខាងជើង K.៥២១

ប្រាសាទគោកចក​ ឬកាលមុនអ្នកស្រាវជ្រាវធ្លាប់ស្គាល់ថា ប្រាសាទចក ជា​ប្រាសាទ​មាន​ប្រាង្គ​២​សាង​អំពីឥដ្ឋ ស្ថិតនៅ​ក្នុង​ភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ត​សៀម​រាប។ កន្លងមក លោក សុខ កែវ សុវណ្ណារ៉ា​ បាន​ចុះផ្សាយអត្ថបទ​ស្ដីពី​ប្រា​សា​ទ​គោក​ចក​នេះរួច​ហើយ​នៅ​ក្នុង​គេហទំព័រ AMS អរិយធម៌ខ្មែរ។ នៅក្នុងអត្ថបទនោះ ក្រៅ​អំពី​ការ​បង្ហាញ​អំពីប្រាសាទ លោកក៏បានរៀបរាប់អំពីសិលាចារឹកនៅប្រាសាទនេះផងដែរ។ ចំណែក​នៅ​ក្នុង​អត្ថបទ​នេះ យើងជ្រើសរើស​យក​សិលាចារឹកនៅប្រាង្គខាងជើង មេទ្វារ​ខាង​ត្បូង មក​​ពិនិត្យ​ និង​បកប្រែលម្អិត។

ប្រាសាទគោកចក ប្រាង្គខាងជើង

សិលាចារឹកប្រាសាទ​នេះ សិក្សាបកប្រែចុះផ្សាយដំបូង ដោយលោក ហ្សក សឺដេស ពីឆ្នាំ​១៩៥២ នៅក្នុង​​សៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា (Inscripcions du Cambodge) ក្បាល​ទី​៤ ទំព័រ​ទី​១៦៧ ដល់ទំព័រទី១៧០។ លោក ហ្វីលីព ចេណ្ណឺរ ក៏បាន​សិក្សា​នៅក្នុង​ស្នាដៃ​លោក Part xml, № 67 និងចុះផ្សាយ​ក្នុងគេហទំព័រ http://sealang.net/ok/corpus.htm។ នៅឆ្នាំ២០១១ លោក ហម ឆាយលី ក៏បានសិក្សាបកប្រែសិលាចារឹកនេះជាភាសា​ខ្មែរ​ចុះ​ផ្សាយ​ក្នុងសៀវភៅរបស់លោក​ ដែលមានចំណងជើង​ថា សិលាចារឹកកម្ពុជា ក្បាល​ទី១។ ​​បន្ទាប់​មកលោក អៀន ឡូវមេន ក៏បាន​យកអត្ថបទ​សិលាចារឹកប្រាង្គខាងជើងនេះ​ មក​សិក្សា​​ពិនិត្យ​ឡើងវិញ ដោយមានកែសម្រួលអំណាន​និងសេចក្ដីបកប្រែខ្លះផង ដោយចុះផ្សាយ​នាឆ្នាំ​២០១៣។ សិលាចារឹកនេះ មានអ្នកស្រាវជ្រាវជាច្រើន​ទៀតបាន​យកមក​សិក្សា​ ដោយ​សារ​ទាក់ទងនឹងកាលបរិច្ឆេទឡើងសោយរាជ្យ​របស់ព្រះបាទស្រីជ័យវម៌្មទេវទី៣។ តែយើង​ពុំ​លើ​ក​យកមកបង្ហាញនៅទីនេះឡើយ។

តួអក្សរដែលចារនេះ ជាតួអក្សរមូលជ្រៀង​នៅក្នុងស.វ.ទី១១ ដែលមានតួអក្សរ​ច្បាស់ៗចំតួល្អ ប៉ុន្ដែ​ត្រង់តួលេខជាកាលបរិច្ឆេទវិញ បែរជាពុំសូវច្បាស់លាស់ ដែល​បង្កើត​ជា​ចំណោទបញ្ហា​ដល់អ្នកស្រាវជ្រាវ ក្នុងការជជែកពិភាក្សា។ ដំបូងឡើយ លោក សឺដេស បាន​អានកាលបរិច្ឆេទ​នេះជា «៧៩១ឝក» ប៉ុន្ដែលុះដល់លោកបានអានសិលាចារឹក​ទួល​តាពេជ្រ ដែលបញ្ជាក់ថាព្រះបាទ​ស្រីជ័យវម៌្មទេវទី៣ ឡើយសោយរាជ្យ​នៅមហាសករាជ​ឆ្នាំ «៧៧២» លោកក៏សម្រេចចិត្តផ្លាស់ប្ដូរ​អំណាន​កាលបរិច្ឆេទនៅក្នុងសិលាចារឹក​គោក​ចក​ទៅ​​ជា «៧៧២ឝក» វិញ។ យ៉ាងនេះក្ដី ដោយសភាពមិនច្បាស់លាស់នៃចំណារនេះ យើងក៏អាចមានលទ្ធភាព​អានបានជា «៧៧៨ឝក» ផងដែរ។ ប៉ុន្ដែសំណើរនេះ នឹងអាច​នាំ​ជាចំណោទបញ្ហានៅក្នុងការសិក្សាជាបន្ដទៅទៀតពុំខាន។

ចំពោះអត្ថន័យនៃសិលាចារឹកនេះមានពីរផ្នែកជាសំខាន់។ ផ្នែកដំបូង ពន្យល់​ពី​ហេតុ​​ដែលនាំឱ្យកើតទេវាល័យមួយនេះ គឺដោយសារដំរីដែលព្រះបាទស្រីជ័យវម៌្មទេវទី៣ បានទាក់ រត់ចូលក្នុងព្រៃនេះ។ ទ្រង់បានបួងសួង ក៏យល់សប្ដិឃើញទេព្ដាក្នុងនិកាយ​ព្រះ​នារាយណ៍មួយអង្គមកពន្យល់សប្ដិទ្រង់ឱ្យស្មោះភក្តីនឹងព្រះនារាយណ៍ គប្បីស្ថាបនា​រូប​ទេព្ដា​និងភក្ដីចំពោះទេព្ដានោះ នឹងបានដំរីមកវិញ។ លុះព្រឹកឡើង ដំរីក៏មកវិញ ទ្រង់ក៏​ឱ្យ​គេ​ឆ្ការព្រៃ សាងប្រាសាទនិងទេវរូបសកព្រាហ្មណ៍ ដាក់ឈ្មោះភូមិនោះថា វិស្ណុគ្រាម និង​បាន​​ថ្វាយដីត្រើយជ្នងប្រាង ដល់ប្រាសាទផង។ ផ្នែកទីពីរ បង្ហាញពីតេងហ្យង និងលោញ​លស ជាប្ដីប្រពន្ធ និងជាសាច់ថ្លៃរបស់ព្រះបាទស្រីជ័យវម៌្មទេវទី៣ បានទទួលព្រះរាជ​បញ្ជា​មកថ្វាយតង្វាយនិងប្រើអ្នកបម្រើ​ជំនួសព្រះសរីរៈព្រះមហាក្សត្រ។ អ្នកទាំងពីរនាក់​ប្ដីប្រពន្ធនោះបាន​សុំព្រះរាជទានដី​ពីព្រះមហាក្សត្រ ទ្រង់ក៏បានប្រទានដីពីរកន្លែងនៅ​អមោឃបូរ។

សំណៅផ្ដិតសិលាចារឹកមេទ្វារខាងត្បូង ប្រាង្គខាងជើង (រូបថត៖EFEO_CAM17044-1)

– អត្ថបទសិលាចារឹកជាអក្សរខ្មែរទំនើប

១-    ៧៧(២/៨)ឝកគិនុ​វ្រះបាទ​ឝ្រិជៃវម៌្មទេវស្ដាចទៅវិឞ្ណុលោក​តរាជបុត្រ

២-    វ្រះបាទ​បរមេឝ្វរ​ វ្រះ[[ស្រុក៑]]វ្រៃស្លាអ្និន​ស្វេ[[យ]]រាជ​ឆ្នាំតប​ប្រ

៣-   ម្វាយចាបតម្រ្យទុក–[ស្យ]ងមនតំម្រ្យរតច្វល្តវ្រៃ​

៤-    នេះ​តជ្មះវិឞ្ណុគ្រាមយបផ្ទំតគិស្វំប្រត្យាទេឝយលកំ

៥-    ម្រតេងអញ​វៃស្ណវម្វាយ​បន្ទ្វលតវ្រះបាទ​វិឞ្ណុលោកថាទ

៦-    ហញ្យាងវិ[[ឞ្ណុភក្តិ]]បិស្ឋាបរូបអញភក្តិយអញ​ឱយតំម្រ្យ

៧-    នោះវិង​ឧទៃយគុះ(អំ)បាន​តំម្រ្យ​នោះ​តវ្រៃនេះ​បន្ទ្វល​

៨-    ប្រេឆ្កា​តនេះ​ស្ថាបនា​រូប្បកំម្រតេងអញឝកវ្រាហ្មណទិ

៩-    ក្ឞាជ្មះ​វិឞ្ណុគ្រាម​ជ្វន​ភូម្យ​ត្រេយជ្នង​ប្រាង​អ្ជិអញខ្ញុំ​បំច្យាំ

១០-  ម្វាយ​ជ្មះតេងហ្យងជាស្វាមិយលោញលសជាវ្រះខ្លៃយ​តោ

១១-  យវ្រះទ្នាយមោកជ្វន​តវ្រះនេះ​ប្រេ​បំម្រេបន្លសវ្រះសរិរ៙

១២- តេងហ្យងនុលោញ​លសបង្គំថ្ប្វងនិវេទស្វំភូមិនុយេងខ្ញុំ

១៣- បំច្យាមបំម្រេតជា​ចំម្រេ្យ(ង)[បិ]វ្រះបាទ​កំម្រតេងអញ​ករុណា​ប្រ

១៤-  សាទភូមិ​សោតអាយ​វិ(ឞ)យ​អ្មោឃបូរ​ចំន[[ត]]វ្យណ៌ិ្នវាសចំន

១៥-  តទូកឆ្លោង៙

២- អត្ថបទ​ប្រែសម្រួលជាភាសាខ្មែរទំនើប

(១-៩) មហាសករាជឆ្នាំ​៧៧២ គឺនូវព្រះបាទស្រីជ័យវម៌្មទេវ(ទី៣)​ស្ដេច​(យាង)​ទៅ​(ស្ថានព្រះ)​វិស្ណុ​លោក ដ៏(ជា)រាជបុត្រ​ព្រះបាទបរមេសូរ ព្រះ​ស្រុក​(នៅ)​​ព្រៃស្លា (តំបន់)​អនិ​ន្ទិត​បូរ សោយ​ព្រះរាជ្យ​ព្រះជន្ម១៦(ព្រះវស្សា) (បាន)​ចាប់​ដំរីទុក…។ ដំរី​(នោះ)​រត់​ចូល​ព្រៃនេះដ៏​ឈ្មោះវិស្ណុគ្រាម​។ (លុះ)យប់(ឡើង ទ្រង់)​ផ្ទំ​ គឺ(បួងសួង)សុំ​ទេពារក្ស (ក៏)​យល់​ទេព​សាវ័ក​ព្រះ​នារាយណ៍​មួយ(អង្គ មាន)​បន្ទូលចំពោះព្រះបាទវិស្ណុលោកថា​ញ៉ាំង​ភក្តី​ចំពោះ​​​ព្រះ​នារាយណ៍ គប្បីស្ថា​បនារូបអញ ភក្តីអញ (អញ)ឱ្យដំរីនោះ(មក)វិញ។ ព្រហាម​ស្រាង​​​ស្រះ​ភ្លាម បានដំរីនោះនៅព្រៃនេះ។ (ទ្រង់)បន្ទូល​ប្រើឆ្ការព្រៃនេះ ស្ថាបនា​រូប​គម្ដែង​​អញ​​​សកព្រាហ្មណ៍ ធ្វើទេពបូជា (ថ្វាយ)ឈ្មោះវិស្ណុគ្រាម ថ្វាយ​ដី​ត្រើយ​ជ្នងប្រាង។

(៩-១១) ជីដូន​អញខ្ញុំ(ជា)អ្នកប្រចាំការម្នាក់ឈ្មោះតេងហ្យងជាភរិយា​លោញ​លស ជា​សាច់ថ្លៃ​ព្រះករុណា ​ប្រតិបត្តិតាម​ព្រះរាជតម្រាស់(ឱ្យ)មក​ថ្វាយ​​​(តង្វាយ)​ចំពោះ​ព្រះ​(នៅ​ទី)នេះ​ ប្រើបម្រើជួសព្រះសរីរ(ទ្រង់)។          

(១២-១៥) តេងហ្យង និង​លោញលស ក្រាប​បង្គំ​ទូល​ថ្វាយ​សុំ​ដីនិង​យើង​(ជា)​ខ្ញុំ​ប្រចាំ​ការបម្រើ​ជាអ្នកចម្រៀង​ គប្បី​ព្រះបាទគម្ដែងអញ​ (ទ្រង់)​ករុណា​​​ប្រទាន​ដីនៅ​ឯ​តំបន់​អមោឃបូរ​(គឺ)ចំណតពីរនិវាស (និង)​ចំណត​ទូក​ឆ្លង​។

អត្ថបទ​សិលាចារឹក​មេទ្វារខាងត្បូង នៃប្រាសាទគោកចក ប្រាង្គខាងជើង បាន​បង្ហាញ​​ដំណើរសាច់រឿងដំបូង​ នៃការកកើតប្រាសាទនេះ ដោយបុព្វហេតុ​នៃការ​បាត់និង​រកឃើញវិញនៃដំរី​របស់ព្រះបាទ​ស្រីជ័យវម៌្មទេវទី៣។ សេចក្ដីនេះជា​ចំណុចសំខាន់ ដើម្បី​ទាញទៅចង្អុលបង្ហាញ​ដល់ជម្រៅនៃសាច់រឿង គឺ​ក្រុម​គ្រួសារ​ដែល​ទទួល​នាទី​ជា​អ្នក​ប្រចាំ​ការបម្រើ​នៅប្រាសាទនេះ និងដីធ្លីដែល​គ្រួសារនោះទទួលបានពីព្រះរាជទាន​ព្រះបាទ​ស្រីជ័យវម៌្មទី៣​។ នៅមេទ្វារ​ប្រាង្គខាងត្បូង បានបញ្ជាក់រំលឹក​បន្ថែម​ទៀតដល់​ការ​បោះ​បង្គោល​ព្រំដី ដោយក្រុមព្រះសភាឬតុលាការ ​ក្នុង​រាជ្យ​របស់​ព្រះបាទស្រីសូរ្យវម៌្មទេវទី១ ដើម្បី​បង្ការកុំឱ្យមាន​បញ្ហាវិវាទទៅថ្ងៃក្រោយ។ ដូច្នេះ កម្មវត្ថុនៃសិលាចារឹកនេះ ពុំមែនជា​កំណត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីឡើយ គឺគ្រាន់តែចង់បង្ហាញដំណើរ​កម្មសិទ្ធិដីធ្លី​របស់​ក្រុមគ្រួសារនោះប៉ុណ្ណោះ។ ប៉ុន្ដែសេចក្ដីភ្ជាប់សាច់រឿងដំបូង ដែលបង្ហាញពីព្រះបាទ​ស្រីជ័យវម៌្មទេវទី៣ ក៏បម្រើដល់ការសិក្សារបស់អ្នកប្រវត្តិសាស្ត្រផងដែរ។ ពុំមាន​សិលា​ចារឹ​ក​ច្រើនទេ ដែលឱ្យអ្នកស្រាវជ្រាវដឹងអំពីមហាក្សត្រអង្គនេះ។ អ្វីដែលគេដឹងច្រើនបំផុត គឺទ្រង់​ជាមហាក្សត្រសព្វព្រះទ័យ​នឹងការទាក់ដំរី ជាហេតុនាំឱ្យអ្នកស្រាវជ្រាវខ្លះសន្និដ្ឋាន​ថាទ្រង់សូគ៌ត​ក្នុង​គ្រាទាក់ដំរីនោះផង៕

—————————–

Inscription of Kork Chak Temple, North Tower K. 521

Kork Chak Temple or researchers ​​called Prasat Chork had two towers, built of brick located in Kork Chak Village, Kork Chak Sangkat, Siem Reap City, Siem Reap Province. So far, Mr. Sok Keo Sovannara has already published an article on this Kork Chak temple on the AMS Khmer Civilization website. In his article, he mentioned the temple and inscription. In this article, we will study detail the inscription in the north tower and south door frame.

This temple inscription was first translated and published by George Cœdès in 1952 in the Inscriptions of Cambodia (Inscriptions du Cambodge), Volume 4, pages 167 to 170. Philip N. Jenner also studied in his work Part xml, № 67 and published in http://sealang.net/ok/corpus.htm. In 2011, Mr. Horm Chhayly also studied and translated this inscription into Khmer and published it in his book entitled Cambodian Inscription, Volume I. Later, Mr. Ian Lowman reviewed the text of the North Tower Inscription, with some revisions and translations, published in 2013. This inscription has been studied by other scholars because it is related to the date of the reign of King Srei Jayavarman III. However, we do not mention it here.

The inscription letters are round in shape in the 11th century, with clear, well-written letters, but the date figures are less clear, which creates problems. To researchers in the debate. At first, Xerxes read this date as “791 Śāka”, but when he read the Tuol Ta Pich inscription, which states that King Srei Jayavarman III reigned in the great era of 772, he also decided to change the date in the Kork Chak inscription to” 772 Śāka”. However, due to the ambiguity of this written on an inscription, we can only read “778 Śāka”. However, this concern will inevitably lead to questions in further studies.

The​ meaning in the south door frame inscription of the north tower of Kork Chak Temple illustrated the first story of the origin of this temple, with the cause of the loss and finding of the elephant of King Srei Jayavarman III. This is an important point to draw to the depth of the story: the family that plays the role of the servant in this temple and the land that the family gets from the royal gift of King Srei Jayavarman III. In addition, the main door frame of the south tower confirmed the demarcation of the border post by the parliament or court during the reign of King Srei Suryavarman I to prevent disputes in the future.

Therefore, the subject of this inscription is not a record of any historical event, but merely to show the family land ownership process. However, the first story which depicts Srei Jayavarman III and is also a reference for further research of historians. There are not many inscriptions that researchers know about this king. What minorities know is that he was a king who liked elephants, which led some researchers to conclude that he died when he caught the elephants.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!