ទំព័រដើមប្រវត្តិសាស្ត្របុរាណដ្ឋានភ្នំសន្ទុក

បុរាណដ្ឋានភ្នំសន្ទុក

នៅពេលនិយាយអំពីភ្នំសន្ទុក ស្ទើរតែគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា ស្គាល់ឈ្មោះភ្នំដ៏ល្បីល្បាញមួយនេះ។ ជាការចាប់អារម្មណ៍ កាលណាគេចង់ពន្យល់អំពីឈ្មោះភ្នំសន្ទុក គេតែងតែពន្យល់ដោយភ្ជាប់ជាមួយរឿងព្រេងចំនួនពីរ។ រឿងទីមួយនិទានអំពីការសោយទិវង្គតរបស់បុត្រីស្តេចមួយអង្គនៅលើភ្នំសន្ទុក ហើយព្រះរាជាក៏ធ្វើឈាបនកិច្ចជាឱឡារិកនៅទីនោះថា “ភ្នំអាសន្នមានទុក្ខ” ក្រោយមកក៏ហៅកាត់ខ្លីត្រឹម “ភ្នំសន្ទុក”។ រីឯរឿងទីពីរនិទានអំពីការរត់គេចខ្លួនរបស់តាគហេ និងបក្សីចាំក្រុង ពីការតាមសម្លាប់របស់កងទ័ពស្តេចពញាក្រែក ហើយហៅឈ្មោះថា “ភ្នំអាសន្នមានទុក្ខ” ដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងជឿថាឈ្មោះ “សន្ទុក” ទំនងមិនមែនក្លាយពី “អាសន្នមានទុក្ខ” ឡើយ តែប្រហែលជាឈ្មោះដើមឈើពិសិដ្ឋម្យ៉ាងទៅវិញ (សូមមើលលម្អិតនៅក្នុងអត្ថបទ ម៉ង់ វ៉ាលី ២០២១ ទំព័រ ៦៩ – ៧០)។ នៅក្នុងអត្ថបទនេះ យើងមិនផ្តោតជាធំលើឈ្មោះបុរាណដ្ឋាននេះទេ តែយើងចង់បង្ហាញអំពីបរិបទជាទូទៅដែលមាននៅលើភ្នំសន្ទុក។

ភ្នំសន្ទុក មានទីតាំងស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយត្រឹមតែ ១៤ គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្តកំពង់ធំ។ កន្លងមកនៅទីនេះធ្លាប់មានអ្នក​ស្រាវ ជ្រាវមកសិក្សាច្រើនដងមកហើយ មានជាអាទិ៍ដូចជា លោក Louis Delaporte លោក Doudart De Lagree លោក Etienne Aymonier លោក Jean Boisselier លោកស្រី Madelian Giteau លោក ផាន់ ណាឌី លោក Ian Harris។ល។ បុរាណដ្ឋានភ្នំសន្ទុក មានអាយុកាលនៅសម័យកណ្តាល ក្នុងចន្លោះពីស.វ.ទី១៤ ដល់ ១៦។ ក្នុងអំឡុងពេលនោះខ្មែរបានជ្រួតជ្រាប និងគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាថេរវាទជ្រាលជ្រៅ​ទៅហើយ ម្ល៉ោះហើយកេរ្តិ៍ដំណែលសម័យកណ្តាលផ្នែកបុរាណវិទ្យាដែលមាននៅភ្នំ សន្ទុក គឺភាគ​ច្រើនជាចម្លាក់ព្រះពុទ្ធរូប ក្នុងនិកាយហិនយាន ឬថេរវាទ។ ក្នុងនោះ ចម្លាក់ព្រះពុទ្ធរូបភាគច្រើននៅលើភ្នំសន្ទុក គឺសិល្បករឆ្លាក់ជាប់នឹងថ្មជញ្ជាំងភ្នំតែម្តង។ ការឆ្លាក់ជាប់នឹងជញ្ជាំងភ្នំបែបនេះ យើងធ្លាប់ឃើញមានច្រើននៅសម័យអង្គរ តែមិនសូវឃើញជារូបក្នុងព្រះពុទ្ធសាសនា​នោះទេ ច្រើនតែជារូបទេពនៅក្នុងព្រហ្មញ្ញសាសនា ឧទាហរណ៍ ចម្លាក់ទេពសម័យអង្គរនៅជញ្ជាំងភ្នំត្បែង ខេត្តព្រះវិហារ។

ព្រះពុទ្ធចូលបរិនិព្វាន
ព្រះពុទ្ធចូលបរិនិព្វាន

នៅលើជញ្ជាំងភ្នំសន្ទុក យើងសង្កេតឃើញថា ចម្លាក់ព្រះពុទ្ធរូបក្នុងទម្រង់ចូលបរិនិព្វានមានចំនួន៤ផ្ទាំង ដែលសុទ្ធសឹងជារូបមានទំហំធំៗមានប្រវែងចាប់ពី ៨ម៉ែត្រ ដល់ ១០ម៉ែត្រ។ អ្នកស្រាវជ្រាវសន្និដ្ឋានថា រូបបរិនិព្វានទាំងបួននេះ និងព្រះពុទ្ធគង់ភ្នែនមួយអង្គទៀត គឺជាព្រះពុទ្ធទាំងប្រាំនៅក្នុងព្រះសាសនាថេរវាទ។ ក្នុងនោះ ចម្លាក់មួយស្ថិតនៅទិសពាយព្យព្រះវិហារអា​ច​ជា “ព្រះកកុសន្ធោ” ចម្លាក់នៅទិសឦសានព្រះវិហារអាចជា “ព្រះកស្សបោ” ចម្លាក់មួយទៀតនៅខាងកើតព្រះកស្សបោ ចម្ងាយប្រមាណ ៧ម៉ែត្រ បែរព្រះភក្រ្តទៅទិសខាងត្បូងអាចជា “ព្រះកោនាគមនោ” ហើយចុះជម្រាលភ្នំទៅក្រោមប្រមាណ ៧ ម៉ែត្រ នៅទល់មុខនឹងព្រះកោនាគមនោ អាចជា “ព្រះសមណគោត្តម”។

ព្រះពុទ្ធចូលបរិនិព្វាន

ដោយឡែក ចម្លាក់ព្រះពុទ្ធគង់ភ្នែនធំមួយស្ថិតនៅចន្លោះព្រះកស្សបោ និងព្រះកោនាគមនោ ក្នុងកាយវិការព្រះហស្តស្តាំដាក់ទម្លាក់ចុះក្រោមប៉ះទៅនឹងផែនដី ព្រះហស្តឆ្វេងដាក់ផ្ញារនៅលើភ្នែន (ភូមិស្បស៌មុទ្រ) ទំនងជា “ព្រះសិអារ្យមេត្រិយ”។ ព្រះពុទ្ធរូបចូលនិព្វានទាំងបួន ឆ្លាក់ឡើងក្នុងទម្រង់ផ្អៀងដាក់ព្រះបាទសណ្តូកត្រង់ ដោយមានអនន្តនៅខាងចុង រីឯព្រះហស្តស្តាំទ្រពីក្រោមព្រះភក្រ្ត និងព្រះហស្តឆ្វេងដាក់សណ្តូកត្រង់ទៅក្រោមលើភ្លៅ។ ម្ល៉ោះហើយ ដោយសារកាយវិការដូចគ្នា វាពិបាកក្នុងការកំណត់ថា តើចម្លាក់ព្រះពុទ្ធចូលបរិនិព្វានទាំង៤នេះ គឺពិតជាបួនអង្គនៃព្រះពុទ្ធទាំង៥ក្នុងនិកាយថេវាទបានឡើយ។ រូបព្រះពុទ្ធចូលបរិនិព្វានដែលមានអាយុកាលប្រហាក់ប្រហែលគ្នាបែបនេះ យើងឃើញមាននៅភ្នំគូលែន និងជញ្ជាំងខាងលិចប្រាសាទបាភួន។

ព្រះពុទ្ធគង់ភ្នែន ទំនងជាសិអារ្យមេតិ្រយកាយវិការ ភូមិស្បស៌មុទ្រ

ក្រៅពីព្រះពុទ្ធរូបធំៗទាំងប្រាំនេះ នៅមានព្រះពុទ្ធរូបតូចៗមួយចំនួនទៀត ដែលមានអាយុកាលប្រហាក់ប្រហែលគ្នា។ ចម្លាក់ព្រះពុទ្ធរូបតូចៗទាំងនោះ មានកាយវិការចំនួន ៣ យ៉ាង គឺ កាយវិការ ធ្យមមុទ្រ (គង់ភ្នែនដងខ្លួនត្រង់ល្អ បាតព្រះហស្តទាំងពីរលា ហើយដាក់នៅលើភ្លៅ ដែលយើងនិយមហៅ​ថា កាយវិការសមាធិ) កាយវិការ អភយមុទ្រ (ព្រះហស្តទាំងពីរដាក់លាទៅមុខ ព្រះហស្តស្តាំ​លើកឡើងទៅលើ  លាបាតព្រះហស្តទៅមុខ  គឺជាកាយវិការបញ្ជាក់ថា គ្មានភាពភ័យខ្លាច ឬកុំខ្លាច) , និងកាយវិការ ភូមិស្បស៌មុទ្រ (ព្រះហស្តស្តាំដាក់ទម្លាក់ចុះក្រោម ព្រះហស្តឆ្វេងដាក់ផ្ងារនៅលើភ្នែនដូចសមាធិ ដែលជាកាយវិការបញ្ជាក់អំពីការហៅព្រះនាងធរណីមកសង្រ្គោះទ្រង់ពីការផ្ចាញ់របស់មារក្នុងពេលទ្រង់ធ្វើសមាធិរកផ្លូវត្រាស់ដឹង ឬជាកាយវិការនៃការបង្រៀនរបស់មនុស្សលោក) ។

ព្រះពុទ្ធរូបតូចៗឆ្លាក់នៅជញ្ជាំងភ្នំ

អ្នក​ស្រាវជ្រាវចំនួនពីររូប គឺលោក Jean Boisselier  និងលោកស្រី Madelian Giteau សន្និដ្ឋានស្របគ្នាថា ចម្លាក់ព្រះពុទ្ធរូបនៅលើភ្នំសន្ទុក ឆ្លាក់ឡើងនៅរវាងសម័យកណ្តាលនៅរវាងស.វ.ទី១៦ នៃគ្រឹស្តសករាជ ពោល គឺមានអាយុកាលប្រហាក់ប្រហែល ឬក្រោយបន្តិចបើធៀបជាមួយព្រះពុទ្ធរូបនៅលើភ្នំគូលែន ខេត្តសៀមរាប។ បើពិតជាដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវទាំងពីរនេះមែន ចម្លាក់ព្រះពុទ្ធរូបនៅលើភ្នំសន្ទុក ក៏មានអាយុកាលក្រោយព្រះពុទ្ធរូបឈរដែលឆ្លាក់នៅជញ្ជាំងឥដ្ឋប្រាសាទត្នោតជុំខាងជើងដែរ ព្រោះចម្លាក់នៅទីនោះឆ្លាក់នៅក្នុងរជ្ជកាលព្រះបាទស្រីស្រិន្ទជ័យវរ្ម័ន (គ.ស.១៣០៧ ដល់ ១៣២៧) នាស.វ.ទី១៤ ដោយគេយោងទៅលើសិលាចារឹកនៅជាប់នឹងមេទ្វារ ចុះបញ្ជីលេខ K.144។

ក្រៅអំពីព្រះពុទ្ធរូបដូចរៀបរាប់ខាងលើ នៅភ្នំសន្ទុកក៏មាននៅសល់ចេតិយចាស់មួយ ស្ថិតនៅទិស​ឦសានព្រះវិហារប្រមាណ ២០ម៉ែត្រ ក្បែរនឹងហោត្រៃមួយ។ ចេតិយដែលយើងឃើញសព្វថ្ងៃ​នេះពុំមែនជាចេតិយចាស់ដែលសាងនៅស.វ.ទី១៦នោះទេ ប៉ុន្តែចេតិយនេះសាងឡើង​នៅស.វ.ទី២០ សង់តាមលំនាំចេតិយចាស់ធ្វើអំពីថ្មនៅស.វ.ទី១៦។ នៅក្នុង​ឯកសារមហាបុរសខ្មែរ បាន​រៀបរាប់ថានៅក្នុងគ.ស.​១៥៦៣ ព្រះបរមិន្ទរាជាធិរាជ​ព្រះបរមនាថ ទ្រង់បានដង្ហែព្រះអដ្ឋិធាតុព្រះបាទចន្ទរាជា​ ដែលត្រូវជាបិតារបស់​ទ្រង់​ដោយក្បួនព្យុះហយាត្រានាវាតាមជល   វិថី រហូតដល់ភ្នំ​សន្ទុកជាទីដែលព្រះអង្គធ្វើបុណ្យធំដើម្បីបញ្ចុះអដ្ឋធាតុរបស់បិតារបស់​ទ្រង់ នៅក្នុងចេតិយសម្តេចព្រះបរម​អយ្យកោព្រះធម្មរាជា។ ដូច្នេះ តើចេតិយចាស់នៅលើភ្នំសន្ទុក គឺជាចេតិយរបស់ព្រះបាទចន្ទរាជាដែរឬទេ? ទោះបីជាយ៉ាងណា យើងក៏មិនហ៊ានអះអាងច្បាស់ថាយ៉ាងណានោះទេ។ ប៉ុន្តែ អ្វីជាការចាប់អារម្មណ៍មួយទៀតនោះគឺ ទីតាំងថ្មធម្មជាតិមួយនៅលើភ្នំមាន​​រាងទ្រវែងដាច់ចេញពីគ្នាដោយរង្វះតូចមួយប្រវែង ០.០២ម៉ែត្រ និងមានបណ្តោយប្រហែល ១០​ម៉ែត្រ ហើយ​មានជម្រៅជ្រៅ គេហៅទីនោះថា “ចន្ទរ៉ែ”។ ភាគច្រើន គេតែងពន្យល់ថា “ចន្ទរ៉ែ” មានន័យថា “ចាន់ចារ៉ែ” ឬ “កន្តែរ៉ែ”។ ប៉ុន្តែ ប្រសិនយើងគិតថា បុរាណដ្ឋាននេះ មានភាពទាក់ទងជាមួយព្រះបាទចន្ទរាជា ដែលជាស្តេចសម័យកណ្តាលមែននោះ ពាក្យ “ចន្ទ” គួរតែអាចសំដៅលើព្រះនាមព្រះរាជា ហើយពាក្យ “រ៉ែ” អាចសំដៅដល់រន្ធថ្មដែលញែកចេញពីគ្នានោះ។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ​នេះ នៅភ្នំសន្ទុកក៏នៅសល់ព្រះវិហារចាស់មួយសាងនៅទសវត្ស១៩៥០ និងសំណង់ដទៃផ្សេង​ទៀតមានអាយុកាលប្រហាក់ប្រហែលព្រះវិហារ។

ចេតិយស.វ.ទី២០ សង់យកលំនាំចាស់នៅស.វ.ទី១៦

ជារួមមក បុរាណដ្ឋានភ្នំសន្ទុក គឺជាកន្លែងរីកចម្រើនផ្នែកព្រះពុទ្ធសាសនាថេរវាទដ៏សំខាន់មួយរបស់កម្ពុជានៅសម័យកណ្តាល រវាងស.វ.ទី១៦ ហើយទីតាំងនេះក៏នៅមិនឆ្ងាយពីប្រាសាទត្នោតជុំខាងជើង ដែលជាប្រាសាទឥដ្ឋតែមួយគត់ដែលមានចម្លាក់រូបព្រះពុទ្ធធំៗនៅលើជញ្ជាំង ដែលឆ្លាក់នៅស.វ.ទី១៤។ ដូច្នេះ វាកាន់តែសបញ្ជាក់ថា នៅចន្លោះសតវត្សរ៍ពី១៤ ដល់ ១៦ ក្នុងពេលដែលខ្មែរជ្រួតជ្រាបខ្លាំងនូវលទ្ធិព្រះពុទ្ធសាសនាថេរវាទ កំពង់ធំ គឺជាទឹកដីដ៏សំខាន់មួយរបស់ព្រះរាជា និងជាកន្លែងរីកចម្រើនខ្លាំងនូវព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជា។ សព្វថ្ងៃ បុរាណដ្ឋានភ្នំសន្ទុក កំពុងក្លាយទៅជារមណីយដ្ឋានទេសចរ និងវប្បធម៌ដ៏ទាក់ទាញយ៉ាងខ្លាំងនៅខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!