ទំព័រដើមប្រវត្តិសាស្ត្រព្រះចក្រសំវរនៅក្នុងសង្គមខ្មែរ

ព្រះចក្រសំវរនៅក្នុងសង្គមខ្មែរ

ទោះបីជាព្រះពុទ្ធសាសនាវជ្រយាន ហូរចូលមកក្នុងសង្គមខ្មែរនៅតំបន់អង្គរក្នុងស.វ.ទី១០ក៏ដោយ សាសនានេះក៏បានរីកសុះសាយទៅដល់តំបន់ឆ្ងាយពីអង្គរដែរ។ ជាក់ស្តែង នៅស.វ.ទី១១ តំបន់មួយដែលនៅមិនឆ្ងាយពីជួរភ្នំដងរែក ម្តុំប្រាសាទភិមាយ ប្រទេសថៃបច្ចុប្បន្ន ដែលគេស្គាល់ឈ្មោះថា សន្តតិវង្ស “មហីរធរបុរ” ក៏នៅតែបន្តអនុវត្តន៍ព្រះពុទ្ធសាសនានិកាយវជ្រយានដដែល។ ក្នុងនោះ គេសង្កេតឃើញថា មានព្រះមហាក្សត្រសំខាន់ៗចំនួនពីរដែលកាន់ព្រះពុទ្ធសាសនានិកាយវជ្រយាន និងព្រះមហាក្សត្រសំខាន់មួយអង្គទៀតកាន់ព្រះព្រហ្មញ្ញសាសនាលទ្ធិព្រះវិស្ណុ (វៃស្ណវ) ហើយព្រាហ្មណ៍ដែលសំខាន់ចំពោះមហាក្សត្រទាំងបីអង្គគឺ ព្រះរាជគ្រូស្រីទិវាករបណ្ឌិត។ ម្ល៉ោះហើយ ទើបគេឃើញមានចម្លាក់ទេពជាមួយចំនួនទាក់ទងនឹងព្រះពុទ្ធសាសនានិកាយវជ្រយាននៅប្រាសាទភិមាយ។ នៅក្នុងអត្ថបទខ្លីនេះ យើងសូមលើកយកទេពមួយមកអធិប្បាយដោយសង្ខេបគឺ “ចក្រសំវរ” ឬហៅមួយបែបទៀតថា “សំវរ” ដែលគេឃើញវត្តមាននៅលើផ្តែរទ្វារប្រាសាទភិមាយ។

ចក្រសំវរ (Cakrasaṃvara) គឺជាទេពដ៏ខ្ពង់ខ្ពស់មួយនៅក្នុងទម្រង់ហេរុក (ទម្រង់កាច) នៃលទ្ធិព្រះពុទ្ធសាសនាបែបតន្រ្តដែលកើតឡើងនៅរវាងចុងស.វ.ទី៨ ដើមស.វ.ទី៩ នៅស្រុកឥណ្ឌា ហើយបន្តរីកសាយភាយទៅកាន់តំបន់ទីបេ និងអាស៊ីអាគ្នេយ៍។ ចក្រ មានន័យថា “វដ្ត” រីឯ “សំវរ” ជាកិរិយាស័ព្ទអាចប្រែបានថា “ចង”, “បិទបាំង”, “លាក់”, ហើយក៏អាចប្រែថា “សច្ចា” ឬ “ជម្រក” បានទៀតផង។ នៅតំបន់ទីបេ គេចាត់ទុកចក្រសំវរ គឺជាផ្នែកមួយនៃយីទុម ឬអាទិទេពសមាធិនៃសាលាសម៌ ដែលភាគច្រើនគេបង្ហាញចក្រសំវរមានព្រះកាយពណ៌ខៀវ ព្រះភក្រ្ត៤ ព្រះហស្ត១២ ហើយតែងឈរនៅកៀកឱបព្រះមហេសីរបស់ទ្រង់ព្រះនាម វជ្រវារាហី (ទេពនៃប្រាជ្ញា)។ ទម្រង់របស់ចក្រសំវរ ដែលមានទម្រង់របៀបកាច (ហេរុក) មានលក្ខណៈមិនសូវខុសគ្នាពីព្រហ្មញ្ញសាសនានិកាយព្រះឥសូរទេ ព្រោះនៅក្នុងលទ្ធិព្រះឥសូរក៏មានទម្រង់កាចដូចគ្នា ជាពិសេសគឺទម្រង់ដែលព្រះឥសូរជាភៃរវឬមហាកាល។ ភាគច្រើន ភៃរវនៃព្រហ្មញ្ញសាស​នា គេបង្ហាញរូបភាពជាទេពមានព្រះនេត្រក្រឡោត ព្រះនេត្រទីបីនៅលើថ្ងាស ចំណិតព្រះចន្រ្ទនៅលើផ្នួងព្រះកេស សម្លៀកបំពាក់គ្រងដោយស្បែកខ្លា ព្រះភក្រ្តច្រើន ព្រះហស្តច្រើន កាន់ចានរូបលលាដ៍ក្បាល នៅជុំវិញព្រះកាយមានលលាដ៍ក្បាលហូរស្រក់ឈាមធ្លាក់មកដី មានដំរីដ៏អាថ៌កំបាំងមួយតំណាងឱ្យការបំភាន់ភ្នែក កាត់ក្បាលព្រះព្រហ្ម មានពស់តំណាងឱ្យសរសៃព្រាហ្មណ៍ មានចង្កូមស្រួច លាបផេះពាញព្រះកាយ ហើយច្រើនគង់នៅក្នុងទីសក្ការបូជា។ ចំណែកនៅក្នុងព្រះពុទ្ធសាសនាបែបតន្រ្ត គេចាត់ទុក សំវរ គឺជាឧបករណ៍ដ៏សំខាន់ដែលបាននាំធាតុសំខាន់ៗរបស់លទ្ធិព្រះសិវ ចូលទៅក្នុងព្រះពុទ្ធសាសនា។ ហេតុដូច្នេះហើយ ទើបគេឃើញការតុបតែងរបស់ចក្រសំវរ ឬទេពដែលមានទម្រង់កាចផ្សេងៗទៀតរបស់តន្រ្ត ដូចជា ហេវជ្រ ។ល។ តែងតែតុបតែងខ្លួនជាទម្រង់កាចដូចភៃរវដែរ។ គេកត់សម្គាល់ឃើញថា ជាទូទៅ ការបង្ហាញចក្រសំវរ គឺបង្ហា​ញឡើងក្នុងការរាំដូចហេវជ្រ ឬដូចព្រះឥសូរដែរ ហើយក្បាច់រាំរបស់ចក្រសំវរ មានឈ្មោះថា “អធ៌បយ៌ង្ក” (ardhaparyaṅka) ដោយទ្រង់ឈររាំនៅលើម្កុដរបស់មារចំនួនពីរ និងនៅលើក្បាលដំរីមួយ។

នៅក្នុងសិល្បៈខ្មែរ ការបង្ហាញចម្លាក់ ឬបដិមាចក្រសំវរ មិនសូវសម្បូណ៌ដូចព្រះហេវជ្រឡើយ ពោល បើគិតជាចម្លាក់ថ្មគេឃើញច្បាស់លាស់ តែនៅលើផ្តែរទ្វារច្រកចូលខាងកើតនៃប្រាសាទភិមាយមួយប៉ុណ្ណោះ។

ចម្លាក់ចក្រសំវរនៅប្រាសាទភិមាយ បង្ហាញឡើងក្នុងរបៀបដែលទេពនេះផុសចេញពីដំរីដ៏អាថ៌កំបាំងមួយ (ក្បាលដំរីនៅខាងក្រោម កន្ទុយដំរីនៅលើព្រះសិររបស់ចក្រសំវរ) ក្នុងទម្រង់ព្រះបាទទាំងពីររបៀបឈររាំនៅលើមារចំនួនពីរនាក់ (ព្រះបាទខាងឆ្វេងដាក់ចុងព្រះបាទទៅក្រោមជាប់នឹងមារ រីឯព្រះបាទខាងស្តាំដាក់លើកឡើងលើមកជាប់ជាមួយកែងព្រះបាទខាងឆ្វេងផុតពីដី)។ ចំណែក ព្រះភក្រ្តមានបួន ព្រះហស្តមានប្រាំបី (ព្រះហស្តចំនួន៦ ដាក់សន្ធឹងឡើងលើ រីឯព្រះហស្ត២ទៀតដាក់រាំត្រឹមដើមទ្រូង)។ នៅជុំវិញព្រះចក្រសំវរ មានរូបយោគិនី និងវិទ្យារាជឈររាំអម និងមានព្រះពុទ្ធពីរអង្គនៅខាងលើ។ ចម្លាក់នេះដែរ លោក Pia Conti យល់ថា ចម្លាក់នៅកណ្តាលដែលយើងកំពុងពណ៌នាថាជាចក្រសំវរនេះ លោកគិតថាជារូបព្រះពុទ្ធ ហ៊ុមព័ទ្ធដោយជិនទាំងបួន គឺអក្សោព្យ ក្នុងទម្រង់ព្រះពុទ្ធសាសនាបែប Esoteric ដែលមាននិយាយនៅក្នុងអត្ថបទ គុហយសមាជតន្រ្ត (guhyasamājatantra)។ រូបចក្រសំវរនៅប្រាសាទភិមាយនេះ គេសន្និដ្ឋានថាឆ្លាក់នៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៦ ក្នុងរចនាបថ បាភួន។ ចម្លាក់ចក្រសំវរនេះ មានទម្រង់ស្រដៀងរូបចម្លាក់ទេពរាំមួយនៅក្នុងសិល្បៈចាម ដែលលោក Peter Sharrock សង្ស័យថា អាចជារូបចក្រសំវរដែរ។ រូបចម្លាក់ថ្មមួយទៀត បង្ហាញអំពីព្រះពុទ្ធមានព្រះហស្ត៤ ព្រះភក្រ្ត៤ មានកាយវិការកំពុងឈររាំនៅប្រាសាទបន្ទាយឆ្មារ គេមិនច្បាស់ថាជាទេពអ្វីឱ្យប្រាកដឡើយ។ ប៉ុន្តែ លោក Peter Sharrock យល់ថា ការបង្ហាញរូបរាំក្នុងទម្រង់កាចបែបនេះអាចជាការរាំរបស់ទម្រង់ហេរុកនៃតន្រ្ត ហើយក៏អាចជា ចក្រសំវរ ដែរ។ ក្រៅពីនេះ មានរូបចក្រសំវរចំនួនតិចតួចទៀតដែលគេឆ្លាក់នៅលើ​សំរិទ្ធដែលយើងមិនបានយកមកបង្ហាញនាពេលនេះ។

ជារួមមក បើទោះបីរូបចម្លាក់ចក្រសំវរនៅក្នុងសង្គមខ្មែរសម័យបុរាណ ពុំមានចំនួនច្រើនដូចហេវជ្រក៏ដោយ ក៏បង្ហាញឱ្យឃើញថា ឥទ្ធិពលដែលខ្មែរទទួលយកព្រះពុទ្ធសាសនានិកាយវជ្រយានចាប់ពីស.វ.ទី១០ ដល់ទី១៣ ចាត់ទុកថាមានទំហំខ្លាំងក្លា។ ការបង្ហាញរូបចក្រសំវរតិចតួចនៅក្នុងសង្គមខ្មែរ អាចសបញ្ជាក់ឱ្យឃើញថា មនុស្សសម័យបុរាណពុំសូវនិយមរាប់អានទេពអង្គនេះ ឬក៏មានហេតុផលជាច្រើនទៀតដែលយើងមិនអាចដឹងបាន។ សព្វថ្ងៃ ការគោរពប្រណិប័តន៍ទេពអង្គនេះ និងនិកាយវជ្រយានទាំងមូលលែងមានទៀតហើយនៅក្នុងសង្គមខ្មែរ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!