យើងដឹងព័ត៌មានអំពីប្រាសាទនេះតិចតួចណាស់ តាមរយៈឯកសាររបស់លោក ហ្ស៊ក សឺដេស ចុះផ្សាយនៅក្នុងឆ្នាំ១៩៥៣។ ឯកសារនោះបង្ហាញថា ប្រាសាទអូររំដួល ជាប្រាសាទមួយស្ថិតនៅក្នុងខេត្តព្រះវិហារ មានចម្ងាយ៥គីឡូម៉ែត្រនៃទិសនិរតីភូមិកន្ទួត និងចម្ងាយ៧គីឡូម៉ែត្រតំបន់ម្លូព្រៃ។ តាមរយៈលោក លឹម វណ្ណច័ន្ទ ដែលធ្លាប់ចុះទៅដល់ទីតាំងសិលាចារឹកនេះ បានឱ្យដឹងថាអ្នកស្រុកបានយកមេទ្វារប្រាសាទនេះទាំងស្រុងចេញពីទីតាំងដើម មករក្សាទុកនៅក្នុងភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សិលាចារឹកនេះមានចារអត្ថបទចំនួន៣២បន្ទាត់ដែល៣០បន្ទាត់ចារជាភាសាខ្មែរ និង២បន្ទាត់ទៀតចារជាភាសាសំស្ក្រឹត។
អត្ថន័យសំខាន់នៃសិលាចារឹកនេះ គឺព្រះរាជបន្ទូលព្រះមហាក្សត្របញ្ជាឱ្យកំស្តែងអញរាជកុលមហាមន្ត្រីនិងគម្តែងព្រះគ្រូទៅកសាងសិលាចារឹកកត់ត្រាពីស្រុក ស្រែ ភូមិករព្រៃថ្ងាស ដែលវាបបរមាចារ្យទិញពីចោកស្វាយដើម្បីស្ថាបនាព្រះសិវលិង្គ និងបានបញ្ញត្តិឱ្យមានតែកូនចៅដែលជាអ្នកបួសទើបមានសិទ្ធិគ្រប់គ្រងភោគទ្រព្យរបស់ព្រះ។ ហើយរៀបរាប់ពីគ្រឿងរណ្តាប់បូជាព្រះ ទ្រព្យផ្តល់ឱ្យព្រះបំនួស អ្នករៀបចំពិធី និងស្តេញបុរោហិត គ្រឿងរណ្តាប់បូជាសម្រាប់ពិធីបុណ្យមហោស្រពផ្សេងៗ ទេវទ្រព្យ ព្រំប្រទល់ដី ព្រមទាំងឱ្យពរដល់អ្នកដែលចម្រើនបុណ្យនេះនិងដាក់បណ្តាសាដល់អ្នករំលាងបុណ្យ។ នៅក្នុងផ្នែកសំស្ក្រឹត២បន្ទាត់ គឺជាការដាក់បណ្ដាសាដល់ជនឯណាដែលមកលួចយកទេវទ្រព្យ ឱ្យធ្លាក់នរកជាមួយដូនតារបស់ពួកគេ។
ចំពោះស្ថាននាម «ចោកស្វាយ» លោក សឺដេស បានបញ្ជាក់ថាមាននៅក្នុងសិលាចារឹកចំនួនពីរទីតាំងដែលស្ថិតនៅក្នុងតំបន់ជាំក្សាន្ដ មានសំណេរជា «ចកស្វាយ»។ សិលាចារឹកទី១ គឺសិលាចារឹកថ្នល់ស្វាយ (K.៣៤៧) ដែលមានចម្ងាយត្រង់ពីប្រាសាទអូររំដួលប្រមានជា៥០គីឡូម៉ែត្រ។ សិលាចារឹកទី២ គឺសិលាចារឹកនៅប្រាសាទកន្ទប់ (ឥឡូវស្គាល់ជាប្រាសាទដូនកៅ K.៣៥២-៣៥៤)។ ទីតាំងប្រាសាទនេះ មានចម្ងាយពីប្រាសាទថ្នល់ស្វាយប្រមាណជា១គីឡូម៉ែត្រប៉ុណ្ណោះ។ យ៉ាងនេះក្ដី យើងក៏រកឃើញពាក្យ «ចោកស្វាយ» នេះនៅក្នុងសិលាចារឹកល្បើកស្រុត នៅខេត្តក្រចេះផងដែរ ប៉ុន្ដែជាទីតាំងពុំទាក់ទងគ្នានោះឡើយ។ ពាក្យ «ចក» ឬ «ចោក» នេះ ដែលវិវត្តមកជាពាក្យ «ឆោក» ដូចក្នុងពាក្យ «ឆោកគគ៌្យរ» ដែលត្រូវគ្នានឹងតំបន់ប្រាសាទកោះកេរជាដើម។ នៅក្នុងការសិក្សាសិលាចារឹកថ្មីមួយមកពីប្រាសាទល្បើកស្រុត-ល្បើកស្រងែ បណ្ឌិត វង់ សុធារ៉ា (២០១៦) បញ្ជាក់ថា នៅក្នុងភាសាក្រោល ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ពាក្យ «ចក» មានន័យថា «អូរ»។
បើពិនិត្យលើការចារអត្ថបទសិលាចារឹកនេះ ជម្រៅចារអក្សរមានលក្ខណៈជ្រៅល្អ ប៉ុន្ដែមានតួអក្សរខ្លះចារភ្លេច ចារជួស និងចារបន្ថែមក្នុងទំហំតូច។ តួអក្សរខ្លះ អាចឱ្យយើងច្រឡំដោយងាយ។ នៅក្នុងសិលាចារឹកនេះ ចំណារស្រៈនិស្ស័យ «ិ» និង «ី» បានចោទជាបញ្ហា ដ្បិតសញ្ញាទាំងពីរនេះ ហាក់ឱ្យយើងបែងចែកគ្នាពុំដាច់ឡើយ។ ចំណែកឯអំណានរបស់លោក សឺដេស គឺលោកបានពឹងផ្អែកលើអំណានពាក្យដែលធ្លាប់ជួបប្រទះនិងពាក្យដើមនៅក្នុងភាសាសំស្ក្រឹត ទោះបីអំណានដែលមានស្រៈ «ិ» និងស្រៈ «ី» មានសញ្ញាដូចគ្នាក្ដី។ ត្រង់អំណានពាក្យខ្លះ ស្រៈ «ិ» ឬស្រៈ «ី» មានរូបរាងដូចជាសក់របស់ព្យញ្ជនៈទៅវិញ ដូចជាពាក្យ «បិ» នៅបន្ទាត់ទី៦ ជាដើម។ ដោយផ្អែកតាមរូបសញ្ញា យើងសម្រេចកំណត់រូបសញ្ញាស្រៈមានរាងរង្វង់កួចបន្ដិចឬពុំកួចសោះ គឺជាស្រៈ«ិ» និងសញ្ញាស្រៈដែលមានកំណួចខ្លាំង ជាស្រៈ «ី»។ ចំពោះសញ្ញាលេខវិញ លេខ១ មានរូបសញ្ញាស្រដៀងនឹងអក្សរ «រ»។
២- អត្ថបទដើមជាអក្សរទំនើប
១- ៙៨៨២ឝក·គីនូស្ថាបនាវ្រះកំម្រតេង៑អញ៑
២- ឝីវលីង្គ·៨៩០ឝកម្វាយ៑កេត៑ភាទ្របទតោយ៑ច
៣- ន្ទ្រមាសវុទ្ធវារបូវ៌្វផាល្គូណីនក្ឞត្រនូមាន៑វ្រះឝា
៤- សនធូលីវ្រះបាទធូលិជេង៑វ្រះកំម្រតេង៑អញ៑ឝ្រីជយវម៌្ម
៥- ទេវតកំស្តេង៑អញ៑រាជកូលមហាមាន្ត្រីតកំម្រតេង៑អញ៑
៦- វ្រះគុរុបិប្រេទៅស្ថាបនាប្រឝស្តតគិស្រូក៑ស្រេភូម្យា
៧- ករវ្រៃថ្ងាស៑តតិវាប៑បរមាចាយ៌្យជៅវតចោក៑ស្វាយ៑
៨- បិស្វំវ្រះករុណាប្រសាទបីស្ថាបនាឝីពលិង្គស្ថាបនាវ្រះ
៩- បយ៌្យង៑សំគណនូកំម្រតេង៑ជគត៑លីង្គបូរនាំវ្រះប
១០- យ៌្យង៑ទៅម្វាយ៑វត្តម្វាយ៑ឆ្នាំថ្វាយ៑វ្រះភោគវ្វំជាស្វតន្ត្រ
១១- តវ្រីហវ្វំជាបិស្វតន្ត្រតកន្ទ្វារ៑ច្រំ/ច្រលោវ្វំជាបិស្វតន្ត្រត
១២- ភូតាឝតចញ្ចូលផោង៑វ្វំជាបីអាយត្តតកូលេក្វ
១៣- ន៑ចៅតបំន្វាស្នីបិត្យង៑ធាម៌្មបីបរិបាលគិធម៌្មគិតអាច៑មា
១៤- ន៑គូស៑នេះគីរោះក[[ល្ប]]នាយាជមានរង្កោតជាយជ្ញជេ១
១៥- ប្រតិទីនក្រិយាស្រោង៑ប្រតីទីនបញ្ចគវ្យឃ្ឫតមធូទធិក្ឞីរ
១៦- គូទនារីកេល·គន្ធានូលេបន·ទីបធូបតាម្វូលក្រមូកផល·
១៧- តូយ៌្យតីងតោង៑រាំច្រ្យង៑គន្ធវ៌្វហូទូកឝិខរា○នីវន្ធវ្រះបំ
១៨- ន្វស៑ស្មីង៑ស្តេញ៑បូរោហិតស្រុថ្ល្វង៑៦ចន្ល្យាក៑យៅ១ត្វង៑
១៩- តេំ១ស្លាតេំ២ស្តេងិតបូជាតវ្យរអំបល៑ស្តេងិត(បូ)រោហីតឧក្កមី
២០- ម្វាយ៑អ្នាក៑ស្តេញ៑ការិតវ្យរចន្ល្យាក៑វ្លះ១ស្រុថ្ល្វង៑២ជេ២មីម្វាយ៑
២១- អ្នាក៑ស្រេវរហ៑ថ្ល្វង៑២ជេ២មីម្វាយ៑ស្មីង៑·តគិឧត្សវផោង៑ចំរេ
២២- ន៑រង្កោជេ២ក្រីយាហោមផោង៑·ទេវទ្រវ្យ·មាស៑ប្រាក៑ស្វោក៑
២៣- វៅទិបទីគះកទាហកមន្ទលូបង្កប៑ថ្មុរក្របីតំយ៌្យខ្ញុំតបំ
២៤- រេទំនេប្របមេក៑មហានសបត្រការអំរះអ្នាកស្រេផ្សំម៑
២៥- ខ្ញុំផោង៑៤០-១០-៨ភូម្យតីបូវ៌្វប្រសប៑អគ្រន្ធសារតីទក្ឞិន
២៦- ប្រសប៑វ្រៃសូភេតថ្មាគោល៑តីបឝ្ចីមប្រសប៑ជម៌្មលថ្មាផ្លុ
២៧- តទិង្ង·តីឧត្តរថ្មាគោល៑ប្រសប៑ចោក៑ស្វាយ·នេះគិរោហវ
២៨- រឝាបវ្រាហ្មអាចាយ៌្យបន្ទីតយជមាននៅសាធូតអា
២៩- ច៑វទ៌្ធេយនេះបូន្យនេះគេមាន៑ស្វគ៌្គ·នៅគេតលោបេ
៣០- បូន្យនេះគេមាន៑បាប
៣១- យេតាន្យបហរន្តីហ ហីរាយន្តិធនានិច
៣២- តេយាន្តិបិត្ឫភិស្សាទ៌ំ្ធ រៅរវាទ្យេឞូយាតនាម៑
៣- អត្ថបទប្រែសម្រួល
(១-២) ៙មហាសករាជឆ្នាំ៨៨២(គ.ស.៩៦០) គឺ(ជាវេលា)ស្ថាបនាព្រះគម្តែងអញសិវលិង្គ។
(២-១៤) មហាសករាជឆ្នាំ៨៩០(គ.ស.៩៦៨) ១កើត ខែភទ្របទ តាមខែចន្ទគតិ ថ្ងៃពុធ នក្សត្របូព៌ផល្គុណី នូវមានព្រះរាជសាសន៍ធូលីព្រះបាទធូលីជើងព្រះគម្តែងអញស្រីជ័យវម៌្មទេវ(ទី៥) (ត្រាស់បញ្ជា)ដល់កំស្តែងអញរាជកុលមហាមន្ត្រី (និង)ដល់គម្តែងអញព្រះគ្រូ ដើម្បីប្រើទៅស្ថាបនាសិលាចារឹក គឺ(កត់ត្រាអំពី)ស្រុក ស្រែ (និង)ភូមិករព្រៃថ្ងាស ដែលវាបបរមាចារ្យជាវពីចោកស្វាយដើម្បីសុំព្រះរាជទានស្ថាបនាព្រះសិវលិង្គ ស្ថាបនា(ការផ្គត់ផ្គង់)ព្រះប្រេង ចូលរួមផ្សំជាមួយនឹងគម្តែងជគតលិង្គបូរ(គឺប្រាសាទកោះកេរ)។ នាំយកព្រះប្រេងទៅមួយឆ្នាំម្តង ថ្វាយ(ជា)ព្រះភោគទ្រព្យ។ (ព្រះភោគទ្រព្យនេះ)ពុំស្ថិតក្រោមការគ្រប់គ្រងរបស់(ខ្លោញ)ស្រូវ ពុំស្ថិតក្រោមការគ្រប់គ្រងរបស់កន្ទ្វារច្រលោ ពុំស្ថិតក្រោមការគ្រប់គ្រងរបស់ភូតាសប្រេងល្ហុងខ្វងទាំងឡាយ ពុំគប្បីស្ថិតនៅក្រោមចំណុះរបស់ក្រុមគ្រួសារ(អ្នកទាំងនោះ)ឡើយ។ (រីឯ)កូនចៅដែលជាអ្នកបួស គប្បីដឹងពីធម៌ គប្បីថែរក្សាធម៌ ទើបអាចគ្រប់គ្រងព្រះភោគទ្រព្យទាំងអស់នេះ។
(១៤-១៧) នេះគឺគ្រឿងរណ្តាប់បូជារបស់អ្នកធ្វើទាន (ក្នុងនោះមាន) អង្ករជា(គ្រឿងបូជា)យញ្ញ១ជើរៀងរាល់ថ្ងៃ ក្រយាស្រង់រៀងរាល់ថ្ងៃ បញ្ចគោរស(=ទឹកដោះគោ៥យ៉ាង) ឃ្ឫត(ប៊័រទឹកដោះគោ) ទឹកឃ្មុំ ទឹកដោះគោរជូរ ទឹកដោះគោស្រស់ រងូ ផ្លែដូង គ្រឿងក្រអូបនិងគ្រឿងលាប ប្រទីប ធូប ម្លូ ស្លា គ្រឿងភ្លេងដេញនិងទូង (អ្នក)រាំ (អ្នក)ច្រៀង គន្ធព្វ(=គ្រឿងភ្លេងខ្សែម្យ៉ាង/ពួកគន្ធព្វ) ស្គរហុឌុក្កា (និង)សិខរា(=គ្រឿងភ្លេងខ្សែម្យ៉ាង)។
(១៧-២១) ផ្តល់ឱ្យព្រះបំនួស អ្នករៀបចំពិធី (និង)ស្តេញបុរោហិត(នូវ)ស្រូវ៦ថ្លូង សម្លៀក១យៅ ដូង១ដើម ស្លា២ដើម (និង)ស្តេងិដែលជាអ្នកបូជា២នាក់, (ផ្តល់ឱ្យ)អម្បាលស្តេងិដែលជាបុរោហិតផងក្នុងម្នាក់ៗ ស្តេញការី(អ្នកធ្វើការ)២នាក់ (នូវ)សម្លៀក១បន្លាស់ ស្រូវ២ថ្លូង២ជើ ក្នុងម្នាក់ៗ, ស្រែព្រោះ២ថ្លូង ២ជើ(ដល់) (សម្រាប់)អ្នករៀបចំពិធីបូជាម្នាក់ៗ។
(២១-២២) នៅពេលមានពិធីបុណ្យមហោស្រពនានា ចម្រើនអង្ករ២ជើ (និងផ្តល់)ក្រយាហោមផង។
(២២-២៥) ទេវទ្រព្យ(រួមមាន) មាស ប្រាក់ ស្ពក ថូវៅទិ បទិគះ(កន្ថោរស្ដោះ) ខ្ទះ ថូកមណ្ឌលុ កាំបិតបង្កាប់ គោ ក្របី ដំរី អ្នកបម្រើដែលធ្វើការដូចជាអ្នកបើក(ទ្វារ) ចុងភៅ អ្នកក្រងស្លឹក អំរះ (និង)អ្នកធ្វើស្រែ។ សរុបអ្នកបម្រើទាំងអស់៥៨នាក់។
(២១-២៥) ដីភូមិ ខាងកើតប្រសព្វអគ្រន្ធសារ ខាងត្បូងប្រសព្វព្រៃសូភេតត្រង់ថ្មគោល ខាងលិចប្រសព្វជម៌្មលត្រង់ផ្លូវទទឹង(ថ្ងៃ) ខាងជើងត្រង់ថ្មគោលប្រសព្វចោកស្វាយ។
(២៥-៣០) នេះគឺពរនិងបណ្តាសា។ (នូវ)ព្រាហ្មណ៍ អាចារ្យ បណ្ឌិត អ្នកធ្វើទាន និងសាធុជនទាំងឡាយ ដែលអាចចម្រើនបុណ្យនេះ អ្នកនោះនឹងទៅកាន់ឋានសួគ៌។ នូវអ្នកដែលរំលាងបុណ្យនេះ អ្នកនោះនឹងមានបាប។
(៣១-៣២) សូមឱ្យអ្នកទាំងឡាយណាដែលយក និងនាំអ្នកឯណាមកលួចយកទ្រព្យធនទាំងនេះ ធ្លាក់ជាមួយនឹងដូនតាគេទៅកាន់នរកនានា មាននរករោរពជាដើម៕
———————————–
Ou Rumduol temple inscription K.659
We know very little about this temple from a document published by G. Coedès in 1953. The document shows that Ou Rumduol is a temple located in Preah Vihear province, 5 km southwest of Kantuot village and 7 km south of Mlou Prey area. According to Mr. Lim Vanchan, who had visited the site of the inscription, the locals removed the main door temple from the original location and kept it in Char village, Kantuot commune, Choam Ksan district, Preah Vihear province. The inscription consists of 32 lines, 30 lines in Khmer and 2 lines in Sanskrit.
The main meaning of this inscription is the royal message of the King ordering Kaṃsteṅ Añ Kula Moha Montri to build an inscription for recording about Sruk (district), Sre (rice field), Phum (village), which the Vappamācāya bought from Chok Svāy to build Linga and ordered only children as a pastor that can be had the right to control God’s wealth. In addition, the inscription describes the worship stuff to God, the organizer’s ceremony, priests, the worship stuff for various ceremonies, god wealth, the borders, as well as the blessings of those who prosper the ceremonies and curses those who disturb ceremonies. In the Sanskrit section, two lines are a curse on those who come to steal the god’s wealth to go to hell with their ancestors.
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង