ទំព័រដើមប្រវត្តិសាស្ត្រផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់

ផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់

សិល្បៈថាឡាបរិវ៉ាត់ មានអាយុកាលចំណាស់ជាងសិល្បៈសំបូរព្រៃគុក រហូតដល់ថ្នាក់អ្នកស្រាវជ្រាវមួយចំនួន ដូចជា លោក R. Dalet បានស្នើបង្កើតជារចនាបថមួយដោយឡែក។ តែយ៉ា​ងណា មកទល់សព្វថ្ងៃគេចាត់ថ្នាក់សិល្បៈថាឡាបរិវ៉ាត់ ចូលទៅក្នុងសិល្បៈរចនាបថសំបូរព្រៃគុកដដែល។ តំបន់ថាឡាបរិវ៉ាត់ មានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែង អមតាមបណ្តោយទន្លេធំៗដែលជាបុរាណដ្ឋានសម្បូណ៌ទៅដោយក្រុមប្រាសាទឥដ្ឋជាច្រើន តែភាគច្រើនបានបាក់បែកស្ទើរអស់ទៅហើយ លើកលែងប្រាសាទព្រះគោមួយនៅមានរូបរាងល្អ។ គេច្រើនស្គាល់សិល្បៈថាឡាបរិវ៉ាត់តាមរយៈក្បាច់លម្អផ្តែរទ្វារដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ខ្លាំង ព្រោះជាផ្តែរទ្វារដំបូងបំផុតនៃសិល្បៈខ្មែរ។ តើផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់មានលក្ខណៈដូចម្តេចខ្លះ?

ការសិក្សាអំពីផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់ ចាប់ផ្តើមរីកសាយខ្លាំងដំបូងដោយលោក Henri Parmentier នៅក្នុងឆ្នាំ១៩២៧។ ក្រោយមកទៀត មានអ្នកស្រាវជ្រាវសំខាន់ៗចំនួនបីនាក់ ដែលបានសិក្សាច្រើនអំពីផ្តែរទ្វារនេះ រួមមាន លោក R. Dalet ឆ្នាំ១៩៤៤ លោក Pierre Dupont ឆ្នាំ១៩៥៥ និងលម្អិតជាងគេនោះគឺលោកស្រី Mireille Bénisti ឆ្នាំ១៩៦៨។ ក្នុងជំនាន់នោះ ផ្តែរទ្វារដែលអ្នកស្រាវជ្រាវដែលបានរៀបរាប់ឈ្មោះខាងលើយកមកសិក្សាពុំសូវមានច្រើនប៉ុន្មានទេ ភាគច្រើនគឺសិក្សាទៅលើផ្តែរទ្វារចំនួន៥ ដែលដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញ និងផ្តែរទ្វារមួយចំនួនទៀតដែលនៅទីតាំងស្ថានីយផ្ទាល់។

លក្ខណៈជាទូទៅនៃផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់ គឺតែងតែមានរូបសត្វមករចំនួនពីរនៅចុងសងខាងផ្តែរហាមាត់ខ្ជាក់ក្បាច់ដងធ្នូដែលមានរាងកោងប្រសព្វគ្នាបានចំណុចកណ្តាលមួយដែលឆ្លាក់ជាមេដាយ៉ុង (ក្បាច់រាងរង្វង់)។ មករទៀតសោត មានខ្លួនធំខ្លី ប្រម៉ោយវែង ជើងកន្តុប ដងខ្លួនដូចបក្សី និងកន្ទុយច្រើនជាក្បាច់សន្លឹករុក្ខជាតិផ្សេងៗ។ ជាទូទៅ មករ គឺជាសត្វតំណាងឱ្យទឹក ដែលនៅសម័យវេទ គឺជាសត្វទេវកថាដែលជាយានជំនិះរបស់ព្រះវារុណ តែមកដល់សម័យហិណ្ឌូគេបានចាត់ថ្នាក់សត្វមករ គឺជាយានជំនិះរបស់ព្រះនាងយមុណាវិញ។ មករនៅលើផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់ គេច្រើនប្រដូចគ្នាខ្លាំងទៅនឹងមករនៅក្នុងសិល្បៈឥណ្ឌារវាងស.វ.ទី៥ ដល់ទី៧។ ចំណែក ក្បាច់ដងធ្នូផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់វិញ មិនមានកោងច្រើនគន្លាក់ដូចក្បាច់ដងធ្នូនៅសំបូរព្រៃគុកឡើយ ពោល គឺមានតែពីរគន្លាក់ប្រសព្វគ្នាបានចំណុចកណ្តាលមួយតែមួយប៉ុណ្ណោះ។ ជាទូទៅ ក្បាច់ដងធ្នូនៅក្នុងសិល្បៈឥណ្ឌាគេហៅថា «តោរណ» ដែលតំណាងឱ្យភាពចម្រុងចម្រើន ភោគផល ឬទ្រព្យសម្បត្តិ ដែលគេតែងឃើញមាននៅច្រកចូលចេតិយសាន់ឈី និងតាមច្រកចូលប្រាសាទបុរាណជាច្រើននៅស្រុកឥណ្ឌា។ គួរកត់សម្គាល់ដែរថា ក្បាច់តោរណ ឬដងធ្នូនៅសិល្បៈថាឡាបរិវ៉ាត់ គឺចម្លងចេញពីក្បាច់តោរណរបស់ឥណ្ឌាស្ទើរតែសុទ្ធសាធតែម្តង ឧទាហរណ៍ ដូចគ្នាខ្លាំងជាមួយក្បាច់តោរណនៅរូងភ្នំអេឡូរ៉ា។ ដោយឡែក សម្រាប់រូបភាពកណ្តាលរបស់ផ្តែរវិញ ភាគច្រើនសិល្បករលម្អជាក្បាច់មេដាយ៉ុង ឬក្បាច់រាងរង្វង់ដែលខាងក្នុងមានចម្លាក់ផ្សេងៗ ជាពិសេស គឺចម្លាក់រូបគ្រុឌមានរូបរាងដូចមនុស្សឈរកាន់ពស់ឬនាគ។ ក្រៅពីនេះ ផ្តែរមួយចំនួនទៀត គេឃើញមានរូបព្រះកាល ឬរូបកិត៌ិមុខយ៉ាងធំនៅចំកណ្តាលផ្តែរដែលមើលទៅមានលក្ខណៈដូចគ្នាខ្លាំងជាមួយសិល្បៈកោះជ្វា ប្រទេសឥណ្ឌូនេស៊ី។ ការលម្អរូបព្រះកាល ឬកិត៌ិមុខនៅចំកណ្តាល​នេះ គេមិនសូវប្រទះឃើញច្រើននោះឡើយ។

បើទោះបីសិល្បៈផ្តែរទ្វារប្រភេទនេះកើតចេញពីថាឡាបរិវ៉ាត់ជាតំបន់ស្នូលក៏ដោយ ក៏គេឃើញមានចម្លាក់ផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់នៅកន្លែងផ្សេងទៀតជាច្រើនដែរ។ ជាក់ស្តែង លោក Dupont បានប្រៀបប្រដូចផ្តែរទ្វារថាឡាបរិវ៉ាត់ទៅនឹងផ្តែរទ្វារនៅប្រាសាទអាស្រមមហាឥសី ភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងផ្តែរប្រាសាទគុកព្រះធាតុ។ លើសពីនេះ យើងឃើញផ្តែរទ្វារប្រាសាទភ្នំឈ្ងោក ខេត្តកំពត ក៏មានលក្ខណៈជាសិល្បៈថាឡាបរិវ៉ាត់ដែរ គ្រាន់តែឆ្លាក់នៅលើឥដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ ផ្តែរទ្វារប្រភេទនេះ ឃើញមានដល់ទឹកដីសៀម និងលាវសព្វថ្ងៃទៀតផង។ ដីសៀម គេឃើញមាននៅវត្តធុងថៅ តំបន់ចាន់ថាប៊ុន រីឯនៅដីលាវច្រើនរកឃើញនៅតំបន់ក្បែរវត្តភូ។ ការរកឃើញសិល្បៈនេះច្រើនកន្លែងដូច្នេះ ពុំមានជារឿងចម្លែកទេ ព្រោះតំបន់ទាំងឡាយនេះសុទ្ធសឹងជាអតីតទឹកដីចេនឡារបស់អាណាចក្រខ្មែរបុរាណ ជាពិសេសនៅចុងស.វ.ទី៦ ដល់ពាក់កណ្តាលស.វ.ទី៧។ លោក Dupont បានកំណត់ផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់ ជាពីរដំណាក់ គឺដំណាក់ទី១ មានអាយុកាលនៅដើមស.វ.ទី៧ និងដំណាក់កាលទី២ នៅពាក់កណ្តាលស.វ.ទី៧។ ចំណែក លោកស្រី Bénisti យល់ថា សិល្បៈនេះទំនងមានជាប់ពាក់ព័ន្ធនឹងរជ្ជកាលព្រះបាទភវវរ្ម័នទី១ ដែលជាស្តេចដ៏ឆ្នើមនៃចេនឡា​ ក្នុងពេលចេនឡាពង្រីកទឹកដីដំបូងពីភាគខាងត្បូងឆ្ពោះមកខាងជើង។ លោកស្រីក៏យល់ទៀតថា តំបន់ថាឡាបរិវ៉ាត់ទំនងជារាជធានីដំបូងរបស់ព្រះបាទភវវរ្ម័នទី១ ដែលមានឈ្មោះថា “ភវបុរ”។ តែទោះបីយ៉ាងណា លោក ហេង ពិភាល់ ជាអ្នកស្រាវជ្រាវនៅស.វ.ទី២១នេះ យល់ថា ថាឡាបរិវ៉ាត់ ទំនងមានឈ្មោះដើមថា “នាគស្ថានបុរ” ដោយលោកយោងទៅលើសិលាចារឹកមួយនៅច្រកទ្វារចូលក្រុមខាងជើង នៃតំបន់ប្រាសាទសំបូរព្រៃគុកដែលចារឹកនៅស.វ.ទី១០។

ជារួមមក ផ្តែរទ្វារសិល្បៈថាឡាបរិវ៉ាត់ ជាដំណាក់កាលដំបូងបំផុតរបស់ខ្មែរ ដែលមានក្បាច់ជាទូទៅចម្លងតាមសិល្បៈឥណ្ឌាច្រើន ហើយលក្ខណៈជាសិល្បៈក្នុងស្រុកមានរំលេចចូលតិចតួច។ ក្បាច់ផ្តែរទ្វារនេះ បានសាយភាយយ៉ាងខ្លាំងទូទាំងទឹកដីដែលជាអាណាចក្រចេនឡាកាលពីសម័​យបុរាណ។ ក្បាច់ផ្តែរទ្វារនេះទៀតសោត ក៏អាចមានរំលេចនូវអត្ថន័យផ្នែកនយោបាយណាមួយ បន្ថែមពីលើអត្ថន័យផ្នែកសាសនាក៏អាចថាបាន៕

ផ្តែរទ្វារមកពីថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ផ្តែរទ្វារមកពីថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ផ្តែរទ្វារមកពីថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ក្បាច់តោរណនៅច្រកចូលចេតិយសាន់ឈី ប្រទេសឥណ្ឌា (រូបថត៖ Elaine Buck)
ក្បាច់តោរណនៅច្រកចូលរូងភ្នំអេឡូរ៉ា (រូបថត៖ Bénisti 1968)
ផ្តែរទ្វារមកពីថាឡាបរិវ៉ាត់ មានរូបព្រះកាល ឬកិត៌ិមុខនៅចំកណ្តាល
ផ្តែរទ្វារមកពីថាឡាបរិវ៉ាត់ មានរូបព្រះកាល ឬកិត៌ិមុខនៅចំកណ្តាល
ផ្តែរទ្វារប្រាសាទអាស្រមមហាឥសី ភ្នំដា
ផ្តែរទ្វារប្រាសាទភ្នំឈ្ងោក
ផ្តែរទ្វាររកឃើញនៅតំបន់ប្រាសាទវត្តភូ ប្រទេសឡាវសព្វថ្ងៃ

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!