ទំព័រដើមសិល្បៈព្រះវិហារ​វត្ត​ដារ សំណង់ទ្រុឌទ្រោម​រងគ្រោះដោយសង្រ្គាម​ច្រើន​ជំនាន់

ព្រះវិហារ​វត្ត​ដារ សំណង់ទ្រុឌទ្រោម​រងគ្រោះដោយសង្រ្គាម​ច្រើន​ជំនាន់

អ្នកស្រុក​បាន​ដំណាល​ថា ​ព្រះវិហារ​វត្ត​ដារ ឬវត្ត​ដារ​សិលារាម ​ ជា​សំណង់​សម័យ​សង្គមរាស្រ្តនិយម ដែលសេសសល់​ពីសង្រ្គាម​​ច្រើន​ជំនាន់​មក​ហើយ។ វត្តនេះ​ស្ថិត​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៧ (ក្រចេះ-ស្នួល) ​ក្នុង​ភូមិសាស្រ្តឃុំដារ ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ហើយ​ជា​វត្ត​ដែល​មាន​ព្រះវិហារ​ចាស់មួយ​សង់អំពីឈើ និងកំបោរបាយអ​។ ក្នុង​សម័យ​សាធារណរដ្ឋខ្មែរ ព្រះ​វិហារ​​វត្ត​ដារ​ធ្លាប់​រងគ្រោះពីគ្រាប់ផ្លោង ហើយនៅ​ក្នុងសម័យ​​​​កម្ពុជា​ប្រជា​ធិបតេយ្យ​​គេ​បាន​យក​ព្រះ​វិហារ​​​នេះ​​​ធ្វើ​រោង​កាត់ដេរ។ ប៉ុន្តែ​ក្រោយ​សង្រ្គាម​រលត់ទៅ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​រៀបចំជួស​ជុល ​សាង​ព្រះជីវ៍ថ្មី គូរគំនូរឡើងវិញ និង​កែ​លម្អ​​រចនា​សម្ព័ន្ធ​ព្រះវិហារ​​ជា​បន្ត​បន្ទាប់​។

ជាការពិត បើយោង​តាម​​សារបាន​វត្ត​ដែលចារ​រក្សា​ទុកនៅក្នុង​កុដិព្រះចៅ​អធិការ​ឱ្យ​​ដឹង​​ថា​ មុននឹង​មាន​វត្ត​ដារ នៅក្នុង​ភូមិស្រុកនេះ​មាន​វត្ត​មួយ​អ្នកស្រុក​ហៅ​ថា “វត្ត​ភូមិ​ពោធិ៍”​។ វត្ត​ភូមិ​ពោធិ៍​ កកើត​ឡើង​តាំង​ពី​រវាង​ឆ្នាំ​១៩៣២ មាន​ទីតាំង​ស្ថិត​នៅខាងត្បូង​ផ្លូវ​ជាតិ​​លេខ​៧​សព្វថ្ងៃនេះ ចម្ងាយ​ប្រហែល​​៧០០​ម៉ែត្រ ហើយ​​ដឹក​នាំ​ដោយ​ព្រះ​ចៅ​អធិការ​ដំបូង​​​ព្រះនាម​ “នៅ”។ ប៉ុន្តែចូល​មក​ដល់​រវាង​ឆ្នាំ​១៩៣៧ ​ដោយ​​ពុំដឹង​ហេតុអ្វីឱ្យ​ប្រាកដ​ អ្នក​ស្រុក​បាន​មូលមាត់គ្នា​​​រុះរើ​រំកិល​​វត្ត​ភូមិ​ពោធិ៍​ ​មក​កសាង​នៅលើ​កូន​​ទួល​មួយស្ថិត​​នៅ​​ប្រប​ខាង​ត្បូង​​ផ្លូវ​ជាតិ​លេខ​៧​វិញ ហើយ​ហៅថា “វត្ត​ដារ” ​រហូត​​មក។​ លុះ​ដល់​រវាង​​ដើម​សម័យ​​សង្គម​រាស្រ្ត​និយម ដឹក​នាំ​ដោយ​ព្រះ​ចៅអធិការ​ព្រះនាម​ ចាន់ យ៉ត បាន​ចាប់ផ្តើម​កសាង​ព្រះ​​​វិហារ​​មួយ​សម្រាប់​គោរពបូជា​តាម​ទំនៀម​ព្រះ​ពុទ្ធសាសនា​ ហើយ​ដែល​​ឃើញ​គង់​នៅមក​ដល់បច្ចុប្បន្ន។ បច្ចុប្បន្នគេមើល​ឃើញថា​ព្រះវិហារ​វត្ត​ដារ ​គឺជាព្រះវិហារ​ដ៏​ចំណាស់​មួយ​​នៅ​ក្នុង​តំបន់ដែល​មន្ទីរវប្បធម៌​និងចិត្រសិល្បៈ​ខេត្ត​ក្រចេះ បាន​ចុះក្នុង​បញ្ជី​សំណង់​បុរាណនៅ​ក្នុង​វត្ត​តាំងពីឆ្នាំ​២០១៩​។​ ព្រះវិហារ​នេះមាន​ទទឹង​​​​​១២ម៉ែត្រ និង​បណ្តោយ​ប្រវែង​២១​ម៉ែត្រ ហើយ​កសាង​នៅលើ​កូន​ទួល​មួយ មាន​​ខឿន​ពីរថ្នាក់ ​ព័ទ្ធជុំវិញ​ដោយ​បង្កាន់ដៃ​នាគ។ នៅ​ខឿន​ថ្នាក់​ទី១ មាន​ជណ្តើរ​នៅ​ផ្នែក​ខាងមុខ និង​​ខាងក្រោយ​​​។ រីឯ​ខឿន​ថ្នាក់​ទី​២ គឺមាន​ជណ្តើរ​​​នៅចំហៀង​សងខាង និងជណ្តើរ​ផ្នែក​​ខាងមុខ-ខាង​ក្រោយ​​ដែរ។ ប៉ុន្តែ​គេ​ដឹង​ថា​រចនា​សម្ព័ន្ធ​ខឿន​​​​ជុំវិញព្រះវិហារ​​នេះ​ទើប​តែ​ពង្រីក​បន្ថែ​ម​ក្នុង​រវាង​​​ឆ្នាំ​​២០១៥។

ព្រះវិហារ​វត្ត​ដារដែលកសាងតាំងពីសម័យ​សង្គមរាស្រ្ត​និយមគង់វង្សដល់សព្វថ្ងៃ

តាមរយៈ​រូប​ថតរវាង​ទសវត្សទី៩០ រចនាសម្ព័ន្ធដើម​នៃ​ព្រះវិហារ​វត្ត​ដារ គឺ​មាន​ជណ្តើរ​ខឿន​ពីរថ្នាក់​ព័ទ្ធជុំវិញ តែគ្មាន​បង្កាន់​ដៃនាគដូច​សព្វថ្ងៃឡើយ។ ខឿន​ខាង​ក្រោម​មាន​​ជណ្តើរ​៣កាំ ហើយ​ខឿន​ខាងលើ​​មាន​​ជណ្តើរ​៧កាំ។ មិន​តែប៉ុណ្ណោះ​​សសរ​បាំង​សាច​ជុំវិញ​ គឺជា​សសរ​ជ្រុង​ មាន​ចាប់ល្បាក់​តាម​គល់​សសរ​ និង​ក្បាល​សសរ​។ រីឯ​ដំបូល​ប្រក់​ក្បឿង​ស្រកាលេញ បំពាក់​លម្អ​ដោយ​នាគចែង​តាម​ចុង​ចែង​នីមួយៗ។ ទន្ទឹម​នឹង​នោះគេ​សង្កេត​ឃើញថា​នៅលើ​ហោ​ជាង​ព្រះវិហារ​ទៀត​សោត គ្មាន​ក្បាច់​លម្អ​អ្វី​ទាំង​អស់​​ ពោលគឺ​ជា​ផ្ទៃហោជាង​លាត។

សព្វថ្ងៃព្រះវិហារ​វត្ត​ដារ​ ហាក់​ដូចជានៅរក្សា​ទម្រង់​ស្ថាបត្យកម្មចាស់​បាន​មួយ​ភាគ​ធំ​​ ពោល​គឺនៅជា​ប្រភេទ​​ព្រះ​វិហារ​ជហ្វាបួន ប្រក់​ក្បឿង​ស្រកាលេញ និង​រក្សា​ទុក​គ្រឿង​គ្រោង​ដំបូល​ឈើ។ នៅ​តាម​ចុង​ព្រំ​ដំបូល​​ខាងមុខ​មាន​ជហ្វា​២ ខាង​ក្រោយ​​មាន​ជហ្វា​២ ចំណែក​ឯ​តាម​ចែង​ដំបូល​ គឺ​ជា​នាគ​ចែង​​ដដែល។ ដូចគ្នា​នោះដែរ​ក្បាច់​លម្អ​នៅ​លើ​ទ្វារ​នីមួយៗ​​ក៏​នៅតែ​ជា​ក្បាច់​ដើម​​ដដែល។​​ ប៉ុន្តែ​ចំពោះ​សសរបាំង​សាច​ជុំ​វិញ​​ព្រះវិហារ គេ​បាន​​ប្តូរ​ជា​សសរ​បេតុង​មូល ហើ​យ​នៅ​តាម​ក្បាល​សស​រ​នីមួយៗ​​លម្អ​ដោយ​រូប​កិន្នរ​ និង​គ្រុឌ​។

ចំណែក​ឯ​ហោជាង​​​ព្រះវិហារ​វត្ត​ដារ​នៅផ្នែកខាងមុខ​និង​ខាងក្រោយ បាន​ជួស​ជុល​និង​កែ​លម្អ​ថ្មី​ជា​ហោជា​ងឥដ្ឋបូកកំបោរបាយអ។ នៅលើ​ផ្ទៃហោជាង​ទាំងពីរ គេ​​រចនា​ក្បាច់​​ និង​រូប​លម្អ​​ដូច​គ្នា​ទាំងស្រុង ពោលគឺ​ជា​ក្បាច់​​ និង​រូប​យ៉ាង​សាមញ្ញ​ដែល​មាន​រូប​​ជើង​ពាន​​តម្កល់​គម្ពីរ​មួយ និង​បាំង​ក្លស់​មួយ​នៅខាងលើ។ ចំណែក​ផ្ទៃជុំវិញ បិទលម្អ​ដោយ​ក្បាច់​ផ្កា​ច័នតូចៗ​​​ជុំវិញ។ រីឯ​នៅត្រង់​ជាយ​គែម​ហោជាង​ទាំង​នោះ គេ​បិទក្បាច់​ចង្វាយ​ និង​ក្បាច់​ពង​ត្រី ដែល​ជា​ប្រភេទក្បាច់​ចាក់​ពុម្ពស៊ីម៉ងត៍។ សូម​បញ្ជាក់ដែរ​ថា នៅលើ​ផ្ទៃ​ហោជាង​ទាំងពីរនោះ ក្រៅពីក្បាច់​យ៉ាង​សាមញ្ញដូច​បរិយា​ខាងលើ គេពុំ​ឃើញ​មាន​ចំណារ​កាល​បរិច្ឆេទឬព័ត៌មាន​អ្វីពាក់​ព័ន្ធនឹង​ព្រះវិហារ​នេះឡើយ។

ដោយឡែក នៅផ្នែក​ខាងក្នុង​​ព្រះវិហារ​វត្ត​ដារ​គេ​សាងឡើង​ឱ្យ​មាន​បីល្វែង​។ អ្នក​ស្រុក​​ពន្យល់ថា ​មុន​ការ​ជួស​ជុល​នៅ​ផ្នែក​ខាងក្នុង​​នៃព្រះវិហារវត្ត​ដារ ​គឺមាន​សសរ​ឈើ​​ពីរ​ជួរ​​ខាង​មុខ​បល្ល័ង្ក​ព្រះជីវ៍។ នៅផ្នែក​ខាង​លើ ​ជា​ពិតាន​ឈើ ហើយ​ពុំមាន​គំនូរ​អ្វីពាក់​ព័ន្ធ​នឹង​រឿង​ពុទ្ធប្រវត្តិ តែមានគូររង្វង់​ធំៗ​បីដូច​ឆពណ្ណរង្សី។ មិន​តែប៉ុណ្ណោះ​ ព្រះជីវ៍​ក្នុង​ព្រះវិហារ គេតម្កល់​លើ​បល័ង្ក​ឈើ​។ ប៉ុន្តែ​ចាប់​ពីក្រោយឆ្នាំ​១៩៩៨ គេបាន​សាង​បាល្ល័ង្កថ្មថ្មី​ជំនួស​វិញ​ ហើយបន្ទាប់មក ​គេ​​រៀប​ឥដ្ឋ​ផ្អោម​សសរ​ទាំងពីរ​ជួរ​​នោះឱ្យធំ​ ដើម្បីពង្រឹង​ការ​ទល់​ទ្រ​​គ្រឿង​បង្គុំ​ផ្នែក​ខាងលើ​។ ចំណែក​ឯ​ពិតាន​ឈើ​ គេទើបនឹង​រុះរើចេញ​ប្រហែល​បី ឬបួន​ឆ្នាំ​មុន​ ដ្បិត​ដោយសារ​សភាពពិតាន​នោះពុកផុយ​ខ្លាំងពេក។

ចំពោះគំនូរ​លើ​ជញ្ជាំង​ខាងក្នុងនៃ​ព្រះវិហារ​វត្ត​ដារ គឺ​បាន​បំផ្លាញ​ខូច​ខាត​កាល​ពី​សម័យ​សង្រ្គាម ហើយ​នៅក្នុង​ឆ្នាំ​១៩៨៨ ទើប​គេ​គូរ​ឡើង​វិញដូចឃើញ​សព្វថ្ងៃ។ ប៉ុន្តែអ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺព្រះសង្ឃ និង​អា​ចារ្យ​ គណៈកម្មការ​វត្ត​បាន​មូលមាត់​គ្នា​រក្សា​ផ្ទាំង​គំនូរ​ដើម​មួយផ្ទាំង​ទុក​ជា​ភស្តុតាង។ ទន្ទឹមនឹង​នេះ ​ គេ​សង្កេត​ឃើញ​​របៀប​គូរ​​បង្ហាញ​​ប្រធានបទ​គំនូរ​ថ្មីទៀត​សោត ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្រែលែង ដ្បិត​​គេ​ដឹង​ថា​ជាង​គំនូរ​ខ្លះគឺ​ជា​​អ្នក​ស្រុក​ដូចជា​ឈ្មោះ “ញឹម សាម៉ុន, មាស​ វុទ្ធា, និងចង់​ ហេង(?)” ដែល​ទំនង​គូរ​បង្ហាញ​តាមចំណេះ និងការ​យល់ឃើញ​ផ្ទាល់ ហើយការបង្ហាញ​ប្រធាន​បទ​​​រឿង​នៅលើ​ជញ្ជាំង​ហាក់​ដូចជា​ចម្រុះ​គ្នារវាង​សាច់​រឿង​វេស្សន្តរ និងពុទ្ធប្រវត្តិផង​។ គំនូរ​ចាស់ដែលគេ​រក្សា​ទុក គឺស្ថិត​នៅ​លើ​ជញ្ជាំង​ខាងជើង​ចុង​ខាងកើត។ គំនូរ​​មួយ​ផ្ទាំង​នោះ​ ​បង្ហាញឱ្យ​ឃើញ​ពី​ទឹក​ដៃ​គូរ​យ៉ាង​ល្អវិចិត្រ នៅត្រង់​ឈុត​​ព្រះ​អង្គ​ប្រោស​ពុទ្ធ​មាតា​​នៅស្ថានត្រៃត្រិង្ស​ ឬ​ខ្លះហៅថា​ព្រះអង្គ​យាង​ចុះជណ្តើរ​កែវ។ ឈុត​ត្រង់នេះហាក់​ដូច​ជា​សំខាន់ក្រៃលែង​​នៅក្នុងគំនូរ​តាម​វត្ត​ ហើយ​តែង​សង្កេត​ឃើញ​និយម​គូរ​មិនដែល​ភ្លេច​ឡើយ។ គេដឹង​ថា​ក្រោយ​ពេលត្រាស់​ដឹង ព្រះពុទ្ធអង្គ​យាង​ទៅសម្តែង​ធម៌​ប្រោស​មាតា​​ដែល​លា​ចាក​លោក​ ហើយ​ទៅ​ចាប់​កំណើត​នៅ​ស្ថាន​ត្រៃត្រិង្ស។ ក្នុង​ពេលនោះ​មាន​ព្រះឥន្រ្ទ ទេវតា និង​ទេពធីតា​​យ៉ាង​ច្រើន​យាង​មក​ស្តាប់​ធម៌អស់​រយៈ​ពេល​៣ខែ។ លុះ​យាង​ត្រឡប់​មកវិញ ព្រះអង្ក​ចុះ​តាម​ជណ្តើរ​កែវ​ដ៏អស្ចារ្យ​ ដែលមាន​ព្រះឥន្រ្ទ និង​ពពួក​ទេពនិករ​ហែហម​យ៉ាង​គគ្រឹក​គគ្រេង។

ចំណែកឯគំនូរថ្មី ភាគច្រើន​គេគូរ​បង្ហាញ​សាច់រឿងជាតក​ផ្សេងៗ (រឿង​វេស្សន្តរ​គូរ​ច្រើន​​ផ្ទាំង) ​នៅលើ​ជញ្ជាំង​ចំហៀង​។ ចំណែក​នៅ​លើ​ជញ្ជាំង​ខាង​កើត​ ឈម​នឹង​ព្រះជីវ៍ ​ដែល​​​មានផ្ទៃ​ជញ្ជាំង​ធំ គេ​គូរ​កណ្ឌខ្លះ​នៃរឿង​វេស្សន្តរ​នៅជួរ​ខាងលើ។ រីឯជួរ​ខាងក្រោម​ គេ​គូរ​ពុទ្ធប្រវត្តិបួនផ្ទាំងគឺ ព្រះអង្គទ្រង់​ប្រសូត្រ នាង​សុជាតា​ថ្វាយ​ចង្ហាន់ សម្តែង​​បដិហារ្យ និង​ទ្រង់ចូលបរិនិព្វាន (សូម​មើលរូបលេខ​១៣ ម្តងទៀត)។ នៅលើ​ផ្ទៃជញ្ជាំង​ចំហៀង​ ត្រង់​កន្លែង​ទំនេរខ្លះ គេគូរឈុត​ផ្សេងៗក្នុង​ពុទ្ធប្រវត្តិនៅ​ក្រោម​រឿង​ជាតកដែរ។ ដូច្នេះជារួមមក គេមើលឃើញថា​ព្រះវិហារ​វត្ត​ដារ គឺជា​សំណង់​បុរាណ​ដែល​​បាន​ជួស​ជុល​ច្រើន​សារ​ ក្រោយ​ទទួល​រង​គ្រោះដោយសង្រ្គាម​ជា​ច្រើន​លើក។ រចនា​សម្ព័ន្ធ​សំខាន់​ខ្លះ​បាន​កែ​ប្រែថ្មី តែអ្វីគួរ​ឱ្យ​កត់​សម្គាល់​គឺស្លាក​ស្នាម​គំនូរចាស់​​លើ​ជញ្ជាំង​ព្រះវិហារ​​​​បង្ហាញ​ឱ្យ​ឃើញ​​ទឹក​ដៃ​យ៉ាង​វិចិត្រ។ ប៉ុន្តែយ៉ាង​ណាក្តី​ ចំពោះ​គំនូរ​ថ្មីគេសង្កេត​ឃើញ​មាន​លក្ខណៈ​ប្លែក ដ្បិត​​ហាក់​ដូច​ជា​ជាង​គំនូរ​ចង់​រំឭ​ក​អំពីអតីតជា​តិ​ (ជាតក) របស់​ព្រះ​សម្មា​សម្ពុទ្ធ​ច្រើន​ជា​ងក្នុង​ជាតិ​ជា​ព្រះពុទ្ធ (ពុទ្ធប្រវត្តិ)៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!