ទំព័រដើមនិទានកថារឿង មហាចោរនៅទល់ដែន

រឿង មហាចោរនៅទល់ដែន

ភាគទី៦១ (ក្បួនការពារឯករាជ្យ)    

ប៉ុន្តែរបបគ្រប់គ្រងនីមួយៗ ពុំអាចរលំប្ញសកែវដួលបានងាយៗឡើយពីព្រោះមនុស្សទាំងអស់ ដែលជាចន្ទល់នៃរបបនេះពុំអាចសុខចិត្តថយខ្លួនឡើយ ពោលគឺសុខចិត្តតែពីក្រាញននៀលត្រាតែ ស្លាប់សូន្យតែម្តង។ មានតែកម្លាំងអាវុធ និងកម្លាំងមហាជនរួមសាមគ្គីទេ ទើបអាចផ្តាច់ប្ញសជ្រឿៗនៃ របបចាស់នោះឲ្យដួលបាន។

យល់ហេតុការណ៍ និងអនាគតដូច្នោះ ព្រះនាងកែវមណីមានសេចក្តីវិតក្កាជាងគេបង្អស់។ ធីតាគេងពុំលក់ អង្គុយពុំសុខ បាយពុំបាន ដោយភ័យបារម្ភខ្លាចជានិច្ច។

មួយឆ្នាំមកហើយដែលនាងសម្លាប់នាយកត នាយឡំ និងនាយបម្រុង។ តែស្រមោលមានន្ទ ហាក់តាមនាងជាប់។ ស្រមោលនេះ ស្រី្តឃើញកាន់អាវុធខាំធ្មេញ សំឡក់នាងយ៉ាងអស្ចារ្យ គួរឲ្យ ស្ញើប។

ដូចនោះ តើដេកនាំស្លាប់​ឬត្រូវស្ទុះក្រោកទប់ទល់។ មែន! អំណាចក៏មានប្រាជ្ញាក៏មានឆោតអ្វី ដេកចាំស្លាប់។ គឺពីពេលនោះហើយ​ដែលព្រះនាងសម្រេចចិត្តថា ត្រូវតែបន្តការទប់ទល់ដល់ចប់ចុង ចប់ដើមកុំបណ្តោយឡើយ។ ធីតាក៏ចាប់គិតវិធានការដោយសំដៅចាប់យកមតិប្រជាជាតិឲ្យបាន។ នាងនឹងឃើញក្បួនការពារឯករាជ្យមួយយ៉ាងអឹកធឹក ដែលធ្វើទៅអាចទាញខួរក្បាលរាស្រ្តល្លង់ខ្លៅឲ្យ ជឿតាមនាងបាន។

ថ្ងៃប្រជុំមកដល់ ចារស្រ្តីក៏ចូលទៅក្នុងទីប្រជុំស្នើព្រះកម្ពុត និងកាមាឲ្យសម្រេចផែនការនាង។ ផែនការដ៏ចម្លែកនេះ ក៏បានត្រូវគេយកមកប្រើការភ្លាម។

បើយើងសង្កេតមើលមនុស្សដែលដើរនៅក្នុងក្បួននេះទៅ យើងអាចឃើញមានច្រើនពួក ណាស់ ដូចខាងក្រោមនេះ។

មានជនភាពច្រើនឥតដឹងថាគេហែរអ្វីទេ។ ជនទាំងនោះ មើលគេធ្វើឡើងឡង់ៗ ត្រូវសើចៗ ត្រូវនៅស្ងៀមៗទៅ។ ជនមួយទៀត ជជែកនិយាយកោតសរសើរដល់ក្បួននេះថា ពិតជាក្បួនមួយដែលថ្មី ហើយដែលប្រាកដជាធ្វើអោយរំភើបញាប់ញ័រទាំងខ្មែរទាំងជាតិនានា។ ពួកនេះជាច្រើនតែ ពោលពាក្យថា”ប្រវត្តិសាស្រ្តខ្មែរបើកទំព័រថ្មី! ឯករាជ្យខ្មែរ បានរឹងប៉ឹង! ស្រុកមុខជាបានសុខ! ខ្មាំងមុខជារលាយ! អ្នកស្រុកខ្មែរតែស្រលាញ់ប្រទេសជាតិ!” ។ល។ ជនមួយពួកទៀតនោះជាជនសប្បាយ គិតតែឡូឡា កាន់ដបស្រាច្រងេងច្រងាង ក្អេងក្អាង បែកញើស រហាមមុខឡើងខ្លាញ់រងើម។

ប្លែកទៅទៀត គឺជនមួយពួកខាងក្រោមនេះ។ ជនទាំងនេះមានទឹកមុខស្មើ និយាយខ្សឹបៗប្រាប់គ្នាថា “ខ្មាសខ្មោចណាស់! ខូចពេលឥតប្រយោជន៍ ធ្វើបាបរាស្រ្តគ្នាក្រផង កេណ្ឌគ្នាមកឲ្យ ចោលប្រពន្ធកូន ចោលការងារ ចោលរបរចិញ្ចឹមជីវិត អ្នកធ្វើក្បួននេះបង្ខូចប្រាក់កាសឥតប្រយោជន៍ត្បិតគ្មានអ្នកណាជឿតាមទេ ត្បិតស្រុកយើងជាស្រុកខ្មែរទៅនាំគ្នាស្រែកជយោស្រុកសៀមទៅវិញ!”។ ម្យ៉ាងទៀត បើបានហែរទៅហើយ ពុំគប្បីយកអង្គការដបស្រា និងស្គរអារក្ខមកលាយឲ្យក្លាយទៅជា លាមកនាំឲ្យរឹតតែខ្មាសគេទៅទៀងអ្វីម្លេះទេ។

ប៉ុន្តែទោះមនុស្សមានយោបល់ខ្វែងគ្នាយ៉ាងណាក៏ដោយ ក្បួនការពារឯករាជ្យក៏នៅតែដឹកនាំ មនុស្សទៅមុខដូចហ្វូងពពែ។

ពីបាត់ដំបងមកសិរីសោភ័ណ គេត្រូវដើរប្រាំពីរថ្ងៃ។ មួយថ្ងៃគេឈប់សំណាក់ពីរដង។ ដល់ពេលល្ងាច គេឈប់កន្លែងណា គេលេងល្ខោនអាយ៉ង ណាំងត្រលង់ច្រៀងប្របកៃ អាយ៉ៃ យីកេ បាញ់អាប៉ោង លេងខ្លាឃ្លោក លេងបៀកន្លែងនោះ។ល។ រួចទៅកន្លែងសំណាក់នីមួយៗអស់លោកចៅនាទី ទាំងឡាយរត់ខ្វែងដៃខ្វែងជើង កាប់គោ ក្របី ជ្រុក មាន់ ទា ជូនអស់លោកចៅហ្វាយជីវិតខ្លួន។ បើទទួលមានម្ហូបអាហារបរិបូរណ៍ ភ្នាក់ងារកំសត់អស់នោះ ក៏បានរួចខ្លួនទៅ។ បើបែរជាទទួលមិនសូវអឹក​ធឹកទេ មុខជាត្រូវហូតងារធ្វើទោស តិះដៀលឬពុំនោះសោតត្រូវកំផ្លៀងមិនខាន ចំណែកខាងប្រជា ជនភាគច្រើនវិញ ខ្វះអត់បាយក្រហាយទឹកតាមយថាកម្មទៅចុះ ឥតមានអ្នកណាគិតគូរដល់ឡើយ។ ឳ! អនុស្សាវរីយ៍សម័យស្រុកខ្ញុំគេអើយ នឹកឡើងសែនខ្លោចផ្សាណាស់។ រីឯអ្នកដែលត្រូវគេកេណ្ឌមក នឹងរត់ទៅផ្ទះវិញខ្លាចគេ នឹងទៅជាមួយវេទនា។

ក្បួនហែរធ្វើដំណើរចេញពីបាត់ដំបងបានបីថ្ងៃមកហើយៗ ដើរជាជួរវែងរាប់គីឡូម៉ែត្រ។ ថ្ងៃដំបូងគេឃើញមានមនុស្សច្រើនក្រៃពេក។ តែថ្ងៃបន្ទាប់ៗមក មនុស្សកាន់តែថយទៅៗ ព្រោះមានជនខ្លះទោះមានកងទាហានជិះសេះក្បួនវាយបង្ខំឲ្យមកចូលក្នុងយ៉ាងណាក៏ដោយ ក៏មានជនខ្លះទ្រាំពុំបាន គេចវេសរត់ទៅផ្ទះវិញដែរ។

ខាងមុខក្បួន គឺកងអ្នកវាយស្គរធំ ស្គរតូច រនាត ទ្រ លាន់ឮរំពង។ គ្រឿងភ្លេងទាំងនេះគេសែង រហូតទៅ។

បន្ទាប់ពីវង់ភ្លេងបុរាណនេះមក មានកងពលទាហានដើរកាន់ខែលលំពែងយ៉ាងអង់អាច ស្លៀកពាក់ជាឯកសណ្ឋានដ៏រុងរឿង។

រួចគឺកងពលខាងជើងសេះដាវកាន់នៅដៃ មុខមាំមួនដើរជួរបញ្ចេញឥទ្ធិពលនៃទ័ពសម័យ ព្រេងនាយ។

ព្រះកម្ពុតគង់នៅលើដំរីទ្រង់គ្រឿងសម្លៀកបំពាក់ដ៏ល្អវិចិត្រដែលគ្រាប់ពេជ្រ និងមាសចែងចាំងផ្លេកៗនឹងរស្មីព្រះអាទិត្យ។ ក្លស់ស្តេចត្រាញ់ពណ៌ក្រហមឆ្អិនឆ្អៅចាប់ភ្នែកផង ហើយខ្ពស់ត្រដែត ជាដំបូលកំពូលនៃក្បួនយើង។ នៅឆ្វេងស្តាំ គឺដំរី ស្រីស្នំ ក្រមការដែលមានប្ញកពារទន់ភ្លន់រញ៉ិករញ៉កត្រៀមចាំបម្រើចៅហ្វាយជាម្ចាស់ “ព្រះកម្ពុត”។

ទាំងសេះទាំងដំរី សុទ្ធសឹងមានគ្រឿងតុបតែងល្អលើសសម្លៀកបំពាក់ប្រជារាស្រ្តទាំងពួងទៅ ទៀត។ ខាងក្រោយអធិរាជនេះ គឺពលទាហានទៀត។ រួចគឺវង់ល្ខោនដែលរាំលើឆាកមួយ។ ឆាកនេះ មនុស្សសែងយ៉ាងតឹងស្មា។ គេលេងរឿងមួយដ៏ប្លែករហូតតាមផ្លូវ។ រឿងនេះព្រះសង្ឃបីអង្គត្រូវពួក ឧទ្ទាមចាប់ចងស្លាបសេកវាយដំនឹងរំពាត់ផ្តៅ ព្រះសង្ឃធ្វើជាស្រែកជាយំអំពាវនាវដល់ព្រះកម្ពុត និងព្រះនាងមណីឲ្យជួយផង។

                         (សូមរងចាំតាមដានភាគទី៦២ នៅសប្តាហ៍ក្រោយ)

        

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!