ពុទ្ធសាសនិកខ្មែរពន្យល់ថា “មាឃបូជា” គឺជាបុណ្យប្រារព្ធដើម្បីរំឭកដល់ចតុរង្គសន្និបាតរបស់ភិក្ខុ១២៥០អង្គ និងរំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធកំណត់ព្រះជន្មាយុសង្ខារ។ ព្រឹត្តិការណ៍ទាំងពីរ គេតែងសង្កេតឃើញគូរបង្ហាញនៅតាមវត្ត។ តាមឯកសារព្រះរាជពិធីទ្វាទសមាសសន្និដ្ឋានថា មាឃបូជាប្រហែលចាប់ផ្តើមប្រារព្ធក្នុងពុទ្ធសករាជជាមួយគ្នានៃពិសាខបូជា ពោលគឺក្នុងរាជ្យព្រះបាទហរិរក្សរាមា (ព្រះអង្គដួង) កាលទ្រង់គង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករា២៣៩៧ គ្រិស្តសករាជ១៨៥៤។ តាំងពីដើមរៀងមក ពិធីនេះក៏ចាត់ជាព្រះរាជពិធីបុណ្យ ដែលព្រះមហាក្សត្រតែងយាងបំពេញព្រះរាជកុសល តាមព្រះរាជប្រវេណីក្នុងថ្ងៃ១៥កើត ខែមាឃ (រូបលេខ១)។ រីឯប្រជារាស្រ្តទូទៅក៏ប្រារព្ធនៅតាមវត្តអារាមនានាក្នុងថ្ងៃពេញបូណ៌មីខែមាឃនេះដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%8F%E1%9F%92%E1%9E%9A%E2%80%8B%E1%9E%99%E1%9E%B6%E1%9E%84%E2%80%8B%E1%9E%94%E1%9F%86%E1%9E%96%E1%9F%81%E1%9E%89%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%80%E1%9E%BB%E1%9E%9F%E1%9E%9B%E2%80%8B%E1%9E%98%E1%9E%B6%E1%9E%83%E1%9E%94%E1%9E%BC%E1%9E%87%E1%9E%B6-1024x572.png)
ជាការពិតកាលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅជាធរមាន មានហេតុពីរប្រការគឺការប្រជុំចតុរង្គសន្និបាតនៃភិក្ខុ១២៥០អង្គ និងការកំណត់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គនៅក្នុងថ្ងៃ១៥ កើត ខែមាឃ។ ពុទ្ធសាសនិកចាត់ទុកថា ចតុរង្គសន្និបាតនោះគឺជាសន្និបាតដ៏អស្ចារ្យប្រកបដោយអង្គបួន ហើយកើតឡើងតែម្តងគង់ក្នុងសម័យពុទ្ធកាល ពោលគឺទី១ កើតឡើងចំថ្ងៃ១៥កើត ពេញបូណ៌មីខែមាឃ។ ទី២ភិក្ខុទាំង១២៥០អង្គ និមន្តចូលរួមសុទ្ធតែជាព្រះអរហន្តជាន់ខ្ពស់។ ទី៣ភិក្ខុទាំង១២៥០អង្គ បាននិមន្តមកដោយចិត្តឯងគ្មានការគ្រោងទុកមុន និងទី៤គឺភិក្ខុទាំង១២៥០អង្គ សុទ្ធតែជាឯហិភិក្ខុដែលបួសភ្លាមៗក្រោយព្រះពុទ្ធទ្រង់អនុញ្ញាត។ តាមរយៈសិល្បៈគំនូរតាមវត្ត គេឃើញត្រង់ឈុតចតុរង្គសន្និបាតនេះតែងគូរបង្ហាញព្រះសម្មាសម្ពុទ្ធគង់កណ្តោលចំណោមភិក្ខុរាប់ពាន់អង្គនៅក្នុងព្រៃឫស្សី ដូចសេចក្តីចែងក្នុងពុទ្ធប្រវត្តិ (រូបលេខ២-៣)។
ដោយឡែក ចំពោះការណ៍ដែលព្រះពុទ្ធអង្គទ្រង់បានកំណត់ព្រះជន្មាយុសង្ខារ គឺចំពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ៨០ព្រះវស្សា នាថ្ងៃ១៥កើត ពេញបូណ៌មីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ប្រកាសដាក់អាយុសង្ខារដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយៈពេលបីខែទៀត។ សេចក្តីត្រង់នេះបើពិនិត្យមើលលើសិល្បៈគំនូរគេតែងសង្កេតឃើញគូរបង្ហាញព្រះពុទ្ធអង្គគង់លើបល្ល័ង្កក្រោមដើមឈើ ហើយមានមារម្នាក់មកថ្វាយបង្គំអារាធនាព្រះអង្គឱ្យចូលនិព្វាន។ ព្រះអង្គរឭកនឹកឡើងថា នេះដល់វេលាដែលព្រះតថាគតត្រូវរៀបចំព្រះដំណើរយាងចូលនិព្វានស្ថានបរមសុខ នឹងមិនត្រឡប់កើតមកក្នុងលោកឯណាមួយវិញឡើយ (រូបលេខ៤-៥)។
ព្រឹត្តិការណ៍យ៉ាងសំខាន់ទាំងពីរ ដែលកើតឡើងក្នុងសម័យពុទ្ធកាលនេះ បានដក់ក្នុងចិត្តពុទ្ធសាសនិកខ្មែរតាមរយៈសិល្បៈគំនូរបង្ហាញនៅតាមវត្ត និងជាពិសេសបំផុតគឺការរៀបចំប្រារព្ធមាឃបូជា ដើម្បីរំឭកជារៀងរាល់ឆ្នាំ(រូបលេខ៦-៧)។ ពាក់ព័ន្ធនឹងរបៀប ឬដំណើរនៃការរៀបចំពិធីបុណ្យមាឃបូជាក្នុងសង្គមខ្មែរក្រៅពីព្រះរាជពិធីក្នុងព្រះបរមរាជវាំង គេសង្កេតឃើញមានទិដ្ឋភាពពីសំខាន់គឺ នៅព្រឹកនិងពេលយប់ នៃថ្ងៃ១៥កើតពេញបូណ៌មី។ ជាធម្មតានៅពេលព្រឹក នៅតាមវត្តមួយចំនួនព្រះសង្ឃតែងដឹកនាំពុទ្ធបរិស័ទដង្ហែព្រះពុទ្ធបដិមា ឬព្រះបរមសារីរឹកធាតុនិងគ្រឿងសក្ការៈផ្សេងៗតាមផ្លូវនានាក្នុងភូមិស្រុក ឬឆ្ពោះទៅបូជនីយដ្ឋានគោរពបូជាក៏មាន (រូបលេខ៨-៩)។ ប៉ុន្តែនៅតាមវត្តខ្លះ គេពូនភ្នំខ្សាច់ ឬរៀបចំស្អិតស្អាងព្រះពុទ្ធបដិមាគោរពបូជា ឬនិមន្តព្រះសង្ឃរាប់បាត្រ (រូបលេខ១០-១១)។
នៅវេលារាត្រីក្នុងថ្ងៃដដែល ពុទ្ធបរិស័ទជិតឆ្ងាយតែងរៀបចំគ្រឿងសក្ការៈផ្សេងៗសម្រាប់បូជាព្រះរតនត្រ័យដូចជា ទៀន ធូប ប្រទីប និងផ្កាភ្ញីដែលភាគច្រើនរៀបចំថ្វាយចំពោះព្រះភក្រ្តព្រះពុទ្ធបដិមាក្នុងព្រះវិហារ។ បន្ទាប់មកគេក៏រៀបចំនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្តទៅតាមលំអានព្រះពុទ្ធសាសនា។ រួចពីនោះមកទើបលោកអាចារ្យ ឬព្រះថេរអង្គណាមួយដែលមានភាពឈ្លាសជាងគេ ក៏ក្រោកឡើង ហើយសូត្រប្រកាសមាឃបូជា។ សេចក្តីប្រារព្ធមាឃបូជានោះ គឺផ្តើមដោយកិច្ចវេរគ្រឿងសក្ការៈ និងបទនមសក្ការ រួចទើបសូត្របទគាថាប្រារព្ធមាឃបូជា ដែលបុរាណលោកបានប្រែសេចក្តី និងចងក្រងជាពាក្យកាព្យយ៉ាងពីរោះ។ ទន្ទឹមនឹងនេះ នៅតាមវត្តភាគច្រើនតែងរៀបចំអុជប្រទីបជ្វាលា ឬបង្ហោះគោមក្នុងរាត្រី១៥ កើតខែមាឃ។
សរុបសេចក្តីមកមាឃបូជា ជាថ្ងៃប្រារព្ធរំឭកដល់ហេតុអស្ចារ្យពីរគឺការប្រជុំចតុរង្គ សសន្និបាត និងការកំណត់ព្រះជន្មាយុសង្ខាររបស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងថ្ងៃ១៥ កើតខែមាឃ។ ក្នុងថ្ងៃនេះ ទាំងព្រះមហាក្សត្រនិងប្រជារាស្រ្តទូទៅ បានទុកជាថ្ងៃបំពេញព្រះរាជកុសលនិងសាងកុសលដ៏ធំធេងតាមលំអានព្រះពុទ្ធសាសនា៕
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A2%E2%80%8B-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%BB%E1%9F%86%E1%9E%85%E1%9E%8F%E1%9E%BB%E1%9E%9A%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%94%E1%9E%B6%E1%9E%8F-%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%96%E1%9E%B6%E1%9E%98%E1%9E%98%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9B-%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%80%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B-1024x771.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A3-%E1%9E%85%E1%9E%8F%E1%9E%BB%E1%9E%9A%E1%9E%BB%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9F%E2%80%8B%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%94%E1%9E%B6%E1%9E%8F-1024x694.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A4-%E1%9E%98%E1%9E%B6%E1%9E%9A%E1%9E%A2%E1%9E%B6%E1%9E%9A%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%93%E1%9E%B7%E1%9E%96%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%93-785x1024.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A5-%E1%9E%80%E1%9E%B6%E1%9E%9B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%8A%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%87%E1%9E%93%E1%9F%92%E1%9E%98%E1%9E%B6%E1%9E%99%E1%9E%BB%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%81%E1%9E%B6%E1%9E%9A-831x1024.png)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A6.-%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9A%E1%9F%80%E1%9E%94%E1%9E%85%E1%9F%86%E1%9E%93%E1%9F%85%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%9B%E1%9E%9B%E1%9F%83JPG-1024x683.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A7-%E1%9E%80%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%99%E2%80%8B%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A8%E2%80%8B%E2%80%8B-%E1%9E%80%E1%9F%92%E1%9E%94%E1%9E%BD%E1%9E%93%E1%9E%8A%E1%9E%84%E1%9F%92%E1%9E%A0%E1%9F%82%E1%9E%98%E1%9E%B6%E1%9E%83%E1%9E%94%E1%9E%BC%E1%9E%87%E1%9E%B6%E1%9E%93%E1%9F%85%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A9-%E1%9E%80%E1%9F%92%E1%9E%94%E1%9E%BD%E1%9E%93%E1%9E%8A%E1%9E%84%E1%9F%92%E1%9E%A0%E1%9F%82%E2%80%8B%E1%9E%98%E1%9E%B6%E1%9E%83%E1%9E%94%E1%9E%BC%E1%9E%87%E1%9E%B6-1024x682.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A0-%E2%80%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9B%E1%9F%82%E1%9E%84%E2%80%8B%E1%9E%9F%E1%9E%80%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%9A%E1%9F%88%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83%E1%9E%98%E1%9E%B6%E1%9E%83%E1%9E%94%E1%9E%BC%E1%9E%87%E1%9E%B6-768x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A1-%E1%9E%96%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%94%E1%9E%B6%E1%9E%8F%E1%9F%92%E1%9E%9A-1024x768.jpg)
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត