ទំព័រដើមប្រវត្តិសាស្ត្របដិមាស្វាប្រយុទ្ធគ្នាមកពីប្រាសាទចិន​ (កោះកេរ)

បដិមាស្វាប្រយុទ្ធគ្នាមកពីប្រាសាទចិន​ (កោះកេរ)

បដិមាស្វាមាឌធំចំនួនពីរឈរប្រយុទ្ធគ្នាដែលឆ្លាក់លើជើងទម្រតែមួយ បច្ចុប្បន្នកំពុងតាំងបង្ហា​ញនៅសារមន្ទីរជាតិភ្នំពេញ។ បដិមានេះឆ្លាក់ពីថ្មភក់ដែលមានកម្ពស់ ២,៧៨ម៉ែត្រ និងចុះបញ្ជីលេខ ក.១៦៦៤ ដោយសារមន្ទីរជាតិភ្នំពេញ។ បដិមានេះរកឃើញនៅប្រាសាទចិន នៃតំបន់ប្រាសាទកោះកេរ ក្នុងរវាងទសវត្សរ៍១៩៦០ ដោយក្រុមអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេស។ រូបភាពស្វាប្រយុទ្ធគ្នាឆ្លាក់ចេញជាបដិមាធ្វើអំពីថ្មបែបនេះ មានលក្ខណៈកម្របំផុតនៅក្នុងសិល្បៈខ្មែរ ដ្បិតកន្លងមកយើងធ្លាប់តែឃើញជាចម្លាក់នៅលើថ្មតាមជញ្ជាំងប្រាសាទតែប៉ុណ្ណោះ។ តើបដិមាស្វាប្រយុទ្ធគ្នាមកពីប្រាសាទចិន (កោះកេរ) មានលក្ខណៈបែបណាខ្លះ?

កន្លងមក អ្នកស្រាវជ្រាវជាច្រើនបានឯកភាពគ្នាកំណត់អត្តសញ្ញាណរូបបដិមាស្វាប្រយុទ្ធគ្នានេះថា ជាតួអង្គស្វាត្រូវជាបងប្អូនបង្កើតនឹងគ្នានៅក្នុងទេវកថាហិណ្ឌូរបស់ឥណ្ឌាដ៏ល្បីល្បាញ គឺរឿងរាមាយណ ឬខ្មែរហៅថា «រាមកេរ្តិ៍»។ តួអង្គទាំងពីរនេះ គឺជា ពាលី (Valin) និងសុគ្រីព (Sugriva)។ ត្រង់ឈុតនេះ សាច់រឿងដំណាលតាមគម្ពីរ កិស្កិន្ធកន្ទ (Kishkindhakanda) ក្បាលទី៤ ជំពូកទី៥ ថា៖ «ពាលី និងសុគ្រីពដែលជាបងប្អូននឹងគ្នា មានជម្លោះដណ្តើមរាជ្យបល្ល័ង្កពីគ្នាទៅវិញទៅមក។ ពាលីដែលជាបង គេចាត់ទុកជាតួអង្គមានភាពមិនស្មោះត្រង់ដែលតែងប៉ងប្រាថ្នាដណ្តើមរាជ្យបល្ល័ង្កស្របច្បាប់ពីសុគ្រីបដែលជាប្អូនរបស់ខ្លួន។ សុគ្រីព ដឹងខ្លួនថា ខ្លួនមិនមានសមត្ថភាពប្រយុទ្ធឈ្នះពាលីដែលជាបង ក៏ទៅពឹងពាក់ព្រះរាមដែលជាអវតាររបស់ព្រះនារាយណ៍។ ព្រះរាមបានសន្យាជាមួយសុគ្រីពថានឹងជួយសម្លាប់ពាលី ជាថ្នូរជាមួយសុគ្រីពជួយតាមស្វែងរកមហេសីរបស់ទ្រង់គឺព្រះនាងសីតាដែលត្រូវក្រុងរាពណ៍ចាប់យកទៅ។ ការប្រយុទ្ធគ្នាលើកដំបូង សុគ្រីពមានរបួសធ្ងន់ធ្ងរណាស់ ដោយប្រយុទ្ធមិនឈ្នះពាលីឡើយ ដោយហេតុថាព្រះរាមមិនបានទៅជួយតាមការសន្យា។ ដោយក្តីខឹងសម្បារនឹងព្រះរាមក្បត់សន្យា សុគ្រីពបានរត់ទៅជួបព្រះរាមនៅលើកំពូលភ្នំ ហើយព្រះរាមក៏បកស្រាយថា ទ្រង់ពុំអាចសម្គាល់បានរវាងតួអង្គស្វាទាំងពីរនាក់បងប្អូនណាស់ ដោយសារតែរូបរាងដូចគ្នា។ ក្រោយមក ទើបព្រះរាមបង្គាប់ឱ្យសុគ្រីពទៅប្រយុទ្ធ​ជាមួយពាលីម្តងទៀតដោយពាក់កម្រងផ្កា ដើម្បីងាយស្រួលទ្រង់ចំណាំបាន។ នៅពេលប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងបងប្អូនទាំងពីរ ព្រះរាមបានពួននៅក្រោយដើមឈើមួយ ហើយនៅពេលដែលទ្រង់ឃើញសុគ្រីពចុះខ្សោយកម្លាំងខ្លាំង ទ្រង់ក៏ផ្លែងសទៅលើពាលីត្រូវចំពីក្រោយស្លាប់។»

ជាទូទៅនៅក្នុងសិល្បៈខ្មែរ គេចាប់ផ្តើមឃើញមានចម្លាក់ពាលីនិងសុគ្រីពប្រយុទ្ធគ្នាចាប់ពីស.វ.ទី១០មក ហើយភាគច្រើនគេឆ្លាក់នៅលើផ្តែរ ហោជាង ជញ្ជាំង ។ល។ ជាក់ស្តែង ដូចជានៅប្រាសាទបន្ទាយស្រី និងប្រាសាទអង្គរវត្តជាដើម។ ដោយឡែក ប្រសិនជាបដិមាវិញ គឺមានតែនៅប្រាសាទចិន (តំបន់កោះកេរ) ដែលយើងកំពុងលើកមកសិក្សាតែមួយនេះប៉ុណ្ណោះ។ តួអង្គទាំងពីរនេះ សិល្បករខ្មែរបុរាណឆ្លាក់ចេញមកមានរូបរាងដូចគ្នាបេះបិទតែម្តង ហើយការស្លៀកពាក់ និងគ្រឿងតុបតែងលម្អទៀតសោតក៏មានលក្ខណៈដូចគ្នាដែរ។ បដិមាទាំងពីរពាក់ម្កុដរាងដូចផ្នួងសក់ (ជដាម្កុដ) ពាក់គ្រឿងអល្លង្ការជាច្រើននៅលើរាងកាយ និងស្លៀកសំពត់ចងក្បិនដែលមានធ្លាក់ជាយធំសំយ៉ាកលើភ្លៅទាំងពីរខាងមុខដូចបដិមាដទៃទៀតនៅក្នុងរចនាបថកោះកេរ នាស.វ.ទី១០ ដែរ។ អ្វីដែលយើងគួរកត់សម្គាល់នោះគឺ ថ្មដែលគេយកមកឆ្លាក់មានតែមួយដុំប៉ុណ្ណោះ ដោយភ្ជាប់គ្នាតាំងពីជើងទម្ររហូតដល់រូបជំហរបដិមាតែម្តង។ ជំហររបស់បដិមា គឺដាក់ជើងញែកចេញពីគ្នា ដោយជុចជង្គង់ ពើងទ្រូងដាក់គ្នា ក្នុងកាយវិការប្រយុទ្ធដ៏ម៉ឺងម៉ាត់។ រីឯដៃបដិមាទាំងពីរដាក់ដូចគ្នា គឺម្ខាងដាក់នៅលើស្វាដៃគូប្រយុទ្ធ និងម្ខាងទៀតក្តាប់នៅខាងក្រោយភ្លៅ។

អ្វីដែលគួរលើកយកមកពិចារណានោះគឺ តើហេតុអ្វីបានជាសិល្បករឆ្លាក់បដិមានេះតម្កល់នៅប្រាសាទចិន?

គេពុំដឹងច្បាស់អំពីទីតាំងតម្កល់បដិមានេះទេ បើទោះបីបដិមាផ្សេងទៀតគេដឹងអំពីទីតាំងតម្កល់ជាក់លាក់ក៏ដោយ ឧទាហរណ៍ បដិមាបង្ហាញអំពីសង្រ្គាមគុរុក្សេត្រនៃរឿងមហាភារតតម្ក​ល់នៅប្រាង្គគោបុរខាងលិច និងបដិមាហនុមាននៃរឿងរាមាយណតម្កល់នៅប្រាង្គគោបុរខាងកើត។ ប៉ុន្តែ យើងអាចសាកល្បងគិតថា សិល្បករនៅក្នុងតំបន់កោះកេរ នាស.វ.ទី១០ និយមឆ្លាក់រូបបដិមាធំៗខ្លាំងណាស់ ដូច្នេះហើយ បើសិនជាតួអង្គហនុមាននៃរឿងរាមាយណ និងតួអង្គផ្សេងៗនៅក្នុងរឿងមហាភារត បានឆ្លាក់ជាបដិមាតម្កល់នៅប្រាសាទចិនដែរ វាហាក់ដូចពុំមានអ្វីប្លែកចំពោះបដិមាពាលីនិងសុគ្រីពប្រយុទ្ធគ្នាទេ ពោល គឺទំនងជាការវិវត្តថ្មីមួយនៃសិល្បៈក្នុងតំបន់ ដោយការច្នៃប្រឌិតឆ្លាក់តួអង្គ នៃរឿងទេវកថាឱ្យចេញជាបដិមាយកទៅតម្កល់ក្នុងប្រាសាទតែម្តង។ ដូច្នេះ បើគិតទៅមិនសូវខុសគ្នាប៉ុន្មានអំពីការឆ្លាក់សាច់រឿងទេវកថាជាចម្លាក់នៅតាមផ្តែរ ហោជា​ង ឬជញ្ជាំងប្រាសាទនោះទេ។

ជារួមមក បដិមាស្វាប្រយុទ្ធគ្នាមកពីប្រាសាទចិន គឺជាស្នាដៃច្នៃប្រឌិតថ្មីមួយបែបរបស់សិល្បករបុរាណខ្មែរ ដែលបានយកសាច់រឿងទេវកថារាមយណ ត្រង់ឈុតពាលី និងសុគ្រីពប្រយុទ្ធគ្នាឆ្លាក់ឱ្យចេញជាបដិមា។ ចម្លាក់បដិមានេះ មើលទៅមានលក្ខណៈរាងកាយមាំមួន និងមានភាពរស់រវើកយ៉ាងខ្លាំងដូចទៅនឹងធម្មជាតិពិតៗ។ ទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរទៅលើការងារសិល្បៈផ្នែកសាសនា៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!