ក្រៅពីសាឡុំ ឧបោសថាគារ ព្រះវិហារ សាលាឆាន់ និងកុដិតូចធំដូចខ្ញុំបានរៀបរាប់ត្រួសៗក្នុងអត្ថបទភាគ១ នៅក្នុងវត្តអារាម គេឃើញមានអគារផ្សេងៗទៀតកសាងឡើងប្រកបដោយលក្ខណៈស្ថាបត្យកម្ម និងគំនិតសិល្បៈទាំងបុរាណ និងទំនើប។ សំណង់ខ្លះ គឺជាតម្រូវការចាំបាច់សម្រាប់បម្រើដល់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃដូចជា សាលាបាលី និងហោត្រ័យ។ សំណង់ខ្លះ ជានិមត្តរូបនៃព្រះពុទ្ធសាសនា ឬជំនឿរបស់អ្នកស្រុកដូចជា ចេតិយ ប្រាង្គ ឬស្តូប ហើយសំណង់ខ្លះកសាងឡើងសម្រាប់រៀបចំកិច្ចពិធីតាមទំនៀម និងជំនឿអ្នកស្រុកដូចជា ឈាបនដ្ឋាន ឬមេរុ ព្រមទាំងសំណង់ខ្លះទៀតកសាងឡើងតម្រូវតាមការចាំបាច់របស់វត្តដូចជា រោងទូក រោងបាយ តូបដូនជី-តាជី។ល។
ក.សាលាបាលី៖ គឺជាអគារសិក្សាចាំបាច់បំផុតនៅតាមវត្តរាម ដែលគេតែងហៅថា “ពុទ្ធិកសិក្សា”។ ជាទូទៅនៅក្នុងវត្តនីមួយៗ គេឃើញយ៉ាងហោចណាស់មានសាលាពុទ្ធិកបឋមសិក្សា សម្រាប់បើកបង្រៀនដល់ព្រះសង្ឃដែលបួសគង់នៅក្នុងវត្តនោះ។ នៅតាមតំបន់ខ្លះគេហៅសាលានេះថា “សាលាធម្មវិន័យ” ឬខ្លះហៅថា “សាលាធម្មត្រៃ”។ សំណង់ទាំងនេះអាចសង់ពីឈើ ឬថ្ម អាស្រ័យតាមការនិយម និងធនធាន ហើយនៅតាមវត្តទូទៅអាចមានពុទ្ធិកបឋមសិក្សា ពុទ្ធិកអនុវិទ្យាល័យ ឬពុទ្ធិកវិទ្យាល័យ អាស្រ័យតាមតម្រូវការរបស់ព្រះសង្ឃក្នុងវត្តសាម៉ី និងវត្តជុំវិញ។ ផុតពីកម្រិតនោះ ព្រះសង្ឃអាចនិមន្តសិក្សាបន្តនៅពុទ្ធិកសាកលវិទ្យាល័យស្ថិតនៅតាមទីរួមខេត្ត ឬនៅរាជធានីភ្នំពេញ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2-%E1%9E%A2%E1%9E%8F%E1%9E%B8%E1%9E%8F%E1%9E%9F%E1%9E%B6%E1%9E%9B%E1%9E%B6%E1%9E%94%E1%9E%B6%E1%9E%9B%E1%9E%B8%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%96%E1%9E%93%E1%9F%92%E1%9E%9B%E1%9F%83-%E1%9E%8F%E1%9F%92%E1%9E%94%E1%9E%BC%E1%9E%84%E1%9E%83%E1%9F%92%E1%9E%98%E1%9E%BB%E1%9F%86.png)
ខ.ហោត្រ័យ៖ គឺជាអគារដ៏មានសារៈសំខាន់បំផុត សម្រាប់បម្រើឱ្យវិស័យសិក្សានៅតាមវត្តអារាម ទន្ទឹមនឹងសាលាពុទ្ធិកសិក្សា។ អ្នកខ្លះហៅសំណង់នេះថាបណ្ណាល័យ ឬខ្លះទៀតហៅថាធម្មមន្ទីរ ឬធម្មត្រ័យ ដែលទុកជាអគារសម្រាប់តម្កល់ឯកសារសំខាន់ៗផ្សេងៗដូជា គម្ពីរ ក្បួន ច្បាប់ សាស្រ្តា ហើយជាពិសេសគឺតម្កល់ព្រះត្រៃបិដកសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ។ ជាទូទៅគេច្រើនសង់ហោត្រ័យនៅក្បែរនឹងសាលាពុទ្ធិកសិក្សា ហើយគេអាចសង់តាមទម្រង់សំណង់បុរាណ ឬទំនើបតាមការនិយម។ មិនតែប៉ុណ្ណោះនៅតាមវត្តខ្លះ គេតែងតម្កល់ទុករបស់មានតម្លៃជាសម្បត្តិរួមរបស់សហគមន៍នៅក្នុងហោត្រ័យដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A4-%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%98%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F%E1%9E%87%E1%9E%BB%E1%9F%86.png)
ធម្មមន្ទីរវត្តត្នោតជុំ, សង់ឆ្នាំ១៩៣៣ (កំពង់ធំ)
គ.ឈាបនដ្ឋាន ឬមេរុ៖ គឺជាកន្លែងសម្រាប់បូជាសព ដែលគេអាចកសាងនៅក្នុងបរិវេណវត្ត ឬទីទំនេរណាមួយក្នុងទិសឦសាន។ សំណង់នេះ ខ្លះហៅថា “ប៉ាឆា” ឬហៅរត់មាត់ថា “បច្ឆា” ក៏មាន។ ប៉ុន្តែបើគេសង់ក្នុងពិធីបូជាសពនៅតាមជនបទ ជាពិសេសនៅតំបន់អង្គរគេហៅថា “ភ្នំយោង” ហើយគេក៏តែងសង់រំកិលទៅទិសឦសាន នៃរោងបុណ្យដែរ ដ្បិតទិសនេះជាទិសពាក់ព័ន្ធនឹងជំនឿកើត និងស្លាប់។ រីឯឈាបនដ្ឋាន ឬមេរុនៅតាមវត្ត គេសម្គាល់ឃើញធ្វើរាងជាមេរុមុខដាច់ ដែលមានដំបូលត្រួតគ្នា បែរទៅទិសទាំងបួន មានកំពូលស្រួចទៅលើ។ ចំពោះខ្លឹមសារនៃឈាបនដ្ឋានឬមេរុនេះ ក៏មានន័យដូចចេតិយដែរ ពោលគឺជាជានិមិត្តរូបនៃភ្នំព្រះសុមេរុ ដែលជាស្ថានទេពស្ថានឬស្ថានខ្ពង់ខ្ពស់ ជាទីប្រាថ្នាឱ្យអ្នកស្លាប់បានទៅចាប់កំណើត។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A8-%E1%9E%88%E1%9E%B6%E1%9E%94%E1%9E%93%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%80%E1%9F%86%E1%9E%96%E1%9E%84%E1%9F%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%A1%E1%9E%B6%E1%9E%85%E1%9E%9B%E1%9E%BE-771x1024.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A9-%E1%9E%88%E1%9E%B6%E1%9E%94%E1%9E%93%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%85%E1%9E%80-%E1%9E%9F%E1%9F%80%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%94-761x1024.jpeg)
ឃ.ចេតិយ៖ តាមជំនឿគេយល់ថាចេតិយមានតួនាទីនិងនិមិត្តរូបដូចប្រាសាទដែរ គឺគេទុកដូចជាភ្នំព្រះសុមេរុដែលជាស្ថានទេពនៅកណ្តាលចក្រវាល ឬលោកធាតុ។ ធាតុអ្នកស្លាប់ដែលបញ្ចុះក្នុងចេតិយ គឺឧទ្ទិសឱ្យបានទៅដល់ “សុគតិភព” ជាទេវស្ថាន ឬទេវលោក។ ក្នុងសិល្បៈពុទ្ធសាសនាគេយល់ថាចេតិយមាន៤ យ៉ាងគឺ ធាតុចេតិយ (ចេតិយសម្រាប់បញ្ចុះធាតុអ្នកស្លាប់) ធម្មចេតិយ (ចេតិយសម្រាប់តម្កល់គម្ពីរ ក្បួន ច្បាប់ វិន័យ…) បរិភោគចេតិយ (បញ្ចុះគ្រឿងបរិក្ខារបស់ព្រះ ឬព្រះសង្ឃ) និងឧទ្ទេសិកចេតិយ (សម្រាប់គោរពបូជាដូចព្រះ ឬសម្រាប់ឧទ្ទិសទុកជាទីសក្ការៈ)។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A1-%E1%9E%9F%E1%9E%80%E1%9F%92%E1%9E%99%E1%9E%98%E1%9E%BB%E1%9E%93%E1%9E%B8%E1%9E%85%E1%9F%81%E1%9E%8F%E1%9E%B7%E1%9E%99%E2%80%8B%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%94%E1%9E%BB%E1%9E%91%E1%9E%BB%E1%9E%98-%E1%9E%80%E1%9F%86%E1%9E%96%E1%9E%84%E1%9F%8B%E1%9E%92%E1%9F%86-716x1024.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A3-%E1%9E%85%E1%9F%81%E1%9E%8F%E1%9E%B7%E1%9E%99%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F%E1%9E%87%E1%9E%BB%E1%9F%86-722x1024.jpeg)
នៅតាមវត្តខ្លះ អ្នកស្រុកតែងមានទំនៀមសង់ចេតិយធំមួយទុកសម្រាប់តម្កល់ធាតុរួម។ រីឯនៅតាមវត្តខ្លះទៀត គេតែងឃើញមានបណ្តុំចេតិយតូចធំ ប្រកបដោយក្បាច់រចនាសម្បូរបែបច្រើនយ៉ាងតាមទឹកដៃសិល្បៈស្រុកទេស ហើយលើចេតិយបុរាណខ្លះ តែងសង្កេតឃើញមានពាក្យឧទ្ទិសក្នុងន័យគោរពសក្ការៈ ឬ “សូមឱ្យព្រះពុទ្ធសាសនាបាន៥០០០ព្រះវស្សា”។ ប៉ុន្តែសព្វថ្ងៃ គេច្រើនសង់ចេតិយមានទម្រង់ដូចៗគ្នាជាជួរៗនៅជុំវិញព្រះវិហារ។
ង.រោងទូក៖ នៅតាមបណ្តាវត្តនីមួយៗ ជាពិសេសវត្តតាមដងទន្លេ គេតែងសង្កេតឃើញសង់រោងទូកនៅក្បែរព្រះវិហារ (ភាគច្រើនទិសឦសាន)។ ប៉ុន្តែអ្នកស្រុកតំបន់ខ្លះ គេអាចយកទូកទៅតម្កល់ទុកក្រោមដើមឈើ ឬសង់រោងជាប់នឹងមាត់ទន្លេតែម្តង។ ក្នុងរោងទូកនីមួយៗគេតែងមានដាក់ក្លស់មួយខាងក្បាលទូកនិងរៀបគ្រឿងសក្ការៈថ្វាយរាល់ថ្ងៃសីល ឬក្នុងថ្ងៃបុណ្យផ្សេងៗ ដ្បិតគេយល់ថានៅជាប់នឹងក្បាលទូកតែងមានព្រាយចាំថែរក្សា។ មិនតែប៉ុណ្ណោះ នៅក្បែររោងទូកក្នុងវត្តខ្លះតែងមានខ្ទមអ្នកតាតម្កល់បំណែកទូកបាក់បែកចាស់ៗ ដែលនាំឱ្យគេមើលឃើញច្បាស់ពីជំនឿយ៉ាងមុតមាំរបស់អ្នកស្រុកចំពោះការសង់រោងទូកនៅតាមវត្ត។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A7-%E1%9E%9A%E1%9F%84%E1%9E%84%E2%80%8B%E1%9E%91%E1%9E%BC%E1%9E%80%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%92%E1%9E%B6%E1%9E%8F%E1%9E%BB%E1%9E%94%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B8-1024x574.jpg)
រោងទូកវត្តព្រះធាតុបាស្រី (ត្បូងឃ្មុំ)
ច.សំណង់ផ្សេងៗ៖ ក្រៅពីសំណង់សំខាន់ៗដូចរៀបរាប់ខាងលើ នៅតាមវត្តខ្លះគេឃើញមានសំណង់ផ្សេងៗទៀតកសាងតម្រូវតាមការចាំបាច់ក្នុងវត្ត តែពោរពេញដោយទឹកដៃសិល្បៈគួរឱ្យកោតសរសើរ។ រោងខ្លះទៀតសម្រាប់ព្រះសង្ឃចម្អិនចង្ហាន់(រោងបាយ)នៅវត្តកោះតូច និងវត្តព្រះប្រសប់។ ជាទូទៅគេសង់រោងនេះទាបជាប់ដី នៅក្បែរសាលាឆាន់ ហើយធ្វើឱ្យស្រឡះ និងមានខ្យល់ចេញចូលល្អ។ អ្វីគួរឱ្យកត់សម្គាល់ រោងបែបនេះច្រើនធ្វើដំបូលតាមបែបផ្សេងៗ អាស្រ័យតាមចំណូលចិត្តអ្នកស្រុក។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2%E1%9F%A1-%E1%9E%9A%E1%9F%84%E1%9E%84%E2%80%8B%E1%9E%94%E1%9E%B6%E2%80%8B%E1%9E%99%E2%80%8B%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%80%E1%9F%84%E1%9F%87%E1%9E%8F%E1%9E%BC%E1%9E%85-1024x771.jpg)
រោងចម្អិនចង្ហាន់ព្រះសង្ឃនៅវត្តកោះតូច (កណ្តាល)
តូបដូនជីនៅវត្តបុទុម (កំពង់ធំ) ដែលជាទូទៅគេច្រើនសង់តូបសម្រាប់ដូនជីស្នាក់នៅមើលថែវត្ត ឬសម្រាប់ដូនជី-តាជី អញ្ជើញមកស្នាក់អាស្រ័យរក្សាសីលរាល់ខែ ឬពេលមានបុណ្យទាន។ ចំណែកឯសំណង់ខ្លះទៀត សង់ជាជង្រុកស្រូវដែលយើងឃើញនៅវត្តស្នឹង ខេត្តបាត់ដំបង និងជង្រុកស្រូវនៅវត្តសាមគ្គីរតនារាម នៅខេត្តតាកែវ។ មកដល់ត្រង់នេះសូមបញ្ជាក់ថា ដើមឡើយវត្តនៅតាមជនបទភាគច្រើនតែងមានស្រែជុំវិញវត្ត ហើយរាល់ខែមាឃគេច្រើនធ្វើបុណ្យដារលានពូនភ្នំស្រូវប្រគេនព្រះសង្ឃ។ នៅតាមវត្តខ្លះ តែងបរិច្ចាគស្រូវមួយភាគទៅដល់អ្នកក្រខ្សត់ផងក៏មាន។ ចំពោះអគារសម្រាប់ហាត់រៀន និងសម្តែងសិល្បៈនៅវត្តប្រម៉ា ស្ថិតក្នុងខេត្តសៀមរាប។ សំណង់បែបនេះ គេច្រើនសង់នៅដីវត្តដែលទំនេរ តែឃ្លាតពីវត្តបន្តិច ដើម្បីងាយស្រួលសម្រាប់ហាត់រៀនសិល្បៈផ្សេងៗដូចជា ភ្លេង របាំ ឬល្ខោនជាដើម។ សូមកុំភ្លេចថា មកដល់សព្វថ្ងៃមានសិល្បៈបុរាណតាមសហគមន៍មួយចំនួនបានរស់រានឡើងវិញដោយការយកចិត្តទុកដាក់ពីសំណាក់វត្តអារាមដូចជា ស្បែកធំវត្តរាជបូព៌ (សៀមរាប) និងយីកេភូមិនីពេជ្រ (កំពង់ធំ) ជាដើម។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A2%E1%9F%A6%E2%80%8B-%E1%9E%9F%E1%9E%B6%E1%9E%9B%E1%9E%B6%E1%9E%9C%E1%9E%94%E1%9F%92%E1%9E%94%E1%9E%92%E1%9E%98%E1%9F%8C-1024x634.png)
សរុបសេចក្តីមក សំណង់នៅតាមវត្តមានច្រើនបែបយ៉ាងណាស់ ហើយមានតួនាទី ផ្សេងៗគ្នា។ សំណង់ខ្លះ គឺជាកន្លែងសក្ការៈសម្រាប់រៀបចំធ្វើបុណ្យទាន មានកំណត់គោលសីមា កំណត់ជាកន្លែងពិសិដ្ឋ។ សំណង់ខ្លះសម្រាប់បម្រើកិច្ចការទូទៅក្នុងពុទ្ធសាសនា និងក្នុងសហគមន៍។ សំណង់ខ្លះ កសាងឡើងទុកជាកន្លែងគង់នៅ ឬស្នាក់អាស្រ័យសិក្សារៀនសូត្ររបស់ព្រះសង្ឃ ដូនជី តាជី ឬកូនអ្នកស្រុកដែលចេញទៅបន្តការរៀនសូត្រឆ្ងាយពីគ្រួសារជាដើម។ លើសពីនេះ សំណង់ខ្លះទៀតមានតួនាទីជាផ្នែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងទ្រទ្រង់មត៌កវប្បធម៌។ ដូច្នេះសំណង់នីមួយៗនៅតាមវត្ត ក្រៅពីបង្ហាញពីទម្រង់ស្ថាបត្យកម្មបុរាណ ឬទំនើប វាក៏បង្ហាញឱ្យឃើញពីតួនាទី និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសហគមន៍ និងវត្តអារាមដែរ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត