«ប្រាសាទត្រពាំងថ្នល់ឈូក» ឬនៅក្នុងសៀវភៅ «សិលាចារឹកនៃប្រទេសកម្ពុជា» ក្បាលទី៦របស់លោក ហ៊្សក សេដេស ហៅថា «ប្រាសាទថ្នល់ឈូក» ស្ថិតនៅក្នុងភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមរយៈគេហទំព័រ CISARK១ បានឱ្យដឹងថាទីកន្លែងនេះស្ថិតនៅចម្ងាយ ៨គ.ម. ពីអាគ្នេយ៍ស្រុកជាំក្សាន្ត។ បុរាណដ្ឋាននេះព័ទ្ធដោយកសិន្ធុនិងកំពែងឥដ្ឋរាងចតុកោណកែង មានខ្លោងទ្វារធ្វើពីឥដ្ឋនៅទិសខាងកើត។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូងមានពីរជួរ នៅខាងជួរខាងមុខមានប្រាង្គបីរាងបួនជ្រុងស្មើ និងជួរខាងក្រោយមានប្រាង្គពីរ រាងចតុកោណកែងបែរមុខទៅកើត ហើយមានហោត្រៃមួយនៅទិសឦសាន ចំណែកហោត្រៃមួយទៀតនៅទិសអាគ្នេយ៍។ រីឯនៅខាងកើតប្រាសាទមានស្រះមួយទទឹង ៨០ម និង បណ្ដោយ ២០០ម។ ប្រាសាទនេះមានសិលាចារឹកពីរគឺសិលាចារឹក K.៣៥០ និងសិលាចារឹក K.៣៥១ ស្ថិតនៅមេទ្វារខាងត្បូងនៃប្រាង្គពាយ័ព្យមាន ១៣បន្ទាត់ ចារជាភាសាខ្មែរ។
សិលាចារឹក K.៣៥១ ធ្លាប់បានអ្នកប្រាជ្ញខាងសិលាចារឹកលើកយកមកសិក្សារួចមកហើយដូចជាលោក ហ៊្សក សេដេស នៅក្នុងសៀវភៅ «សិលាចារឹកនៃប្រទេសកម្ពុជា» ក្បាលទី៦ ឆ្នាំ១៩៥៤ និងក្រោយមកគឺលោក ហ្វីលីព ចេណ្ណឺរ ដែលបានសិក្សាសិលាចារឹកនេះដែរនៅក្នុងស្នាដៃរបស់លោក Part xml, № 98 និងចុះផ្សាយនៅគេហទំព័រ http://sealang.net/ok/corpus.htm។
អត្ថបទសិលាចារឹកនេះមានចំនួន១៣បន្ទាត់ ចារជាភាសាខ្មែរបុរាណ ចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៩១៤ ដែលត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៩៣ ខ្លឹមសារសំខាន់នៃអត្ថបទនេះ គឺការឱ្យពរនិងបណ្ដាសារបស់ព្រះសភាដល់អ្នកដែលលួចគ្រឿងតង្វាយឱ្យចុះនរក និងអ្នកធ្វើសេចក្ដីចម្រើនដល់គ្រឿងតង្វាយឱ្យឡើងឋានសួគ៌ជាមួយគ្រួសាររបស់អ្នកទាំងនោះ ហើយក៏មានប្រាប់ពីឈ្មោះអ្នកបម្រើដែលឱ្យដើម្បីបម្រើប្រាសាទនិងបញ្ជាក់ប្រាប់ពីអ្នកដែលមានតួនាទីថែរក្សាតង្វាយ។
ព្រះសភា គឺជាក្រុមជំនុំមន្ត្រីកាត់ក្ដី ពោលគឺតុលាការ។ ក្រុមនេះមានតួនាទីសំខាន់ណាស់កាលពីបុរាណ ក្នុងការចាត់ចែងរៀបចំក្នុងដំណើរការប្រព័ន្ធយុត្តិធម៌។ ចំពោះពាក្យ «សភា» នេះ នៅសម័យក្រោយមកក្លាយសូរមកជា «សូភា» និង «សុភា» ដូចមានក្នុងរឿងព្រេងនិទាន ដែលមានសត្វទន្សាយតំណាងឱ្យតួអង្គឈ្លាសវៃក្នុងការកាត់ក្ដី ហៅថា «សុភាទន្សាយ»។
ចំពោះកាលបរិច្ឆេទ យើងសង្កេតឃើញមានប្រើប្រាស់ឆ្នាំសត្វតាមប្រតិទិនរបស់ចិន គឺឆ្នាំរោង (រោង៑នក្ឞត្រ) ដែលសិលាចារឹកនេះ គឺជាសិលាចារឹកចំណាស់ជាងគេ ដែលបង្ហាញពីវត្តមាននៃការប្រើប្រាស់ឆ្នាំសត្វនេះ។ ឥទ្ធិពលនៃការប្រើប្រាស់នេះ ពេញនិយមខ្លាំងបំផុតចាប់ពីសម័យកណ្ដាលមក ដែលយើងឃើញមានភស្ដុតាងសិលាចារឹកសម័យកណ្ដាលនៅប្រាសាទអង្គរវត្ត បានបង្ហាញយ៉ាងច្បាស់។ បច្ចុប្បន្ន ខ្មែររាប់អានឆ្នាំនេះយ៉ាងខ្លាំង រហូតហៅថា «ឆ្នាំខ្មែរ» ទៀតផង។
ចំពោះបណ្ដាសា និងការឱ្យពរជ័យវិញ យើងឃើញថានៅបន្ដមាននៅក្នុងសង្គមខ្មែរបច្ចុប្បន្នដដែល។ យើងឃើញមានភស្ដុតាងនៅសម័យអង្គរជាច្រើន ដែលបង្ហាញអំពីការស្បថស្មោះស្ម័គ្រភក្តីចំពោះព្រះមហាក្សត្រ ស្បថចំពោះការទិញលក់ឬវិវាទដីធ្លីជាដើម។ ដូច្នេះហើយ យើងឃើញថាបច្ចុប្បន្ននេះ មន្ត្រីជាន់ខ្ពស់ដែលបំពេញនាទីក្នុងព្រឹទ្ធសភា រដ្ឋសភា គណៈរដ្ឋមន្ត្រី ចៅក្រម ព្រះរាជអាជ្ញាជាដើម តែងស្បថមុននឹងចូលកាន់តំណែង។ ឯបណ្ដាសាវិញ ក៏ពេញនិយមណាស់នៅសម័យកណ្ដាល ដ្បិតម្ចាស់បុណ្យមានបំណងរក្សាការពារបុណ្យឬធម៌ដែលខ្លួនបំពេញ ឱ្យមាននិរន្តរភាពជាដំណែលតទៅមុខជាដរាបកុំបីមាននរណាមកបំផ្លាញនោះឡើយ។
អត្ថបទដើមជាអក្សរខ្មែរទំនើប
២- [ទិ]ត្យវារហស្តឫក្ឞរោង៑នក្ឞត្រ
៣- នេះគិរោះវរឝាបយេង៑វ្រះសភាផោ
៤- ង៑◦នេះតៃថ្មាសនុកន៑សោត៑មន៑ស្ដេញ៑
៥- អ្ជិឝាន្តិ[ប]ទឱយ៑តស្ដេញ៑ឝិខាន្តរា
៦- ចាយ៌្យបិស្ដេញ៑ឝិខាន្តរាចាយ៌្យចំចំ
៧- នាមរង្កោលិះ១ទ្វាទឝីនាវ្រះកំម្រតេង៑
៨- នារាយន◦នៅតសប្បកល្បនានោ[ះ]
៩- សក៑ស្រេខ្ញុំនោះគេទៅតទ្វាត្រិំឝនរក
១០- នៅតវធ៌េនោះគេមាន៑ស្វគ៌្គនុសន្តាន
១១- ផោង៑វ្វំអាច៑តិស្រច៑តខ្លោញ៑អ្ន
១២- ក៑នៅអ្នក៑តប្រធានតនោះទេឝ
១៣- នោះ◦នោះគិតបរិបាលន◦
សេចក្ដីប្រែសម្រួល
(១-៤) មហាសករាជ៩១៤ (គ.ស.៩៩៣) ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ហស្ដឫក្ស ឆ្នាំរោង។ នេះគឺពរនិងបណ្ដាសារបស់យើង(ដែលជា)ព្រះសភាទាំងឡាយ។
(៤-៨) នេះ(គឺ)នាងថ្មាសនិង(នាង)កន្សោត ដែលស្ដែញអ្ជិសាន្តិបទឱ្យដល់ស្ដែញសិខាន្ដរាចារ្យ។ គប្បីស្ដែញសិខាន្តរាចារ្យ មើលខុសត្រូវរៀបចំគ្រឿងរណ្ដាប់បូជា(មាន)អង្ករ១លិះនៅថ្ងៃទី១២(ទាំងខ្នើតនិងរនោច)នៅ(ប្រាសាទ)ព្រះគម្ដែងនារាយណ៍។
(៨-១៣) នូវសព្វរណ្ដាប់តង្វាយបូជា (គឺនរណាដែល)យកស្រែ(និង)អ្នកបម្រើទាំងនោះ (សូមឱ្យ)គេចុះនរក៣២ជាន់។ នូវអ្នកដែលធ្វើឱ្យចម្រើន(ដល់តង្វាយ)នោះ (សូមឱ្យ)គេឡើងស្ថានសួគ៌ជាមួយសន្ដានទាំងឡាយ។ (តង្វាយទាំងអស់នោះ)ពុំអាចសម្រេចលើប្រធានអ្នកបម្រើ(ឡើយ) (គឺ)នៅ(លើ)អ្នកដែលជាប្រធានភូមិស្រុកនោះ ជាអ្នកថែរក្សា។
៤– ពន្យល់ពាក្យ
ទ្វាទឝិ (សំ. ទ្វា “ពីរ” + ទឝិ “ទីដប់”) ទី១២។
វៃឝាខ (សំ.) ខែពិសាខ។
វរឝាប (សំ. វរ “ពរ” + ឝាប “សម្បថ, បណ្ដាសា) ពរនិងបណ្ដាសា។
ចំចំនាម (ចំ “ចាំ, នៅមើលថែរក្សា”, ចំនាម “បទបញ្ជាផ្ទៃក្នុងទាក់ទងនឹងគ្រឿងរណ្ដាប់បូជា) រៀបចំ ឬមើលការខុសបទបញ្ជាផ្ទៃក្នុងទាក់ទងនឹងគ្រឿងរណ្ដាប់បូជាក្នុងប្រាសាទ។
សប្ប សព្វ, សព្វគ្រប់បែបយ៉ាង។
កល្បនា (សំ.) គ្រឿងរណ្ដាប់បូជា, តង្វាយ។
សក៑ លួច យកចេញ ដកចេញ។
ទ្វាត្រិំឝ (សំ. ទ្វា “ពីរ” + ត្រិំឝ “ទីសាមសិប”) ៣២វធ៌េ (សំ.) ធ្វើឱ្យចម្រើនលូតលាស់ទៅមុខ។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង