ចាប់ពីរវាងស.វ.ទី១៩មក គេបានរកឃើញបដិមាជាច្រើននៅភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ។ បដិមាទាំងនោះមានដូចជា ព្រះហរិហរ ព្រះវិស្ណុមានព្រះហស្ត៨ ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ព្រះរាម ព្រះពលរាម។ ដោយសារតែបដិមាទាំងនេះ ច្រើនតែស្ថិតនៅក្នុងនិកាយវៃស្នវ (និកាយព្រះវិស្ណុ) នាំឱ្យលោក Paul Lavy យល់ថា នៅសម័យដំបូងខ្មែរទទួលឥទ្ធិពលព្រហ្មញ្ញសាសនា ហើយទោរទន់ទៅនិកាយវៃស្នវជាខ្លាំង ទើបក្រោយមកនៅស.វ.ទី៧ និកាយជាច្រើនរបស់ព្រះសិវចាប់ផ្តើមមានសន្ទុះខ្លាំងឡើង។ នៅក្នុងអត្ថបទនេះ យើងនឹងយកតែបដិមាព្រះហរិហរមកពីភ្នំដាចំនួន១អង្គប៉ុណ្ណោះមកសិក្សា។ តើបដិមាព្រះហរិហរ មានលក្ខណៈបែបណាខ្លះ?
បដិមាព្រះហរិហរនេះ រកឃើញនៅឆ្នាំ១៨៧៤ ដោយលោក Étienne Aymonier។ នៅពេលលោកបានរកឃើញបដិមានេះបានបាក់បែកជាច្រើនបំណែកទៅហើយ។ ក្រោយមក ដោយសារតែបដិមានេះមានអាយុកាលចំណាស់ និងឆ្លាក់ឡើងដោយស្នាដៃខ្ពស់ផង នៅរវាងឆ្នាំ១៨៨២ លោកក៏បានបញ្ជូនបដិមានេះទៅកាន់ប្រទេសបារាំង ហើយក្រោយមកទៀតនៅទសវត្សរ៍១៨៩០ គេបានដាក់តាំងបដិមានេះនៅក្នុងសារមន្ទីរហ្គីមេត ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ អ្វីដែលគួរកត់សម្គាល់នោះ គឺទីតាំងដែលរកឃើញបដិមានេះ គឺស្ថិតនៅក្បែរប្រាសាទអាស្រមមហាឥសី ដែលស្ថិតនៅចង្កេះភ្នំដា ក្នុងគ្រាដែលប្រាសាទនេះបានបាក់រលំអស់ទៅហើយ ដែលនាំឱ្យមានការសន្និដ្ឋាននៅពេលនោះថា បដិមានេះអាចតម្កល់នៅក្នុងប្រាសាទអាស្រមមហាឥសីនេះ។ ក្រោយមកទៀត នៅទសវត្សរ៍១៩៣០ លោក Henri Mauger បានដឹកនាំការជួសជុល និងរៀបចំប្រាសាទនេះឱ្យមានសភាពដូចដើមឡើងវិញ ទើបនាំឱ្យលោកដឹងថា បដិមានេះមិនមានប្រវែងសមាមាត្រជាមួយប្រាសាទនេះឡើយ ដូច្នេះបដិមានេះអាចមិនមែនតម្កល់នៅក្នុងប្រាសាទនេះទេ។ លុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥០ មានសំណេរមួយដែលចេញពីអភិរក្សដ្ឋានអង្គរបានសរសេរថា៖ បដិមាហរិហរពិតជាតម្កល់នៅក្នុងរូងភ្នំមួយក្នុងចំណោមរូងភ្នំទាំងប្រាំនៅភ្នំដា។
បដិមាហរិហរនេះ សាងឡើងអំពីថ្មភក់ មានប្រវែងកម្ពស់ ១,៧៣ម៉ែត្រ ទទឹង ០,៦៥ម៉ែត្រ និងវិជ្ជមាត្រ ០,២៣ម៉ែត្រ។ ដោយសារតែបដិមានេះជាព្រះហរិហរ (ព្រះវិស្ណុ និងព្រះសិវមានព្រះកាយលាយបញ្ចូលគ្នា) សិល្បករបានឆ្លាក់រូបនេះដោយប្រើបច្ចេកទេសជាដែករាងដូចក្រចកសេះធំមួយព័ទ្ធជុំវិញ ដើម្បីទប់លំនឹង និងខណ្ឌចែករូបនេះជាពីរផ្នែកផ្សេងគ្នា។ ផ្នែកខាងស្តាំជាទម្រង់ព្រះសិវមានផ្នួងសក់ចងក្នុងទម្រង់ជដាម្កុដ មានព្រះនេត្រទីបីមួយចំហៀង មានកេតនភណ្ឌជាត្រីសូល៍នៅជាប់នឹងព្រះសិរ ហើយព្រះហស្តខាងព្រះសិវបានបាក់សល់ត្រឹមកែងដៃប៉ុណ្ណោះ។ រីឯផ្នែកខាងឆ្វេងវិញ ជាទម្រង់រូបព្រះវិស្ណុដែលមានម្កុដជារាងស៊ីឡាំង មានព្រះហស្តមួយកាន់កងចក្រ និងព្រះហស្តមួយទៀតបានបាក់ទៅហើយ។ ទម្រង់ព្រះភក្រ្តបដិមានេះ មានរាងមូលក្រឡង់តូចសមសួន ស្លឹកត្រចៀកវែង នឹងស្មា និងព្រះកាយ។ ចំពោះសម្លៀកបំពាក់វិញ គឺស្លៀកសំពត់ចងក្បិន មានជាយធំមួយធ្លាក់មកចំកណ្តាល និងភ្លីតូចៗមកគ្របលើភ្លៅខាងឆ្វេង។ ជាការកត់សម្គាល់មួយទៀតដែរ ព្រះភក្រ្តរបស់បដិមានេះមានប្រឡាក់ស្នាមទឹកពណ៌មាស ដែលអាចជាការលាបឡើងរបស់អ្នកស្រុកនៅសម័យក្រោយមកទៀត ហើយវាជាភស្តុតាងបញ្ជាក់ថា បដិមានេះអ្នកស្រុកមិនបានបោះបង់ចោលនោះទេ គឺនៅតែគោរពប្រណិប័តន៍តាំងពីដើមរៀងមក។
លោក Pierre Dupont យល់ថា បដិមានេះមានភាពចំណាស់យ៉ាងខ្លាំង ដែលមើលទៅមានលក្ខណៈជាច្រើនដូចបដិមានៅក្នុងប្រពៃណីឥណ្ឌា។ ចំណែកឯអ្នកស្រាវជ្រាវប្រវត្តិសិល្បៈខ្មែរដ៏ល្បីល្បាញ គឺលោក Jean Boisselier សន្និដ្ឋានថា បដិមានេះអាចសាងឡើងនៅក្នុងរវាងសតវត្សរ៍ទី៦នៃគ្រឹស្តសករាជ។ ការសន្និដ្ឋាននេះអាចធ្វើទៅបាន គឺទំនងលោកចង់សំដៅលើស្នាដៃសិល្បៈរចនាបថភ្នំដា ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ហើយដែលលោក George Coedès យល់ថាជាស្តេចចុងក្រោយនៃសម័យហ្វូណន ឡើងសោយរាជ្យចាប់ពីរវាងឆ្នាំ៥១៤ ដល់៥៣៩ នៃគ្រឹស្តសករាជ។ ប៉ុន្តែក្រោយមកលោក Dowling យល់ថា បដិមានេះ រួមជាមួយនឹងបដិមាមួយចំនួនដែលរកឃើញនៅភ្នំដា អាចសាងឡើងនៅរវាងដើមស.វ.ទី៧ដូច្នេះទៅវិញ។ ដូចពោលមកពីខាងលើស្រាប់នៅសម័យដំបូងខ្មែរទទួលឥទ្ធិពលព្រហ្មញ្ញសាសនាទោរទន់ទៅរកនិកាយវៃស្នវ ឬនិកាយព្រះវិស្ណុ តែភស្តុតាងបដិមាហរិហរនេះអាចជាហេតុផលមួយនាំឱ្យលោក Paul Lavy គិតថាប្រហែលជាពេលចាប់ផ្តើមនៃការបង្រួមគ្នារវាងនិកាយទាំងពីរនៅក្នុងប្រទេសកម្ពុជា ដ្បិតចាប់ពីស.វ.ទី៧រហូតមក ឥទ្ធិពលព្រះសិវមានទំហំធំធេងណាស់នៅក្នុងសង្គមខ្មែរ ដូចយើងឃើញភស្តុតាងអំពីការរកឃើញលិង្គជាច្រើននៅតំបន់ប្រាសាទសំបូរព្រៃគុកជាឧទាហរណ៍ស្រាប់។
ជារួមមក បដិមាហរិហរដែលរកឃើញនៅភ្នំដាដែលបានរៀបរាប់ខាងលើនេះ គេមិនច្បាស់ថាមានទីតាំងដើមនៅក្នុងប្រាសាទ ឬរូងភ្នំណាមួយនៃភ្នំដាឡើយ។ បដិមានេះ បង្ហាញឱ្យឃើញអំពីការទទួលឥទ្ធិពលព្រហ្មញ្ញសាសនារបស់ខ្មែរកាលពីសម័យដំបូង ដែលគេដឹងថាពេលដំបូងគឺនិយមនិកាយវៃស្នវ និងក្រោយមកទៀតបង្រួមនិកាយវៃស្នវ ជាមួយនិកាយសៃវ។ បដិមានេះ ក៏បង្ហាញឱ្យឃើញអំពីស្នាដៃដ៏ល្អឯករបស់សិល្បករខ្មែរនៅជំនាន់នោះទៀតផង៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី