រពាក់ឬនិយាយរត់មាត់ថា “ល្ពាក់” គឺជាពពួករុក្ខជាតិវល្លិតូចៗ មានបន្លាល្អិតៗ មានផ្លែទុំហូបបាន។ នៅក្នុងចំណាត់ថ្នាក់រុក្ខជាតិ គេចាត់ទុករពាក់ក្នុងសន្តានពពួកផ្តៅ តែវាមានដើមតូចជាងផ្តៅ មានប្រវែងជាមធ្យមប្រហែល២ ទៅ៤ម៉ែត្រ។ ជាទូទៅរពាក់ដុះនៅដំបូក គម្ពោត ឬដុបព្រៃតូចៗតាមវាលស្រែតំបន់ទំនាប ឬជាប់មាត់ព្រៃរបោះ។ ក្នុងសង្គមខ្មែរគេយកដើមរពាក់ប្រើជាប្រយោជន៍បានយ៉ាងច្រើនដូចជា ធ្វើខ្នួច ឬចំណង ឬជាពិសេសប្រើក្នុងការងារហត្ថកម្ម ត្បាញ វេញ ឬក្រងតាមចំណេះរៀងៗខ្លួន ឱ្យកើតបានជាវត្ថុប្រើប្រាស់ផ្សេងៗមានជាអាទិ ជាល ត្រក បង្គី ឈ្នាង វត្ថុតាំងលម្អផ្ទះ និងប្រើជាផ្នែកខ្លះនៃគ្រឿងសង្ហារិមជាដើម។ វត្ថុកើតចេញពីរពាក់ទាំងអស់នេះ គឺជាចំណែកយ៉ាងសំខាន់ក្នុងចំណូលគ្រួសាររបស់អ្នកស្រុក ក្រៅពីការងារស្រែចម្ការ។ ប៉ុន្តែបច្ចុប្បន្ន កត្តាបរិស្ថាននិងការរានដីយ៉ាងរហ័ស គឺជាចំណោទនៃកង្វះរពាក់។
រពាក់ គឺជាពពួកវល្លិបន្លាស្ថិតក្នុងអំបូរផ្តៅ ទាំងស្លឹក ទាំងដើម និងផ្លែមានរូបរាងដូចផ្តៅ គ្រាន់តែរពាក់តូចជាងផ្តៅ ហើយមានឈ្មោះវិទ្យាសាស្រ្តថា “Calamus salicifolius Bec”។ ជាទូទៅដើមរពាក់មានទំហំប៉ុនចុងចង្កឹះ ឬតូចជាងនោះក៏មាន ហើយដើមស្រួយជាងផ្តៅបន្តិច។ ផ្លែរពាក់ខ្ចីមានសម្បកពណ៌បៃតង មានរសជាតិចត់ខ្លាំង។ ឈានចូលដល់ដើមរដូវក្តៅ (រវាងខែមីនា ឬមេសា) ផ្លែរពាក់ចាប់ផ្តើមទុំ សម្បកប្រែពណ៌លឿងស្រាល សាច់ខាងក្នុងទៅជាពណ៌ត្នោត ឬខ្មៅ ហើយមានរសជាតិផ្អែមលាយចត់តិចៗ។ ប៉ុន្តែដើម្បីបន្ថយជាតិចត់ និងបង្កើនរសជាតិឱ្យត្រូវមាត់ គេអាចបកសម្បកចេញ ហើយក្រឡុកជាមួយអំបិលម្ទេសក៏បាន។ ក្នុងរដូវរពាក់ទុំនេះ អ្នកស្រុកតំបន់ខ្លះតែងបេះយកទៅចងចង្កោមលក់តាមផ្សារជាហូរហែ។
ដោយឡែក បើមើលតាមតម្រាក្បួនថ្នាំបុរាណ គេតែងយកឫសរពាក់ផ្សំនឹងឫសរុក្ខជាតិផ្សេងៗទៀត មានគុណប្រយោជន៍ព្យាបាលជំងឺប្រគ្រីវ។ មិនតែប៉ុណ្ណោះ នៅក្នុងឯកសារស្តីពីរុក្ខជាតិឱសថកម្ពុជាឱ្យដឹងថា រពាក់ក៏មានគុណប្រយោជន៍ព្យាបាលរោគស្រ្តីក្រោយឆ្លងទន្លេ ជួយឱ្យបាយឆ្ងាញ់ ព្យាបាលលើសឈាម គ្រុនចាញ់ និងជំងឺថ្លើមដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើមើលចំពោះសារៈប្រយោជន៍រពាក់ក្នុងការប្រើប្រាស់ទូទៅ និងការងារហត្ថកម្មផ្សេងៗ គេឃើញមានច្រើនបែបណាស់ ពោលគឺអាស្រ័យដោយចំណេះច្នៃប្រើប្រាស់។ ចំណេះហត្ថកម្មផលិតសម្ភារៈទាំងនេះ អ្នកស្រុកតែងសង្កេត ស្វែងយល់ និងរៀនបន្តគ្នាក្នុងគ្រួសារ ឬក្នុងភូមិស្រុកជុំវិញគ្នាជាធម្មតា ហើយអ្វីដែលយើងគួរសង្កេត សូម្បីតែកិច្ចការហត្ថកម្មសិស្សសាលាជំនាន់មុន ក៏តែងឃើញគ្រូតម្រូវឱ្យសិស្សត្បាញ ឬធ្វើរបស់ប្រើប្រាស់ផ្សេងៗដែលគ្រួសាររបស់ខ្លួនចេះ យកទៅប្រើក្នុងសាលាដែរ។ ជាការពិត រពាក់ច្រើនដុះតាមដំបូក ឬគម្ពោតព្រៃដីទំនេរក្បែរៗភូមិអ្នកស្រុក តែដោយកត្តាតម្រូវការខ្ពស់ អ្នកភូមិខ្លះត្រូវចំណាយពេលទៅកាប់រពាក់ពីតំបន់ឆ្ងាយយកមកប្រើប្រាស់។ បច្ចុប្បន្នមានករណីអ្នកស្រុកតំបន់អង្គរមួយភាគធំ ច្រើនតែឆ្លងទៅរករពាក់ដល់តំបន់ខ្លះនៃស្រុកប្រាសាទបាល័ង្ក ខេត្តកំពង់ធំ សម្រាប់យកទៅផ្គត់ផ្គង់ការត្បាញសម្ភារៈប្រើប្រាស់តម្រូវទីផ្សារ។ ចំពោះការងារបោចរពាក់នេះ ជាទូទៅគេច្រើនរកនៅខែប្រាំង ផុតពីការងារស្រែចម្ការ។ ជាធម្មតា គេតែងកាប់និងសម្អាតបន្លានៅនឹងគុម្ពរពាក់ឱ្យស្រេច ទើបគេចងជាបាច់តូចៗល្មមជញ្ជូនយកទៅផ្ទះ។ លុះដឹកជញ្ជូនដល់ផ្ទះហើយ គេត្រូវរក្សាទុកបាច់រពាក់ទាំងនោះនៅក្នុងម្លប់ ដើម្បីបង្ការកុំឱ្យរពាក់ស្ងួតពេក នាំឱ្យស្រួយមិនអាចប្រើបាន។
ចំពោះសម្ភារៈប្រើប្រាស់ទាំងឡាយ ដែលកើតពីការត្បាញ ឬក្រងរពាក់មានច្រើនបែបច្រើនសណ្ឋានណាស់ ពោលគឺអាស្រ័យលើគំនិតបញ្ញារបស់អ្នកត្បាញចេះច្នៃបង្កើតឡើង។ មិនតែប៉ុណ្ណោះ រពាក់ក៏ប្រើជាផ្នែកខ្លះនៃសង្ហារិមដែរ ជាពិសេសគេអាចប្រើរពាក់ផ្សំជាមួយផ្តៅ ឫស្សី ឬវល្លិថ្នឹងដូចជា កៅអី ឬសាឡុង។ លើសពីនេះក្នុងរយៈពេលចុងក្រោយ គេសង្កេតឃើញមានអង្គការខ្លះចុះប្រមូលផ្តុំអ្នកភូមិជាក្រុម ហើយបង្ហាត់បង្រៀនគំរូ ឬទម្រង់វត្ថុប្រើប្រាស់ថ្មីៗជាច្រើនទៀតដែលអាចត្បាញ ឬក្រងចេញពីរពាក់។ វត្ថុទាំងអស់នោះ គេដឹងថាខ្លះសម្រាប់លក់ដូរក្នុងស្រុក ហើយមួយចំនួនទៀតមានឈ្មួញដើរប្រមូលទិញនាំទៅលក់ក្រៅស្រុក។
ការប្រើប្រាស់វត្ថុផ្សេងៗត្បាញ ឬក្រងអំពីរពាក់ គេសង្កេតឃើញមានច្រើននៅតាមផ្ទះ ឬវត្តអារាមតាមតំបន់ស្រុកស្រែចម្ការ។ សម្ភារៈខ្លះ ជាវត្ថុដែលយើងសង្កេតឃើញអ្នកស្រុកប្រើប្រាស់តាំងពីដើមមកដូចជា កំប្រោង ត្រកដាក់ត្រី កញ្ច្រែងដាក់នំបញ្ចុក បង្គី ឬឈ្នាងជញ្ជាត់ត្រី (ខ្លះធ្វើពីឫស្សី) ជាដើម។ ប៉ុន្តែវត្ថុខ្លះទៀត កើតពីការសង្កេត រៀនសូត្រច្នៃបន្ថែមឱ្យកើតជារូបរាងប្លែកៗតម្រូវតាមទីផ្សារ និងការរីកចម្រើនសព្វថ្ងៃដូចជា ប្រអប់ក្រដាសជូតមាត់ បំពង់ដាក់ប៊ិច គម្របសម្រាប់គ្របម្ហូបអហារ កញ្ច្រែងដាក់ចាន ឬកន្រ្តកដាក់សម្លៀកបំពាក់។ ជាក់ស្តែង កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះរដ្ឋបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានច្នៃត្បាញធុងសំរាមអំពីរពាក់ ដែលជាផ្នែកមួយជួយដល់បរិស្ថាន និងការលើកតម្លៃសម្ភារៈហត្ថកម្មរបស់អ្នកស្រុក។ លើសពីនេះ គេសម្គាល់ឃើញវត្ថុត្បាញពីរពាក់មានតម្លៃសមរម្យ និងប្រើប្រាស់បានយូរ។
សង្ខេបសេចក្តីមក រពាក់ជារុក្ខជាតិមានប្រយោជន៍ច្រើនក្នុងសង្គមខ្មែរ ជាពិសេសនៅក្នុងការងារហត្ថកម្ម ត្បាញ ឬក្រងជាវត្ថុប្រើប្រាស់ផ្សេងៗ និងលក់ដូរទៅក្នុងទីផ្សារជិតឆ្ងាយនានា។ ប៉ុន្តែបច្ចុប្បន្ន ការថយចុះព្រៃរពាក់ជាមូលហេតុធំនៃការឈានទៅបាត់បង់ការផ្ទេរចំណេះដឹងហត្ថកម្មបែបប្រពៃណីនៅក្នុងគ្រួសារ និងសហគមន៍ ស្របនឹងកំណើននៃវត្ថុប្រើប្រាស់ជំនួសដែលផលិតពីជ័រ និងលោហៈ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត
[1] សូមអាន៖ ឆែម គាត រឹទ្ធី និ