ហ្វូណន គឺជាឈ្មោះរដ្ឋដែលគេស្គាល់ក្នុងកំណត់ត្រារបស់ឯកអគ្គរាជទូតចិន ដែលបានមកទស្សនាស្រុកខ្មែរក្នុងសតវត្សរ៍ទី៣ ដោយបានរៀបរាប់អំពីអារ្យធម៌ ស្តេច និងរឿងរ៉ាវផ្សេងៗ។ យោងតាមទិន្នន័យបុរាណវិទ្យានាពេលថ្មីៗនេះ គេជឿថា ហ្វូណន គឺជាទីក្រុងនយោបាយដ៏សំខាន់មួយ ដែលបានលេចចេញមុនពេលឥណ្ឌានីយកម្ម ហើយក្រោយមកបានក្លាយជារដ្ឋដំបូងគេនៅអាស៊ីអាគ្នេយ៍ដីគោក។ ហ្វូណនមានទីតាំងសំខាន់ៗចំនួនពីរ ដែលទីតាំងទាំងពីរហ៊ុមព័ទ្ធជុំវិញដោយកសិន្ធុ និងជញ្ជាំងឥដ្ឋ ក្នុងនោះមានក្រុងអង្គរបូរី (៣០០ ហិកតា) និងក្រុងកំពង់ផែអូរកែវ (៤៥០ ហិកតា)។ អូរកែវ គឺជាទីតាំងកំពង់ផែសមុទ្រដ៏សំខាន់មួយ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់អាចមើលឃើញពីអាស៊ីខាងត្បូង អាស៊ីកណ្តាល និងចក្រភពរ៉ូមបុរាណ។ ដូច្នេះហើយ ឥទ្ធិពលនៃសាសនាធំៗពីររបស់ប្រទេសឥណ្ឌា គឺព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ ប្រហែលជាបានចូលមកក្នុងសង្គមកម្ពុជាមុនគេ តាមរយៈផ្លូវសមុទ្រទៅកាន់អូរកែវ។ អ្នកប្រាជ្ញជាច្រើនពន្យល់ថា នៅចន្លោះចុងសតវត្សន៍ទី៦នៃគ.ស ហ្វូណនបានដួលរលំតាមរយៈវិបត្តិសេដ្ឋកិច្ចនៃពាណិជ្ជកម្មដែនសមុទ្រដោយសារតែការរកឃើញផ្លូវសមុទ្រថ្មីនៅស្រីវិជ័យ និងស៊ូម៉ាត្រា ហើយបានផ្លាស់ទៅមជ្ឈមណ្ឌលនយោបាយថ្មីមួយនៅភាគខាងជើង នៃប្រទេសដែលស្គាល់ដោយកំណត់ហេតុរបស់ចិនហៅឈ្មោះខ្មែរថា “ចេនឡា”។ ទោះជាយ៉ាងណាក៏ដោយ វាកាន់តែមានការណែនាំថា សាសនាទាំងពីរដែលទទួលឥទ្ធិពលពីឥណ្ឌាមិនធ្លាក់ចុះដូចហ្វូណននោះទេ។ អត្ថបទខ្លីនេះនឹងជជែកវែកញែកថា ហ្វូណនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឥទ្ធិពលព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅក្នុងសង្គមកម្ពុជា តាមរយៈការជ្រៀតចូលសាសនាទៅក្នុងសង្គមមនុស្សជនជាតិដើមរបស់ខ្មែរក្នុងទម្រង់នៃ “មូលដ្ឋានីយកម្ម” និងបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងសម័យបុរាណថែមទៀតផង។
ប្រវត្ដិវិទូជាច្រើនជឿថា ក្នុងសម័យដើម ផ្លូវពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអាស៊ីខាងត្បូង អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ បាននាំទំនិញពីអាស៊ីខាងត្បូង ចក្រភពរ៉ូម ចក្រភពសាសានៀន និងចិនចូលអាស៊ីអាគ្នេយ៍ដីគោក ហើយទំនិញពីអាស៊ីអាគ្នេយ៍ក៏បាននាំចេញទៅវិញតាមរយៈផ្លូវពាណិជ្ជកម្មនេះដែរ។ ដូច្នេះ ហ្វូណន ដែលមានទីតាំងនៅតំបន់ដីសណ្តទន្លេមេគង្គ ជាមួយនឹងកំពង់ផែសមុទ្រអូរកែវ ជាមជ្ឈមណ្ឌលសំខាន់ និងតំបន់ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដីគោក ហាក់ដូចជាបានភ្ជាប់ជាមួយអាស៊ីខាងត្បូង ទាំងផ្នែកពាណិជ្ជកម្ម និងមនោគមវិជ្ជា។ ជាក់ស្តែង នៅចន្លោះឆ្នាំ ១៩៥៩ និង ១៩៦៣ លោក Malleret បានធ្វើកំណាយផ្នែកបុរាណវិទ្យា ដោយបានរកឃើញភស្តុតាងនៃការផលិតសិប្បកម្ម និងទំនិញដែលនាំចូលពីអាស៊ីខាងត្បូង ព្រមទាំងកាក់មួយចំនួនដែលផលិតនៅចក្រភពរ៉ូម៉ាំង និងសាសានៀនថែមទៀតផង។ ព័ត៌មាននេះបង្ហាញពីទំនាក់ទំនងរវាងអូរកែវ និងឈ្មួញខាងក្រៅតាមផ្លូវសមុទ្រ។ ដោយសារអូរកែវជាកំពង់ផែសមុទ្ររបស់ ហ្វូណន អ្នកប្រាជ្ញខ្លះបានលើកឡើងថា ហ្វូណនគឺជារដ្ឋនយោបាយដែនសមុទ្រស្រដៀងនឹងក្រុងស្រីវិជ័យដែរ។
គួរកត់សម្គាល់ថា ហ្វូណនបានពង្រីកគោលនយោបាយផ្លូវទឹករបស់ភ្ជាប់ទៅទីតាំងដែល សំខាន់ៗជុំវិញកំពង់ផែ ជាពិសេស គឺយើងមានប្រឡាយប្រវែង ៧០ គីឡូម៉ែត្រ តភ្ជាប់ពីអូរកែវទៅអង្គរបូរី។ ប្រព័ន្ធប្រឡាយជាច្រើននៅអង្គរបូរី និងអូរកែវ ត្រូវបានគេជឿថា អាចជីកឡើងមុនពេលសញ្ញាដំបូងនៃ «ឥណ្ឌានីយកម្ម» បានលេចឡើង។ តាមរយៈប្រព័ន្ធទឹកនេះ វាអាចជាផ្នែកមួយដែលអាចមើលឃើញនៃការផ្លាស់ប្តូរទំនិញក្នុងស្រុក និងទំនាក់ទំនងមនុស្សពីតំបន់សំខាន់ៗនៃហ្វូណនទៅកាន់តំបន់ជាច្រើនទៀត។ ជាឧទាហរណ៍ យោងតាមលោកស្រី Carter ពន្យល់ថា អង្កាំថ្មដែលប្រើនៅតំបន់ដីសណ្តទន្លេមេគង្គ ក៏មានប្រើប្រាស់នៅភាគពាយព្យប្រទេសកម្ពុជា និងភាគឦសានប្រទេសថៃដែរ។ លោកស្រី Stark និងលោក Manguin បានពន្យល់ថា ហ្វូណន មិនមែនជាការតម្រង់ទិសដែនសមុទ្រយ៉ាងតឹងរឹង ឬបង្កើតឡើងពីខាងក្រៅនោះទេ ហើយវាមិនមែនជារដ្ឋឯករាជ្យដូចឯកសារចិនបានអះអាងនោះទេ។
គេដឹងថា ហ្វូណន គឺជារដ្ឋដែលជាប់ទាក់ទងជាមួយប្រទេសចិន ដូចដែលបានបង្ហាញដោយកំណត់ត្រាចិននៅសតវត្សទី៣ និងទី៦។ ប៉ុន្តែភស្តុតាងផ្នែកបុរាណវិទ្យាអំពីទំនាក់ទំនងរវាងហ្វូណន និងរាជវង្សវូនៃប្រទេសចិនមានកម្រិតតិចតួចនៅឡើយ។ ជាឧទាហរណ៍ ទំនិញរបស់ចិន ដូចជាសូត្រ ដែលគេអះអាងថាលក់ដូរនៅហ្វូណន ពុំមាននៅសល់ដានទុកសម្រាប់ការសិក្សាឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការកំណាយតាមបែបបុរាណវិទ្យារបស់លោក Malleret (១៩៥៣-១៩៦៣) បានរកឃើញកញ្ចក់ឆ្លុះមុខ និងរូបបដិមាព្រះពុទ្ធតូចៗចំនួនពីរសាងនៅសតវត្សរ៍ទី៦ នៃគ.ស. នាំចូលមកពីរាជវង្សហានរបស់ចិន ដែលទាំងនេះក៏សុទ្ធតែជាភស្តុតាងបង្ហាញពីទំនាក់ទំនងរវាងចិន និងហ្វូណនដែរ។
លោក Coedès ស្នើថា ហ្វូណន គឺជារដ្ឋឥណ្ឌាដំបូងគេនៅអាស៊ីអាគ្នេយ៍ ហើយការមកដល់ របស់ជនជាតិឥណ្ឌាចូលទៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ គឺដោយសារហេតុផលសំខាន់ៗចំនួនបី រួមមាន ការចូលមកតាមរយៈសង្គ្រាមនាំឱ្យជនភៀសខ្លួនពីឥណ្ឌាចូលអាស៊ីអាគ្នេយ៍ ការចូលមកតាមរយៈការធ្វើពាណិជ្ជកម្ម និងការចូលមកតាមរយៈការងារផ្សព្វផ្សាយសាសនា។ លោក Vickery មិនគាំទ្រគំនិតនេះឡើយ ដោយលោកជឿថា គ្មានឥស្សរជនឥណ្ឌាណាមួយមកអាស៊ីអាគ្នេយ៍នោះទេ មានតែមនុស្សនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះដែលបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាផ្ទាល់ ហើយនាំយកមកវិញនូវបរិបទវប្បធម៌ឥណ្ឌាត្រឡប់មកផ្សព្វផ្សាយ និងអនុវត្តនៅក្នុងសង្គមអាស៊ីអាគ្នេយ៍វិញ។ ក្នុងករណីនេះ បើតាមគំនិតរបស់លោក Vickery គឺថាឥទ្ធិពលនៃការលេចចេញព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាក្នុងសង្គមអាស៊ីអាគ្នេយ៍ រួមទាំងហ្វូណនផងដែរនោះ គឺទំនងបានកើតឡើងដោយសារតែឯកអគ្គរាជទូតរបស់ហ្វូណនបានទៅកាន់ប្រទេសឥណ្ឌា ដើម្បីសិក្សាអំពីសាសនាទាំងនោះនៅប្រទេសឥណ្ឌា ហើយនាំយកមកអនុវត្ត ឬគោរពបូជាផ្ទាល់នៅក្នុងសង្គមកម្ពុជាវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ លោក Higham លើកឡើងថា សិប្បករ ពាណិជ្ជករ ព្រះសង្ឃ និងព្រាហ្មណ៍នៅអាស៊ីខាងត្បូងបានធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍ក្រោមឥទ្ធិពលនៃខ្យល់មូសុង ហើយនៅពេលដែលពួកគេបានមកដល់អាស៊ីអាគ្នេយ៍ ពួកគេត្រូវរង់ចាំមួយខែយ៉ាងយូររហូតដល់របបខ្យល់មូសុងបានផ្លាស់ប្តូរ។ ជាឧទាហរណ៍ នៅស្ថានីយ Khao Sam Kaeo ក្នុងតំបន់ឧបទ្វីបថៃ-ម៉ាឡេ គេបានរកឃើញភស្តុតាងបុរាណវិទ្យាជាច្រើនដែលបញ្ជាក់ថា មនុស្សមកពីអាស៊ីខាងត្បូង ទំនងជាចតសំពៅនៅរង់ចាំដល់របបខ្យល់មូសុងផ្លាស់ប្តូរទើបបន្តដំណើរទៅមុខទៀត ដោយមានន័យថា Khao Sam Kaeo គឺជាកំពង់ផែមួយអាចឱ្យមនុស្សទាំងនោះចតសំពៅរស់នៅឬជួញដូរជាមួយមនុស្សនៅក្នុងតំបន់បាន។ បើដូច្នេះមែន វាអាចមានលទ្ធភាពក្នុងការអះអាងថា ការអនុម័តគោលគំនិតរាជាធិបតេយ្យ និងសាសនារបស់ប្រទេសឥណ្ឌាមានសារៈសំខាន់សម្រាប់ការបង្រួបបង្រួមអំណាចនៅអាស៊ីអាគ្នេយ៍ ដោយសារពួកឥស្សរជននៅតំបន់អាស៊ីអាគ្នេយ៍បានទទួលយកភាពអស្ចារ្យរបស់ប្រទេសឥណ្ឌា ជាពិសេសទិដ្ឋភាពនិងវប្បធម៌ព្រហ្មញ្ញសាសនា។
ឥទ្ធិពលរបស់ឥណ្ឌាមកលើសង្គមកម្ពុជា គេអាចមើលឃើញតាមវិធីឬរបត់ជាច្រើនទៀត។ ជាក់ស្តែង ការងារស្រាវជ្រាវរបស់លោក Malleret បានឱ្យដឹងថា លោកបានរកឃើញស្ថានីយបុរាណវិទ្យាចំនួន ៣០០ (ភាគច្រើនជាស្ថានីយមានសំណង់ឥដ្ឋនៅសម័យបុរាណ) (រូបលេខ១) និងវត្ថុបុរាណប្រមាណ ១៣០០ វត្ថុ។ ក្នុងអំឡុងពេលធ្វើកំណាយបុរាណវិទ្យា អ្នកស្រាវជ្រាវរូបនេះ ក៏បានរកឃើញព្រះពុទ្ធបដិមាឈើចំនួនបួនអង្គ ដែលបដិមាមួយរកឃើញនៅ Go Thap មួយអង្គទៀតរកឃើញនៅ Phong Ny និងរូបសំណាកពីរផ្សេងទៀតនៅ Binh Hoa។ ក្នុងនោះ ក៏មានវត្ថុសិល្បៈមួយចំនួនដែលនាំចូលមកពីប្រទេសឥណ្ឌា មានអាយុកាលតាំងពីសតវត្សរ៍ទី៤ ថែមទៀតផង។ ការសិក្សានៅពេលបន្ទាប់ទៀត ដោយ Canh and Khoo បង្ហាញថា ព្រះពុទ្ធរូបធ្វើអំពីឈើជាច្រើនទៀតដែលបានរកឃើញនៅអូរកែវ មានកាលបរិច្ឆេទចន្លោះពីឆ្នាំ ២០០ ដល់ ៣០០ នៃគ.ស. (រូបលេខ២)។ ឧទាហរណ៍ទាំងនេះបង្ហាញឱ្យឃើញថា ទស្សនៈ និងវប្បធម៌ឥណ្ឌាជាច្រើន មានការអនុវត្តន៍នៅក្នុងប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្ត្រខ្មែរ នាដើមសម័យហ្វូណន ហើយវាក៏អាចនិយាយបានថា ការផុសឡើងនៃពុទ្ធសាសនាបានចាប់ផ្ដើមឡើងនៅក្នុងសង្គមខ្មែរនៅសម័យហ្វូណន បើទោះបីជាព្រះពុទ្ធបដិមាឈើទាំងនេះនាំចូលមកពីប្រទេសឥណ្ឌា និងមិនមែនជាវត្ថុដែលផលិតនៅក្នុងស្រុកក៏ដោយ។
លើសពីនេះ វត្ថុសិល្បៈ សិលាចារឹក និងភស្តុតាងផ្នែកបុរាណវិទ្យាមួយចំនួន ផ្តល់ភស្តុតាងយ៉ាងមុតមាំថា ព្រហ្មញ្ញសាសនាបានលេចឡើងក្នុងសង្គមខ្មែរក្នុងសម័យហ្វូណន នៅចុងសតវត្សរ៍ទី៥ ឬដើមសតវត្សរ៍ទី៦។ គួរកត់សម្គាល់ថា ប្រភពពីឯកសារចិនដែលកត់ត្រាអំពីរឿងរ៉ាវរបស់ហ្វូណន គឺស្ថិតនៅរវាងសតវត្សរ៍ទី៣ ប៉ុន្តែសិលាចារឹកក្នុងស្រុកដែលសរសេរជាភាសាសំស្រ្កឹត ទើបតែលេចចេញជាលើកដំបូងនៅចន្លោះសតវត្សរ៍ទី៥តែប៉ុណ្ណោះ (សិលាចារឹកវត្តលួងកៅ ក្បែរវត្តភូ ខេត្តចំប៉ាសាក់ ប្រទេសលាវ) ហើយសិលាចារឹកសរសេរជាភាសាខ្មែរដំបូងគេក៏ទើបលេចចេញដំបូងនៅគ.ស.៦១១ដែរ (សិលាចារឹកវត្តគំនូរ ស្រុកអង្គរបុរី ខេត្តតាកែវ)។ ក្នុងពេលដំណាលគ្នាជាមួយការលេចចេញនូវសិលាចារឹកនោះ រូបបដិមាបែបឥណ្ឌា ក៏បង្ហាញខ្លួនជាលើកដំបូងនៅក្នុងសិល្បៈខ្មែរផងដែរ ដូចដែលបានឃើញនៅស្រុកអង្គរបុរី (ភ្នំដា) ខេត្តតាកែវ ដែលរួមមានទាំងបដិមាព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា (រូបលេខ៣-៤)។ លើសពីនេះទៅទៀត គេដឹងថាភស្ដុតាងព្រហ្មញ្ញសាសនាសម័យដើមនៅភាគខាងត្បូង ប្រទេសកម្ពុជា គេនិយមលើនិកាយវៃស្នវ (Vaishnava) (និកាយព្រះវិស្ណុ) ហើយបន្តិចក្រោយមកបន្ទាប់ពីរដ្ឋបាលមជ្ឈឹមបានផ្លាស់ប្តូរទៅកាន់ភាគខាងជើងប្រទេសកម្ពុជា មេដឹកនាំ និងឥស្សរជនសំខាន់ៗបានប្តូរទៅនិយមនិកាយសៃវ (Shaivite) (និកាយព្រះឥសូរ) និងហរិហរ វិញម្តង (រូបលេខ៥)។ ក្នុងពេលជាមួយគ្នានោះដែរ នៅរវាងដើមសតវត្សរ៍ទី៧ និកាយ Paśupata ក៏បានចាប់ផ្តើមសាយភាយចូលទៅក្នុងសង្គមខ្មែរ ហើយបានវិវត្តទៅជានិកាយមួយនៃព្រហ្មញ្ញសាសនាដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសង្គមកម្ពុជាក្នុងសម័យក្រោយៗថែមទៀតផង (សម័យអង្គរ ស.វ.ទី៩ ដល់ទី១៤)។ ដូច្នេះហើយ ព័ត៌មាននេះបង្ហាញថា ការរីករាលដាល ឬការសាយភាយនៃឥទ្ធិពលសាសនាធំៗទាំងពីរចូលទៅក្នុងសង្គមខ្មែរ គឺផ្តើមចេញពីតួនាទីរបស់ហ្វូណនដោយមិនប្រកែកបានឡើយ។
ការលេចចេញរូបបដិមាព្រះវិស្ណុដំបូងក្នុងប្រទេសកម្ពុជា មិនមែនជារឿងចម្លែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ ព្រោះតំបន់ផ្សេងទៀតក៏គេបានរកឃើញច្រើនដែរក្នុងពេលជាមួយគ្នា។ ឧទាហរណ៍ បដិមាព្រះវិស្ណុមានព្រះហស្តបួន បានរកឃើញនៅតំបន់ឧបទ្វីបថៃ-ម៉ាឡេ និងតំបន់ផ្សេងទៀតដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៥ ដល់ទី៨ នៃគ.ស.។ ដោយសារព្រះវិស្ណុ ជាអាទិទេពព្រហ្មញ្ញសាសនា ដែលមានតួនាទីគ្រប់គ្រង និងថែរក្សាការពារលោក អ្នកស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា ការលេចចេញជារូបរាងដំបូងរបស់អាទិទេពនេះក្នុងសង្គមកម្ពុជា ប្រហែលជាដោយសារស្តេចកម្ពុជាបានប្រដូចកិត្តិនាមរបស់ខ្លួនឱ្យដូចទៅនឹងព្រះនៅស្ថានសួគ៌ដែរ ដែលដើរតួនាទីដ៏សំខាន់ក្នុងការគ្រប់គ្រងប្រទេស និងប្រជារាស្រ្តរបស់ទ្រង់។ ជាទូទៅ សាសនាឥណ្ឌាបានចូលមកក្នុងសង្គមកម្ពុជា គឺជាការទទួលយកដោយមិនបង្ខិតបង្ខំអ្វីឡើយ ដែលមានន័យថា សាសនាទាំងនោះបានសម្របខ្លួនបានយ៉ាងល្អប្រសើរ តាមរយៈការធ្វើមូលដ្ឋាននីយកម្មជាមួយនឹងវប្បធម៌ជនជាតិដើមតាមវិធីផ្សេងៗ។ ឧទាហរណ៍ជាក់ស្តែង ឥស្សរជនខ្មែរដ៏លេចធ្លោបានសាងសង់ប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដោយមានចារទាំងសិលាចារឹកខ្មែរ និងសំស្រ្កឹតបង្ហាញអំពីភក្តីភាពនៃការគោរពបូជារបស់ពួកគេ (Bhakti) ចំពោះព្រះអាទិទេពនៃសាសនាធំៗទាំងពីរ។ វាអាចសន្និដ្ឋានបានថា ការចារសិលាចារឹកជាពីរភាសានេះ គឺជាការរួមបញ្ចូលគ្នានៃអារ្យធម៌កម្ពុជា (ភាសាខ្មែរ) និងអារ្យធម៌ឥណ្ឌា (ភាសាសំស្ក្រឹត)។ ការគោរពសាសនាឥណ្ឌាក្នុងសង្គមខ្មែរនេះ មិនត្រឹមតែមានអ្នកមានអំណាចក្នុងសង្គម និងមនុស្សសំខាន់ៗប៉ុណ្ណោះទេ សូម្បីតែមនុស្សធម្មតាក៏គោរពបូជាដូចគ្នាដែរ។ ឧទាហរណ៍ ភស្តុតាងសិលាចារឹកនៅសតវត្សរ៍ទី៧ បានបង្ហាញថា មនុស្សដែលមានវណ្ណៈទាបនៅក្នុងសង្គម ដូចជា កសិករ អ្នកបម្រើតាមប្រាសាទ បានថ្វាយយញ្ញបូជាដល់អាទិទេពនៅក្នុងប្រាសាទជាច្រើនកន្លែង។ ឧទាហរណ៍ស្រដៀងគ្នានេះដែរ បើយោងតាមទិន្នន័យបុរាណវិទ្យាពីតំបន់ដីសណ្តទន្លេមេគង្គ បានរកឃើញថា ការថ្វាយមាសក្នុងបរិមាណតិចតួចដល់ព្រះនៅក្នុងនិកាយវៃស្ណវ (Vaishnava) អាចបង្ហាញថាសាសនាក៏ជាកិច្ចការសាធារណៈ និងសមូហភាពផងដែរ។
ដោយឡែក ចំពោះភស្តុតាងនៃស្ថាបត្យកម្មសាសនាក្នុងសម័យហ្វូណន គេសង្កេតឃើញថា សិល្បៈនៃការលុងភ្នំដែលមានរកឃើញនៅភ្នំដា ស្រុកអង្គរបុរី គឺជាស្ថាបត្យកម្មដ៏ពិសេសបំផុត និងដើមដំបូងនៃសិល្បៈខ្មែរផងដែរ។ ទីសក្ការលុងភ្នំទាំងនេះ បានតម្កល់នូវរូបបដិមាជាច្រើននៅក្នុងនិកាយវៃស្ណវ (Vaishnava) ដូចជា បដិមាព្រះក្រឹស្ណ ព្រះពលរាម ព្រះបរសុរាម និងព្រះរាម។ ចំណែកឯ ភស្តុតាងជាប្រាសាទបុរាណនៅសម័យហ្វូណនឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ពុំមាននៅសល់រូបរាងទៀតឡើយ ដោយសារប្រាសាទទាំងអស់បានបាក់រលំអស់ទៅហើយ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រាសាទធ្វើអំពីថ្មបាសាល់មួយ មានឈ្មោះថា “ប្រាសាទអាស្រមមហាឥសី” ដែលសាងសង់ឡើងនៅជើងភ្នំដា (រូបលេខ៧) ទំនងជាស្ថាបត្យកម្មប្រាសាទដែលអាចសាងសង់ឡើងនៅចុងសម័យហ្វូណន។ លើសពីនេះទៅទៀត នៅភ្នំដាដដែល នៅលើកំពូលភ្នំ មានប្រាសាទមួយធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀម សាងសង់ក្នុងសតវត្សរ៍ទី១១ ប៉ុន្តែប្រាសាទបានសាងសង់លើគ្រឹះប្រាសាទចាស់ក្នុងសម័យហ្វូណន (រូបលេខ៨)។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គេបានរកឃើញសិលាចារឹកសម័យអង្គរនៅប្រាសាទនេះ តែខ្លឹមសារបានរៀបរាប់រំឭកអំពីព្រះបាទរុទ្រវរ្ម័ន ដែលជាស្តេចចុងក្រោយនៃសម័យហ្វូណន បានសង់រូបសំណាកព្រះវិស្ណុជាច្រើន តម្កល់នៅទីសក្ការបូជានៅភ្នំដានេះ។ តាមសិលាចារឹកនេះបញ្ជាក់ថា ព្រះរាជានៅសម័យហ្វូណន ទ្រង់មានភក្តីភាពក្នុងការគោរពសក្ការដល់ព្រះវិស្ណុដែលជាអាទិទេពសំខាន់ក្នុងសាសនាព្រាហ្មណ៍។ ម្យ៉ាងវិញទៀត យើងក៏អាចលើកឡើងថាព្រះរាជាសម័យហ្វូណនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឥទ្ធិពលព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា ហើយវាពិតជាមិនអាចប្រកែកបានថា ហ្វូណនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានៅសម័យបុរាណនៃប្រទេសកម្ពុជា។
ការសន្និដ្ឋានជារួមមក ទោះបីជានយោបាយហ្វូណនបានធ្លាក់ចុះដោយសារវិបត្តិផ្សេងៗ ហើយអូរកែវជាកំពង់ផែសមុទ្រដ៏សំខាន់ហាក់ដូចជាបានបោះបង់ចោលក៏ដោយ ក៏មានភស្តុតាងជាច្រើននៅតែអាចអះអាងថា អារ្យធម៌ហ្វូណននៅតែដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឥទ្ធិពលព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាកាលពីសម័យដំបូង។ វាមានតឹកតាងបញ្ជាក់យ៉ាងច្បាស់ណាស់ថា រាជធានីបានផ្លាស់ប្តូរពីភាគខាងត្បូងទៅភាគកណ្តាល និងខាងជើងនៃប្រទេសកម្ពុជាក្បែរនឹងបឹងទន្លេសាបពិតប្រាកដមែន ប៉ុន្តែព្រហ្មញ្ញសាសនា ដែលជាកេរ្តិ៍ដំណែលវប្បធម៌របស់ហ្វូណនបានក្លាយជាសាសនាសំខាន់របស់រដ្ឋ បើទោះបីជាមានការផ្លាស់ប្ដូរពីនិកាយវៃស្ណវទៅជានិកាយសៃវក៏ដោយ។ ម្យ៉ាងវិញទៀត យើងអាចនិយាយបានថា បើគ្មានក្រុងអូរកែវ ដែលជាទីក្រុងពាណិជ្ជកម្មដែនសមុទ្រដ៏សំខាន់របស់ហ្វូណននោះទេ នោះក៏នឹងគ្មានទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាដែរ ហើយក៏គ្មានសាសនាណាមួយអាចហូរចូលមកក្នុងប្រទេសកម្ពុជាបានដោយគ្មានទំនាក់ទំនងតាមរយៈផ្លូវសមុទ្ររបស់ហ្វូណនដែរ។ ដូចគ្នានេះដែរ គោលនយោបាយរបស់អាណាចក្រហ្វូណនក្នុងការពង្រីកប្រព័ន្ធប្រឡាយសម្រាប់ការធ្វើដំណើរពិតជាបាននាំមកនូវការរីករាលដាលនៃគំនិត និងមនោគមវិជ្ជាពីខាងក្រៅមកក្នុងសង្គមកម្ពុជា ដែលលំហូរចូលនេះធ្វើឡើងតាមរបៀបមូលដ្ឋានីយកម្ម ពោល គឺមិនមានការប្រឆាំងទៅនឹងជំនឿជនជាតិដើម។ ការសិក្សាអំពីឫសគល់ និងការផ្សព្វផ្សាយសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនានាពេលអនាគត នឹងអាចយល់កាន់តែច្បាស់អំពីដំណើរការនេះ៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី