វត្តជ្រោយតាកែវ ឬវត្តព្រះស៊ីសុវត្ថិរតនារាម គឺជាអារាមហ្លួងដែលបានកសាងឡើងនៅប្របដងទន្លេបាសាក់ ស្ថិតនៅក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ គេកត់ចំណាំថា វត្តនេះទទួលការទំនុកបម្រុងកសាងឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ “ព្រះរាជានុកោដ្ឋ” តាំងពីពុទ្ធសករាជ២៤៣៩ ត្រូវនឹងគ្រិស្តសករាជ១៨៩៥។ រីឯព្រះវិហារ កសាងឡើងក្នុងពុទ្ធសករាជ២៤៤៩ ពោលគឺត្រូវនឹងគ្រិស្តសករាជ១៩០៥។ អ្នកសិក្សាភាគច្រើនយល់ថា គំនូរក្នុងព្រះវិហារបុរាណនេះមានលក្ខណៈប្រហាក់ប្រហែលនឹងគំនូរនៅវត្តកំពង់ត្រឡាចលើ(កំពង់ឆ្នាំង) ហើយជាគំនូរបុរាណចាស់ជាងគេនៅកម្ពុជា។ ប៉ុន្តែនៅក្នុងសម័យសង្រ្គាម ព្រះវិហារខាងលើក៏រងការបំផ្លិចបំផ្លាញយ៉ាងច្រើន រហូតដល់រវាងពាក់កណ្តាលទសវត្សរ៍ទី៨០ និង៩០ ទើបពុទ្ធបរិស័ទជិតឆ្ងាយមូលមាត់គ្នាជួសជុលឡើងវិញ។
ជាការពិត វត្តជ្រោយតាកែវគឺជាអារាមហ្លួងស្ថាបនាឡើងតាំងពីចុងសតវត្សរ៍ទី១៩ លើផ្ទៃដីទទឹង១៦០ម៉ែត្រ បណ្តោយ៤០០ម៉ែត្រ ព្រមទាំងប្រកបដោយការរៀបចំប្លង់ទូទៅនិងក្បាច់រចនាលម្អលើផ្នែកផ្សេងៗនៃសំណង់យ៉ាងល្អវិចិត្រ។ ទន្ទឹមនឹងនេះ បើផ្អែកតាមរូបថតឯកសារថតឆ្នាំ១៩២៩ គេឃើញព្រះវិហារសង់នៅលើខឿនពីរថ្នាក់ ហើយនៅតាមជណ្តើរឡើងមានចម្លាក់តោមួយគូ និងយក្សឈរអមផង។ រីឯនៅក្បែរព្រះវិហារត្រង់ជ្រុងពាយ័ព្យ មានរោងជួងមួយដែលសល់ដល់សព្វថ្ងៃ ហើយមានលក្ខណៈដូចគ្នានឹងរោងជួងក្នុងវត្តឧបោសថរតនារាមក្នុងព្រះបរមរាជវាំងដែរ។ ស្ថិតនៅខាងក្រោយឆ្ងាយពីព្រះវិហារ ពោលគឺនៅជាប់នឹងមាត់ច្រាំងទន្លេ គេឃើញមានសាលាសំណាក់មួយតូចច្រឡឹងសង់អំពីឈើ។
ដោយឡែក ចំពោះទម្រង់ស្ថាបត្យកម្មព្រះវិហារវត្តជ្រោយតាកែវ គឺជាទម្រង់ព្រះវិហារមួយបែបដែលអ្នកស្រាវជ្រាវហៅថា “ព្រះវិហារជហ្វា៤” ឬ “ព្រះវិហារបុរាណ”។ បើផ្អែកតាមកាលបរិច្ឆេទខាងលើ ព្រះវិហារនេះកសាងឡើងក្រោយកកើតជាវត្តបាន១០ឆ្នាំ ហើយគិតមកដល់សព្វថ្ងៃ គឺមានអាយុកាល១១៨ឆ្នាំ។ ប៉ុន្តែយ៉ាងណាក្តីគេមើលឃើញថារហូតមកដល់បច្ចុប្បន្ន ព្រះវិហារបុរាណវត្តជ្រោយតាកែវ នៅតែរក្សាទម្រង់ទូទៅបានល្អគួរឱ្យកត់សម្គាល់។ នៅអមជណ្តើរឡើងទាំងបួនទិសត្រង់ខឿនខាងក្រោម មានចម្លាក់តោនិងយក្សអមដូចគ្នាទាំងអស់(រូបលេខ៥) ហើយថែមទាំងមានរបងព័ទ្ធជុំវិញផង។ ចំណែកឯនៅខឿនខាងលើ គេសាងឡើងឱ្យមានជណ្តើរតែផ្នែកខាងកើតនិងខាងលិចតែប៉ុណ្ណោះ ដោយខាងកើតមានទ្វារពីរ ខាងលិចមានទ្វារពីរ។
ព្រះវិហារវត្តជ្រោយតាកែវ សង់ឡើងអំពីឥដ្ឋបូកកំបោរបាយអ និងមានសសរខាងក្នុងជាឈើ ព្រមទាំងគ្រឿងបង្គុំខាងលើជាឈើដែរ។ ព្រះវិហារនេះមានទទឹង៣ល្វែង មានសសរបេតុងមូលធំៗជុំវិញបាំងសាច។ នៅតាមក្បាលសសរទាំងអស់នោះ គេឃើញមានរូបគ្រុឌទ្ររងស្បូវ ដែលទំនងជាទើបនឹងប្តូរក្នុងពេលជួសជុលព្រះវិហារ ដ្បិតបើពិនិត្យលើរូបថតឯកសារឆ្នាំ១៩២៩ គឺមានរូបអៃរ៉ាតាមក្បាលសសរកណ្តាល ហើយគ្រុឌនៅតាមសសរចែង។ ប៉ុន្តែចំពោះក្បាច់រងស្បូវ គឺជាក្បាច់កញ្ចាំង ឆ្លាក់ពីឈើរំលេចពណ៌ទឹកមាស ដែលគេយល់ថាជាក្បាច់លម្អដើមរបស់ព្រះវិហារខាងលើ។
ដំបូលព្រះវិហារ ជាដំបូលប្រក់ក្បឿងរលោង ជ្រាលចុះសងខាងបីថ្នាក់តាមលំនាំជាព្រះវិហារជហ្វា៤។ តាមចុងចែងដំបូលនីមួយៗលម្អដោយនាគចែងទាំងអស់។ ចំណែកឯក្បាច់លម្អតាមហោជាងទាំងពីរ គឺជាប្រភេទក្បាច់ភ្ញីទេសលាបពណ៌មាស ឆ្លាក់យ៉ាងរស់រវើកព័ទ្ធជុំវិញរូបព្រះរាជសង្ហារនៅចំកណ្តាលនៅលើឈើបន្ទះក្តារបញ្ឈរ។ នៅត្រង់គល់ហោជាង ជាក្បាច់កញ្ចាំងដូចក្បាច់លើរងស្បូវដែរ។ បើមើលហួសដល់រចនាសម្ព័ន្ធនិងការលម្អផ្នែកខាងក្រៅនៃជញ្ជាំងវិញ គេឃើញនៅតាមស៊ុមទ្វារនិងបង្អួចនីមួយៗ សុទ្ធតែលម្អដោយក្បាច់ភ្ញីទេស ហើយនៅត្រង់ចំណុចកណ្តាលនៃក្បាច់ស៊ុមទ្វារ គឺជារូបស្វេតឆត្រ និងមកុដតម្កល់លើជើងពាន ក្នុងរង្វង់កម្រងស្លឹកឈើ ហើយគេឃើញមានចារឹកព្យញ្ជនៈ “ស” នៅខាងក្រោមនោះផង។
នៅផ្នែកខាងក្នុងព្រះវិហារ គេសង់ចែកជា៣ល្វែង គឺល្វែងគ្រឹះនៅកណ្តាល អមដោយរបៀងសងខាង ហើយមានសសរឈើមូលធំៗពីរជួរ ទ្រពិតានឈើ និងគ្រឿងបង្គុំខាងលើ។ បើមើលតាមរូបថតឯកសារឆ្នាំ១៩២៩ ព្រះបដិមាព្រះជីវ៍ធំក្នុងព្រះវិហារនេះតម្កល់លើបល្ល័ង្កខ្ពស់មួយស្ថិតនៅចុងខាងលិចល្វែងគ្រឹះ។ ប៉ុន្តែក្នុងសម័យសង្រ្គាមព្រះជីវ៍ធំនេះរងការបំផ្លិចបំផ្លាញ ហើយចូលដល់ឆ្នាំ១៩៨៥ ទើបពុទ្ធបរិស័ទជិតឆ្ងាយកសាងបល្ល័ង្កថ្មី និងតម្កល់ព្រះជីវ៍ថ្មីពណ៌ទឹកមាស សម្រាប់គោរពបូជាដូចឃើញមកដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះ បើគេសង្កេតមើលជើងសសរខាងក្នុងព្រះវិហារសព្វថ្ងៃ គេឃើញមានការជួសជុលកែលម្អដោយប្រើបំពង់ទីបជ័រការពារការពុកផុយជើងសសរ។
ចំណែកឯគំនូរខាងក្នុងព្រះវិហារ គេចាត់ទុកជាប្រភេទគំនូរបុរាណ ដែលគូរសាច់រឿងក្នុងទសជាតក និងពុទ្ធប្រវត្តិ។ សាច់រឿងផ្តើមចេញពីជញ្ជាំងផ្នែកខាងកើតជ្រុងខាងត្បូង បន្តមកជញ្ជាំងខាងត្បូងព័ទ្ធទៅខាងលិច និងខាងជើង រហូតទៅបញ្ចប់នៅលើជញ្ជាំងខាងកើតដែរ។ នៅតាមជើងជញ្ជាំងជុំវិញ គេគូរជារូបទេវតា យក្ស ឥសី… កាន់ផ្កាឈូកអង្គុយប្រណម្យនៅចន្លោះផ្លិតចាមរ។ នៅចុងជញ្ជាំងខាងលើ ត្រង់ចំណុចហប់ខ្យល់ក៏ឃើញគូរតួអង្គដូចគ្នានឹងជើងជញ្ជាំងដែរ។ រីឯនៅតាមសន្លឹកទ្វារនិងបង្អួចផ្នែកខាងក្នុង គេគូរលម្អជារូបតួអង្គផ្សេងៗក្នុងរឿងរាមកេរ្តិ៍(?)។ តាមការសិក្សារបស់ Daniel Guéret និង Dominique-Pierre Guéret បានឱ្យដឹងថាផ្ទាំងគំនូរក្នុងព្រះវិហារវត្តជ្រោយតាកែវ គឺជាគំនូរចាស់ជាងគេ ហើយជួសជុលក្នុងឆ្នាំ១៩៩០ ដោយប្រើថ្នាំប្រេង ដែលគេយល់ថាជួសជុលមិនសូវបានល្អ បាត់តួអង្គមួយចំនួន ខ្វះខាតចំណុចលម្អិតលើសម្លៀកបំពាក់ និងលក្ខណៈពិសេសលើគំនូរមួយចំនួនទៀត។ មិនតែប៉ុណ្ណោះនៅត្រង់ផ្ទាំងគំនូរជួសជុលក្រោយ គេសង្កេតឃើញវិចិត្រករប្រើពណ៌ស្រស់ឆើតខ្លាំងជាងគំនូរដើម។ លក្ខណៈនេះ ហាក់ឆ្លងមកពីរបៀបគំនូរទំនើប ឬគំនូរសម័យ ដែលពេញនិយមចាប់ពីរវាងទសវត្សរ៍ទី៤០។ សូមបញ្ជាក់ថា គេពុំដឹងថាគំនូរដើមក្នុងព្រះវិហារនេះគូរដោយវិចិត្រករណាឡើយ តែការជួសជុលឡើងវិញ គឺជាស្នាដៃរបស់លោកតា ប៊ូ ម៉េង ដែលលោកធ្លាប់បង្រៀនគំនូរនៅសាលារចនា។
សង្ខេបសេចក្តីមក ព្រះវិហារវត្តជ្រោយតាកែវ គឺជាព្រះវិហារដែលស្ថាបនាឡើងដោយព្រះរាជទ្រព្យព្រះមហាក្សត្រ និងជាព្រះវិហារបុរាណមានអាយុកាលជាងសតវត្សរ៍មកហើយ។ ការរៀបចំនិងក្បួនខ្នាតសំណង់ គឺមានលក្ខណៈសមសួនជារបៀបព្រះវិហារជហ្វា៤ ដែលពុំធំខ្ពស់ហួសមាឌ។ ចំពោះគំនូរខាងក្នុងព្រះវិហារ គឺនៅរក្សាប្រធានបទគំនូរតាមផ្ទាំងនីមួយៗដូចដើម ដែលគេអាចសិក្សាបានតទៅថ្ងៃមុខ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត
៥ ព្រា