ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៨)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៨)

(ផែនការសម្ងាត់)    

ថាតែប៉ុណ្ណោះ​ តាគីរីបោះសំបុត្រប្រូលលើតុ។ មានន្ទក្រសារយកភ្លាមមកបើកឃើញអក្សរ។ បុរសស្គាល់ជាក់ជាអក្សរទេវី។ បុរសហៀបគ្រវាត់សំបុត្រចោក តែតាគីរីមុខស្មើបែបខឹង។ បុរសត្រជាក់ អស់ខ្លួនប្រាណ រួចប្រឹងមើលសេចក្តីដូចតទៅៈ

                                                                        ក្នុងព្រៃ ថ្ងៃទី១៥កើត ខែបុស្ស គ.ស ១៨៦៧

លំអោនគោរពចំពោះបងមានន្ទជាទីគោរព

ក្នុងពេលដែលបងកំពុងមើលសំបុត្ររបស់ប្អូននេះ ព្រលឹងប្អូនកំពុងស្ថិតនៅក្នុងពពកនាស្ថានទេវ លោក។​

            ក្នុងស្ថានថ្មីនេះ ប្អូនបានសុខសប្បាយក្រៃណានឹងរកអ្វីមកផ្ទឹមពុំបានឡើយ។

            ចោលកន្ទុយភ្នែកមកមើលស្ថានមនុស្សវិញ ប្អូនសើចព្រោះឃើញបងហែលឆ្លងវដ្តសង្សារ លំបាកដូចប្អូនបានហែល ឆ្លងរួចមកហើយ។

            ថ្ងៃមួយដល់បងដល់ត្រើយសុខដូចប្អូន បងនឹងឈរមើលអ្នកជាន់ក្រោយ។ ប្រវេប្រវាហែលឆ្លង ដូចយើងទៀតពុំខាន រួចបងមុខជាសើចដូចខ្ញុំសើចនឹងបងក្នុងពេលនេះ។

            ឳ! ប្អូនថាបងកំពុងហែលក្នុងសមុទ្រទុក្ខដូចប្អូនបានហែលឆ្លងនោះខុសទេ ព្រោះថាទុក្ខប្អូន ខុសអំពីទុក្ខបងស្រឡះ។

            ទុក្ខប្អូន គឺទុក្ខស្នេហាលើរូបបង។​

            ក្នុងមួយជាតិនេះ ប្អូនបានទទួលស្នេហាតបពីបងវិញ តែត្រឹមថ្ងៃបងបែកពីប្អូនទៅច្បាំងប៉ុ ណ្ណោះទេ។ ចាប់ពីពេលដ៏អស្ចារ្យនោះមក គឺប្អូនមានទុក្ខរហូតដល់ដាច់ខ្យល់ស្លាប់។ ដោយប្អូនបាន ដល់ត្រើយសុខទៅហើយ ប្អូនខ្លាចអីនឹងរំលឹកល្បែងស្នេហា ដែលប្អូនបានលេងជាមួយបង។​ គឺថាប្អូន បានស្គាល់ទីវាងងឹតបំផុតរបស់ស្រ្តីកំព្រាព្រាត់ប្តី។ បងនឹកឃើញទេបងទៅច្បាំងប្អូនចាំ ៗៗ ចាំបាត់ៗ។ ប្អូនបីកូនចាំមើលផ្លូវបង។ ទឹកភ្នែកហូរៗ ជាថ្លុក ជាអូរ ជាស្ទឹង ជាទន្លេ ជាសមុទ្រ។ សម្រេចបងមិន ឃើញត្រឡប់មកសោះ។

            ថ្ងៃបងមកដល់។ ប្អូនស្មានថា ប្អូនផុតទុក្ខដែលធ្លាប់រួមរឹតប្អូនហើយ។ តែឥតដូច្នោះទេ បងមិន យល់ចិត្តប្អូន បងខឹងនឹងប្អូន ដោយគេចោទប្អូននោះ ជ្រុលពេកហួសវិស័យប្អូន។

            ប្អូនមិនបន្ទោសបងថា មិនចេះពិចារណាឲ្យវែងឆា្ងយនោះទេ ពីព្រោះឥឡូវនេះប្អូនដឹងច្បាស់ ថាធម្មតាមនុស្សតែងភ័ន្តច្រលំជានិច្ច។

            ដល់ពេកក្រោយប្អូនពកូនតាមបងដើម្បីទៅពន្យល់បង និយាយនឹងបងថាបើរឿងពិតដែល ប្អូនស្រលាញ់បងនោះ ពុំគាប់ចិត្តបងទេពេលនោះប្អូនប្រាថ្នាថា ប្អូនសុំផ្តាច់ជីវិត។ តែរកបងមិនឃើញ សោះ។

            ទុក្ខប្អូនក៏ចេះតែមានរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំទៀត។

            ថ្ងៃមួយ មនុស្សម្នាក់​បានជួយប្អូន និងបទុមកូនឲ្យរួចពីកណ្តាប់ដៃកាមា។ មនុស្សដ៏សប្បុរស នេះបាននាំប្អូនទៅរកបងឯឃុំថ្មីស្រុកភ្នៀត ដោយបានជួយលាក់បំពួនប្អូនឥតឥឪ្យអ្នកណាដឹងឡើង។

            ពេញមួយឆ្នាំគត់ ប្អូនលបមើលឃើញតែគេឯទៀត ឯរូបបងមិនដែលឃើញ។ ប្អូនក៏ឈឺចាប់ៗ ៗ ឳ!ឈឺត្រាតែ…ដូច បងជ្រាប។

            នេះហើយពណ៌សមុទ្រដែលបងកំពុងហែលវិញនោះយ៉ាងណា?

            ដំបូងបងហែលម្នាក់ឯង គ្មានគូ! ចំណាប់មែន! ជាពិសេសជីវិតបងជាជីវិតតស៊ូ តស៊ូនឹងធម្ម ជាតិ តស៊ូនឹងខ្មាំង តស៊ូនឹងកិច្ចការ។ ប្រសើរពេក។ ជីវិតបងខុសពីជីវិតអ្នកឯទៀត។ ទុក្ខរបស់បង គឺ ទុក្ខរបស់រាស្រ្តខ្មែរ។ ក្តីវេទនារបស់បង គឺក្តីវេទនារបស់សង្គមខ្មែរ បងមានការធ្វើច្រើន។ គឺកិច្ចការនេះ ហើយ ដែលបំភ្លេចបងមិនឲ្យនឹកនាដល់ប្អូនដែលស្រលាញ់បង ហើយមិនឲ្យនឹកនាដល់ស្រ្តីឯទៀត។ ដូចនេះ បងជ្រាបរឿងយើងហើយ! ប្អូនសូមលាហើយណាបងសម្លាញ់។

ឳ! បងភ័យក្រែងប្អូនចងពៀរនឹងបងឬ? ទេកុំភ័យដល់ថ្ងៃដែលមានមច្ចុរាជ អញ្ជើញបងឲ្យ ចាកផុតស្ថានកណ្តាល ថ្ងៃនោះប្អូនរងចាំទទួលបងមិនខាន។

នៅចុងក្រោយបំផុត ប្អូនសូមឲ្យបងមានជ័យជម្នះក្នុងដំណើរការរបស់បង ដើម្បីជាតិខ្មែរ ដើម្បីប្រទេសខ្មែរ និងដើម្បីប្រជាជាតិខ្មែរ។

                                                            ដោយសេចក្តីរាប់អានយ៉ាងខ្ពង់ខ្ពស់!

                                                                                    ទេវី

អានសំបុត្រនេះចប់ទឹកភ្នែកពីដំណក់ស្រក់ម៉ាត់ៗពីភ្នែកមានន្ទ។ តាគីរីនៅស្ងៀម។ មានន្ទខាំ ធ្មេញប្រឹងបង្ក្រាប តណ្ហាដែលត្រឡប់មកគ្របដណ្តប់ខ្លួនវិញ។ តណ្ហានេះដែឡក្រាបស្រពោនយូរមក ហើយស្រាប់តែងើបផុសស្ទុះឡើងបីដូចទឹកដែលបាក់ទំនប់។ ទឹកនេះហូរខ្លាំងក្រៃណាខ្លាំង ធ្វើឲ្យវីរ បុរសវិលក្បាលឮសូរងឹង។ ហូតកូនកាំបិតស្នៀតភ្លែតមានន្ទ ប្រឹងអស់ទំហឹងលើកបុកចុងដង្ហើមដោយ ឥតនិយាយមួយម៉ាត់ឡើយ។ កូនកាំបិទស្រាប់តែខ្ទាតផឹងរបូតពីដៃធ្លាក់ទៅចំហៀងជាមួយកូនកាំបិត មួយទៀត។

តាគីរីញញឹមស្ងួតមើលមុខមានន្ទដែលញ័រអស់ទាំងខ្លួន។ តាគីរីក្រោកឡើងដើរមួយៗទៅ រើសកូនកំាបិតរបស់គាត់ ដែលបានចោលទៅត្រូវកូនកាំបិតមានន្ទ កាលមានន្ទលើកចាក់ខ្លូនឯង។ មានន្ទស្ទុះទៅទ្រោបលើពូកយំដូចក្មេងឮសូរឃឹកៗ គឺជាលើកដំបូងក្នុងមួយជីវិតនេះដែលយើង មានន្ទយំ។

តាគីរីដកដង្ហើមធំ យកថ្នាំញាត់ខ្សៀជាថ្មី អុជរួចបឺតខ្សៀយ៉ាងស្ងប់ស្ងៀម។

ឳ! មានន្ទយំមែន! ហេតុតែចិត្តក្មេង!​ ចេះតស៊ូចេះមានគំនិតទូលាយហ៊ានលះបង់បុណ្យ សក្តិទ្រព្យសម្បត្តិ សេចក្តីស្នេហា ចេះគិតរៀបអង្គការបដិវត្តយ៉ាងល្អ ចេះមានប្រាជ្ញាវែឆ្លាត ចេះគិត ឃើញខុសត្រូវឥឡូវអំពើពាលរត់ចូលមកនាំដៃឲ្យធ្វើ ឃាតកម្មខ្លួនឯង! ហ៊ឺះអស្ចារ្យមែន! ចិត្តក្មេង! នាមឈ្មោះល្អក្រអូប! បើឆ្ងាយមួយពេលនេះឲ្យមោហ៍មកបាំងបានអស់ហើយ! ចប់ហើយ! អស់កើត ជាមនុស្សហើយ​ អស់ទៅជាខ្មែរស្នេហាជាតិហើយ!

              (សូមរងចាំតាមដានភាគទី៦៩ នៅសប្តាហ៍ក្រោយ)     

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!