ណាបោន ឬ Narbo Martiu គឺជាឈ្មោះ នៃទីក្រុងបុរាណដ៏ធំមួយសម័យបុរាណដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។ ទីក្រុងនេះ ត្រូវបានកកើតឡើងនៅឆ្នាំ ១១៨មុនគ.ស. ដែលមានការបញ្ជាក់តាមរយៈ សិលាចារឹកចារនៅលើសសរនៅភាគត្បូងនៃទីក្រុងនេះ។ ចំពោះឈ្មោះណាបោន គឺជាស្ថាននាមរ៉ូមាំងបុរាណដែលទាក់ទងនឹងទន្លេ និងមានការពារពីអទិទេព Mars (God of Mars)។ គួរបញ្ជាក់ដែរថា ទីក្រុងនេះ គឺជាទីក្រុងរ៉ូមាំងបុរាណ ដែលជាទីក្រុងដំបូង និងជាក្រុងរីកចម្រើនមួយក្នុងចំណោមក្រុងដ៏ទៃទៀតដែលស្ថិតនៅក្រៅប្រទេសអ៊ីតាលី។
នៅឆ្នាំ ៤៦-៤៥មុនគ.ស. ទីក្រុងនេះ មានឈ្មោះមួយទៀត ដែលហៅថា Colonia Julia Narbo Martius ឬហៅថា ជាការកសាង ណាបោនទី២។ តាមរយៈការធ្វើកំណាយនៅប៉ុន្មានស.វ.ចុងក្រោយនេះ បានរកឃើញស្លាកស្នាម សំណង់ និងវត្ថុសិល្បៈជាច្រើនដែល មានអាយុកាលស្ថិតនៅក្នុងសម័យកាលនៃការអភិវឌ្ឍន៍ណាបោនទី១ និង ទី២។
ទីក្រុងនេះ រីកចម្រើនដោយសារតែជាតំបន់ជាប់នឹងសមុទ្រ មីឌីទែរ៉ាណេ និងជាកំពង់ផែដ៏សំខាន់មួយក្នុងសម័យរ៉ូមាំង។ ទីក្រុងនេះក៏ជារាជធានី នៃខេត្តណាប៊ុនណេ ដែលលាតសន្ធឹងពី Fréjus ទៅ Toulouse និង Pyrenees និង ពី Pyrenees ទៅ កាន់ ក្រុង វីយែន និង ទីក្រុង ហ្សឺណែវ។ ណាបោន ក៏ធ្លាប់ស្ថិតជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ និងជាកំពង់ផែធំបំផុតក្នុងតំបន់ប៉ែកខាងលិច នៃមហាសមុទ្រមេឌីទែរ៉ាណេដែលស្ថិតនៅតាមផ្លូវពាណិជ្ជកម្ម សមុទ្រ និងជាកំពង់ផែសម្រាប់តភ្ជាប់ពីរាជធានីរ៉ូមមកតំបន់សមុទ្រ មេឌីទែរ៉ាណេ ។
តាមរយៈការសិក្សាជ្រាវជ្រាវកន្លងមក បានបង្ហាញអំពីវិសាលភាព និងការរីកចម្រើនយ៉ាងខ្លះនៃទីក្រុងណាបោននាសម័យបុរាណ។ ភស្ថុតាងទាំងនោះ គឺជាសំណង់ស្ថាបត្យកម្ម ព្រះវិហារ សាលប្រជុំ ប្រាសាទ និងវត្ថុសិល្បៈជាច្រើនដែលសព្វថ្ងៃរក្សាទុកនៅក្នុងសាមន្ទីរ ណាបោន។ កាលពីថ្មីនេះ ក្រុមអ្នកបុរាណវិទ្យាបានធ្វើកំណាយនៅទីតាំងនៃវាលបញ្ចុះសពមួយកន្លែង ដែលមានទំហំប្រមាណជាង ២០០០ ម៉ែត្រ ការ៉េ ដោយមានចម្ងាយជាង ៦០០ម៉ែត្រ ខាងកើតពី ក្រុងណាបោន។ អ្នកស្រាវជ្រាវបានរកឃើញនូវផ្នូរ គ្រោងឆ្អឹង និងវត្ថុសិល្បៈជាច្រើន ដែលមានកាលបរិច្ឆេទចន្លោះស.វ.ទី១ និង២គ.ស.។ វត្ថុសិល្បៈភាគច្រើនដែលបានរកឃើញនោះ ជាកុលាលភាជន៍ ជួញដូរតាមផ្លូវសមុទ្រ វត្ថុលោហៈ មាស និងមានសិលាចារឹកផងដែរ។
រហូតមកដល់សម័យកណ្តាល ( Moyen Age) ទីក្រុងនេះ ក៏នៅតែបន្តរីកចម្រើនដែលមានការកសាងជាព្រែកជីកធំៗដូចជា Canal de la Robine, Canal de Jonction ដែលភ្ជាប់ទៅកាន់ព្រែកជីក (Canal de Midi) ដែលជាព្រែកជីកដ៏ធំក្នុងតំបន់ អូស៊ីតានី។ ក្រៅពីនោះ សំណង់ស្ថាបត្យកម្មជាច្រើនដូចជាព្រះវិហារ ក៏មានការកសាងផងធំៗផងដែរ។ ព្រះវិហារនៃណាបោន (La cathédrale de Narbonne) កសាងឡើងនៅឆ្នាំ ១២៧២ ស្ថិតនៅក្នុងរចនាបទ gothique និងបានបញ្ចប់ការសាងសង់នៅឆ្នាំ ១៣៣០គ.ស.។ ព្រះវិហារនេះ គឺមានភាពល្បីល្បាញខ្លាំង តាមរយៈចម្លាក់ និងការតុបតែងដេក័រផ្នែកខាងក្នុងព្រះវិហារ។
សរុបរួមមក ណាបោន គឺជាទីក្រុងកំពង់ផែដ៏សំខាន់នៅក្នុងសម័យរ៉ូមាំងជាពិសេសនៅមុនគ.ស. ហើយក៏ជាផ្លូវពាណិជ្ជកម្មដ៏ធំក្នុងមហាសមុទ្រមីឌឺទែរ៉ាណេ។ អ្នកស្រាវជ្រាវបានរកឃើញនូវសំណល់សំពៅ និងវត្ថុសិល្បៈជាច្រើនផ្សេងទៀត ដែលសព្វថ្ងៃបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនៃខេត្ត ណាបោន៕
អត្ថបទដោយ៖ លោក អេង តុលា