យោគិនី ជាពាក្យសំស្រ្កឹតមានន័យថាអ្នកធ្វើយោគជាមនុស្សស្រី ដែលមានមុខងារជានារីរបាំសម្រាប់រាំថ្វាយទេព។ បើក្នុងទ្រឹស្ដីព្រហ្មញ្ញសាសនាវិញ យោគិនីមានន័យថាជាមនុស្សស្រី ឬទេពស្រីមានថាមពល វេទមន្ត ដែលបង្កើតឡើងដោយ ព្រះនាងទុគ៌ា្គ ឬពេលខ្លះបង្កើតដោយព្រះឥសូរ។ ក្នុងព្រះពុទ្ធសាសនាមហាយាននិកាយ តន្រ្តយាន បានបង្ហាញថា យោគិនីជាមនុស្សស្រីដែលមានឥទ្ធិពលខ្លាំងក្លាដោយសារ ជាអ្នកដែលទទួលពរពីទេពដោយផ្ទាល់ ទើបធ្វើឱ្យគេចាត់ទុកថាយោគិនីជាទេពស្រីដែលមានអំណាច និងឥទ្ធិពល(ខ្លាំងក្លា កាចសាហាវ ឃោឃៅ) មានតុបតែងកាយដោយប្រើលលាដ៏ក្បាលជាគ្រឿងលម្អខ្លួន ជាមួយឆ្អឹងជាអលង្កាដោយសោយសាច់ស្រស់ឈាមស្រស់ សម្ដែងនូវក្បាច់រាំអមដោយទឹកមុខកាចហើយបង្ហាញកាយវិការរាំជាន់ពីលើសាកសព ដែលមានភាពខុសគ្នាពីយោគិនីធម្មតា។
នៅក្នុងសិល្បៈខ្មែរ យោគិនី ពុំបានបង្ហាញឱ្យច្បាស់ដូចទៅនិងប្រទេសឥណ្ឌានោះទេ ពោលគឺមានត្រឹមចម្លាក់ដែលឆ្លាក់លម្អប៉ុណ្ណោះ។ ដូចជាក្នុងប្រាសាទអង្គរវត្ត ឃើញថានៅសាលរបាំ មានឆ្លាក់ជាចម្លាក់យោគិនី នៅតាមធ្នឹមផ្នែកខាងក្នុងរបស់ថែវមានរាងខ្វែងដែលក្រោយមកហៅថា ថែវព្រះពាន់ ហើយថែវនេះសង់ឡើងជារាងកាកបាទជាប់ទៅនឹងថែវទី២ និងស្ថិតនៅចំពីមុខតួរប៉មសំខាន់ទាំង៥នោះតែម្ដង (រូបលេខ១)។ ជាទូទៅសាលរបាំ មានរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នា ដែលភាគច្រើនស្ថិតនៅខាងមុខប្រាង្គសំខាន់ ពិសេសប្រាសាទធំៗមួយចំនួនក្នុងតំបន់អង្គរ។ សាលរបាំពុំមែនជាបន្ទប់ ឬកន្លែងបិទជិតនោះទេពោលគឺ ជាកន្លែងមានទីធ្លាធំទូលាយ សម្រាប់ងាយស្រួលធ្វើពិធីសាសនាផ្សេងៗនៅកន្លែងនោះ។ មួយវិញទៀតសាលរបាំភាគច្រើនតែងតែមានឆ្លាក់នូវក្បាច់លម្អជាច្រើន រួមទាំងចម្លាក់រឿងទេពកថានានា នៅតាមផ្តែរ និងនៅតាមហោជាង។ ថែវព្រះពាន់នេះ បើធៀបទៅនឹងសម័យបុរាណនៅពេលដែលខ្មែរគោរព ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានិកាយមហាយានឃើញថា រាល់ប្រាសាទធំៗនានាភាគច្រើនតែងតែមានកន្លែងរងចាំធំមួយនៅខាងមុខតូម៉មសំខាន់ ប្រហែលជាមាននាទីដូចគ្នាទៅនឹងថែវព្រះពាន់ដែរ។ ចំពោះតួរនាទីរបស់ថែវនេះអាចជា កន្លែងដែលគេធ្វើពិធីគោរពបូជាលទ្ធិសាសនាផ្សេងៗ និងប្រហែលជាកន្លែងដែលគេធ្វើកិច្ចរាំ ដើម្បីថ្វាយអាទិទេព ឬសុំពរជ័យពីអាទិទេពដែលតម្កល់នៅប្រាង្គសំខាន់។ ក្រៅពីប្រាសាទអង្គរវត្ត ចម្លាក់យោគិនី ត្រូវបានប្រទះឃើញនៅតាមប្រាសាទធំៗមួយចំនួនដែលសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ដូចជាក្នុងប្រាសាទបាយ័ន្ត តាមរយៈលោក OLIVIER CUNIN បានលើកឡើងថានៅប្រាសាទនេះមានសាលរបាំរាងខ្វែងសញ្ញាកាកបាទ។ សាលនេះស្ថិតនៅទល់មុខខ្លោងទ្វារកំពែងខាងកើតរបស់ប្រាសាទបាយ័ន្ត។ ប៉ុន្តែចម្លាក់យោគិនី ត្រូវបានឆ្លាក់ជាក្បាច់ក្រឡោតទាបនៅតាមហោជាង និងចម្លាក់ យោគិនី ប្រមាណ ៦២៥០នាក់ បានឆ្លាក់តាមសសរ និងជញ្ញាំងនៃថែវទី១ជុំវិញប្រាសាទបាយ័ន រួមទាំងនៅក្នុងសាលរបាំ ដែលនៅទិសខាងកើតរបស់ប្រាសាទដែរ(រូបលេខ២-៣)។ ចម្លាក់យោគិនី ដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នានេះត្រូវបានគេប្រទះឃើញដំបូងនៅ ប្រាសាទភិមាយ នៅតាមផ្ដែរក្នុងសាលរបាំរបស់ប្រាសាទនេះ (រូបលេខ៤)។ ក្រៅពីនេះក្នុងសាលរបាំរបស់ប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័ន្ត ពុំសូវមានបង្ហាញចម្លាក់យោគិនីនៅតាមសសរនោះទេ ពោលគឺមានតែនៅខាងលើស៊ុមទ្វារ ខាងក្នុងសាលតែប៉ុណ្ណោះ (រូបលេខ៥-៦)។
សរុបសេចក្តីមក ចម្លាក់យោគិនីត្រូវបានឆ្លាក់នៅផ្នែកមួយសំខាន់ក្នុងប្រាសាទ ហើយដើរតួរជាអ្នករាំថ្វាយអាទិទេពជាប្រចាំ ដោយទូទៅគេឆ្លាក់នៅសាលរបាំ ដែលស្ថិតពីមុខប្រាង្គសំខាន់ៗរបស់ប្រាសាទ។ ជាភស្តុតាង នៅតាមប្រាសាទធំៗដែលនៅក្នុងតំបន់អង្គរមួយចំនួនធំ ពិសេសប្រាសាទក្នុង រាជព្រះបាទជ័យវរ្ម័នទី៧ បានបង្ហាញឱ្យឃើញថាមានទីតាំងសាលរបាំ រួមទាំងចម្លាក់យោគិនី ដែលបង្ហាញឱ្យដឹងថា ទីតាំងនេះគេធ្វើសម្រាប់បម្រើជាទីតាំងរាំថ្វាយអាទិទេពជាប្រចាំក្នុងសម័យនោះ។មិនតែប៉ុណ្ណោះ ក៏ជាកន្លែងដែលគេធ្វើកិច្ចបូជាផ្សេងៗដើម្បីថ្វាយទៅកាន់អាទិទេព ដែលស្ថិតក្នុងប្រាសាទដែរ៕
អត្ថបទដោយ៖ ព្រាន់ សុភារៈ