ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទសំរោង

សិលាចារឹកប្រាសាទសំរោង

ប្រាសាទសំរោង មានទីតាំងស្ថិតនៅភូមិដូនស្ងួន ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះកសាងឡើងនៅលើទួលមួយ បែរមុខទៅទិសខាងកើត មានតួប៉មចំនួនមួយ ជាប្រភេ​ទប្រាសាទខ្នាតតូច សង់អំពីថ្មបាយក្រៀម និងមេទ្វារសាងអំពីថ្មភក់។ ប្រាសាទសំរោង ប្រហែលជាស្ថាបត្យកម្មសាសនាឧទ្ទិសដល់ព្រហ្មញ្ញសាសនានៅក្នុងស.វ.ទី១០។ ប៉ុន្តែសិលាចារឹកដែលចារឹកនៅលើមេទ្វាររបស់ប្រាសាទទាំងសងខាង ពុំមែនចារឹកឡើងនៅស.វ.ទី១០នោះទេ។ សិលាចារឹកនេះ មានលក្ខណៈតួអក្សរដែលអាចសម្គាល់បានថា “អក្សរខ្មែរសម័យមុនអង្គរ” នៅរវាងស.វ.ទី៧ ឬទី៨ ពោល គឺអាចមានន័យថា នៅពេលគេកសាងប្រាសាទថ្មីនៅស.វ.ទី១០ គេបានយកមេទ្វាររបស់ប្រាសាទចាស់ណាមួយនៅស.វ.ទី៧ មកធ្វើជាមេទ្វាររបស់ប្រាសាទថ្មីនៅស.វ.ទី១០ ដោយផ្នែកខ្លះរបស់ថ្មមេទ្វារគេបានកាត់ច្រៀកជាថ្មីឱ្យត្រូវគ្នាជាមួយប្រាសាទផងដែរ។ ម្យ៉ាងវិញទៀត គេថែមទាំងបានកោសលុបសិលាចារឹកចាស់នោះទៀតផង។

សិលាចារឹកប្រាសាទសំរោង ចារឹកជាភាសាខ្មែរបុរាណនៅលើមេទ្វាររបស់ប្រាសាទ។ នៅមេទ្វារខាងជើង មានសិលាចារឹកតែ ២ បន្ទាត់ប៉ុណ្ណោះ ប៉ុន្តែនៅមេទ្វារខាងត្បូងមានសិលាចារឹកចំនួន ១៤ បន្ទាត់។ ថ្វីត្បិតតែសិលាចារឹក ធ្លាប់មានការកោសលុបយ៉ាងណាក៏ដោយ ក៏យើងអាចព្យាយាមផ្តាមអក្សរ និងអានអត្ថន័យរបស់សិលាចារឹកបានដែរ។ អត្ថន័យជារួមរបស់សិលាចារឹកប្រាសាទសំរោង គឺរៀបរាប់អំពីអំណោយរបស់ឥស្សរជន (អភិជន) មួយចំនួន ដែលម្ចាស់អំណោ​យទាំងអស់សុទ្ធតែមានគោរម្យងារថា “បោញ” (គោរម្យងារមន្រ្តីជាន់ខ្ពស់នៅសម័យមុនអង្គរ) រួមមានបោញឦស្វរ បោញភាស បោញជោង។ អំណោយរបស់បោញទាំងនេះ ថ្វាយដល់ព្រះឥសូរក្នុងទម្រង់ព្រះនាមថា “ព្រះកម្រតាងអញ ស្រីភទ្រេស្វរ”។ អំណោយមានដូចជា ដីស្រែ អ្នកបម្រើស្រី អ្នកបម្រើប្រុស និងក្មេងតូចៗ ដែលមានសម្គាល់ដោយពាក្យថា កុ (ស្ត្រី) និង វា (បុរស) កោន (កូន)។

គួរកត់សម្គាល់ថា ព្រះឥសូរ ក្នុងទម្រង់ព្រះនាមថា “ស្រីភទ្រស្វរ” នេះ យើងធ្លាប់ឃើញមាននៅក្នុងសិលាចារឹកជាច្រើននៅសម័យមុនអង្គរ (ស.វ.ទី៧-៨) ដូចជា សិលាចារឹកប្រាសាទភ្នំហាន់ជ័យ K.81 សិលាចារឹកគោកប្រាសាទ K.158 សិលាចារឹកប្រាសាទអំពិលរលំ K.162 សិលាចារឹកគោកឫស្សី K.175 ។ល។ ពាក្យថា “ភទ្រេឝ្វរ” មកពីពាក្យថា “ភទ្រ” និង “ឦឝ្វរ” សំដៅដល់ព្រះឥសូរ ឬ ព្រះស្វាមីរបស់ព្រះនាងភទ្រា ហើយព្រះនាងភទ្រា​ គឺសំដៅដល់ “ព្រះនាងទុគ៌ា” ក្នុងទម្រង់មួយរបស់ទេវី “ឧមា” ដែលជាព្រះមហេសីព្រះឥសូរ។ ជួនកាលមានសំណេរសំស្ក្រឹតថា ឧមេឝ ដូច្នេះក៏មាន ដែលសំដៅដល់ ទេពឥសូរស្វាមីព្រះនាងឧមា។ “ព្រះកម្រតាងអញ ស្រីភទ្រេស្វរ” ទំនងជារូបភាពជាសិវលិង្គ ព្រោះនៅសម័យមុនអង្គរគេមិននិយមធ្វើរូបភាពព្រះសិវជាបដិមាករឡើយ។

អត្ថបទពាក្យចារឹក

មេទ្វារខាងត្បូង

១.        …..និ អំនោយ៑ វ្រះកម្រតាង៑ អញ ឝ្រីភទ្រេឝ្វរ

២.        ..ស………………………

៣.       …ទ………………………………..

៤.        ……កុ កន១ កោន្កុ១

៥.        …កោន្កុ៣ កុ អក្តមត៑១ កោន្កុ២

៦.        …នុ អញ៑ ទោង គុិ ..មត៑ អញ៑ ផោង្គុិ

៧.        ….វ្រះកម្រតាង៑ អញ៑ ភទ្រេឝ្វរ

៨.        ……….វ្រះ ក្ឞាង៑ អន្លឝោ កោន្កុ១

៩.        …….[អ]ម្នោយ៑ បោញ៑ ឦឝ្វរ គិុ ស្រេ អំនោយ៑ បោញ៑

១០.      ….បោញ៑ ភាស៑ ផោង្គុិ តេល្ឱយ៑ ត វ្រះកម្រតាង៑

១១.     ………..អំនោយ៑ បោញ៑ ជោង៑ ……ង៑

១២.     ……….ផោងិ្គ (ុ) ត វេរ៑ អាចាយ៌្យ ឝាន្ត ស្រេ

១៣.    ……………………….ឰ ត វ្រះ

១៤.     វ្រះ

មេទ្វារខាងជើង

១.        …………………

២.        ន្តិ កន្ទិន១ …………..

៣.       វា ក ………………..

ជារួមមក ថ្វីត្បិតតែសិលាចារឹកប្រាសាទសំរោង ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ធ្លាប់មានការកោសលុបអក្សររួចមកហើយក្តី ក៏ផ្នែកជាច្រើនដែលនៅអាចមើលឃើញបានផ្តល់ព័ត៌មានដល់អ្នកសិក្សាឱ្យដឹងថាគេចង់និយាយរៀបរាប់អំពីអ្វីដែរ។ សិលាចារឹកនេះទំនងជាអក្សរនៅរវាងស.វ.ទី៧ ឬទី៨ ដែលរៀបរាប់អំពីតង្វាយរបស់ឥស្សរជនមួយចំនួនថ្វាយចំពោះព្រះសិវក្នុងព្រះនាមថា “ព្រះកម្រតាងអញ ស្រីភទ្រេស្វរ”៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!