ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់សកម្មភាព និងផលប្រយោជន៍ដែលអ្នកនឹងអាចទទួលបានក្នុងពេលនេះទេ។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រង។ សូមបោះបង់រាល់គំនិតប៉ុនប៉ងក្នុងដំណើរផ្លូវឆ្ងាយ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ដោយឡែក​ លោកអ្នកត្រូវរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលៈទេសៈ។ ក្រៅពីនេះ សូមបែងចែករកពេលវេលាសម្រាប់ឈប់សម្រាកខ្លះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មធំធេងណាស់នៅថ្ងៃនេះ ចំណែកលាភសំណាងនឹងបានទទួលភាគច្រើននៅព្រឹកតែម្តង ដូច្នេះក៏សូមពិនិត្យតាមដានកុំឲ្យឳកាសកន្លងទៅបាន។ ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនង ប៉ុន្តែពាក្យសំដីរបស់អ្នកគួរតែស្ថិតក្នុងក្រមខណ្ឌ អ្វីដែលគ្មានប្រយោជន៍មិនគួរចរចានោះទេ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នកផ្សារភ្ជាប់ជំហាននានាជាមួយនឹងគម្រោងផែនការវែងឆ្ងាយ។ ក្នុង​នោះ ប្រហែលជាទំនាក់ទំនងផ្ទាល់ខ្លួនក៏គួររឹតបណ្តឹងផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់កម្មករ និយោជិកគ្រប់វិជ្ជាជីវៈទាំងអស់។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលចំណេញដល់ការលូតលាស់ក្នុងអាជីព។ អ្នកប្រហែលជាអាចអនុវត្តផែនការដែលមានមហិច្ចតាបំផុតរបស់អ្នក។ ហោរាណែនាំឲ្យអ្នកយកចិត្តទុកដាក់លើកិច្ចការងារពិភាក្សា ចរចា ពីព្រោះវានឹងធ្វើឲ្យអ្នកទទួលបានភាពចម្រើនលូតលាស់ទ្វេរដង។ ដោយឡែក អ្នកអាចស្ថិតនៅក្នុងចំណុចកណ្តាលនៃការនិយាយដើមគេ ឬការបំភិតបំភ័យ ដូច្នេះសូមប្រយ័ត្នសមក្មភាពរបស់អ្នក។ ដោយឡែក លោកអ្នកនឹង ទទួលដំណឹងដែលរីករាយសម្រាប់រឿងផ្ទាល់ខ្លួនផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏នឹងកើតច្រើនសន្ធឹកសន្ធាប់ក្នុងពេលនេះ។ អំណោយផលកាន់តែប្រសើរក្នុងថ្ងៃនេះគឺលោកអ្នកនឹងអាចស៊ូទ្រាំ និងដោះស្រាយបញ្ហាបានដោយងាយស្រួល និងជោគជ័យ។ ដោយឡែកសម្រាប់ហិរញ្ញវត្ថុ អ្នកអាចបង្កើនប្រាក់សន្សំគួរឲ្យកត់សម្គាល់។ ក្រៅពីនេះ ថ្ងៃនេះជាពេលដែលមានអំណោយផលល្អប្រសើរបំផុតសម្រាប់ការចរចា ការដោះស្រាយ បញ្ហា និងការតាំងបង្ហាញសមិទ្ធផលនានា។ លើសពីនេះ លោកអ្នកជាអ្នកគ្រប់គ្រងនឹងអាច ធ្វើការដឹកនាំក្រុម ទៅរកភាពជោគជ័យយ៉ាងប្រសើរបំផុត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងារនានារបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ ស្របពេលជាមួយគ្នាលោកអ្នកហាក់មានបញ្ហាតូចតាចមួយចំនួនប្រទាក់ក្រឡាគ្នាដូច្នេះសូមព្យាយាមដោះស្រាយដោយភាពអំណត់។ បើមិនដូច្នេះអ្នកអាចបាត់បង់ឳកាសទទួលប្រយោជន៍ ដោយសារកាតព្វកិច្ចច្រើនលើសលុប និងគ្មានពេលវេលាគ្រប់គ្រាន់។ ថ្ងៃនេះភាគច្រើនអ្នកនឹងកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកបានរហ័ស ហើយនឹងរកឳកាសដើម្បីកែកំហុសដោយងាយស្រួល។​ លើសពីនេះ លោកអ្នកអាចមានលទ្ធភាពបញ្ចៀសផលរំខានបាន។

ឆ្នាំថោះ                

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតធម្មតាសិន។ ការងារសំខាន់ធំដុំ បើអាចពន្យាពេលបាន សូមពន្យាពេលសិន ពីព្រោះផលចំនេញមិនសូវបាន ឬមិនស្មើនឹងទុនដែលដាក់ចេញ។ ក្នុងនោះសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងរវាងមនុស្សក្នុងក្រុមការងារ។ ការងារទាំងអស់ គឺពឹងផ្អែកទៅលើសមត្ថភាពរបស់អ្នក ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯង នោះអាជីពលោកអ្នកនឹងរីកចម្រើន។ ទន្ទឹមនឹងនេះ គួរព្យាយាមបំពេញរាល់ភារកិច្ចដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយប្រហែលជាអ្នកត្រូវចំណាយពេលវេលា និងកំលាងកាយចិត្តច្រើនក្នុងការងារ។ ចំពោះការផ្លាស់ប្តូរអាជីព គឺអាចទៅរួច ឬទទួលផលល្អប្រសើរណាស់ ដូច្នេះលោកអ្នកមិនចាំបាច់ទ្រាំចំពោះការងារដែលអ្នកមិនពេញចិត្តនោះទេ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយក្នុងការងារឡើយ។ ប៉ុន្តែសូមរកពេលវេលាសម្រាកខ្លះ ដើម្បីបញ្ជ្រៀសបញ្ហាចំពោះសុខភាព។  ដោយឡែក លោកអ្នកនឹ​ងអាចធ្វើការ សម្របទៅនឹងស្ថានភាពបានយ៉ាងប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏អាចជួបប្រទះនឹងភាពអសកម្មមួយចំនួនក្នុងក្រុមការងារផងដែរ។ ដោយឡែក លោកអ្នកក៏អាចទទួលបានពត៌មានថ្មី​ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍អាជីពផងដែរ។ ប៉ុន្តែមិនចាំបាច់មានការព្រួយបារម្ភ ឬភិតភ័យចំពោះហេតុការណ៍ទាំងនេះនោះទេ ពីព្រោះអ្វីៗអាស្រ័យលើអ្នក ថាតើអ្នកឆ្លើយតប​ ឬបោះបង់វាចោលដោយរបៀបណា។ ដោយឡែក រាល់ការធ្វើដំណើរផ្លូវឆ្ងាយតាមមធ្យោបាយនានាគួរតែមានការប្រុងប្រយ័ត្ន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតតូចល្មម គឺលោកអ្នកអាចនឹងធ្វើអ្វីៗបានតាមបំណងប្រាថា្នទាំងអស់។ ក្នុងនោះទំនាក់ទំនងតូចធំគឺអាចធ្វើទៅបាន ប៉ុន្តែជៀសវាងមតិរិះគន់ ធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ការងារនឹងផលប្រយោជន៍របស់មិត្តរួមការងារ។ ក្នុងហេតុការណ៍ខ្លះ គួររក្សាសំដី ដោយមិនចរចាអ្វីទាំងអស់ លោកអ្នកគួរតែជាអ្នកស្តាប់ ច្រើនជាងអ្នកនិយាយ ទើបអ្នកអាចស្វែងយល់ និងគ្រប់គ្រងស្ថានភាពបានល្អ។ ដោយឡែក ថ្ងៃនេះមានអំនោយផលដល់ការធ្វើ ពិធីនានា ការសាងសង់ និងការសហការ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរលោកអ្នកព្យាយាមយកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមូយមិត្តភក្តិរួមការងារ។ ភាគច្រើនអ្នកនឹងអាចយល់អំពីបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួលជាមួយមជ្ឈដ្ឋានខាងក្រៅផងដែរ។ ថ្ងៃនេះ លោកអ្នអាចមានការរវល់ច្រើនជាមួយកិច្ចការងារ ប៉ុន្តែមិនគួរនៅក្នុងការិយាល័យយូរពេកនោះទេ។ មួយរយៈពេលចុងក្រោយនេះ អ្នកបានធ្វើការយ៉ាងលំបាកច្រើនណាស់ហើយ ដូច្នេះសូមអនុញ្ញាតឲ្យខ្លួនអ្នកបានសម្រាកខ្លះ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិតច្នៃប្រឌិត និងការធ្វើការតាំង​បង្ហាញសមិទ្ធផល ឬវិជ្ជាជីវៈ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាល និងភ្លេចភ្លាំងឡើយ សូមចំណាយពេលវេលាគិតគូរឲ្យបានច្រើន និងគ្រប់ជ្រុងជ្រោយ។ សូមលោកអ្នកកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរ អាជីព ឬអនុវត្តការងារ។ ប្រសិនបើអ្នកលោកអ្នកមិនអាចរកឃើញផ្លូវចេញដ៏ត្រឹមត្រូវ សូមកុំភ្លេចសុំការពិភាក្សាយោបល់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ដូច្នេះត្រូវដោះស្រាយបញ្ហាបច្ចុប្បន្ន និងសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលពេកនោះទេ។ លោកអ្នកគួរចងចាំផងដែរថា ការងាររវល់ខ្លាំងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់អ្នកផងដែរ ពិសេសអារម្មណ៍។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមគ្រប់គ្រងស្ថានការណ៍ ចំណាយពេលវេលាបន្ថែមដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហានានា។ ក្នុងនោះសូមរក្សាចិត្តគំនិត ហើយមានការអនុគ្រោះ ដើម្បីបញ្ចៀសភាពអវិជ្ជមាន និងមិនអោយខាតបង់ក្នុងគ្រប់លក្ខខណ្ឌទាំងអស់។

ចំណាំៈ

ឆ្នាំទាំង៤ ជូត វក ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចសាងសង់ បើកអាជីវកម្ម និង ធ្វើការចរចាលើករណីនានា។

ឆ្នាំទាំង៦ ឆ្លូវ ថោះ រោង ម្សាញ់ មមែ រកា រាសីល្អមធ្យម។

ឆ្នាំទាំង២ ខាល មមី រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!