ស្តាប់ត្រឹមតែឈ្មោះប្រាសាទក៏គេអាចស្មានថា ឈ្មោះថា “ប្រាំ” ទំនងពាក់ព័ន្ធជាមួយ ប្រាង្គ (តួប៉ម) របស់ប្រាសាទដែលមានចំនួន ៥។ ប្រាសាទបុរាណខ្មែរដែលមានឈ្មោះបែបនេះ គេធ្លាប់ឃើញមានជាច្រើនទីតាំងមកហើយ។ ដោយឡែក ប្រាសាទប្រាំនៅក្នុងអត្ថបទនេះ មានទីតាំងស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយត្រឹមតែ ១ គ.ម. ខាងជើងប្រាសាទវត្តចារលើ និងប្រមាណ ៨ គ.ម. ភាគនិរតីទីរួមស្រុកក្រឡាញ់ ខេត្តសៀមរាប។ តើប្រាសាទប្រាំ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
នៅចុងស.វ.ទី១៩ និងដើមស.វ.ទី២០ អត្ថបទស្រាវជ្រាវពាក់ព័ន្ធជាមួយប្រាសាទប្រាំ ពុំសូវសម្បូណ៌ដូចប្រាសាទសំខាន់ៗឡើយ ពោល គឺប្រាសាទនេះចាប់ផ្តើមសិក្សាដំបូងគេបង្អស់ដោយលោក Lunet De Lajonquière ដែលលោកបានបោះពុម្ពនៅក្នុងសៀវភៅបញ្ជីបេតិកភណ្ឌកម្ពុជា ភាគទី៣ លេខបញ្ជីបុរាណដ្ឋាន IK. 844។ មិនយូរប៉ុន្មាន លោក Henri Marchal ក្នុងនាមជាអ្នកអភិរក្សប្រចាំអភិរក្សដ្ឋានអង្គរ បានចុះដល់ទីតាំងនេះនៅចុងទសវត្សរ៍ ១៩២០ ក្នុងពេលដំណាលគ្នាជាមួយប្រាសាទវត្តចារលើដែរ។ លោកបានកត់ត្រានូវរាល់វត្ថុសិល្បៈដែលមាននៅទីនោះ និងជាពិសេសលោកបានកត់ត្រាអំពីការរកឃើញបដិមានចំនួន ៣ អង្គនៅក្នុងប្រាង្គខាងជើង (បដិមាភេទប្រុស ២ អង្គ និងបដិមាភេទស្រី ១ អង្គ)។
ប្រាសាទប្រាំ គឺជាសំណង់ប្រាសាទថ្មភក់ និងឥដ្ឋ ដែលបរិវេណផ្នែកកណ្តាលមានប្រាង្គចំនួន ៣ រត់ជួរគ្នាលើអ័ក្សពីជើងទៅត្បូង បែរមុខទៅទិសខាងកើត (ប្រាង្គកណ្តាលធ្វើអំពីថ្មភក់និងប្រាង្គអមខាងចំនួន ២ ទៀត សាងអំពីឥដ្ឋ) ហើយនៅជ្រុងឦសាននិងអាគ្នេយ៍មានអគារហោត្រៃចំនួន ២ ទៀត សាងអំពីថ្មភក់និងថ្មបាយក្រៀម។ ហេតុដូច្នេះហើយ ទើបអ្នកស្រុកហៅប្រាសាទនេះថា “ប្រាំ” ពោល គឺទំនងគេចង់សំដៅដល់ប្រាង្គកណ្តាល ៣ និងអគារហោត្រៃ ២។ សំណង់ទាំង ៥ នេះ គឺហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម រាងបួនជ្រុងទ្រវែងប្រវែង ២០ ម៉ែត្រពីកើតទៅលិច និងប្រវែង ៣០ ម៉ែត្រពីជើងទៅត្បូង និងមានកសិន្ធុហ៊ុមព័ទ្ធជុំវិញដូចគ្នា ពោល រចនាសម្ព័ន្ធទាំងអស់ដូចគ្នាទៅនឹងប្រាសាទផ្សេងៗទៀត ដែលជានិម្មិតរូបនៃភ្នំព្រះសុមេរុ (ស្នូលចក្រវាល)។ ជារឿងគួរឱ្យសោកស្តាយនោះ ប្រាង្គសំខាន់ទាំង ៣ នៅចំណុចកណ្តាលប្រាសាទ បានបាក់បែកស្ទើរអស់ទៅហើយ ពោល គឺប្រាង្គនីមួយៗនៅសល់តែស៊ុមទ្វារធ្វើអំពីថ្មភក់ប៉ុណ្ណោះដែលនៅឈរមានរូបរាង។ ក្នុងនោះ ប្រាង្គខាងជើង មាននៅសល់ស៊ុមទ្វារពេញលក្ខណៈល្អជាងគេ ហើយប្រាង្គនេះហើយដែលអ្នកអភិរក្សជនជាតិបារាំង ធ្លាប់រកឃើញបដិមាចំនួន ៣ អង្គ។ ក្នុងចំណោមនោះ បដិមាភេទប្រុសទាំង ២ អង្គ ស្លៀកសារុងតាមបែបប្រពៃណីខ្មែរ ដែលលោក Henri Marchal យល់ថាជាបដិមាប្រភេទទី១។ ដោយហេតុថា ពុំមានរូបថតនៅសេសសល់ យើងពុំដឹងថាបដិមាទាំង ៣ អង្គនោះ គឺទេពនៅក្នុងជំនឿសាសនាមួយណាឡើយ។ ម្យ៉ាងវិញទៀត បើយោងតាមអត្ថបទរបស់លោក Lajonquière ក៏មិនបានបញ្ជាក់អំពីការរកឃើញបដិមានៅទីតាំងនេះឡើយ ដោយគ្រាន់តែរៀបរាប់អំពីផ្តែរទ្វារមួយនៅប្រាង្គកណ្តាលដែលមានចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តនៅចំពាក់កណ្តាលផ្តែរទ្វារ ហើយលោកបានចាត់ថ្នាក់ផ្តែរទ្វារនោះស្ថិតក្នុងប្រភេទទី៣។ ក្រៅអំពីនេះ វត្ថុសិល្បៈដែលមាននៅសល់នៅទីតាំងសព្វថ្ងៃ គឺមានតែក្បាច់កំពូលប្រាសាទមានរាងត្របកឈូកសាងអំពីថ្មភក់ និងជើងទម្ររាងបួនជ្រុងស្មើសាងអំពីថ្មភក់។
ដោយឡែក អគារហោត្រៃទាំងពីរនៅប្រាសាទប្រាំនៅរក្សារូបរាងបានល្អ ពោល គឺហោត្រៃទាំងពីរសាងឡើងអំពីថ្មភក់លាយចម្រុះគ្នាជាមួយថ្មបាយក្រៀម។ ក្នុងនោះ ហោត្រៃនៅអាគ្នេយ៍សាងឡើងក្នុងទម្រង់ជាសំណង់មានស្លាបដំបូលពីរ (ខាងកើតមួយ និងខាងលិចមួយ) មានទ្វារចេញចូលនៅទិសខាងកើតនិងខាងលិច ហើយនៅទិសខាងជើងនិងខាងត្បូងលម្អជាទ្វារបញ្ឆោត។ ចំណែក ហោត្រៃនៅទិសឦសានមានទ្វារចូលតែមួយ គឺនៅទិសខាងកើត រីឯទិសខាងលិចលម្អជាទ្វារបញ្ឆោត ហើយជាពិសេសនៅមុខខាងកើតមានលម្អជាយ៉លយទៅមុខ ក្នុងទម្រង់ជាស្ថាបត្យកម្មដែលគេតែងឃើញនៅចុងស.វ.ទី១០ ដើមស.វ.ទី១១ (រជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១)។ ហោត្រៃ សំដៅរាល់សំណង់ណាដែលបែរមុខបញ្ច្រាសមករកតួប៉មសំខាន់ៗរបស់ប្រាសាទ ជាពិសេស គឺនៅទិសអាគ្នេយ៍នៃប្រាសាទ។ សំណង់បែបនេះ គេច្រើនហៅឈ្មោះផ្សេងៗ ដូចជា ហោត្រៃ បណ្ណាល័យ អគ្និគ្រឹះ ។ល។ ដោយហេតុថា នៅតាមវត្តអារាមព្រះពុទ្ធសាសនាថេរវាទសព្វថ្ងៃ អគារហោត្រៃគឺជាកន្លែងសម្រាប់ដាក់គម្ពីរធម៌អាថ៌ ច្បាប់ ក្រម នាំឱ្យអ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថា អគារហោត្រៃ នៅតាមប្រាសាទក្នុងព្រហ្មញ្ញសាសនាមួយចំនួន ជាកន្លែងសិក្សា រក្សានិងចម្លងគម្ពីរនានា។ ប៉ុន្តែ ការសិក្សាថ្មីៗរបស់លោកស្រី Shivani Kapoor, លោកស្រី Swati Chemburkar, លោក Andrea Acri និងលោក Oliveir Cunin បានហៅសំណង់មួយបែបថា សំណង់ឧបសម្ព័ន្ធ ឬរណបនៃប្រាសាទនិកាយសៃវ (Annex Buildings in Khmer Śaiva Temples) ដោយទាញសេចក្តីសន្និដ្ឋានមួយថ្មីថា អគារនេះ អាចមានតួនាទីលើសពីកន្លែងរក្សាគម្ពីរក្បួនច្បាប់ ពោល គឺជាទីតាំងសម្រាប់ធ្វើពិធីពាក់ព័ន្ធនឹងលទ្ធិសៃវ ដែលពាក់ព័ន្ធជាមួយនឹងផេះ និងភ្លើងដ៏ពិសិដ្ឋក្នុងគំនិតនៃនិកាយបាសុបត ដូចជា ការធ្វើតបៈ និងពិធី homa (កិច្ចពាក់ព័ន្ធជាមួយការបូជាភ្លើងដើម្បីសុំពរជ័យពីទេព)។
ដោយហេតុថា ប្រាសាទប្រាំ ពុំមានសិលាចារឹកសេសសល់ដូចប្រាសាទដទៃទៀត យើងអាចកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទទៅតាមការសិក្សាប្រៀបធៀបគ្រឿងលម្អសិល្បៈ ប្លង់ និងរូបរាងរបស់សំណង់។ ប៉ុន្តែ សំណង់សំខាន់ៗទាំងបីបានបាក់បែកស្ទើរទាំងស្រុងអស់ទៅហើយ ដូច្នេះ យើងត្រឹមតែអាចប្រៀបធៀបលើប្លង់រួម និងសំណង់ហោត្រៃ ឬអគ្និគ្រឹះតែប៉ុណ្ណោះ ដែលទម្រង់បែបនេះមានលក្ខណៈដូចទៅនឹងប្រាសាទជាច្រើនទៀតក្នុងរវាងចុងស.វ.ទី១០ ដើមស.វ.ទី១១ ជាពិសេស សំណង់ក្នុងរចនាបថឃ្លាំងនារជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០) និងព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩) ពោល អាយុកាលនេះគឺប្រហាក់ប្រហែលគ្នាជាមួយប្រាសាទវត្តចារលើដែលនៅមិនឆ្ងាយពីប្រាសាទប្រាំដែរ។ ដោយឡែក តួនាទីរបស់ប្រាសាទវិញ បើមើលទៅលើប្រាង្គសំខាន់ៗទាំងបី អគារហោត្រៃឬអគ្និគ្រឹះ កំពែង និងកសិន្ធុ វាមានទម្រង់ដូចគ្នាច្រើនទៅនឹងប្រាសាទដែលស្ថិតនៅក្នុងលទ្ធិសៃវ (ឧទ្ទិសដល់ព្រះសិវ)។ ជារួមមក ទោះបីប្រាសាទប្រាំ បានបាក់បែកប្រាង្គមួយចំនួនក៏ពិតមែន ទេវស្ថាននេះគឺជាឧទាហរណ៍ដ៏សំខាន់មួយក្នុងការសិក្សាអំពីសំណង់ប្រាសាទខ្មែរក្នុងលទ្ធិសៃវ និងប្រហែលមានជាប់ពាក់ព័ន្ធជាមួយនិកាយបាសុបតថែមទៀតផង (និកាយចំណាស់ជាងគេក្នុងលទ្ធិសៃវ)។
———————-
Prasat Pram Temple
Prasat Pram Temple is situated along the ancient road from Angkor to Phimai, in Phnom Srok district, Banteay MeanChey province. The temple group consists of three brick sanctuaries and two sandstone and laterite fire shrines. The main temples are facing to the east and surrounded by the laterite gate and the rectangular moat. Due to this temple not having information from the inscriptions, it has faced difficulties to recognize the date and the role of the temple in religion. However, according to the layout and the two fire shrines of the temple, it has been concluded that Prasat Pram is possibly built in the early of 11th century CE in the reign of King Sri Suryavarman I (1002 to 1049 CE) and it is probably classified in the Khleang style. Moreover, Prasat Pram Temple is possibly dedicated to the Hinduism of the Saiva sect (the Shiva worshiping), of special note, the Pāśupata sect (the oldest denomination of Saivism).
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី