ទំព័រដើមប្រវត្តិសាស្ត្រហេតុអ្វីមានចម្លាក់រូបជនបរទេសនៅសំបូរព្រៃគុក?

ហេតុអ្វីមានចម្លាក់រូបជនបរទេសនៅសំបូរព្រៃគុក?

កន្លងមក អ្នកស្រាវជ្រាវបានកត់សម្គាល់ និងហៅរូបចម្លាក់មួយចំនួននៅសំបូរព្រៃគុកថាមានមុខមាត់ជាជនបរទេស។ រូបចម្លាក់ដ៏ពិសេសទាំងនោះរួមមានដូចជា ចម្លាក់ទ្វារបាលមានមួកទ្រវែងស្តួចចុង និងទេពស្រីមានមួកត្រង់ស្រួចទៅលើនៅជញ្ជាំងប្រាសាទដើមចាន់ (N15) ចម្លាក់ទ្វារបាលមានមួករាងកោងទ្រវែងដូចគ្នាឆ្លាក់នៅជញ្ជាំងប្រាសាទយាយព័ន្ធ (S11) ចម្លាក់មរុតជិះសេះមានមួករាងទ្រវែងស្តួចចុងនៅលើផ្តែរទ្វារប្រាសាទយាយព័ន្ធ (S7) និងចម្លាក់មុខមនុស្សឬទេពឆ្លាក់នៅក្នុងកូនបង្អួច (គូឌុ) ប្រាសាទអុក (S2) ជាដើម។ រូបជនបរទេសមួយចំនួនមានលក្ខណៈដូចទៅនឹងសិល្បៈនៅតំបន់អាស៊ីកណ្តាល (ប្រទេសពែរ្ស បុរាណ ឬសាក) និងខ្លះទៀតស្រដៀងទៅនឹងអារ្យធម៌ហេលេនីស (Hellenistic) ទៀតផង (ឥទ្ធិពលសិល្បៈក្រិច-រ៉ូម៉ាំង)។ ចម្ងល់នោះ គឺនៅត្រង់ថា តើហេតុអ្វីបានជាសិល្បករនៅសម័យស.វ.ទី៧ ឆ្លាក់រូបចម្លាក់ទាំងនេះឡើង? តើឥទ្ធិពលនៃសិល្បៈបរទេសទាំងនេះចូលមកក្នុងសង្គមកម្ពុជានៅសម័យបុរាណតាមវិធីណា? តើកន្លងមកអ្នកស្រាវជ្រាវផ្តល់ជាសមិតិកម្ម ឬការសន្និដ្ឋាន​បែបណាខ្លះ?

នៅសម័យអាណានិគមបារាំង ក្នុងកំឡុងពេលដែលអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុបមកសិក្សាអំពីបុរាណវិទ្យា និងប្រវត្តិសិល្បៈខ្មែរ គេពុំបានសិក្សាលម្អិតអំពីរឿងនេះឡើយ។ នៅឆ្នាំ២០០៩ អត្ថបទខ្លីមួយសរសេរដោយលោក ហេង ពិភាល់ ចុះផ្សាយក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ បានក្លាយជាទុនដ៏មានសារសំខាន់មួយសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ។ លោកបានស្នើថា ចម្លាក់នៅជញ្ជាំងប្រាសាទដើមចាន់ (N15) និងប្រាសាទយាយព័ន្ធ (S11) ដែលមានចម្លាក់មនុស្សប្រុសពាក់មួករាងទ្រវែងស្តួចចុង និងមនុស្សស្រីមានចុងស្រួចឡើងលើ ស្រដៀងជាមួយមួករបស់ជនជាតិសាហ្សានៀន នៃប្រទេសពែរ្សបុរាណ ហើយដែលមានលក្ខណៈស្រដៀងគ្នាជាមួយរូបភាពនៅលើកាក់បុរាណដែលរកឃើញនៅតំបន់អូរកែវ កំពង់ផែនៅសម័យហ្វូណន។ សិល្បៈដែលចេញមកខាងក្រៅនេះ លោកយល់ថា ពុំមែនមកត្រង់ពីពែរ្សមកស្រុកខ្មែរនោះទេ ហើយអាចឆ្លងកាត់ឥណ្ឌាមួយដំណាក់កាលសិន។ លោកបានលើកតឹងតាងសិលាចារឹកនៅសំបូរព្រៃគុក K.438 រៀបរាប់អំពីបុត្រីស្តេចឦសានវរ្ម័នទី១ បានរៀបអភិសេកជាមួយព្រាហ្មណ៍មកពីឥណ្ឌាម្នាក់ (នគរទក្សិណបថ តំបន់​ Deccan) ឈ្មោះថា “ទុគ៌ស្វាមិ” ដែលព្រាហ្មណ៍នេះគឺជាជនជាតិ “សាក” (Sāka) (អម្បូរជនជាតិមួយនៅក្នុងប្រទេសពែរ្សបុរាណ តំបន់អាស៊ីកណ្តាល) ហើយស្តេចប្រទានគោរម្យងារដល់ព្រាហ្មណ៍នេះជា “ម្រតាញ” (គោរម្យងារមន្រ្តីជាន់ខ្ពស់សម័យមុនអង្គរ)។

លម្អិតចម្លាក់រូបជនបរទេសពាក់មួកទ្រវែងស្តួចចុងនៅប្រាសាទយាយព័ន្ធ (S11)

នៅក្នុងឆ្នាំ២០១៧ លោក តាំង រីនិត (Rinith Taing) ជាអ្នកសរសេរអត្ថបទព័ត៌មានប្រចាំកាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយអត្ថបទមួយអំពីចម្លាក់ជនបរទេសនៅសំបូរព្រៃគុក។ នៅក្នុងអត្ថបទខ្លីនោះ លោកយោងទៅលើបទសម្ភាសន៍ជាមួយអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈខ្មែរចំនួន ២ រូប គឺលោក ចិន្ទ ច័ន្ទរតនា និងលោក មីសែល ត្រាណេ។ ក្នុងនោះ លោក ចិន្ទ ច័ន្ទរតនា យល់ថា ចម្លាក់រូបជនបរទេសឆ្លាក់នៅគូឌុប្រាសាទអុក បង្ហាញអំពីមុខបុរសមកពីចក្រភពរ៉ូម ឬពែរក្ស ដែលបុរសទាំងនេះ អាចជាដៃគូពាណិជ្ជកម្មរបស់អាណាចក្រចេនឡា ចន្លោះឥណ្ឌា និងចិន។ លោកគិតដូច្នេះ ដោយសារយោងទៅលើការរកឃើញកាក់ជាច្រើននៅខេត្តអានយ៉ាង ប្រទេសវៀតណាម (អតីតកំពង់ផែអូរកែវ របស់ហ្វូណន) ដែលជាបុរាណវត្ថុតាំងពីរវាងស.វ.ទី១។ ព្រមជាមួយគ្នានេះ លោកសន្និដ្ឋានថា មនុស្សទាំងនេះអាចជាឈ្មួញដែលបានបរិច្ចាកប្រាក់កាក់និងធនធាន ដើម្បីសាងសង់ប្រាសាទជាមួយព្រះមហាក្សត្រខ្មែរ ទើបអាចមានរូបមុខពួកគេនៅលើប្រាសាទបាន។ ចំណែក លោក មីសែល ត្រាណេ លើកឡើងអំពីកំណត់ត្រាចិនដែលបានសរសេរថា មហេសីមួយអង្គរបស់ស្តេច គឺជាបុត្រីរបស់អ្នកគ្រប់គ្រងនៅឥណ្ឌាខាងត្បូង ម្ល៉ោះហើយស្តេចអាចនឹងកសាងប្រាសាទតម្រូវតាមព្រះទ័យរបស់មហេសី ហើយលោកជឿថា ចម្លាក់ទាំងនេះអាចមានឥទ្ធិពលជនជាតិពែរ្ស ព្រោះមុខមាត់ចម្លាក់នៅប្រាសាទអុក ស្រដៀងជាមួយរូបភាពបុរសនៅលើកាក់ដែលរកឃើញនៅអូរកែវ។ លោកអះអាងថា “ពួកគេជាមនុស្សមកពីណា គឺនៅតែអាថ៌កំបាំង” ប៉ុន្តែ លោកស្មានថា “ពួកគេជាមនុស្សសំខាន់ដែលយ៉ាងហោចណាស់ក៏ជាមនុស្សជិតស្និទ្ធនឹងព្រះមហាក្សត្រ ឬមន្រ្តីជាន់ខ្ពស់ដែរ”។

ផ្តែរទ្វារប្រាសាទយាយព័ន្ធ (S7) មានចម្លាក់ព្រះមរុតជិះសេះពាក់មួករាងទ្រវែងស្តួចចុង និងមរុតម្នាក់ពាក់ស្បែកជើងកវែងក្នុងទម្រង់ជនបរទេសនៅអាស៊ីកណ្តាល (សព្វថ្ងៃផ្តែរនេះរក្សាទុកនៅសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង)
ចម្លាក់រូបជនបរទេសឆ្លាក់នៅខាងក្នុងគូឌុប្រាសាទអុក (S2) ក្នុងទម្រង់មុខស្រដៀងសិល្បៈអារ្យធម៌ហេលេនិក (Hellenistic)

នៅក្នុងឆ្នាំ២០១៨ អត្ថបទដ៏លម្អិត និងមានសារសំខាន់មួយដែលជាស្នាដៃនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់លោក Ben Wreyford នៅសាកលវិទ្យាល័យ London ចក្រភពអង់គ្លេស។ ការសិក្សារបស់លោក មិនត្រឹមតែផ្តោតទៅលើរូបចម្លាក់ជនបរទេសដែលមាននៅសំបូរព្រៃគុកប៉ុណ្ណោះទេ គឺលោកបានពិនិត្យយ៉ាងល្អិតល្អន់អំពីចម្លាក់ជនបរទេស ដែលមាននៅអាស៊ីអាគ្នេយ៍ចន្លោះពីឆ្នាំ១០០ ដល់ ៩០០ នៃគ្រឹស្តសករាជ ដោយលើកយកភស្តុតាងសំខាន់ៗធៀបជាមួយនឹងសិល្បៈដែលមាននៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាល។ នៅតំបន់សំបូរព្រៃគុក លោកយល់ថា ចម្លាក់មរុតពាក់មួករាងទ្រវែងស្តួចចុង (ផ្តែរទ្វារ S7) ចម្លាក់នៅជញ្ជាំងប្រាសាទ S11 និង N15 គឺជាប្រភេទមួកម្យ៉ាងដែលគេហៅថា “ហ្រ្វីជៀន” (Phrygian cap)។ ហ្រ្វីជៀន គឺជាប្រភេទមួកទន់បត់ និងនិយមពាក់ដោយជនជាតិ “សាក” (Sāka) នៅតំបន់អាស៊ីកណ្តាល។ ចំណែក ស្បែកជើងរបស់មរុតពាក់នៅលើផ្តែរទ្វារ S7 ក៏ជាប្រភេទស្បែកជើងកវែងដែលឃើញមានប្រើប្រាស់នៅតំបន់អាស៊ីកណ្តាលដូចគ្នាដែរ។ សំណួរសួរថា ហេតុអ្វីមានឥទ្ធិពលទាំងនេះចូលក្នុងសង្គមកម្ពុជា? លោកបកស្រាយថា ប្រទេសឥណ្ឌាដែលជាសម្ព័ន្ធមិត្តបុរាណរបស់កម្ពុជា តែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅតំបន់អាស៊ីកណ្តាល។ ជាពិសេស គឺទំនាក់ទំនងវប្បធម៌រវាងរាជវង្សគុសាន (Kuśāna) និងជនជាតិភាគតិចសាក (Sāka) ជាមួយក្រុមឥណ្ឌូ-អឺរ៉ង់ ដែលតែងទាក់ទងក្នុងការបង្កាត់ពូជនិងធ្វើពាណិជ្ជកម្មជួញដូរសេះនៅភាគពាយព្យប្រទេសឥណ្ឌា។ ម្ល៉ោះហើយ ទើបការស្លៀកពាក់ និងប្រពៃណីជិះសេះមានលក្ខណៈស្រដៀងគ្នាច្រើន។ ក្នុងនោះ កំណត់ត្រាចិន រៀបរាប់ថា “នៅស.វ.ទី៧ គេបាននាំយកសេះជាច្រើនក្បាលចូលមកតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅតំបន់ទ្វារវតី (ប្រទេសថៃ) និងលីនយី (ចាម្ប៉ា)”។ ដូច្នេះ ពេលដែលនាំសេះយកមកប្រហែលជាមានការបង្ហាត់បង្ហាញពីអ្នកជំនាញជិះសេះពីបរទេសមកជាមួយដែរ។ ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជា ពុំមានឯកសារណាមួយបញ្ជាក់ថាមានជួញដូរសេះជាមួយបរទេសឡើយ។ ទោះ​​បីយ៉ាងណា ប្រសិនបើកម្ពុជាមានទំនាក់ទំនងក្នុងការជួញដូរសេះនេះដែរ នោះប្រហែលជាឥទ្ធិពលជនបរទេសដែលមាននៅចម្លាក់ខ្មែរ ក៏អាចកើតមានឡើងតាមរយៈវិធីនេះផងដែរ។ ម្យ៉ាងវិញទៀត ភស្តុតាងដ៏សំខាន់ទី២ គឺលោក Ben Wreyford យោងទៅលើសិលាចារឹកក្នុងស្រុកដូចលោក ហេង ពិភាល់ ធ្លាប់បានលើកឡើងខាងលើដែរ ដែលប្រហែលជាចម្លាក់ជនបរទេសកើតឡើងនៅសំបូរព្រៃគុក ដោយសារតែមានមន្រ្តីផ្នែកគ្រប់គ្រងសំណង់សាសនានៅសំបូរព្រៃគុក អាចជាជនជាតិណាមួយមកពីតំបន់អាស៊ីកណ្តាល។ ក្នុងនោះ សិលាចារឹកទី១រកឃើញនៅប្រាសាទដើមចាន់ (N16) K.438 រៀបរាប់ថា “បុត្រីរបស់ស្តេចឦសានវរ្ម័នទី១ បានរៀបអភិសេកជាមួយព្រាហ្មណ៍មកពីឥណ្ឌាឈ្មោះ ទុគ៌ស្វាមិ ដោយព្រាហ្មណ៍នេះបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនថា គាត់ គឺជាជនជាតិសាក”។ វាពិតជាពិបាកជឿថា គាត់ជាជនជាតិសាក តែមានវណ្ណៈព្រាហ្មណ៍នោះ ប៉ុន្តែសិលាចារឹកមួយទៀតនៅក្រុមប្រាសាទយាយព័ន្ធ (N17-7) K.604 រៀបរាប់អំពីភូមិមួយឈ្មោះថា “សាកតីថ៌” ដែលជាភូមិចាត់ចែងជាអចិន្រ្តៃយ៍ដោយពពួកព្រាហ្មណ៍។ ដូច្នេះហើយ វាអាចជាសញ្ញាបញ្ជាក់ថា នៅស្រុកឥណ្ឌាប្រហែលជាមានភូមិមួយដែលមានជនជាតិសាក (Sāka) រស់នៅ ហើយតំបន់នោះប្រហែលជាអតីតទឹកដី “ក្សត្រប” (Kśatrapa) ភាគខាងលិចតំបន់គុជរត (Gujarata) និងតំបន់ Malwa។ ការសន្និដ្ឋានបែបនេះ គឺដោយសារតែលោកយោងទៅលើប្រភពឯកសារក្នុងស្រុកឥណ្ឌា ព្រមទាំងចម្លាក់មួយចំនួនដែលរកឃើញនៅរូបភ្នំ Aihole ដែលមានចម្លាក់ទ្វារបាលមួយមានសម្លៀកបំពាក់ស្រដៀងចម្លាក់ទ្វារបាលនៅប្រាសាទដើមចាន់ក្នុងតំបន់សំបូរព្រៃគុកដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា រជ្ជកាលរបស់ព្រះបាទឦសានវរ្ម័នទី១ ជាស្តេចនៃអាណាចក្រចេនឡា គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឥណ្ឌានៅក្នុងសន្តតិវង្សចលុក្យ (Cālukya) តាមរយៈផ្លូវសមុទ្រ។ អាណាចក្រចេនឡារបស់កម្ពុជា និងអាណាចក្រចលុក្យរបស់ឥណ្ឌាខាងត្បូង គឺសុទ្ធសឹងស្ថិតនៅតំបន់ដីគោកដូចគ្នា។ ក្នុងនោះ សន្តតិវង្សចលុក្យ បានចាប់ផ្តើមឡើងនៅគ.ស.៥៦៦ (ស.វ.ទី៦) ហើយបានដួលរលំនៅគ.ស.៦៤២ ដែលត្រូវគ្នានឹងរជ្ជកាលរបស់ព្រះបាទឦសានវរ្ម័នទី១ ចាប់ពីគ.ស.​៦១៦ ដល់ ៦៣៧។ ដូច្នេះ ព្រាហ្មណ៍ទុគ៌ស្វាមិ ដែលប្រហែលជាជាប់ពូជពង្សជនជាតិសាក (Sāka) ទំនងជាបានមកកម្ពុជាតាមរយៈផ្លូវសមុទ្រនៅក្នុងរជ្ជកាលដែលគ្រប់គ្រងដោយសន្តតិវង្សចលុក្យ។

រូបលេខ៥៖ ចម្លាក់រូបជនបរទេសឆ្លាក់នៅខាងក្នុងគូឌុប្រាសាទអុក (S2) ក្នុងទម្រង់មុខស្រដៀងសិល្បៈអារ្យធម៌ហេលេនិក (Hellenistic)
ចម្លាក់រូបទ្វារបាលនៅរូងភ្នំ Aihole នៅឥណ្ឌាខាងត្បូង តំបន់គុជរត ដែលជាអតីតតំបន់មាននីគមជនជនជាតិសាករស់នៅ មានសម្លៀកបំពាក់ និងមួកស្រដៀងរូបទ្វារបាលប្រាសាទដើមចាន់នៅសំបូរព្រៃគុក ក្នុងរូបលេខ១ (ប្រភព៖ Ben Wreyford)

ជាសរុបរួមមក ការសន្និដ្ឋានរបស់លោក ហេង ពិភាល់ និងលោក Ben Wreyford គឺមាន មូលដ្ឋានច្បាស់លាស់ និងចុះសម្រុងគ្នាប្រកបដោយគំនិតពិចារណាយ៉ាងជ្រាលជ្រៅ។ ចំណែកឯ ការសន្និដ្ឋានរបស់លោក ចិន្ទ ច័ន្ទរតនា និងលោក មីសែល ត្រាណេ គឺស្ថិតនៅក្នុងបរិបទស្រដៀងគ្នាដែរ ប៉ុន្តែមិនមានភស្តុតាងវិភាគបែបស៊ីជម្រៅនោះឡើយ។ ការសិក្សាចុងក្រោយរបស់លោក Ben Wreyford គឺជាឯកសារដ៏មានសារៈសំខាន់ក្នុងការស្វែងយល់អំពីប្រភពនៃចម្លាក់រូបជនបរទេសដែលលេចឡើងនៅតំបន់ប្រាសាទសំបូរព្រៃគុក។ ជាចុងក្រោយ យើងអាចសន្និដ្ឋានថា ការដែលមានចម្លាក់រូបជនបរទេសកើតឡើង ប្រហែលជាមានវត្តមានជនបរទេសជាមន្រ្តីខាងទទួលបន្ទុកការកសាងប្រាសាទនៅសំបូរព្រៃគុកផ្ទាល់តែម្តង ហើយជនបរទេសនោះទៀតសោត គឺទំនងជាជនជាតិណាមួយនៃតំបន់អាស៊ី​កណ្តាល តួយ៉ាងដូចជា ព្រាហ្មណ៍ ទុគ៌ស្វាមិ ដែលទំនងជាជនជាតិសាក មកពីស្រុកឥណ្ឌាផ្ទាល់។ សូមបញ្ជាក់បន្ថែមថា សិល្បៈនៅអាស៊ីកណ្តាល គឺភាគច្រើនតែងតែមានលាយឡំជាមួយឥទ្ធិពលសិល្បៈអារ្យធម៌ហេលេនិស (Hellenistic) ដែលកើតចេញពីសិល្បៈក្រិច និងរ៉ូម៉ាំង ម្ល៉ោះហើយទើបរូបចម្លាក់នៅប្រាសាទអុក (S2) មានសក់ និងពុកមាត់ ស្រដៀងទៅនឹងមនុស្សនៅសិល្បៈក្រិច និងរ៉ូម៉ាំងខ្លាំងបែបនេះ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!