ទំព័រដើមប្រវត្តិសាស្ត្របំណែកបដិមាព្រះហេវជ្ររកឃើញនៅខ្លោងទ្វារខ្មោច ក្រុងអង្គរធំ

បំណែកបដិមាព្រះហេវជ្ររកឃើញនៅខ្លោងទ្វារខ្មោច ក្រុងអង្គរធំ

សិល្បៈខ្មែរដែលទាក់ទងជាមួយព្រះហេវជ្រ ក្នុងលទ្ធិព្រះពុទ្ធសាសនាវជ្រយាន ហាក់ដូចជាមិនសូវសម្បូណ៌ហូរហៀរដូចអាទិទេពផ្សេងៗនៅក្នុងព្រហ្មញ្ញសាសនាឡើយ។ នៅក្នុងសង្គមខ្មែរ គេច្រើននិយមធ្វើរូបព្រះហេវជ្រអំពីសំរិទ្ធ ហើយបើបដិមាដែលធ្វើអំពីថ្មក៏ហាក់ដូចជាមានតិចតួចដូចគ្នាដែរ។ ហេវជ្រ គឺជាទេពដ៏សំខាន់ក្នុងបរិបទព្រះពុទ្ធសាសនាបែបតន្រ្ត តំណាងឱ្យសតិ សម្បជញ្ញៈ និងការបង្រៀន។ ទ្រង់ គឺជាបុគ្គលម្នាក់ដែលសម្រេចបានការត្រាស់ដឹងដែលកើតឡើងដោយអាថ៌កំបាំងនៃកាយ វាចា និងចិត្ត ហើយលក្ខណៈទាំងបីនេះរមែងលេចចេញក្នុងលំហតាមដំណើរនៃការសមាធិ រួមមាន កាយជាចក្រវាល វាចាជាប្រាជ្ញាដល់ប្រសើរ និងចិត្តជាសេចក្តីអនុគ្រោះដល់សត្វទាំងឡាយ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីបំណែកបដិមាហេវជ្រដ៏ល្បីល្បាញមួយ ដែលរកឃើញនៅខ្លោងទ្វារខ្មោច ក្រុងអង្គរធំ ហើយបច្ចុប្បន្នកំពុងរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរមេត្រូប៉ូលីតាន់ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បំណែកបដិមានេះ រកឃើញតាមរយៈការធ្វើកំណាយបែបបុរាណវិទ្យានៅក្នុងឆ្នាំ១៩២៥ ដោយអ្នកអភិរក្សអង្គរជនជាតិបារាំងម្នាក់ឈ្មោះថា “ហង់រី ម៉ាហ្សាល់” (Henri Marchal) នៅខ្លោងទ្វារខ្មោច (ខ្លោងទ្វារខាងកើត ខាងត្បូងខ្លោងទ្វារជ័យ) ក្រុងអង្គរធំ។ ក្នុងពេលរកឃើញនោះ គេឃើញមានតែបំណែកព្រះសិរជាប់ជាមួយផ្នែកខ្លះនៃដងខ្លួន និងព្រះបាទរបស់បដិមា។ ក្នុងនោះ ព្រះសិរខាងលើរបស់បដិមា គេមិនទាន់រកឃើញនៅឡើយទេ ពោល គឺរកឃើញតែព្រះសិរ ២ ថ្នាក់ប៉ុណ្ណោះ ដែលថ្នាក់កណ្តាលមានព្រះសិរចំនួន ៤ និងថ្នាក់ខាងក្រោមមានព្រះសិរចំនួន ៣។ ចំណែកឯ ព្រះសិរថ្នាក់ខាងលើបង្អស់ដែលមានចំនួន ១ គេបានរកឃើញនៅក្បែរៗកន្លែងដដែល ហើយក្នុងពេលនោះគេបានរកឃើញបំណែកព្រះហស្តចំនួន ១ ថែមទៀតផង (ព្រះហស្ថសរុបមាន ១៦)។ ជាអកុសល ព្រះសិរថ្នាក់ខាងលើនេះ បានបាត់នៅក្នុងឆ្នាំ១៩៩២។ ផ្នែកព្រះបាទបដិមាដែលគេរកឃើញនៅពេលនោះ គឺឈរក្នុងទម្រង់រាំ (ជើងឆ្វេងដាក់ជុចទៅក្រោម និងជើងស្តាំដាក់មកពាក់លើកំភួនជើងឆ្វេង) ហើយក្នុងឆ្នាំ១៩២៥ដែលរកឃើញ គេមិនបានយកព្រះបាទបដិមានេះមករក្សាទុកភ្លាមទេ ពោល គឺរក្សាទុកនៅទីតាំងដើមតែម្តង។

បំណែកបដិមាហេវជ្រពេលរកឃើញដំបូងនៅខ្លោងទ្វារខ្មោច នៅឆ្នាំ១៩២៥ (មើលពីចំហៀង)
(សព្វថ្ងៃរក្សាទុកនៅសារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក) ប្រភព៖ EFEO Archives
បំណែកព្រះបាទហេវជ្រពេលរកឃើញដំបូងនៅខ្លោងទ្វារខ្មោច នៅឆ្នាំ១៩២៥ (មើលពីមុខ)
(សព្វថ្ងៃរក្សាទុកនៅសារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក) ប្រភព៖ EFEO Archives
បដិមាព្រះហេវជ្រផ្គុំឡើងវិញដោយលោក Olivier Cunin
(ប្រភព៖ Sharrock, P.D. 2013)

ជាទូទៅ ព្រះសិរព្រះហេវជ្រមានចំនួន ៨ ព្រះហស្ត ១៦ ព្រះបាទ ២ ឬ ៤។ អ្នកស្រាវជ្រាវទូទៅច្រើនយល់ថា ព្រះសិរខាងលើចំនួន ១ និងព្រះសិរកណ្តាលចំនួន ៤ (បូកចូលគ្នាស្មើ ៥) គឺតំណាងឱ្យតថាគតទាំង ៥ (ព្យានិពុទ្ធទាំង៥) ដែលព្រះសិរខាងលើតំណាងឱ្យព្រះវៃរោចន ដែលតំណាងឱ្យការពង្រីកជួរបញ្ឈរនៅផ្នែកកំពូល និងព្រះសិរកណ្តាលទាំង ៤ តំណាងឱ្យផ្នែកបន្ថែមនៅក្នុងប្លង់ផ្តេករបស់ចំណុចសំខាន់ទាំង ៤ នៃត្រីវិស័យ រួមមាន ព្រះអក្សោភ្យ (ខាងកើត) ព្រះរត្នសម្ភព (ខាងត្បូង) ព្រះអមិតភ (ខាងលិច) និងព្រះអមោឃសិទ្ធិ (ខាងជើង)។ រីឯព្រះសិរទាំង ៣ នៅថ្នាក់ខាងក្រោម គេមិនដឹងប្រាកដថាតំណាងឱ្យអ្វីឡើយ ប៉ុន្តែបើសិនយោងទៅលើគម្ពីរតន្រ្ត   ចំណាស់ៗរបស់ឥណ្ឌាដែលរកឃើញនៅកោះជ្វា និងជប៉ុន គេអាចសន្និដ្ឋានថា ព្រះសិរទាំង ៣ តំណាងឱ្យព្រះពុទ្ធ ព្រះលោកេសូរ និងព្រះវជ្របាណិ។ ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Olivier Cunin បានសាកល្បងផ្គុំរូបនេះជាលក្ខណៈ 3D ឡើងវិញ ដែលលទ្ធផលបង្ហាញថា បដិមាហេវជ្រនេះ អាចមានកម្ពស់ពេញលេញប្រមាណ ៣ ម៉ែត្រ។ លោក Olivier Cunin បានសន្និដ្ឋានថា បដិមានេះទំនងសាងនៅរវាងដើមស.វ.ទី១៣ ដែលដំបូងឡើយអាចតម្កល់នៅច្រកចូលខាងកើត ប្រាសាទបាយ័ន្ត។

ចំណុចមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍ អំពីបំណែកបដិមាហេវជ្រនេះជាងគេនោះគឺ ការលក់បំណែកបដិមាហេវជ្រដ៏ពិសេសនេះទៅកាន់សារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៣៦ ក្នុងតម្លៃដ៏ទាប។ សូមបញ្ជាក់ថា ការលក់វត្ថុបុរាណខ្មែរនេះ គឺគេចាប់ផ្តើមអនុវត្តឡើងនៅក្នុងឆ្នាំ១៩២៣ ដោយរដ្ឋាភិបាលបារាំងប្រចាំនៅកម្ពុជានាសម័យអាណានិគម។ ក្នុង​នោះ គេដឹងថា លោក George Groslier (Directeur desArts) គឺជាអ្នកផ្តើមគំនិតឱ្យមានការលក់វត្ថុបុរាណខ្មែរនៅពេលនោះ ក្រោមហេតុផលថា «ការលក់វត្ថុបុរាណនឹងបង្កើតប្រាក់ចំណូលជាតិដើម្បីយកទៅផ្គត់ផ្គង់ការងារជួសជុលប្រាសាទនៅតំបន់អង្គរ និងដើម្បីការពារការលួចយកវត្ថុបុរាណចេញពីប្រាសាទរបស់អ្នកទេសចរ»។ នៅមុនពេលច្បាប់អនុម័តជាផ្លូវការឱ្យមានការលក់វត្ថុបុរាណនេះ លោក Louis Finot ក្នុងតំណែងជាប្រធានសាលាបារាំងចុងបូព៌ាប្រទេសនាពេលនោះ បានព្យាយាមជំទាស់គំនិតនេះ ព្រោះលោកយល់ថា “វាជាសញ្ញាណគ្រោះថ្នាក់មួយនៃសម្បត្តិវប្បធម៌ខ្មែរ”។ ប៉ុន្តែ លោក George Groslier បានព្យាយាមបញ្ចុះបញ្ចូលរហូតដល់លោកយល់ព្រម។ ការលក់ទៀតសោត គេឯកភាពគ្នាលក់តែបំណែកៗដែលមិនសូវសំខាន់ដែលបានពីការកំណាយបុរាណវិទ្យា ហើយដាក់លក់បានតែក្នុងសារមន្ទីរជាតិតែប៉ុណ្ណោះ។ ជាអកុសល ចាប់ពីឆ្នាំ ១៩៣១ មក គេបានអនុញ្ញាតឱ្យលក់នៅក្រៅសារមន្ទីរជាតិ ដូចជា នៅតាមសណ្ឋាគារ និងកន្លែងសាធារ​ណមួយចំនួនទៀត ហើយថែមទាំងលក់នូវបំណែកៗសំខាន់ៗដូចជា បំណែកបដិមាហេវជ្រនេះជាដើម។ រហូតមកទសវត្សរ៍ ១៩៤០ លោក Henri Marchal បានយល់ឃើញថា ការលក់នេះហាក់ពុំបានជួយអ្វីជាដុំកំភួនដល់ការងារអភិរក្សប្រាសាទនៅតំបន់អង្គរឡើយ ផ្ទុយទៅវិញ វាទទួលបានតែការរិះគន់ឥតសំចៃមាត់ពីអ្នកកាសែតអន្តរជាតិ និងប្រជាជនក្នុងស្រុក ទើបអាជ្ញាធរអាណានិគមបារាំងសម្រេចបញ្ឈប់ការលក់វត្ថុបុរាណខ្មែរនៅឆ្នាំ១៩៤៥ តែម្តង។

បដិមាព្រះហេវជ្រផ្គុំឡើងវិញជារបៀប 3D និងតម្កល់នៅច្រកចូលខាងកើតប្រាសាទបាយ័ន្ត
ដោយលោក Olivier Cunin (ប្រភព៖ Cunin, O.)

ជារួមមក បំណែកបដិមាហេវជ្រដែលរកឃើញនៅខ្លោងទ្វារខ្មោច ក្រុងអង្គរធំនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងបរិបទនៃការសិក្សាអំពីប្រវត្តិសិល្បៈព្រះពុទ្ធសាសនានិកាយវជ្រយាននៅកម្ពុជា ដ្បិតបដិមាហេវជ្រដែលធ្វើអំពីថ្ម ហើយមានទំហំធំបែបនេះ ពុំសូវសម្បូណ៌ដូចទេពផ្សេងៗឡើយ។ ម្យ៉ាងវិញទៀត ការលក់បដិមានេះទៅកាន់សារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក អាចជាចំណុចខ្សោយមួយរបស់អាជ្ញាធរអាណានិគមបារាំងក្នុងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌នៅកម្ពុជាកាលពីសម័យនោះ។ ទោះបីជាដឹងច្បាស់អំពីសាវតាររបស់បដិមានេះយ៉ាងណាក៏ដោយ ក៏មិនមានច្បាប់ណាមួយក្នុងការទាមទារបដិមានេះត្រឡប់មកកម្ពុជាវិញដែរ ព្រោះការលក់នេះ គឺធ្វើឡើងដោយស្របច្បាប់ក្នុងឆ្នាំ១៩៣៦ លុះត្រាតែមានការឯកភាពទេ្វភាគីណាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!