សិលាចារឹក K.១១៥៤

ផ្ទាំងសិលាចារឹកពុំស្គាល់ប្រភព​ច្បាស់លាស់​នេះ មាន​អក្សរ​ចារឹក​៨ជួរ ចារនៅខាងក្រោយចម្លាក់ក្រឡោត​ខ្ពស់ នៃប្រតិមា​ព្រះពោធិសត្វ​អវលោកិតេសូរ មានព្រះហស្ត៨។ អត្ថបទ​ចារឹក​នេះ ចាប់ពីបន្ទាត់ទី៨ បានបាក់​​បា​ត់​​​ផ្នែកខាងក្រោម នាំឱ្យបាត់បង់អត្ថន័យមួយចំនួន។ វត្ថុ​សិល្បៈ​នេះ ជាសមុច្ច័យរបស់ ​Alexander B. Griswold នៅ​សារមន្ទីរសិល្បៈ Walters។ សិលាចារឹកនេះ មានចំណាប់អារម្មណ៍ពីអ្នកសិក្សាស្រាវជ្រាវមួយចំនួន ដោយ​ហេតុ​​​ថា​ជា​សិលាចារឹកដែលមានប្រើគាថា «ឱំ មណីបទ្មេ ហូំ» ដែលជាមន្ត្រប្រើនៅក្នុង​ព្រះ​ពុទ្ធ​​សាស​នា​​និកាយវជ្រយាន។ ក្នុង​ចំណោម​សិលាចារឹកខ្មែរ ​ដែលរក​ឃើញ​កន្លង​មក​ គេសង្កេតឃើញ មានតែសិលាចារឹកនេះមួយប៉ុណ្ណោះ​ ដែលប្រើគាថានេះ។

សិលាចារឹកនេះ ពុំ​មានចុះកាលបរិច្ឆេទឡើយ ប៉ុន្ដែបើយោងតាម​ទម្រង់​តួ​អក្សរ​តា​ម​​​​កា​រ​សិក្សាបែបបុរាណលេខន៍ គឺតែស្ថិតនៅក្នុងស.វ.ទី១០។ ចំណែកឯតាម​បដិមាសាស្ត្រ​វិញ ក៏មានលក្ខណៈសិ្ថតនៅចន្លោះ​រចនាបថបាខែងនិងកោះកេរ ដែលស្ថិតនៅរវាង​ស.វ.​ទី​១០ដែរ។

នៅលើផ្ទាំងចារឹក នាផ្នែកខាងលើ​ មានសញ្ញាផ្កាឈូករីកធំមួយនៅខាងលើអត្ថបទភាសាខ្មែរបុរាណ។ នៅខាងលើផ្កា​ឈូកនេះ មានអក្សរធំមួយប៉ុន្ដែ​ដោយផ្ទៃថ្មចារអក្សរនោះបែកខ្លះនាំឱ្យពិបាកមើល។ លោកស្រីបណ្ឌិត ពៅ សាវរស យល់ថាជាសញ្ញា​ «ឱំ» ប៉ុន្តែ​តាមទម្រង់លក្ខណៈសញ្ញា «ឱំ» ដែល​ជួបប្រទះកន្លងមក ពុំអាចមានរូបរាង​បែបនោះទេ។ សញ្ញានេះ មានទម្រង់ប្រហាក់ប្រហែលនឹងសញ្ញានៅចំកណ្ដាល​យន្ត្របញ្ចុះនៅក្នុងបាត​ប្រាសាទ​ដែលរករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តឧត្តរ​មានជ័យដែរ ប៉ុន្ដែ​ជាប្រការដែលគួរឱ្យសោកស្ដាយនោះ គឺអក្សរនោះក៏ពុំពេញលេញអាចឱ្យយើង​យល់​បាន​​ថាជាសញ្ញាអ្វីឱ្យប្រាកដនោះដែរ។

អត្ថបទចារឹកនេះចាប់ផ្ដើមដោយពាក្យពរមង្គល «ឱំសិទ្ធិស្វស្ដិជយ​លាភក្ឞេម​ឫទ្ធិ» មានន័យថា «ឱម! (សូមមាន)សិទ្ធិ សួស្ដី ជ័យ លាភ ក្សេម (និង) ឫទ្ធិ»។ បន្ទាប់មក​ជា​សេចក្ដីនមស្ការ​ចំពោះព្រះឥន្ទ្រ និងព្រះមណិបទ្ម។ អត្ថបទនេះ ជា​សេចក្ដីបួងសួង​សូមឱ្យ​​ព្រះគម្ដែងអញមោំ និងព្រះគម្ដែងអញ(ដ?)ទៃ(ទៀត) ព្រមទាំងសត្វទ្វេបាទ​ ចតុប្បាទ(មានពន្លឺ)រុងឫទ្ធិដូចព្រះចន្ទ្រខាងខ្នើត…។

«ឱំ មណិបទ្មេ ហូំ» ជា​មន្ត្រ៦ព្យាង្គ​ដែល​លេច​ឡើងដំ​បូង​នៅ​ក្នុង​គម្ពីរ​ការណ្ឌវ្យូហ​សូត្រ​ ដែលមានអាយុកាលរវាងស.វ.ទី៦និងទី៧ ចំណែក​ឯ​អត្ថន័យ​វិញ​មាន​ការ​បក​ស្រាយ​ខុស​ប្លែកគ្នាមួយចំនួនដែរ។ «ឱំ» ជាព្យាង្គ​សក្ដិសិទ្ធិ​មួយ​ដែលរមែង​ឃើញ​ប្រើ​នៅក្នុ​ង​សាស​នា​​នៅ​ប្រទេសឥណ្ឌា។ គេតែងប្រើ​ព្យាង្គ​នេះ​ នៅខាងដើមគាថា​នានា។ ពាក្យ «មណិ» មាន​ន័យ​ថាត្បូង។ «បទ្មេ» មកពីពាក្យ «បទ្ម» មានន័យថាផ្កាឈូក ឯ «បទ្មេ» ជា​រូប​រាង​ពាក្យ​ស្ថិត​នៅ​ក្នុងវិភត្តិទី៧ មានមុខងារជាកម្ម​ទេសកាល មានន័យថា «នៅក្នុងឬលើផ្កាឈូក» ប៉ុន្ដែ​ក៏​មាន​អ្នកស្រាវជ្រាវខ្លះយល់ថា​ពាក្យនេះស្ថិតក្នុងមុខងារជាដង្ហៅ ដែលមានន័យថា «បពិ​ត្រ​​ព្រះមណិបទ្ម» ទៅវិញ។ រី​ឯ​ពាក្យ «ហូំ»​ ជាព្យាង្គតំណាង​ឱ្យ​ការ​ត្រាស់​ដឹង។

នៅក្នុងឃ្លា «ឱំ ក្ឞាំ ហាំ ឥន្ទ្រាយ ស្វាហា»   ពាក្យ “ក្ឞាំ”​ និង  “ហាំ” ជាព្យាង្គសម្រាប់ប្រើក្នុងមន្ដ្រដែលកម្រនឹងបានជួប។ “ក្ឞាំ” ជាពីជមន្ដ្រឬបណ្ដូលធម៌​មួយ​ដែលតំណាងឱ្យការអត់ទោសនិងការអត់ធ្មត់។ ចំណែកឯ “ហាំ” ពីជមន្ដ្ររបស់ព្រះ អចល ឬ អចលវិទ្យារាជ។ គេហៅព្រះនាមម្យ៉ាងទៀតថា អចលវជ្របាណិ ជាធម្មបាលក្នុងពុទ្ធសាសនានិកាយវជ្រយាន។

ដូច្នេះសិលាចារឹកមួយផ្ទាំងនៅខាងក្រោយរូបប្រតិមាព្រះអវលោកិតេសូរនេះ គឺជា​ភស្ដុតាងសំខាន់មួយក្នុងការ​បង្ហាញពីឥទ្ធិពលពុទ្ធសាសនាវជ្រយាននៅកម្ពុជា ជាពិសេស​គឺ​មន្ត្រ​ «ឱំ មណិបទ្មេ ហូំ»។

អត្ថបទដើមជាភាសាខ្មែរទំនើប

១- ឱំសិទ្ធិស្វិស្ដិជយលាភក្ឞេមឫទ្ធិ

២- ឱំក្ឞាំហាំឥន្ទ្រាយស្វាហា ឱំម

៣- ណិបទ្មេហូំចោត៌្តមន៑យជ

៤- មានវ្រះកំម្រតេង៑អញ៑(មោំ)

៥- នុវ្រះកំម្រតេង៑អញ៑ទៃ

៦- យនុទ្វិបទចតុប្បទឫ

៧- ទ្ធិរុចន្ទ្រតគិឝុក្ល

៨- (អក្សរដាច់)

អត្ថបទប្រែសម្រួល

ឱម! សិទ្ធិ ស្វស្ដិ ជ័យ លាភ ក្សេម ឫទ្ធិ។ ឱម! ក្សាំ ហាំ សូមនមស្ការចំពោះព្រះឥន្ទ្រ។ ឱម! បពិត្រព្រះមណិបទ្ម! សូមយជមាន(គឺ)ព្រះគម្ដែងអញមោំនិងព្រះគម្ដែងអញទៃយ ព្រមទាំងសត្វទ្វេបាទ​ ចតុប្បាទ(មានពន្លឺ)រុងឫទ្ធិដូចព្រះចន្ទ្រខាងខ្នើត…។

ពន្យល់ពាក្យ     

សិទ្ធិ             សិទ្ធី, សេចក្ដីសម្រេច។

ស្វិស្ដិ            សួស្ដី។

ជយ             ជ័យ។

លាភ            លាភ។

ក្ឞេម            ក្សេម ក្សេមក្សាន្ដ។

ឥន្ទ្រាយ        ចំពោះព្រះឥន្ទ្រ។

ស្វាហា          សូមមានតេជះ។

ចោត៌្ត            ជាពាក្យ​ពុំដឹងអត្ថន័យច្បាស់ ប្រហែលក្លាយមកឫសពាក្យក្នុង​ភា​សា​សំស្ក្រឹ​ត​ថា “ច្ឫត៑” មានន័យថាភ្លឺ មានពន្លឺ។

យជមាន       ម្ចាស់បុណ្យ។

ទ្វិបទ            ទ្វេបាទ ជើងពីរ។

ចតុប្បទ        ចតុប្បាទ ជើងបួន។

រុ                   ដូច។

ចន្ទ្រតគិឝុក្ល   ចន្ទ្រខែខ្នើត ព្រះចន្ទ្រដ៏មានពន្លឺភ្លឺ។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!