ទំព័រដើមសិល្បៈ“ព្រះវិហារ​វត្ត​ស្រែរនោង”ឧទាហរណ៍សាមញ្ញមួយ​នៃ​ការ​កសាង​ ជួសជុល ថែទាំ​មត៌ក​ដូ...

“ព្រះវិហារ​វត្ត​ស្រែរនោង”ឧទាហរណ៍សាមញ្ញមួយ​នៃ​ការ​កសាង​ ជួសជុល ថែទាំ​មត៌ក​ដូនតា

វត្ត​ស្រែរនោង​ ​កសាង​នៅ​លើ​ទីទួល​តូច​​​​កណ្តាល​ភូមិ​អ្នកស្រុក ស្ថិត​​នៅក្នុង​ឃុំ​ស្រែ​​រនោង​ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ វត្ត​​នេះ គឺជា​វត្ត​ស្ថិត​នៅ​តំបន់​ជន​បទ​ដាច់​ស្រយាល​​ ដែល​​មាន​ព្រះវិហារ​ចាស់​មួយ ​កសាងឡើង​តាំ​ងពី​ដើមសម័យ​សង្គមរាស្រ្តនិយម។ បើគិត​មក​​ដល់​បច្ចុប្ប​ន្ន ព្រះ​វិហារវត្ត​ស្រែរនោង​មាន​អាយុកាល​ជាង​៧០ឆ្នាំ ហើយបាន​ឆ្លង​កាត់​សង្រ្គាម​​ជា​ច្រើន​ជំនាន់។ ប៉ុន្តែបើផ្អែកតាមការសាកសួរ និងចំណារសារបាន​វត្ត​ឱ្យ​ដឹងថា អ្នក​​ស្រុក​តែង​​មូលមាត់គ្នា​ជួស​ជុល​ថែ​ទាំ​​ព្រះវិហារ​ដែល​ជា​មត៌ក​ដូន​តារបស់ខ្លួននេះ​​ជា​​បន្ត​បន្ទាប់ ហើយ​ការ​ជួស​​ជុល​ចុង​ក្រោយ​​ដោយ​​​កម្លាំង​សទ្ធាពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ ​គឺ​​​​ក្នុង​​​​ឆ្នាំ​២០២១-​២០២២ ដោយ​ជួស​ជុល​​ផ្នែក​​ដំបូល ហោ​ជាង​ និង​ជញ្ជាំង​។

ព្រះវិហារ​វត្ត​ស្រែរនោង​ក្រោយ​ជួស​ជុល​ដំបូលរួច​រាល់​ (មើលពី​ទិស​ខាងលិច)

យោង​តាមឯកសារ​​មហា​បុរសខ្មែរ​បញ្ជាក់ថា កាល​ពីក្នុង​រជ្ជកាល​ព្រះ​បរម​ខត្តិយា​មហា​​ចន្ទ​រាជា​ (រវាង​ឆ្នាំ​១៥២៥) ស្រែរនោងគឺ​ជា​​ស្រុក​មួយ​ស្ថិត​ក្នុង​ចំណុះ​ខេត្ត​​ទ្រាំង​ ដែល​​មាន​​ចៅ​ពញា​ពិស្ណុលោក​ជា​អ្នកគ្រប់គ្រង​ត្រួតត្រា​។​ ​ទន្ទឹមនឹងនេះបើ​ផ្អែក​តាម​សារបាន​វត្ត​ឱ្យ​​ដឹង​ថា​ព្រះ​​វិហារ​​វត្ត​ស្រែ​រនោង ​បាន​ដឹកនាំកសាងឡើង​​ដោយ​ព្រះ​ចៅ​អធិការ​ទី​៥ (​ព្រះ​នាម​​​ ទិត ម៉ាក) ក្នុង​ឆ្នាំ​១៩៤៩។ ព្រះវិហារ​នេះ សង់នៅលើ​ខឿន​ខ្ពស់មួយ​​ ដែល​ក្រោយមក​បាន​​រៀបចំ​​​ជួស​ជុល​ធ្វើ​ជា​ជណ្តើរ​ថ្នាក់ៗ និង​មាន​បង្កាន់​ដៃ​នាគ​ព័ទ្ធ​​​ជុំវិញ​។ ទម្រង់​ព្រះ​វិហារ​ គឺ​ជា​​​លំនាំ​ព្រះ​វិហារ​​​ជហ្វា​បួន សាង់ពីឥដ្ឋ និង​កំបោរបាយអ។ មុនការ​ជួស​ជុល​ចុង​​ក្រោយក្នុង​ចុង​ឆ្នាំ​២០១២ ដល់ដើមឆ្នាំ​២០២២ ព្រះវិហារ​វត្ត​​ស្រែរនោង​ស្ថិត​ក្នុងសភាព​ ទ្រុឌទ្រោម​ខ្លាំង ជាពិសេស​នៅ​ត្រង់​​គ្រឿង​​​បង្គុំ​​ផ្នែក​ដំបូល ​និង​ពិតាន។

ព្រះវិហារ​វត្ត​ស្រែរនោង​មុនជួស​ជុល (ថតឆ្នាំ​២០១៤)​ (ប្រភព៖ ទំព័រ​ស្រុកស្រែ)

ព្រះវិហារ​វត្ត​ស្រែរនោង គឺជា​កូនវិហារ​តូ​ច​មួយ​​ដែល​ប្រើប្រាស់​សម្ភារៈ​សំណង់​​​ភាគ​ច្រើន​អំពី​ឥដ្ឋ ​ថ្ម និង​កំបោរបាយអ លើកលែង​តែ​គ្រឿង​បង្គុំ​ផ្នែក​ដំបូល​ជា​ឈើ។ ​ព្រះវិហារ​មាន​បណ្តោយ​ប្រហែល​ជិត​២០ម៉ែត្រ និង​ទទឹង​ប្រហែល​ជាង​១០ម៉ែត្រ ដំបូលប្រក់ក្បឿង។ បើគិត​មក​ដល់​សព្វថ្ងៃ ប្រភេទ​ព្រះ​វិហារ​តូច​ៗបែបនេះ គេសង្កេតឃើញ​​នៅសេស​សល់​ដោយ​​កម្រ​​​​។ បើ​ពិនិត្យ​តែក្នុង​ខេត្ត​ភាគនិរតី គេឃើញ​មាននៅ​សល់​ព្រះវិហារ​វត្ត​កោះផ្តៅ ព្រះ​វិហារ​​វត្ត​កូនសត្វ និង​ព្រះវិហារ​វត្ត​ព្រៃ​​តាកុយ (កែប) ជាដើម។ ជាទូទៅគេដឹងថា​ព្រះ​វិហារ​​​បែប​នេះ​ច្រើន​កើត​​ឡើង​ពី​សទ្ធា​របស់​អ្នកស្រុក​ ដែល​រួបរួមគ្នា​សាងសង់ឡើង ហើយ​សូម្បី​តែ​ជាង និង​អ្នក​គំនូរ​​ក៏ច្រើនជា​ព្រះសង្ឃ ឬកូនចៅអ្នកស្រុកអ្នកភូមិ​ជុំវិញដែរ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ការ​មើល​ថែទាំ​ជួស​ជុល​វិញសោត គេសម្គាល់​ឃើញ​ធ្វើឡើង​ជា​ប្រចាំ​ ដ្បិត​​​អ្នក​ភូមិទាំង​នោះ​ទុក​ព្រះវិហារ​ដែល​ដូនតាខំកសាងជា​សម្បត្តិ​រួម​របស់​ស្រុក។ ចំពោះ​កូន​​​ព្រះវិហារ​វត្ត​ស្រែ​រនោង​ ក៏ជា​ឧទាហរណ៍​មួយ​នៃមត៌កអ្នកស្រុក ដែល​គេខិតខំថែទាំ​ជួស​​ជុល​រក្សា​​រហូត​មក​ដល់​សព្វថ្ងៃ។

ព្រះវិហារ​វត្ត​ស្រែរនោងកំពុង​ជួស​ជុល​​ជិត​រួច​រាល់ជា​ស្ថាពរកាលពីអំឡុង​ឆ្នាំ​២០២១-២០២២

ការជួសជុលព្រះវិហារ​វត្ត​ស្រែរនោង​ ចាប់ផ្តើម​ដំបូងតាំង​ក្រោយ​បញ្ចប់​សង្រ្កាម​ឆ្នាំ​១៩៧៩។ បន្ទាប់មកពុទ្ធបរិស័ទបានផ្តួច​ផ្តើម​ជួស​ជុល​ កសាង​ជា​បន្តបន្ទាប់ទៀត​ក្នុងឆ្នាំ​១៩៩០-១៩៩១ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៦ ដោយ​បាន​រៀបចំ​ដំឡើង​ពិតាន សាង​គំនូរ​ (ពិតាន?) ពង្រីក​​ខឿន​ជុំវិញព្រះវិហារ ចាក់សាប ព្រម​ទាំង​​តុបតែង​បិទ​ក្បាច់​លម្អ​តាម​សសរ និង​ស៊ុម​ទ្វារ-បង្អួច​។ ក្នុង​ឆ្នាំ​២០២១-២០២២កន្លងមក ​ ការ​ជួស​ជុល​ផ្តោត​សំខាន់​លើ​ផ្នែក​ដំបូល ហោជាង​ និង​លាបពណ៌​។ ប៉ុន្តែយ៉ាង​ណា​ក្តី​ ព្រះវិហារ​នេះនៅតែរក្សា​ទម្រង់​ដើម​ ពោល​គឺ​ជា​ព្រះវិហារ​ជហ្វា​បួន ដែលមាន​ដំបូល​ជ្រាល​ចុះ​ពីរថ្នាក់​សងខាង។ មិន​តែ​ប៉ុណ្ណោះ​ចំណុច​​ដែល​គួរ​ឱ្យ​​ចាប់អារម្មណ៍ ​គឺស្ថិតនៅលើ​ផ្ទៃហោជាង​ទាំងពីរ។ លើ​ផ្ទៃ​ហោជាង​​ខាងកើត មាន​រចនា​ជា​ក្បាច់​ផ្កាភ្ញីផ្សេងៗ​ជុំវិញ​ព្រះរាជសង្ហារ ហើយមាន​រូប​មកុដ​តម្កល់លើ​ក្បាល​ព្រះ​កាល។​ នៅខាងក្រោម​មាន​ចារឹក​នាម​អ្នកមានសទ្ធាសាង​ហោជាង​នោះ និង​កាល​បរិច្ឆេទពុ.ស. (ពុទ្ធសករាជ) ២៤៩៤ និង​គ.ស. (គ្រិស្តសករាជ​) ១៩៥២។ ចំណែក​លើ​​ផ្ទៃ​ហោជាង​ខាងលិច គេ​រចនា​​លម្អ​ដោយ​ក្បាច់ផ្កា​ភ្ញី​ផ្សេងៗ ​ជុំវិញ​រូប​ផ្លិត​​យស​​ដែល​នៅ​កណ្តាល​​។ នៅផ្នែកខាងក្រោម​ផ្លិត​យសនោះ គេចារឹក​​ពាក្យ​មួយ​​ឃ្លា​ខ្លី “ព.ស.​២៤៩៣”។ ដូច្នេះ​តាមរយៈ​សំណេរលើហោជាង​ទាំងពីរ​​បញ្ជាក់ថា ឆ្នាំ​ទាំង​​នោះជាកាល​បរិច្ឆេទសាង​ហោជាង​ បន្ទាប់ពីព្រះវិហារ​ផ្តើមសង់តាំងពី​ឆ្នាំ​១៩៤៩។

ហោជាង​ខាងកើត ហោជាង​ខាងលិច

ដោយឡែក​នៅផ្នែក​ខាងក្នុង​ព្រះវិហារ​ តម្កល់​ព្រះពុទ្ធបដិមាព្រះជីវ៍​​​នៅ​ចន្លោះ​ល្វែង​គ្រឹះចុង​ខាងលិច។ រីឯ​នៅតាម​ជើង​ជញ្ជាំង​ជុំវិញ នៃ​ផ្នែក​ខាង​ក្នុង​ព្រះវិហារ​គេឃើញមាន​បញ្ចុះ​សន្លឹក​សីមា​នៅតាម​ទិសធំៗ និង​តាម​ជ្រុង​ទាំង​បួន។ សន្លឹក​​​សីមាខ្លះ គេឆ្លាក់​ជា​រូប​នាង​គង្ហីង​ច្បូត​សក់ ​ហើយ​ខ្លះ​ទៀត​ឆ្លាក់​​រូប​ទេព​ប្រណម។ លក្ខណៈ​បែប​នេះគេ​ធ្លាប់ឃើញ​នៅព្រះវិហារ​បុរាណមួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ដូច​ជា​ ព្រះវិហារ​វត្ត​ដំណាក់ និង​ព្រះវិហារ​វត្ត​រាជបូព៌ជាដើម។

ផ្នែក​ខាងក្នុង​ព្រះវិហារ​(អំឡុង​ពេល​ជួស​ជុល) និងសន្លឹក​សីមា​តម្កល់​ក្នុ​ងព្រះវិហារ

ចំណែកឯ​គំនូរ​ខាងក្នុង​ព្រះវិហារ គឺ​ជា​គំនូរ​បង្ហាញពីខ្សែរឿង​ក្នុងពុទ្ធប្រវត្តិ​និង​រឿង​​ជា​តក​ផ្សេង​ៗ​ដូច​បណ្តាវត្តនានាដែរ។ សាច់រឿង​ផ្តើម​ចេញ​ពីជញ្ជាំង​ខាងកើត ព័ទ្ធ​រាយ​ មក​ជញ្ជាំង​ខាងត្បូង​ ទៅជញ្ជាំងខាងលិច និងបញ្ចប់សាច់រឿង​ត្រង់ព្រះអង្គបរិនិព្វាន​នៅ​លើ​ជញ្ជាំង​​ខាងកើត​ដែរ។ រីឯ​គំនូរ​លើពិតាន គឺជា​គំនូរ​ថ្មី​គូរ​ក្នុងរវាង​ទសវត្ស​ទី​៩០។ ប៉ុន្តែ​យ៉ាង​​ណាក្តី តាមរយៈ​គំនូរ​នៅ​លើ​ជញ្ជាំង​ក្នុង​ព្រះវិហារ​នេះ យើង​អាច​សង្កេតឃើញ​លក្ខណៈ​​ពិសេស​ខ្លះ​ពាក់​ព័ន្ធ​នឹង​សង្គម​សេដ្ឋកិច្ច​ និង​វប្បធម៌​ខ្មែរក្នុងគ្រានោះដែរ។ គំនូរ​មួយ​ផ្ទាំង​ទំហំ​ប្រហែល​៤ម៉ែត្រក្រឡាមានតម្លៃ​រវាង​៤៥០០៛ ទៅ​៥០០០៛។ ចំពោះ​លក្ខណៈ​​ដែល​គួរ​ឱ្យ​កត់សម្គាល់មួយទៀត​ក្នុង​ផ្ទាំង​គំនូរ​ គឺការ​បញ្ចូល​ទម្រង់​ភ្លេង​មួយ​បែប ដែល​មាន​​ឧបករណ៍​តន្រ្តី​បុរាណ​ដូចជា​ គង រនាត ចាប៉ី ទ្រ និងខ្លុយ(?) នៅក្នុង​ផ្ទាំង​គំនូរ​និយាយ​ពី​​ពិធី​រៀប​អភិសេក។

 គំនូរខ្លះៗក្នុង​ព្រះវិហារ​វត្ត​ស្រែរនោង

សរុបមក ព្រះវិហារ​វត្ត​ស្រែរនោងជា​ទម្រង់ស្ថាបត្យកម្ម​យ៉ាង​សាមញ្ញ​ ដែល​កើត​ពី​ស្នាដៃ​កសាង​របស់អ្នកស្រុក​ សម្រាប់បម្រើក្នុង​វិស័យ​សាសនា។ ប៉ុន្តែ​ការ​ព្យាយាម​ជួស​ជុល​ ថែរក្សា​សំណង់នេះឱ្យ​ស្ថិត​ស្ថេរគង់វង្ស​មក​ដល់សព្វថ្ងៃ គឺជាការ​គោរពតម្លៃ​មត៌ក​ ដែល​​បាន​កសាងទុកមក និងបង្ហាញពីការ​គោរពបុណ្យសម្ភារដូនតា៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!