ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទភ្នំដាច់ (ភាគ ១)

សិលាចារឹកប្រាសាទភ្នំដាច់ (ភាគ ១)

ប្រាសាទភ្នំដាច់ មានទីតាំងស្ថិតនៅក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រាសាទសាងសង់ឡើងនៅលើកូនភ្នំមួយ មានប្រាង្គចំនួន២ ធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងកើត តែប្រាង្គដែលនៅឈរមានរូបរាង គឺនៅសល់តែមួយប៉ុណ្ណោះ (មួយទៀតបាក់បែកអស់)។ នៅឆ្នាំ២០២០ អ្នកស្រុកបានប្រមូលគ្នាមកកាប់ឆ្ការព្រៃកសាងវត្តអារាមមួយនៅលើភ្នំនេះ ក៏ប្រទះឃើញសិលាចារឹកចំនួន ២ ផ្ទាំង។ ក្រោយមក ខ្ញុំបាទបានជូនដំណឹងដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីក្រសួងចាត់តាំងដល់មន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ចុះប្រមូល យកសិលាចារឹកទាំងពីរផ្ទាំងមករក្សាទុកនៅក្នុងឃ្លាំងរក្សាវត្ថុបុរាណរបស់មន្ទីរ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងសិក្សាសិលាចារឹកមួយផ្ទាំងសិនប៉ុណ្ណោះ និងបន្តពិភាក្សាមួយផ្ទាំងទៀតនៅភាគបន្ទាប់។

ប្រាសាទភ្នំដាច់ មើលពីទិសឦសាន

សិលាចារឹកផ្ទាំងទី១នេះ ចារឹកនៅលើថ្មភក់ដែលមានរាងជាបង្គោលសីមាតូចមួយ ដែលអក្សរនៅលើថ្មមានជំរៅរាក់ខ្លាំងណាស់។ សិលាចារឹកនេះ ចារឹកជាភាសាខ្មែរបុរាណ មានចំនួន ១០ បន្ទាត់ ដោយមានចុះកាលបរិច្ឆេទមហាសករាជឆ្នាំ៨២២ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ៩០០ (ដើមស.វ.ទី១០) ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០)។ អ្វីដែលគួរឱ្យសោកស្តាយនោះ គឺផ្នែកខ្លះនៃសិលាចារឹកមានការរលុបអក្សរដោយអន្លើ។ ម្យ៉ាងវិញទៀត ប្រសិនបើមើលតាមរូបរាងអក្សរ សិលាចារឹកនេះទំនងចារឹកឡើងនៅសម័យក្រោយ តែរំឭកសាច់រឿងទៅព្រឹត្តិការណ៍នៅមហាសករាជឆ្នាំ៨២២។

សិលាចារឹកផ្ទាំងទី១ រកឃើញនៅប្រាសាទភ្នំដាច់

នៅក្នុងអត្ថបទសិលាចារឹកនេះ មិនមានរំលេចអំពីព្រះនាមព្រះមហាក្សត្រនោះឡើយ គឺគ្រាន់ជាប្រភេទរាជសាសន៍ ដែលព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឱ្យមន្រ្តីជាន់ខ្ពស់ជាច្រើនរូបនាំយករាជបញ្ជានោះទៅត្រាស់បង្គាប់ដល់ វាបបញ្ចគវ្យ (វាប ជាគោរម្យងាររបស់មន្រ្តីថ្នាក់តំបន់ រីឯ បញ្ចវគ្យ សំដៅដល់ទឹកដោះគោចំនួនប្រាំប្រភេទដែលគេថ្វាយដល់ព្រះ) ដែលជាប្រធានគ្រប់គ្រងផ្នែកទាំង៧ ថារាល់ព្រះតង្វាយទាំងអស់សម្រាប់ថ្វាយព្រះនៅទេវស្ថាន គឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារផ្សេងៗនៃអាជ្ញាធរមូលដ្ឋានឡើយ (ទំនងចង់សំដៅរាល់តង្វាយ គឺត្រូវមិនបង់ពន្ធឡើយ)

ក្រដាសផ្តិតសិលាចារឹកប្រាសាទភ្នំដាច់

អត្ថបទពាក្យចារឹក

១. សិទ្ធិស្វស្តិជយ ៙ ៨២២ ឝក តគិ អឞ្ឋមិ

២.  ….នុ មាន ព្រះ ឝា[ស]ណ ធូលិ វ្រះបាទ ធូលិជេង វ្រះ

៣. កម្រតេង៑អញ៑ ត កម្រតេង៑អញ៑ ឝ្រីជយេន្ទ្របន្ទិត នុ ម្រ

៤. តេញ៑ ខ្លោញ៑ ឝ្រីប្ឫថវីណ្ទ្រវិជយ្យ នុ ស្តេញ..វកុល នុ

៥. ម្រតាញ៑ ឝ្រីវល្លភសណ្ទរ នុ តាញ៑ ឝ្រីន្ឫបេន្ទ្រវិក្រម ប្រេ ចាំប

៦. ញ្ចគវ្យមូលបំចាំប្រំវ្យល៑មោក៑ស្ថាបនាវ្រះឝាសណវ្វំជាបិខ្លោញ៑

៧. ញ៑ ច្រលោ ខ្លោញ៑ …ស្ថបនា វ្វំជា ខ្លោញ៑ វ្រិហិ

៨. ស្រុក៑ នា​ វ្រះហ បំចាំ………………វ្រះហ វ្វំ ជា បិ ខ្លោញ វ្រះហ

៩. …..អ្នក៑ ទៅ……គិ បិទារ ទៅ

១០. …ត គិ វ្រះ………………………យ

បំណកប្រែ

សិទ្ធិស្វស្តិជយ ៙ សេចក្តីសម្រេច សួស្តី ជ័យជម្នះ មហាសករាជឆ្នាំ ៨២២ ថ្ងៃទី៨ ….ព្រះមហាក្សត្រ ទ្រង់មានព្រះរាជឱង្ការត្រាស់ (សេចក្តីណែនាំ) បង្គាប់ព្រះកម្រតេងអញស្រីជយេន្ទ្របណ្ឌិត ម្រតេងខ្លោញស្រីប្ឫថវីណ្ទ្រវិជយ្យ ស្តេញ..វកុល ម្រតាញស្រីវល្លភសណ្ទរ តាញស្រីន្ឫបេ  ន្ទ្រវិក្រម ត្រាស់បង្គាប់ដល់ វាបបញ្ចគវ្យ ជាមូលបំចាំប្រាំពីរ (ប្រធានក្រុមប្រចាំការទាំង៧) ដើម្បី     ឱ្យមកស្ថាបនាព្រះសាសន៍ (អនុវត្តតាមរាជឱង្ការ) ថា មិនស្ថិតក្រោមខ្លោញច្រលោ, ខ្លោញ …,    ខ្លោញវ្រិហិ (ប្រធានភ្នាក់ងារខាងពន្ធដារស្រូវ)……សម្រាប់ថ្វាយព្រះ, ខ្លោញ ……អ្នកទៅ…គឺគប្បីទទួល ទៅ …..គឺព្រះ……….។

ជារួមមក សិលាចារឹកផ្ទាំងទី១ដែលរកឃើញនៅប្រាសាទភ្នំដាច់ ខេត្តព្រះវិហារនេះ គឺជាប្រភេទសិលាចារឹកខ្លីមួយដែលរៀបរាប់អំពីព្រះរាជសាសន៍របស់ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យមន្រ្តីរបស់ទ្រង់នាំយករាជបញ្ជា ទៅដល់មន្រ្តីនៅមូលដ្ឋានអំពីរឿងរ៉ាវពាក់ព័ន្ធនឹងគ្រឿងតង្វាយសម្រាប់ព្រះនៅទេវស្ថាន៕

អត្ថបទដោយ៖ កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!