ទំព័រដើមសិល្បៈព្រះវិហារឥតជញ្ជាំង​ក្នុងវត្ត​សំបូរ

ព្រះវិហារឥតជញ្ជាំង​ក្នុងវត្ត​សំបូរ

វត្តពោធិរោងសេះ ឬអ្នកស្រុក​​​ហៅថា “វត្ត​សំបូរ” ស្ថិត​ក្នុ​ង​ឃុំសំបូរ ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ ពោលគឺ​ស្ថិត​នៅ​ខាងកើត​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ក្រុម​ប្រាសាទ​សំបូរ​​​ព្រៃគុក​ ចម្ងាយ​​ប្រហែល​ជាង​១០គីឡូម៉ែត្រ​​ប៉ុណ្ណោះ។ សព្វថ្ងៃនៅក្នុង​បរិវេណវ​ត្ត​​សំបូរ​ គេឃើញ​​​​​មាន​ព្រះ​​វិហារ​ពីរ​សាងទន្ទឹមគ្នា។ ព្រះវិហារ​​ខាង​​ឆ្វេង​ គឺជា​​​​ព្រះ​វិហារ​ចាស់​ ​ដែល​ជា​សំណង់​​​ដ៏ល្អ​ឆើត​ សាង​​សង់​ឡើង​​​​ក្នុង​រវាង​ដើម​​ទសវត្ស​ទី​​៤០ នៃ​ចុង​​សម័យ​​អាណាព្យាបាល​​បារាំង។ លក្ខណៈ​​ស្ថាបត្យកម្ម​​នៃ​ព្រះ​វិហារ​នេះ មាន​​ទម្រង់​ជា​ព្រះ​​វិហារ​​​​​​ជហ្វា​ពីរ​ គ្រឿង​​បង្គុំ​ឈើ ពិតានឈើ និង​​មានសសរ​បេតុង​ជិត​៥០​ដើម តែគ្មាន​ជញ្ជាំង​​ឡើយ។ ព្រះ​វិហារ​បែបនេះ គឺ​​ជា​លក្ខណៈ​សំណង់​​បុរាណ​មួយបែប​ ដែល​​កម្រ​ឃើញមាន​នៅ​​បណ្តា​ខេត្ត​ផ្សេងៗ​។ រីឯ​ព្រះវិហារថ្មីកសាង​ជាប់​នឹង​គ្រឹះ​ព្រះ​វិហារ​ចាស់​ ហើយ​រួច​​រាល់​ជាស្ថាបពរ​ និង​​បាន​​​ធ្វើ​បុណ្យ​បញ្ចុះ​សីមា​ឆ្លង​​ក្នុង​​ឆ្នាំ​​​២០១៥។

​​​​​​​​ព្រះវិហារចាស់​​វត្ត​សំបូរ កសាងឡើង​នៅលើ​​ខឿន​កម្ពស់​ប្រហែល​​១ម៉ែត្រ។ ​បន្ទាប់​​ពី​សាងសង់​ព្រះវិហារ​ថ្មីរួច​​ជាស្ថាពរមក ខឿន​ព្រះវិហារ​ទាំងពីរ​បាន​រៀបភ្ជាប់គ្នា​ធ្វើ​ជា​ខឿន​ទី​១ នៃ​ព្រះ​វិហា​រ​ថ្មី។ ដោយឡែក​បើ​និយាយ​តែព្រះវិហារចាស់ គេ​សង្កេត​ឃើញ​​ថា​ជា​ព្រះវិហារ​​ដែល​មាន​កម្ពស់​​ទាប​ល្មម ​ដំបូល​ប្រក់​ក្បឿង​ស្រកាលេញ ជ្រាល​​ចុះ​សង​ខាង​​​ពីរ​ថ្នាក់។​ ​នៅ​ចុងព្រំដំបូល​​ខាង​មុខ​បំពាក់​ជហ្វា​មួយ ហើយ​ចុង​ព្រំ​ដំបូល​​​ខាងក្រោ​យ​​ក៏បំពាក់​ជហ្វា​មួយ​ដែរ។ ​​នៅ​ចំកណ្តាល​ព្រំដំបូល​ ​រចនា​លម្អ​​​ក្បាច់​មួយ​ផ្ទាំង​​​ មាន​ចារឹក​ភ្ជាប់​នឹង​លេខ​​​ “1941” ដែល​ក្បាច់​លម្អ​មួយ​ផ្ទាំង​នេះ​​ក៏ឃើញ​ចម្លង​ប្រើ​បន្ត​​លើ​ព្រំ​ដំបូល​​ព្រះ​វិហារ​ថ្មី​ដែរ​។ រីឯនៅ​តាម​ចែង​ដំបូល​នីមួយៗ លម្អ​ដោយ​នាគ​ចែង​ក្នុង​​មួយ​ជ្រុង​​​ចំនួន​៣ ដែលក្បាល​នាគខ្លះមាន​​ការ​រចនា​​​ពី​សសៃ​ដែក​​ធ្វើ​ជា​​អណ្តាត​នាគ​ប្រកប​ដោយ​​សិល្បៈ​​យ៉ាង​​ល្អ​វិសេស​​។

ចំពោះ​ហោជាងទាំងពីរនៃ​ព្រះវិហារ​ចាស់វត្ត​សំបូរ គឺរចនាជារូប និង​ក្បាច់លម្អ​នៅ​លើ​ផ្ទៃស៊ីម៉ងត៍។ នៅត្រង់ផ្ទៃកណ្តាលនៃហោជាង​ខាងមុខ គេឆ្លាក់​រូបព្រះពុទ្ធគង់​​ក្រោម​ដើម​​ពោធិ​ធំមួយដើម ដោយ​មានភិក្ខុ​ប្រាំអង្គ​កំពុង​ថ្វាយ​បង្គុំ​ ព័ទ្ធ​ជុំវិញ​ដោយ​កម្រង​ក្បាច់​ ភ្ញី​ទេស​យ៉ាង​រស់​រវើក​។ ទិដ្ឋភាពត្រង់​នេះ ទំនង​​សិល្បករ​ចង់​​បង្ហាញ​ត្រង់​ឈុត​​មួយ​ដក​ស្រង់​​​ចេញ​ពី​រឿង​​ពុទ្ធប្រវត្តិ​ ត្រង់​ឈុត​ “ព្រះអង្គ​ប្រោស​បញ្ចវគ្គីយ៍​” បន្ទាប់​ពី​ព្រះអង្គ​​បាន​ត្រាស់​​ដឹង។  ប៉ុន្តែ​អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់ គេ​ឆ្លាក់​កាយវិការ​ព្រះពុទ្ធគង់​លើ​បល្ល័ង្ក​រ័ត្ន​(?)​ ព្រះ​​ហស្ត​ស្តាំគងលើ​ព្រះបាទស្តាំ​​ ចុង​ម្រាម​សំយ៉ុង​ចុះក្រោម ព្រះហស្តឆ្វេង​ដាក់​ផ្ងារ​ស្រប​លើ​​​ព្រះបាទ​ឆ្វេង។ ចំណែកឯ​ហោ​ជាង​ខាងក្រោយ គេ​ឆ្លាក់​ជា​រូប​​ទេពមួយ​អង្គ​​​កាន់​​គ្រឿង​សាស្រ្តា​ក្នុង​ព្រះហស្ត​ទាំងសង​ខាង ឈរ​លើ​ដំរី​ក្បាល​បី។ ទេព​អង្គ​​នេះ​ ប្រហែល​គេ​ចង់​ឆ្លាក់​សំដៅ​ដល់​តួអង្គ​ព្រះឥន្រ្ទ គង់លើ​ជំនិះជា​ដំរី (ឰ​រ៉ាវ័ណ) ដែល​តែង​និយម​ឃើញ​ឆ្លាក់​នៅ​តាម​ផ្តែរ ឬហោជាង​ប្រាសាទបុរាណនានា។ សូម​បញ្ជាក់​ថា ការ​លាបពណ៌​លើ​គ្រឿង​​លម្អ​​ស្ថាបត្យកម្ម​ផ្នែក​ខាងលើដូចជា​​ ជហ្វា ព្រំដំបូល ក្បាល​នាគ ​ហោជាង ក្បាច់​គល់​ហោជាង និង​ក្បាច់​រង​ស្បូវ​ជាដើម គេសង្កេត​ឃើញ​ហាក់ដូចជា​ពុំទាន់​​រួច​រាល់​ហើយស្រេច​ឡើយ ដ្បិត​ផ្នែក​​ខ្លះ​​គេឃើញ​មាន​ពណ៌​ផ្ទៃមេឃ​ស្រាល ​ផ្នែក​ខ្លះ​មាន​ពណ៌​ផ្កា​ឈូក​ ហើយ​ផ្នែក​​ខ្លះ​មាន​ពណ៌​ដីលែង។

ដោយឡែក ចំពោះរចនាសម្ព័ន្ធសំណង់ផ្នែក​ខាងក្រោម​ គេ​សង់ឡើង​ដោយ​មាន​សសរ​បេតុង​​រាង​៨​ជ្រុង​ចំនួន​៤៨​ដើម ដោយ​ចែក​ចេញ​​ជា​ល្វែង​គ្រឹះ​នៅកណ្តាល អម​ដោយ​​​​របៀង​ និង​បាំង​សាច​ដូច​ព្រះវិហារ​បុរាណ​ផ្សេងៗដែរ តែពុំមាន​ជញ្ជាំង​បាំង​បិទ​ជុំវិញ​​ឡើយ​។ លក្ខណៈព្រះវិហារ​នេះ ​ស្រដៀង​នឹង​ព្រះវិហារ​វត្ត​ឥន្ទ​កុមារ​ដែល​កសាង​​​​ឡើង​​នៅដើម​សតវត្សទី​១៩ ​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​​ខេត្ត​កំពង់​ធំនោះ​ដែរ។ ​សសរ​ខ្លះ​នៃ​​​ព្រះវិហារ​នេះ​មាន​លាបពណ៌​ និង​គូរ​ក្បាច់​ផ្សេងៗ​លម្អ​តាំងពីគល់​សសរ​រហូត​ដល់​ក្បាល​សសរ​។​ ប៉ុន្តែ​សសរ​ខ្លះ ពុំ​លាបពណ៌អ្វីឡើយ គឺ​រក្សា​ពណ៌​សាច់​ស៊ីម៉ងត៍​ដដែល។ រីឯ​ចន្លោះ​សសរ​បាំង​សាច​នៃ​ព្រះវិហារ​វត្ត​សំបូរ​ នៅ​តាម​ត្រង់​​ទិសធំ​ៗទាំងបួន និ​ង​ទិស​​តូចៗជុំវិញ គេសង្កេតឃើញ​មាន​តម្កល់​សន្លឹក​សីមា​ឆ្លាក់​ពី​ថ្ម​ភក់។ សន្លឹក​សីមា​ទាំង​នោះពុំបញ្ចុះ​ភ្ជាប់​ទៅ​នឹង​គ្រឹះ​ព្រះវិហារ​ឡើយ ពោលគឺ​តម្កល់​លើ​ទ្រនាប់ថ្មមួយ​ដុំ​រាង​បួន​ជ្រុង​។​ ចំណែក​ឯ​នៅចុង​ល្វែង​គ្រឹះ​ផ្នែក​ខាងលិច គេសាង​បល្ល័ង្ក​(​​អាសន៍​ព្រះ​?) មាន​ចន្លោះ​លំហ​ខាងក្រោម តម្កល់​ព្រះបដិមា​ព្រះជីវ៍​ធំ គង់ក្នុង​កាយ​វិការ​ផ្ចាញ់​មារ​ សាង​ពីស៊ីម៉ងត៍ អម​ដោយ​ព្រះពុទ្ធបដិមា​តូចធំ​ផ្សេងៗទៀត។​ នៅលើ​ក្បាល​សសរ​ខ្លះ​គេ​​ឃើញ​មាន​ចំណារ​​ឈ្មោះ​ម្ចាស់​សទ្ធា​សាង​សសរ និង​កាល​បរិច្ឆេទ​​​ព.ស.​២៥០៥ ឆ្នាំ​​១៩៦២។

ទន្ទឹម​នឹងនេះ នៅផ្នែក​ខាងលើ​ គេ​ក្រាល​ពិតាន​ឈើ​​ត្រង់​ចន្លោះ​ល្វែង​គ្រឹះ​ ព្រម​ទាំង​គូរ​គំនូរ​ផង។ សាច់រឿងគំនូរ​ទាំងនោះ​ ខ្លះដក​ស្រង់​ពីរឿង​ពុទ្ធប្រវត្តិ ខ្លះ​​គូ​រ​បង្ហាញ​អំពី​ព្រះ​អាទិត្យ​ ព្រះចន្រ្ទ​ដូច​ព្រះវិហារ​ដទៃដែរ។  ​មិន​តែប៉ុណ្ណោះ នៅ​ត្រង់​ធ្នឹម​​​លើ​ព្រះជីវ៍​គេ​​មាន​ចារ​​បញ្ជាក់ចំណងជើង​ឈុត​ដែល​ដក​ស្រង់មកគូរ ព្រះនាម​ព្រះចៅអធិការ និង​កាល​បរិច្ឆេទ​​សាង​គំនូរថា​ “​[បន្ទាប់ទី១] កាល​ព្រះ​អង្គ​​ទ្រង់​នាំ​ពួក​ភិក្ខុ​ចំនួន​៥០០អង្គ ហោះ​ឧទ្យាន​​ទៅ​កាន់​​នគរ​​កបិល​​ពស្តុ [បន្ទាប់ទី២] ចៅអធិការ​ អ៊ុន នឹង​គ្រូ​សូត្រ​ សួន ព្រម​ទាំង​ឧបាសក​នឹង​ឧបាសិកា​​​ចំណុះ [បន្ទាត់ទី​៣] ជើង​វត្ត​បាន​កស្អាង​គំនូរ​នេះ​ក្នុង​ឆ្នាំ​១៩៦១”។ ចំណែក​លើ​ធ្នឹម​មួ​យ​ទៀត​ ស្ថិត​នៅ​ខាងមុខ​ព្រះជីវ៍​​មាន​ចំណារ​បញ្ជាក់​ថា ជាង​គំនូរ​ឈ្មោះ មុន មូល មកពីឃុំស្វាយ​សាច់ភ្នំ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម។

ឈុត​ខ្លះ​នៃគំនូរ​លើ​ពិតាន​ព្រះវិហារ​ចាស់វត្តសំបូរ​

បើ​ផ្អែក​​តាម​ចំណារ​​ជាប់តាម​ផ្ទាំង​គំនូរ​ខ្លះ​​ៗដូច​រៀបរាប់​ខាងលើឱ្យ​ដឹង​ថា​ ការ​លម្អ​​ក្បាច់​រចនា​តាម​សសរ​ ធ្នឹម និង​គំនូរ​លើ​ពិតាន​​​​​​ សាងឡើង​នៅ​រវាង​ឆ្នាំ​១៩៦១-១៩៦២។ លើស​ពីនេះ បើយោងតាមការ​សិក្សារ​បស់​ Danielle និង​ Dominique-Pierere Guéret យល់​ថា​ព្រះ​វិហារ​ចាស់​​​វត្តសំបូរ​កសាងឡើង​នៅក្នុង​ឆ្នាំ​​១៩៤១។ ការ​យល់​ឃើញ​នេះ​ ប្រហែល​យក​តាម​​លេខ​ “1941” ឆ្លាក់​ជាប់​នឹង​ក្បាច់​លម្អ​​លើ​កណ្តាល​ព្រំ​ដំបូលព្រះវិហារ​ដូច​រៀប​រាប់​មក​ខាងលើ។​​​​ ដូច្នេះ​ប្រសិនបើ​គិតមកដល់បច្ចុប្បន្ន ព្រះវិហារ​ចាស់ក្នុង​វត្ត​សំបូរ​កសាង​ឡើង​​​បាន​ជិត​៩០​ឆ្នាំមកហើយ។ ចំណែក​ឯការ​លាបលន​គូរ​ក្បាច់លម្អ និង​គំនូរ​​លើ​ពិតាន​គឺធ្វើឡើង​ក្រោយ​កសាង​ព្រះវិហារ​បាន​រយៈ​ពេល​២០ឆ្នាំ។​ ប៉ុន្តែ​យ៉ាង​ណាក្តី គេ​សង្កេត​ឃើញ​​​ពុទ្ធ​បរិស័ទ​ដែល​មាន​ជំនឿ​​ដក់​ជាប់​នឹង​មត៌ក​បុរាណ​របស់​ដូនតា នៅតែ​ចូល​ទៅ​គោរព​បូជា​ ថ្វាយ​ផ្កា​ភ្ញី ធូប​ទៀន​ ដល់​​ព្រះពុទ្ធបដិមា​ក្នុង​ព្រះវិហារចាស់​។ សង្ខេប​សេចក្តី​មក សំណង់​ព្រះវិហារ​ចាស់​វត្ត​សំបូរ គឺជា​ភស្តុតាង​យ៉ាង​សំខាន់​នៃ​ការ​កសាង​ព្រះវិហារ​បែប​បុរាណ ដែលគ្មាន​ជញ្ជាំង។ ស្ថាបត្យកម្មបែបនេះ ហាក់​ដូចជា​បាន​រៀបចំ​ឱ្យ​ពន្លឺ និង​ខ្យល់​ចេញ​ចូល​ក្នុង​ព្រះវិហារ​បាន​ល្អ ដើម្បី​ឱ្យ​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ងាយ​ស្រួល​រៀបចំ​កិច្ច​ពិធី​ផ្សេងៗ​៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!