តើហរិហរៈជាអ្វី?
ហរិហរៈ ជាភាសាសំស្រឹ្កតមានន័យសំដៅលើការរួមគ្នាពាក់កណ្តាលរវាងព្រះវិស្ណុនិងព្រះសិវៈ។ “ហរិ” ជាឈ្មោះមួយក្នុងចំណោមឈ្មោះដ៏ច្រើនរបស់ព្រះវិស្ណុ ដែលមានភាគតួខ្លួននៅផ្នែកខាងឆ្វេង។ ចំណែក “ហរៈ” ក៏ជាឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើនរបស់ព្រះសិវៈដែរ ដែលមានចំណែកតួខ្លួននៅផ្នែកខាងស្តាំ។ និយាយជាខ្លីមកហរិហរៈ គឺជាតួអង្គទេពម្នាក់ដែលកើតឡើងពីការផ្សំគ្នាពាក់កណ្តាលពីព្រះវិស្ណុ និងពាក់កណ្តាលពីព្រះសិវៈ។ ជាទូទៅ ហរិហរៈ មានព្រះកេស១ដែលមួយចំហៀងខាងស្តាំជាព្រះភ័ក្រ្តរបស់ព្រះសិវៈ និងមួយចំហៀងខាងឆ្វេងជាព្រះភ័ក្រ្តរបស់ព្រះវិស្ណុ។ ចំណែកព្រះហស្ថមានចំនួន៤ គឺ២ខាងស្តាំជាព្រះហស្ថរបស់ព្រះសិវៈដែលមានកាន់កេតណភណ្ឌ២ (ខាងលើកាន់ត្រីសូល និងខាងក្រោមកាន់ស្គរ(?) ហើយព្រះហស្ថខាងឆ្វេង២ជារបស់ព្រះវិស្ណុមានកាន់កេតណភណ្ឌ២ដែរ (ខាងលើកាន់កងចក្រ និងខាងក្រោមកាន់ដំបង)។ យើងអាចសំគាល់បានថាខាងស្តាំជាតួអង្គព្រះសិវៈដោយសារការតុបតែងមុខ គឺជួនកាលមានពុក មាត់ និងភ្នែកទី៣ពាក់កណ្តាលបញ្ឈរនៅលើថ្ងាស និងមានរចនាម៉ូតភ្នួងសក់ជាម្កុដ (ជទមកុដ) ម្យ៉ាងស្អាតជាមួយនឹងចំណិតព្រះខែផ្តេក (ជួនកាលពាក់កណ្តាល) ទៀតផង គឺផ្ទុយស្រឡះពីព្រះភ័ក្រ្តរបស់ព្រះវិស្ណុដែលពុំមានតុបតែងលម្អអ្វីបន្តិចសោះ មានតែភ្នួងសក់រាងជាស៊ីឡាំងត្រង់ ឬហៅថាកិរីដមកុដ។
ជាទូទៅ បដិមាសាស្រ្តបែបសំយោគរវាងទេពពីរ ជាលទ្ធិដ៏ពេញនិយមរបស់ខ្មែរនាសម័យមុនអង្គរ ពិសេសយើងឃើញមានតាំងពីរចនាបថភ្នំដាមកម្ល៉េះ។ ហរិហរៈ គឺមានលក្ខណៈដូចគ្នាទៅនឹងព្រះនាងទុគ៌ាដែលទទួលនូវកំលាំងរួមបញ្ជូលពីទេពផ្សេងៗ ដើម្បីផ្តុំជាថាមពលដ៏មហាសាលមួយក្នុងតួនាទីបង្កើត និងការពារ និងតួនាទីបំផ្លាញអ្វីមួយដែលជាភាវៈអាក្រក់នៅក្នុងលោក។ ក្នុងសិល្បៈឥណ្ឌា ហរិហរៈ គឺជាការលាយបញ្ចូលគ្នារវាងព្រះសិវៈ និងព្រះវិស្ណុ ដែលគេស្គាល់ថា សន្ករនារាយណ ជាទម្រង់កំពូលនៃទេព ដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួន ក្នុងប្រទេសឥណ្ឌានាសតវត្សទី៦មកម្ល៉េះ។ ចំណែកក្នុងសិល្បៈខ្មែរ ហរិហរៈ ពុំឃើញមានក្នុងចម្លាក់ក្រឡោតទាប ឬក្រឡោតខ្ពស់ទេ។ យើងឃើញមានតែបដិមាជាទូទៅធ្វើអំពីថ្ម ពុំមានធ្វើអំពីលោហៈទេ។ បដិមាហរិហរៈ ក៏មានចាប់ពីជិតពាក់កណ្តាលសតវត្សទី៦ (រចនាបថភ្នំដា) មកដែរ គឺបដិមាហរិហរៈនៅអាស្រមមហាឫស្សី។ ការគោរពលើ ហរិហរៈ គឺជាលិទ្ធិពេញនិយមមួយក្នុងសង្គមខ្មែរនាសម័យមុនអង្គរ ហើយបានបាត់បង់នៅក្នុងសម័យអង្គរ។ បដិមាហរិហរៈមួយផ្សេងទៀតរកឃើញនៅបាថេ អាចមានអាយុកាលចំណាស់ជាងបដិមាហរិហរៈនៅអាស្រមមហឫស្សី បើពិនិត្យមើលអំពីរូបរាង និងជំហររបស់បដិមានោះ។ ក្រៅពីនេះព្រះកេសហរិហរៈ មួយផ្សេងទៀតប្រហេលរកឃើញដោយលោក E. Aymonier នៅតំបន់ព្រៃកប្បាស (ព្រះកេសនេះត្រូវបានគេយកទៅតាំងនៅសារមន្ទីរ ហើយដងខ្លួននៅសារមន្ទីរជាតិភ្នំពេញ ក្រោយមកបានគេបានស្នើសុំយកមកភ្ជាប់គ្នាវិញ រួចដាក់តាំងក្នុងសារមន្ទីរជាតិភ្នំពេញសព្វថ្ងៃ)។ បើធ្វើការប្រៀបធៀបផ្ទៃមុខ និងការតុបតែងលម្អជាមួយនឹងបដិមាហរិហរៈនៅអាស្រមមហាឫស្សីឃើញថា មានលក្ខណៈ ដូចគ្នាទៅនឹងអ្វីដែលគេស្គាល់ថារចនាបថភ្នំដាដែរ។
មកដល់សតវត្សទី៧ ការគោរព និង កសាងបដិមាហរិហរៈនៅតែបន្ត តួយ៉ាងដូចជាបដិមាហរិហរៈនៅប្រាសាទតួខាងជើងលេខ១០នៃក្រុមខាងជើងប្រាសាទសំបូរព្រៃគុក (N10) គឺជាបដិមាហរិហរៈធ្វើអំពីថ្មភក់ កំពស់១៦៦សង់ទីម៉ែត្រ។ បដិមាហរិហរៈក្នុងសារមន្ទីរជាតិអង្គរដែលរកឃើញក្នុងខេត្តកំពង់ចាម មានលក្ខណៈ និងរូបរាងដូចគ្នាទៅនឹងបដិមាដទៃទៀតដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង (៦៣៥គ.សដល់៧០០គ.ស)។ នាចុងសតវត្សទី៧ដើមសតវត្សទី៨ ហរិហរៈហាក់ដូចជាត្រូវបានគេគោរពកាន់តែច្រើន ដោយសារយើងឃើញមានបដិមាទេពនេះមានចំនួនច្រើននៅតាមប្រាសាទនានា ដូចជាហរិហរៈប្រាសាទអណ្តែត (ដែលគេឱ្យជារចនាបថមួយអន្តរកាលរវាងរចនាបថព្រៃក្មេង និងរចនាបថកំពង់ព្រះ) ហរិហរៈត្រពាំងផុង(I) និងហរិហរៈរកឃើញនៅខេត្តកំពង់ចាម។ រចនាបថមួយដែលមាន រយៈពេលវែងស្ទើរតែពេញ១សតវត្សក្នុងសិល្បៈខ្មែរ គឺកំពង់ព្រះ (៧០៦គ.សដល់៨០០គ.ស) ក៏មានបដិមាហរិហរៈដែរ ដូចជាហរិហរៈត្រពាំងផុង(II) ហរិហរៈនៅប្រាសាទភូមិប្រាសាទ ហរិហរៈរកឃើញនៅខេត្តកំពង់ចាមមួយផ្សេងទៀត។ មកដល់សម័យអង្គរជាសម័យកាលដែលមានការរីកចំរើនខាងសំណង់ស្ថាប័ត្យកម្មប្រាសាទ និងបដិមាសាស្រ្តនៃអាណាចក្រខ្មែរ តែការបង្ហាញលើលទ្ធិហរិហរៈហាក់ដូចជាមិនសូវមានការពេញនិយម ពោលយើងឃើញមានបដិមាហរិហរៈតិចតួចណាស់។ ព្រះកេសហរិហរៈមួយ សព្វថ្ងៃតាំងនៅសារមន្ទីរ Guimet ត្រូវបានគេរកឃើញហើយសន្និដ្ឋានថាស្ថិតក្នុងរចនាបថបាខែង (៨៩៣គ.សដល់៩២៥គ.ស)។ បដិមាហរិហរៈដែលយើងឃើញក្នុងសិល្បៈខ្មែរចុងក្រោយគេ គឺជាព្រះកេសបដិមាហរិហរៈក្នុងរចនាបថប្រែរូប (៩៩៤គ.សដល់៩៦៨គ.ស)។
(ប្រភព៖ Ha Du Canh and
James C.M. khoo)(ប្រភព៖សារមន្ទីរជាតិអង្គរ) (ប្រភព៖ BEFEO)
ក្រៅអំពីបដិមា យើងក៏ឃើញមានសេចក្តីរៀបរាប់ផងដែរ អំពីទេពហរិហរៈនៅក្នុងសិលាចារឹកខ្មែរបុរាណ។ យ៉ាងហោចណាស់យើងឃើញមានពាក្យហរិហរៈ៤ដងក្នុងសិលាចារឹកនាដើមសតវត្សទី១០ដល់សតវត្សទី១៣ ដែលសិលាចារឹកទាំងនោះជាទូទៅនិយាយអំពីឈ្មោះទីតាំងកន្លែងមួយហៅថា ហរិហរល័យ។ ហរិហរល័យ ជារាជធានីបុរាណមួយដែលគេគិតថាជាបុរីដែលស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ (៨០២គសដល់៨៥០គ.ស) ហើយស្ថិតនៅតំបន់រលួស(សៀមរាប)សព្វថ្ងៃ ឬជាឈ្មោះពិតរបស់ប្រាសាទលលៃ។ យើងពុំឃើញមានការបរិយាយអំពីហរិហរល័យក្នុងសិលាចារឹកសតវត្សទី៩ ឬក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ទេ គឺគេដឹងតាមរយៈសិលាចារឹកសតវត្សទី១០ ទី១១និងទី១៣។ សិលាចារឹកប្រាសាទស្រងែ K.933 មានកាលបរិច្ឆេទឆ្នាំ១០១៣គ.ស ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ មួយផ្នែកនិយាយរំលឹកអំពីការកសាងអាស្រមមួយដល់ព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ នៅហរិហរៈល័យនាឆ្នាំ៩០០សក (៩៧៨គស)។ សិលាចារឹកប្រាសាទស្វាយព្រាហ្ម K.848 និយាយអំពីព្រះរាជបញ្ជាមួយនៅតំបន់ហរិហរៈ។ សិលាចារឹកមួយទៀតនៅប្រាសាទស្តុកកក់ធំ K.235 (១០៥២គ.ស) ចារដោយព្រះរាជគ្រូម្នាក់រៀបរាប់អំពីគ្រួសាររបស់គាត់ ដែលបានបម្រើស្តេចតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២មក នៅតំបន់ ហរិហរៈល័យ។
សរុបមកយើងឃើញថាការគោរពលើបដិមា ឬលទ្ធិហរិហរៈរបស់ខ្មែរ គឺប្រហាក់ប្រហែលគ្នាទៅនឹងឥណ្ឌាតាំងពីសតវត្សទី៦មក ហើយលទ្ធិនេះទៀតសោត គឺពេញនិយមនៅក្នុងសម័យមុនអង្គរ ពិសេសសតវត្សទី៧ និងទី៨។ តាមរយៈព្រះកេសពីរដែលមួយអាចនៅក្នុងរចនាបថបាខែង និងមួយទៀតក្នុងរចនាបថប្រែរូប នេះសបញ្ជាក់ឱ្យឃើញថាលទ្ធិហរិហរៈនៅមានការគោរពរហូតដល់ពាក់កណ្តាលសតវត្សទី១០ មកដល់សតវត្សទី១១ យើងពុំឃើញមានការគោរលទ្ធិហរិហរៈបន្តទៀតនោះទេ។
អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា