ភាសា ពាក្យ ដែលខ្មែរប្រើប្រាស់តាំងពីបុរាណមកទល់គ្នានឹងបច្ចុប្បន្នយើងសង្កេតឃើញថាបានវិវត្តន៍ និងឆ្លងកាត់ប្រវត្តិសាស្ត្រយ៉ាងច្រើនដំណាក់កាលកន្លងមក។ ដូច្នេះធ្វើឱ្យយើងជាមនុស្សរស់នៅក្នុងសង្គមបច្ចុប្បន្នយល់ពី ភាសា ពាក្យ ទាំងនោះអាចល្អៀងខុសពីន័យដើម ហើយបង្កើតជាន័យទីពីររបស់ភាសា ពាក្យ នោះផងដែរ។ ស្ថិតក្នុងបញ្ហានេះពាក្យ «ដឹងក្ដី» ជាទូទៅគេសម្គាល់ទៅលើមនុស្សដែលស្ថិតក្នុងដំណាក់កាលវ័យអាចចងចាំ រឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ អាចបែងចែកខុសត្រូវ ដឹងហេតុផល ល្អអាក្រក់ គាប់គួរ មិនគាប់គួរជាដើម។ ឧទាហរណ៍៖ កាលសម័យ ប៉ុល ពត កូនៗខ្ញុំនៅតូចៗណាស់មិនទាន់ដឹងក្ដីនៅឡើយផង។ រឿងនេះមានយូរហើយ តាំងពីខ្ញុំមិនទាន់ដឹងក្ដីមកម្ល៉េះ។ ចំពោះន័យរបស់ពាក្យនេះវិញ ប្រហែលជាមានអ្នកដែលយល់ពុំមានច្រើនទេ។ ក្នុងភាសាខ្មែរមានពាក្យពីរផ្សេងគ្នា មានន័យដូចគ្នាក៏មាន(សទិសសូរ) ពាក្យខុសគ្នាតែមានន័យដូចគ្នាក៏មាន(សទិសន័យ)។ ដូចជាពាក្យ ដឹងក្ដី ន័យរបស់ការពន្យល់កន្លងមកឃើញថាជាការយល់ឃើញម្យ៉ាងតាមន័យពាក្យសព្ទកើតពីការផ្សំគ្នារវាងពាក្យ «ដឹង + ក្ដី» ន័យថាដឹងសេចក្ដី ដឹងហេតុការណ៍។ ប៉ុន្តែបើយើងពិចារណាឱ្យវែងឆ្ងាយបន្តិចទៀត ពាក្យនេះមានន័យទាក់ទងវប្បធម៌ខ្មែរជាពិសេសសម័យកណ្ដាល។
តើពាក្យ ដឹងក្ដី មានន័យទំនាក់ទំនងនឹងវប្បធម៌ខ្មែរដូចម្ដេច?
ដំបូងយើងពិចារណាន័យរបស់ពាក្យនេះដោយញែកពាក្យជាពីរគឺ «ដឹង»និង«ក្តី»។ ពាក្យ«ដឹង» មានន័យថាការយល់ជ្រាបពីដំណើរហេតុការណ៍ សេចក្ដីរឿងរ៉ាវណាមួយ។ រីឯពាក្យ «ក្តី» វិញតោងយើងពិចារណាឱ្យបានល្អិតល្អន់បន្តិចព្រោះពាក្យនេះមានតាំងពីបុរាណមក ហើយន័យក៏ខុសគ្នា។ តាមវចនានុក្រមខ្មែរបានពន្យល់ពាក្យ «ក្តី» មានន័យច្រើនគួរឱ្យចាប់អារម្មណ៍។ ពាក្យ «ក្តី» ជាពាក្យបុរាណសំដៅដល់វត្តអារាមជាទីនៅនៃភិក្ខុ-សាមណេរគង់ស្នាក់អាស្រ័យនៅ ដើម្បីសិក្សារៀនសូត្រធម៌អាថ៍ គម្ពីរ សាស្ត្រា ក្បួន ច្បាប់ បំណិន ចំណេះវិជ្ជាផ្សេងៗ។ បើគេនិយាយថាឱ្យកូនទៅនៅក្តី គឺមានន័យថាឱ្យកូននៅវត្តដោយមានភិក្ខុសង្ឃជាគ្រូបង្រៀនឱ្យបានចេះដឹងសេចក្ដីខុសត្រូវ។ ពាក្យទីពីរ«ក្តី» មួយទៀតក្លាយពីពាក្យ គតិ ជាពាក្យសំស្ក្រឹត-បាលី មានន័យថា ដំណើរការណ៍ ដំណើរហេតុការណ៍។ ឧទាហរណ៍ អធិករណ៍ដែលប្តឹងផ្តល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ។ កុំឈ្លោះនឹងស្រី កុំក្ដីនឹងសង្ឃ។ តុលាការជម្រះក្តី ។ ពាក្យទីបី «ក្តី» ជានិបាតសព្ទប្រាប់សេចក្តីថា ឬក៏ដោយ ទាំងនេះទាំងនោះ ឬនេះក៏បាន នោះក៏បាន។ ឧទាហរណ៍ ខ្ញុំក្ដី អ្នកក្ដី; ទោះគេមកក្ដី គេពុំមកក្ដី។
លោកគ្រូ អាំង ជូលាន ពន្យល់ថាពាក្យ ក្ដី មានន័យច្រើន។ តាមការពិចារណារបស់លោកគ្រូ ពាក្យ «ក្តី» ដែលក្លាយពីពាក្យ គតិ នៅតែមានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃហើយបង្រួមន័យនៅត្រឹមន័យថា ដំណើរ ដូចជាមានពាក្យថា គតិបណ្ឌិត កាកគតិ។ តែពាក្យ «ក្តី» ក្នុងន័យវែងឆ្ងាយដែលទាក់ទងនឹងវប្បធម៌នោះ ក៏នៅតែប្រើដដែលពុំបាត់បង់ទៅណាទេ។ ពាក្យ «ក្តី» នោះក្លាយមកពីពាក្យ «កុដិ» ដែលប្រើក្នុងសិលាចារឹកបុរាណ។ ដូចមានឈ្មោះបុរាណដ្ឋានជាលំនៅបព្វជិតដូចជា៖ បន្ទាយក្តី កំពង់ក្តី ក្តីតាកុយ ក្តីតាចិន។ នៅសម័យបុរាណពាក្យ «ក្តី» សំដៅលើសំណង់អាគាររាប់តាំងពីជម្រកនៃអ្នកធ្វើបដិបត្តិធម៌ឡើងទៅ ដែលប្រើជាញឹកញាប់នោះ គឺសំដៅទៅលើតួប៉មប្រាសាទដូចបញ្ជាក់នៅក្នុងសិលាចារឹកប្រាសាទព្រះគោហៅថា«វ្រះកុដិ» គឺ «ព្រះកុដិ»។ ពាក្យនេះមាននៅក្នុងសិលាចារឹក ហើយសរសេរខុសប្លែកគ្នាខ្លះដូចជា៖ វ្រះកុដី វ្រះកុតិ វ្រះកុតិ្យ កុឌ្យ កូដ្យ។ លុះចំណេរក្រោយមកពាក្យ «វ្រះកុដិ» ហៅសំដៅទៅលើតួប្រាសាទទាំងមូលតែម្ដង ដូចនៅក្នុងករណីប្រាសាទបាយ័ន្ត។ មានពាក្យ «ក្តី» មួយទៀតមានន័យថា វត្ត កុដិ ជាលំនៅរបស់អ្នកបួស អ្នកបដិបត្តិធម៌នៅវត្តមានព្រះសង្ឃក្មេង។
នៅក្នុងសៀវភៅប្រវត្តិការអប់រំនៅកម្ពុជារបស់លោកគ្រូ យង់ ធី និងលោកគ្រូ ស៊ន សំណាង បានពន្យល់ខ្លីថា ក្ដី = កុដិ។ ដូច្នេះហើយបានជាពាក្យដឹងក្ដីនេះប្រើសម្រាប់ហៅអ្នកដែលបានរៀនសូត្រនៅវត្តដូចជាព្រះសង្ឃ ក្មេងវត្ត ពេលចេញមកវិញគេហៅអ្នកដឹងក្ដី ព្រោះបានទទួលការចេះដឹងអាស្រ័យការរស់នៅក្នុងវត្តជាមួយព្រះសង្ឃ។
តាមការពន្យល់ក្នុងវចនានុក្រមខ្មែរពាក្យ «ក្តី» ក្នុងន័យទីមួយ និងទិន្នន័យទាំងពីរខាងលើ «ក្តី» មានន័យថា «វត្ត» ដូចគ្នាព្រោះជាកន្លែងសម្រាប់អ្នកបួស បព្វជិត អាស្រ័យនៅដែលមានតួនាទីសម្រាប់បព្វជិតព្រះពុទ្ធសាសនាដូចនឹងប្រាសាទបុរាណ។ ក្រៅពីនេះសូម្បីតែនៅក្នុងសាស្ត្រាខ្មែរសម័យកណ្ដាល ជាពិសេសនៅរាល់ផ្នែកផ្ដើមសាស្ត្រាទេសន៍កាលណាគេនិយាយអំពីវត្តជេតពន ដែលជាអារាមមួយកន្លែងដែលព្រះពុទ្ធគង់នៅយូរជាងគេនោះគេតែងសរសេរភ្ជាប់បន្ថែមថា ស្រីជ្យៃជេតុពុនសូគុនកុត្តីស្រី្យមហាវិហ៊ា មានន័យថាវត្តជេតពនជាអារាមធំដែលមានសិរីជ័យដ៏ក្រអូបប្រសើរ។ ដូច្នេះពាក្យ ថា កុត្តី ត្រូវនឹងពាក្យ កុដី ដែលមានន័យថាវត្តព្រោះថានៅក្នុងសង្គមខ្មែរនាសតវត្សរ៍ទី១៦ មានសង្ឃសព្ទមួយគឺ អាយកុដិ។ ដូចគ្នានេះដែរសាស្ត្រាល្បែងសតវត្សរ៍ទី១៩យើងឃើញមានប្រើពាក្យថា អាយក្ដី សម្រាប់អ្នកបួសជាឥសី ឬតាបស ប្រើនិយាយជំនួសឈ្មោះខ្លួនឯងនៅពេលនិយាយទៅរកគ្រហស្ថជំនួសពាក្យថា អាតា្ម មានន័យថាជាអ្នកដឹងសេចក្ដីខុសត្រូវ រាក់ជ្រៅបានដឹងកិច្ចការក្នុងក្រៅ។ ឧទាហរណ៍ក្នុងល្បះមួយនៃរឿងរាជកុល៖ អ្នកមកហេតុដូចម្ដេច ច្រើនឬតិចអស់គ្នីគ្នា ចូលអ្នកប្រាប់អាយក្ដី នឹងបានដឹងកាលនោះហោង។ ប៉ុន្តែនៅក្នុងវចនានុក្រមខ្មែរសរសេរថា អាចក្ដី ឧទាហរណ៍អាចក្ដីបួសបាន១០ វស្សាហើយ ប៉ុន្តែអាចក្ដីមិនចេះទេស្នាទេ ចេះតែសូត្រធម៌ សម័យសព្វថ្ងៃនេះមិនសូវប្រើ ប្រើតែពាក្យ អាត្មា ជាធម្មតា។
អច្ចុតមហាឥសីនិយាយជាមួយជូជក់
សរុបមកពាក្យ «ដឹងក្ដី» ជាពាក្យដែលមានតាំងពីយូរណាស់មកហើយដែលយើងឃើញមានក្នុងសិលាចារឹកជាច្រើនដែលក្លាយមកពីដើមពាក្យ «កុដិ» ។ ឯពាក្យ «កុដិ» នេះក៏ក្លាយទៅជាពាក្យ «ក្ដី» មានន័យថាវត្ត។ ជាពិសេសពាក្យនេះយើងចាត់ទុកថាជាសង្ឃសព្ទសម្រាប់ព្រះសង្ឃប្រើ តួយ៉ាងដូចជាពាក្យ អាយកុដិ ក្លាយជា អាយក្ដី នៅក្នុងសាស្ត្រាល្បែងសម័យកណ្ដាលសម្រាប់អ្នកបួសនិយាយជាមួយគ្រហស្ថ។ ពាក្យនេះដែរមានន័យទូលំទូលាយទាក់ទងនឹងវប្បធម៌ខ្មែរ អក្សរសាស្ត្រខ្មែរ អក្សរសិល្ប៍ខ្មែរ។ សម្រាប់សម័យទំនើបពាក្យថា «ដឹងក្ដី» សំដៅទៅលើអ្នកដែលធ្លាប់បួសរៀនចេះដឹងធ្លាប់បួសរៀននៅវត្ត ទើបចាស់ទុំតែងនិយាយថា៖ អ្នកដែលបួសរៀននៅវត្តសុទ្ធតែជាអ្នកដឹងក្ដី។ ន័យនេះផងដែរក៏មិនខុសពីពាក្យ អន្ទិត សម្រាប់ហៅអ្នកសឹកពីបួសនោះទេ៕
អត្ថបទដោយ៖ រឹម ទិត្យបញ្ញា