ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹក​ទួលកំណប់ត្រពាំងថ្ម K.១៣៣-២

សិលាចារឹក​ទួលកំណប់ត្រពាំងថ្ម K.១៣៣-២

ត្រពាំងថ្ម ឬ ទួលកំណប់ត្រពាំងថ្ម មាន​ទីតាំងស្ថិតនៅ​ភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ​ ខេត្តក្រចេះ គឺជាប្រាសាទមួយស្ថិតនៅក្នុងក្រុមប្រាសាទនានា នាអតីត​ក្រុងសម្ភុបូរ។ ទីតាំងទួលនេះ មាន​ចម្ងាយ​នៅខាងជើង​ឃុំសំបូរ ប្រមាណ២គីឡូម៉ែត្រ​ នៅ​ឦសាន​វត្តវិហារសសរមួយរយប្រមាណ ១,៥គីឡូម៉ែត្រ ខាងកើត​ទន្លេមេគង្គ ៨០០ម៉ែត្រ និង​អាគ្នេយ៍ភូមិដូនមា​ស​ប្រមាណ ​៦០០ម៉ែត្រ។ នៅទួលនេះ មានគ្រឹះប្រាសាទឥដ្ឋចំនួន​៣ រត់លើអក្សជើង​ត្បូង និ​ងនៅជុំវិញនោះ​ មានត្រពាំងជាច្រើនផង។ នៅទីនេះ គេធ្លាប់​រកឃើញ​សិលា​ចារឹក​ចំនួន ២ផ្ទាំង ចុះលេខបញ្ជីសារពើភណ្ឌ K.១៣៣ និងK.៤៨០។ សិលាចារឹក​ចុះលេខ​ K.៤៨០ ចុះលេខសម្គាល់ស្ទួន​ គឺ​ដើមឡើយចុះលេខ K.១៣៣-១ និងមួយផ្ទាំងដែលរកឃើញនៅទីតាំងនេះដូចគ្នា ចុះលេខ​ K.១៣៣-២។ ប៉ុន្ដែក្រោយមក ប្រហែលជាមានបញ្ហា ​ក្នុងការរៀបចំឯកសារ ទើប​ច្រឡំចុះលេខសិលា​ចារឹក​ K.១៣៣-១ ម្ដងទៀតជា K.៤៨០ បន្ថែមទៀត។

ទួលកំណប់ត្រពាំងថ្ម (រូបថត៖ CISARK)

ករណីបែបនេះ យើងឃើញមានច្រើនដែរ ក្នុងការ​ចុះបញ្ជីលេខសិលា​ចារឹកខ្មែរ។ នៅក្នុងអត្ថបទនេះ យើង​យកតែសិលាចារឹក K.១៣៣-២ ប៉ុណ្ណោះ​ មកផ្សព្វ​ផ្សាយ​​​។ មូលហេតុដែលយើងយកសិលាចារឹកនេះមកចុះផ្សាយ ដោយហេតុពុំទាន់​មាន​អត្ថបទសិលាចារឹកនេះចុះផ្សាយជាភាសាខ្មែរផង និងត្រូវផ្ទៀងផ្ទាត់​អំណាន​សិលាចារឹក​នេះ បន្ថែមលើ​ការសិក្សារបស់អ្នកស្រា​វជ្រាវបរទេសកន្លងមកផង។

សិលាចារឹកនេះ​ ធ្លាប់​បានសិក្សាដោយលោក ហ្ស៊ក សេដេស ចុះផ្សាយនា​ឆ្នាំ​១៩៥​៣ នៅក្នុងសៀវភៅ​សិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៥ ទំព័រ៨១-៨២។ នៅក្នុងការចុះផ្សាយ​នោះ លោកគ្រាន់តែអានអំណាននោះជាអក្សរឡាតាំង និងសង្ខេបអត្ថន័យ ដោយពុំ​បក​ប្រែ​សិលាចារឹកនោះឡើយ ដោយហេតុថា​សិលាចារឹកនោះ​ គ្រាន់តែជាបញ្ជីខ្ញុំបម្រើ​ ថ្វាយ​ចំពោះប្រាសាទ​ស្រីវិមលេសូរ (ឝ្រីវិមលេឝ្វរ) ដោយម្រតាញរុទ្រពិន្ទុ (រុទ្រវិន្ទុ)។ យ៉ាងនេះក្ដី សេចក្ដីសង្ខេបរបស់លោក គឺគ្រប់គ្រាន់ល្មមនឹងយល់សេចក្ដីទាំងស្រុងនៃសិលាចារឹក​នេះ​ទៅហើយ។

សិលាចារឹកត្រពាំងថ្ម K.១៣៣-២ តម្កល់ទុកនៅខាងមុខចេតិយព្រះនាងក្រពុំឈូក

ផ្ទាំងសរសេរចារឹកនេះ គឺជាមេទ្វារប្រាសាទ ដែលបាក់ពាក់កណ្ដាលផ្នែកខាងក្រោម​ នៅសល់តែផ្នែកខាងលើដែលមាន​អក្សរចារឹកចំនួន​៧បន្ទាត់។ អត្ថបទនេះ ចារឹកជាភាសា​ខ្មែរនិងអក្សរសម័យមុនអង្គរ និងពុំមានចុះកាលបរិច្ឆេទឡើយ ប៉ុន្ដែលោក សេដេស បាន​សន្និដ្ឋានតាមទម្រង់អក្សរ គឺគួរតែស្ថិតនៅក្នុងស.វ.ទី៨។ បច្ចុប្បន្ន ផ្ទាំងសិលាចារឹកនេះ គេរក្សាទុកនៅខាងមុខចេតិយព្រះនាងក្រពុំឈូក ក្នុងវត្តសសរ១០០ ខេត្តក្រចេះ។

អត្ថបទដើមជាភាសាខ្មែរទំនើប

សំណៅផ្ដិតសិលាចារឹកត្រពាំងថ្ម K.១៣៣-២  (រូបថត៖ EFEO)

១- (ក្ញុំ)អំនោយ៑ម្រតាញ៑រុទ្រ​វិន្ទុអាយ៑តវ្រ(ះ)កម្រតាង៑អញ៑ឝ្រី​វិមលេឝ្វរ

២- វាក្វម៑១វាឝីលភក្តិ១វាក្ឫឞ្នគុប៑១វាត្វៅ១វាបង្កេត៑១វាប្រីតិ១វាប្ដម៑(១)

៣- វាសំអប៑១វាកន្តាង៑១វាជាហ្វល៑១វាភទ្រចន៑១វាត្យុយ៑១វាត្បិត៑១វាត្យោន៑(១)

៤- វាខលសង្គ១វាកភុប៑១វាទុជ៌ន១កុសុមតី១កោន៑កុ៤កុក្ដី១កោន៑កុ

៥- កុគុរុកម៌្ម១កុមលិ១កោន៑កុ១កុប្កាយ៑១កោន៑កុ១កុច្ងប៑១កុប្រុក៑១កុក្ដោម៑(១)

៦- កុសមុទ្រ១កោន៑កុ១កុស្ដោយ៑១កុមធុករី១កុកថាវោំសិរ៑១កុស្រច៑១កោន៑កុ(១)

៧- ស្រេត្លៃកុ៨០៙ស្រេអំនោយ៑ឰតវ្រះកំម្រតាង៑អញ៑

អត្ថបទប្រែសម្រួល

ខ្ញុំបម្រើជាអំណោយរបស់ម្រតាញ​រុទ្រពិន្ទុ ​(ថ្វាយ)ចំពោះ​ព្រះគម្ដែងអញ​ស្រីវិមលេសូរ​ (មានដូចជា) វាក្ពម១ វាសីលភក្តិ១ វាក្រឹស្ណគុប១ វាថ្ពៅ១ វាបង្កើត១ វាប្រីតិ១ វាប្ដម១ វាសំអប១ វាកន្តាង១ វាជាហ្វល១ វាភទ្រចន១ វាត្យុយ១ វាត្បិត១ វាត្យោន១ វាខលសង្គ១ វាកភុប១ វាទុជ៌ន១ កុសុមតី១ (និង)កូននាង៤(នាក់) កុក្ដី១ (និង)កូននាង កុគុរុកម៌្ម១ កុមលិ​១ (និង)កូននាងម្នាក់ កុផ្កាយ១ (និង)កូននាងម្នាក់ កុច្ងប១ កុប្រុក១ កុក្ដោម១ កុសមុ​ទ្រ​១ (និង)កូននាងម្នាក់ កុស្ដោយ កុមធុករី១ កុកថាពុំសេរ១ កុស្រច១ (និង)កូននាងម្នាក់។ ស្រែ​ថ្លៃ​នារី៨០(នាក់) (ជា)ស្រែអំណោយ(ថ្វាយ)ដល់ព្រះគម្ដែងអញ។

ជាសរុបរួម សិលាចារឹកមួយផ្ទាំងនេះ គឺជាបញ្ជីអ្នកបម្រើព្រមទាំងស្រែថ្វាយចំពោះ​ប្រាសាទ។ នេះគឺជាកម្មវត្ថុទូទៅមួយ ដែលយើងតែងឃើញមាននៅស្ទើរតែគ្រប់សិលាចារឹក​ទាំងអស់ ដ្បិតថាកម្មវត្ថុនៃសិលាចារឹក គឺកត់ត្រាអំពីអំពើបុណ្យ។ ទោះជាសេចក្ដី​នៃសិលាចារឹកខ្លះ ពុំបង្ហាញអំពីអំពើបុណ្យ ដូចជាអក្សរឬគំនូសសញ្ញាខ្លីៗជាដើម ដែលពុំ​បង្ហាញអ្វីវែងឆ្ងាយអំពីបុណ្យក្ដី ក៏អក្សរនោះចារកត់ចំណាំលើថ្មដែលយកមកកសាង​ប្រាសាទ​ដែរ។ ការផ្ទៀងផ្ទាត់ឡើងវិញ នូវអំណាន​និងសេចក្ដីបកប្រែ ដែលអ្នកសិក្សា​ជាន់មុន​បាន​សិក្សារួចមកនោះ មានទិន្នន័យខ្លះអាចឱ្យយើងបកស្រាយជាថ្មី ​លើសេចក្ដីសន្និដ្ឋានដែល​មានកន្លងមកផងដែរ។ នេះជាចំណុចសំខាន់មួយសម្រាប់មជ្ឈដ្ឋានសិក្សាខ្មែរ។

ពន្យល់ពាក្យ     

ក្ញុំ                            ខ្ញុំបម្រើ, អ្នកបម្រើនៅប្រាសាទឬវត្តអារាម។

អំនោយ៑                 អំណោយ, តង្វាយ។

ម្រតាញ៑                 ឋានន្តរនាម​របស់មន្ត្រីឬព្រាហ្មណ៍នាសម័យមុនអង្គរ។

អាយ៑ត/ឰត             អាយ៑  + ត = ដល់ ចំពោះ … ។

វ្រះកម្រតាង៑អញ៑     ឋានន្តរនាម​របស់​ទេព និង​ព្រះមហាក្សត្រ។

វា                            ឋានន្តរនាមសម្គាល់អ្នកបម្រើភេទប្រុស។

កុ                            ឋានន្តរនាមសម្គាល់អ្នកបម្រើភេទស្រី។

កោន៑                       កូន។

ស្រេ                        ស្រែ។

ត្លៃ                          ថ្លៃ តម្លៃ៕

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!