ព្រះពុទ្ធសាសនាមហាយានជាសាសនាមួយដែលគោរពព្រះពុទ្ធច្រើនព្រះអង្គនិងច្រើនក្រុម ហើយសាសនានេះក៏បានបែកខ្នែងជានិកាយតូចៗជាច្រើននិកាយផងដែរ។ ជាទូទៅគេចែកព្រះពុទ្ធក្នុងពុទ្ធសាសនាមហាយានជា៣ក្រុម រៀងកម្រិតគ្នាតាមលំដាប់ ដោយព្រះពុទ្ធដែលមានកម្រិតខ្ពស់ជាគេគឺ ព្រះអាទិពុទ្ធ(Ādi-Buddha) (កម្រិត១) ទ្រង់បានបង្កើតព្រះពុទ្ធមួយក្រុមទៀតគឺព្រះធ្យានិពុទ្ធ(Dhyāni Buddha) ដែលជាទូទៅមាន៥ព្រះអង្គ (កម្រិត២) សម្រាប់មើលថែរក្សាលោក។ ព្រះធ្យានិពុទ្ធត្រូវដូរវេនគ្នាដើម្បីថែរក្សាលោកតាមកប្បនីមួយៗ ទ្រង់មានកាយទិព្វប្រថាប់នៅលើឋានសួគ៌ ហើយទ្រង់មិនចុះមកប្រោសសត្វលោកនៅឋានមនុស្សដោយផ្ទាល់ទេ។ ដូចនេះទ្រង់បានបង្កើតមនុសិពុទ្ធ(Manushi Buddha) (កម្រិត៣) ឱ្យមកកើតនៅឋានមនុស្សដើម្បីប្រោសសត្វលោកដោយផ្ទាល់។ ព្រះពុទ្ធក្រុមនេះមិនមានកាយទិព្វអមតនោះទេ តែចេះកើតចាស់ឈឺស្លាប់ដូចមនុស្សធម្មតា។ ដោយហេតុថាមនុសិពុទ្ធមិនអាចនៅជាអមតបាន ដូចនេះព្រះធ្យានិពុទ្ធបានបង្កើតឱ្យមានព្រះធ្យានិពោធិសត្វដើម្បីចុះមកមើលថែរក្សាសត្វលោកអំឡុងពេលដែលព្រះមនុសិពុទ្ធចូលបរិនិព្វាន និងរងចាំមនុសិពុទ្ធអង្គថ្មីមកកើត។
ជាឧទាហរណ៍ នៅក្នុងកប្បបច្ចុប្បន្ននេះ ព្រះធ្យានិពុទ្ធព្រះនាម អមិតាភៈ ជាអ្នកមើលថែរក្សាលោក ទ្រង់ប្រថាប់នៅឋានសួគ៌ឈ្មោះ សុខាវតី។ ទ្រង់បានបង្កើតឱ្យមានព្រះមនុសិពុទ្ធព្រះនាមសក្យមុនីដើម្បីឱ្យចុះមកប្រោសត្វដោយផ្ទាល់។ ក្រោយពីព្រះមនុសិពុទ្ធចូលបរិនិព្វានទៅ ព្រះអមិតាភៈបានចាត់ឱ្យព្រះពោធិសត្វព្រះនាមអវលោកិតេស្វរចុះមកមើលថែរក្សាសត្វលោកអំឡុងពេលដែលលោកនេះមិនមានមនុសិពុទ្ធ។ ហេតុនេះហើយទើបព្រះពោធិសត្វអវលោកិតេស្វរមានការគោរពយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកកាន់ពុទ្ធសាសនាមហាយាន។
ចំពោះព្រះវជ្រសត្វវិញ ទ្រង់ជាព្រះសំខាន់មួយអង្គក្នុងចំណោមព្រះជាច្រើនអង្គដែលគេគោរពនៅក្នុងពុទ្ធសាសនាមហាយានដែរ។ តែឋានៈរបស់ទ្រង់មានភាពមិនច្បាស់លាស់នោះទេ ដោយមានការប្រែប្រួលអាស្រ័យទៅតាមការនិយមគោរពតាមនិកាយនិងនៅតាមតំបន់នីមួយៗ។ ជាក់ស្ដែងអ្នកគោរពពុទ្ធសាសនាបែបវជ្រយាននៅប្រទេសនេប៉ាល់បានចាត់ទុកទ្រង់ជាព្រះធ្យានិពុទ្ធអង្គទី៦ ទ្រង់មិនប្រចាំនៅទិសណាមួយដូចធ្យានិពុទ្ធ៥អង្គផ្សេងទៀតទេ ហើយការបូជាទ្រង់ទៀតសោតក៏ធ្វើនៅកន្លែងសម្ងាត់និងមិនបើកចំហចំពោះអ្នកមិនចូលវជ្រយានឡើយ។ ដោយឡែកពុទ្ធសាសនាមហាយាននិកាយស្វាភាវិក (Svābhāvika) បានលើកព្រះវជ្រសត្វឱ្យមានឋានៈជាព្រះអាធិពុទ្ធទៀតផង។ ហើយពេលខ្លះព្រះអង្គក៏មានឋានៈជាព្រះពោធិសត្វដែលនៅក្រោមឱវាទនៃព្រះធ្យានិពុទ្ធនាមអក្សោភ្យ (Akṣobhya)ផងដែរ។ នៅក្នុគម្ពីរអទ្វយវជ្រសំគ្រហ(Advayavajra Saṁgraha)បានរៀបរាប់ពីលក្ខណៈនៃព្រះវជ្រសត្វថាគឺ ទ្រង់មានសម្បុរស មានព្រះសិរមួយ មានព្រះហស្ដ២ នៅព្រះហស្តស្ដាំកាន់វជ្រ លើកឡើងត្រឹមព្រះឧរា(ទ្រូង) ព្រះហស្តឆ្វេងកាន់កណ្ដឹងដាក់លើព្រះឩរូ(ភ្លៅ)។ ក្រៅពីនេះព្រះអង្គច្រើនទ្រង់ភ្នែននៅលើបល្ល័ង្កផ្កាឈូក ហើយទ្រង់មិនគ្រងចីពរបែបព្រះសង្ឃដូចព្រះធ្យានិពុទ្ធដទែទេ តែព្រះអង្គទ្រង់គ្រឿងបែបក្សត្រដូចព្រះពោធិសត្វទៅវិញ។ ក្នុងករណីព្រះវជ្រសត្វជាព្រះពោធិសត្វនឹងមានការធ្វើរូបព្រះធ្យានិពុទ្ធអក្សោភ្យប្រដាប់នៅលើមកុដ។
ដោយឡែកសម្រាប់សង្គមខ្មែរវិញទំនងជាបានស្គាល់ព្រះវជ្រសត្វយ៉ាងហោចណាស់តាំងពីសតវត្សរ៍ទី១១ មកម៉្លេះ។ គេប្រទះឃើញព្រះនាមរបស់ទ្រង់មានលើកឡើងនៅក្នុងសិលាចារឹកសប្បាក ចុះលេខសម្គាល់ K.១១៥៨ សរសេរជាភាសាសំស្ក្រឹតនិងខ្មែរបុរាណ ចារឡើងនៅឆ្នាំ១០៦៦ ក្នុងរជ្ជកាលព្រះបាទឧទ័យាទិត្យវម៌្មទី២។ នៅក្នុងសិលាចារឹកដែលជាផ្នែកសំស្ក្រឹតត្រង់ស្លោកទី១និងទី២ បានសរសេរនមស្ការថ្វាយបង្គំចំពោះព្រះពុទ្ធទាំង៥ព្រះអង្គ (ធ្យានិពុទ្ធ) និងលំដាប់ទី៦នមស្ការថ្វាយបង្គំចំពោះព្រះវជ្រសត្វ។ ការនមស្ការព្រះវជ្រសត្វនៅដំដាប់ទី៦នេះ ហាក់បង្ហាញថាទ្រង់មានកម្រិតស្មើនឹងព្រះធ្យានិពុទ្ធទាំង៥ព្រះអង្គមុន ហេតុនេះហើយទើបមានការយល់ឃើញថា ព្រះវជ្រសត្វនៅក្នុងសិលាចារឹកនេះទំនងមានឋានៈជាព្រះធ្យានិយពុទ្ធអង្គទី៦។ តាមរយៈព័ត៌មាននេះធ្វើឱ្យយើងដឹងថា សង្គមខ្មែរសម័យអង្គរទំនងជាបានលើកព្រះវជ្រសត្វឱ្យមានឋានៈជាព្រះធ្យានិពុទ្ធអង្គទី៦ដូចនៅក្នុងប្រទេសនេប៉ាល់ដែរ។
ចំពោះការសាងបតិមាព្រះវជ្រសត្វនៅក្នុងសិល្បៈខ្មែរយ៉ាងហោចណាស់ចាប់ផ្ដើមលេចឡើងនៅរវាងសតវត្សរ៍ទី១២។ ជាស្ដែងចម្លាក់ព្រះវជ្រសត្វធ្វើពីសំរឹទ្ធមួយចំនួនដែលដាក់តាំងនៅក្នុងសារមន្ទីរជាតិភ្នំពេញ និងព្រះវជ្រសត្វធ្វើអំពីសំរឹទ្ធមួយចំនួនដែលដាក់តាំងនៅសារមន្ទីរជាតិបាងកក ប្រទេសថៃជាដើម។ លក្ខណៈទូទៅ ខាងបដិមាសាស្ត្រនៃបដិមារទាំងនោះមានទម្រង់ដូចគ្នាទៅនឹងសិល្បៈឥណ្ឌាដែរ ដូចជាទ្រង់មានព្រះសិរមួយ ព្រះហស្ត២ ព្រះហស្តខាងស្ដាំកាន់វជ្រលើកខ្ពស់ត្រឹមព្រះឧរា ព្រះហស្ដឆ្វេងកាន់កណ្ដឹងដាក់លើព្រះឩរូ ចំណែកឥរិយាបថប្រថាប់គង់វិញ ទ្រង់ភ្នែនលើបល្ល័ង្កផ្កាឈូក។ តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ ចម្លាក់ព្រះវជ្រសត្វដែលគេរកឃើញកន្លងមកច្រើនជាបដិមាសំរឹទ្ធតូចៗ មិនធំដូចបដិមានដទែឡើយ។ ការនិយមធ្វើបដិមាមាទំហំតូបបែនេះទំទងជាបណ្ដាលមកពីរបៀបនៃការគោរពបូជាព្រះវជ្រសត្វត្រូវធ្វើនៅកន្លែងសម្ងាត់និងមិនបើកចំហចំពោះមនុស្សទូទៅ ដូចនេះការធ្វើរូបតូចៗគឺងាយស្រួលទុកដាក់ និងស្រួលលាក់កំបាំងពីភ្នែកមនុស្សទូទៅ។
វត្តមានរបស់ព្រះវជ្រសត្វនៅក្នុងសិល្បៈខ្មែរបានក្លាយជាផ្នែកមួយនៃការឆ្លុះបញ្ចាំងឱ្យឃើញអំពីឥទ្ធិពលរបស់ពុទ្ធសាសនាមហាយាននិកាយវជ្រយាននៅក្នុងសង្គមខ្មែរបានយ៉ាងល្អ។ តាមរយៈភស្ដុតាងពីសិលាចារឹកនិងបដិមារូបគោរពខាងលើធ្វើគេដឹងថា ព្រះពុទ្ធសាសនាមហាយាននិកាយវជ្រយានទំនងជាចាប់ផ្ដើមមានវត្តមានយ៉ាងច្បាស់នៅក្នុងសង្គមខ្មែរយ៉ាងហោចណាស់នៅរវាងសតវត្សរ៍ទី១១៕
អត្ថបទដោយ៖ លោក ឡេង ស៊ីរ៉ង់