នៅក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា (Inscriptions du Cambodge) ក្បាលទី២ លោក ហ្ស៊ក សេដែស បានបញ្ជាក់ថាផ្ទាំងសិលាចារឹកចារនៅលើថ្មស្រទាប់នេះ មានប្រភពមកពីព្រៃមៀន ស្រុកទាំង ខេត្តកំពត បច្ចុប្បន្នត្រូវនឹងទីតាំងវត្តសេរីសោភ័ណ្ឌ ហៅវត្តព្រៃមៀន ស្ថិតនៅក្នុងភូមិព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ វត្តនេះសាងនៅលើទីតាំងប្រាសាទឥដ្ឋ ដែលមានកសិន្ធុព័ទ្ធជុំវិញ និងមានផ្លូវចូលពីទិសខាងលិច។ នៅឆ្នាំ ១៨៨៣ លោក អេទីយែន អ៉ៃម៉ូនីយេរ បានអានកាលបរិច្ឆេទសិលាចារឹកនេះ និងសង្ខេបខ្លឹមសារចុះផ្សាយក្នុងទស្សនាវដ្ដីអាស៊ី។ ក្រោយមក លោក លុយណេត៍ ដឺឡាហ្ស៊ុងគីយែរ នៅក្នុងឆ្នាំ១៩២១ បានរាយការណ៍អំពីសិលាចារឹកនេះមកចៅហ្វាយខេត្តទ្រាំង។ ពីរឆ្នាំបន្ទាប់មក សិលាចារឹកនេះបានយកមករក្សាទុកនៅសារមន្ទីរ អាល់ប៊ែរ សារូត៍ ដែលបច្ចុប្បន្នជាសារមន្ទីរជាតិភ្នំពេញ។ បន្ទាប់មកទៀត ផ្ទាំងសិលាចារឹកនេះ យកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកដល់បច្ចុប្បន្ន។
អត្ថបទចារឹកនេះ មានចុះកាលបរិច្ឆេទនៅថ្ងៃទី៧កើត ខែស្រាពណ៍ មហាសករាជឆ្នាំ៦៤៨ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា គ្រិស្ដសករាជឆ្នាំ៧២៦។ កាលបរិច្ឆេទក្នុងសិលាចារឹកនេះ ប្រើប្រាស់ពាក្យសំស្ក្រឹតលាយនឹងពាក្យប្រាក្រឹត ពុំប្រើប្រាស់សញ្ញាលេខនោះទេ។ ការចុះកាលបរិច្ឆេទដោយប្រើពាក្យសំស្ក្រឹត និង/ឬលាយពាក្យប្រាក្រឹត យើងឃើញមានការពេញនិយមនៅសម័យមុនអង្គរ។ កាលបរិច្ឆេទដែលសរសេរជា អឞ្ដចត្តាលីឝោត្តរឞច្ឆត កើតចេញពីបន្សំពាក្យ អឞ្ដ (៨) +ចត្តាលីឝ (៤០) + ឧត្តរ (លើសដោយ) + ឞដ៑ (៦) + ឝត (១០០)។ ពាក្យ ចត្តាលីឝ ពុំមែនជាពាក្យសំស្ក្រឹតឡើយ ប៉ុន្ដែជាពាក្យប្រាក្រឹត ដែលត្រូវនឹងពាក្យសំស្ក្រឹតថា ចត្វា(/ត្ត្វា)លិំឝ មានន័យថា ៤០។ អឞ្ដចត្តាលីឝ មានន័យថា ៤៨, តាមសន្ធិក្នុងភាសាសំស្ក្រឹត ឞដ៑ + ឝត > ឞច្ឆត មានន័យថា ៦០០។
សំណៅផ្ដិតសិលាចារឹកវត្តព្រៃមៀន (រូបថត៖ EFEO & CISARK)
ដោយផ្ទាំងចារឹកនេះបែកជាពីរផ្នែក និងខូចខាតនៅផ្នែកខាងស្ដាំ ព្រមទាំងមានភាពសឹករេចរឹលនិងផ្ទាត់ផ្ទៃថ្មដោយអន្លើៗ ធ្វើឱ្យយើងពុំអាចអានអត្ថបទបានទាំងស្រុងពេញលេញនោះឡើយ។ ត្រង់ចំណុចដែលខូចខាតខ្លះ នាំឱ្យយើងពិបាកយល់អត្ថន័យផងដែរ។ យ៉ាងនេះក្ដី យើងនៅតែអាចយល់នូវខ្លឹមសារជារួមបាន គឺអត្ថន័យរបស់សិលាចារឹកនេះ ជាកំណត់ត្រាតង្វាយថ្វាយចំពោះប្រាសាទព្រះគម្ដែងអញស្រីសង្ករនារាយណ៍ ដោយអ្នកធ្វើតង្វាយទាំងឡាយមានដូចជា ម្រតាញភាស្ករបាល ម្រតាញសិទ្ធិគណ ម្ដាយម្រតាញចន្ទ្រសេនា ជាដើម។ ក្នុងតង្វាយនោះ មានអ្នកបម្រើស្រីប្រុស ខ្លះមានកូនផង និងដីស្រែចម្ការ។ ក្នុងអត្ថបទនេះ ក៏មានពាក្យផ្ដាសាដល់នរណាដែលរំលាងព្រះ ឱ្យធ្លាក់ទៅនរក២១ជាន់ផង។
អត្ថបទដើមជាអក្សរខ្មែរទំនើប
១- អឞ្ដចត្តាលីឝោត្តរឞច្ឆតឝកបរិគ្រហ(ស)ប្ដមីកេត៑[ឝ្រា]
២- វនម្រតាញ៑ភាស្ករបាលឱយ៑ស្រេទង៑ក្ញុំម៑តវ្រះកម្រតា(ង៑)
៣- អញ៑ឝ្រីឝង្ករណារាយនបុណ្យម្រតាញ៑ស្រេវ្រៃកល្បៅវិ(ជ) —
៤- ស្រេត្បេង៑វីជ២០-១ស្រេក្រៅទ្នល៑មាស៑១០-២ស្រេវ្រៃទំរោក៑មា(ស៑) —
៥- ស្រេជេង៑ឆ្ទីង៑កន្លះសរេស្រេទ៌េ្ទះបក៑មាស៑១ជេ១ស្រេទ៌្ទល៑ស(រេ) —
៦- ស្រេកន្លះវ្រៃមាស៑៣·ក្ញុំកន្ដៃកុក្មេរ៑១កោន៑៤កុ(កល្ប)១កុ—
៧- កោន៑១ប្រាប៑កោន៑២កុប្រេក៑១កោន៑១ក្ឫស៑១កោន៑១កុចំបោត៑១កោ(ន៑) —
៨- កុត្លេំ១កោន៑១(កុ)ទប្ទិប៑១កោន៑១កុស្វេត៑១កោន៑១កុសុវណ៌្ណ១កុ—
៩- ចង្កា១កុតំវេ១កុកន្បាញ៑១កុស្វោក៑១កុត្បាញ៑១កុត្រសោ—
១០- កុរំវុះ១ឃោទកញ្ជត៑១រំបត៑១ប្រឝស្ដគន១តរង្គ—
១១- ទុត៑១កច្យោន៑១អនន្តរារប៑១ត្គន៑១កញ្ជ១ធម៌្មឝ(ក្តិ១)—
១២- កំបុស៑១ស្មោម៑១ក្ញុំប្រទានម្រតាញសិទ្ធិគនកុកញ្ជ១—
១៣- កុកំវត៑១កុមុលិះ១កោន៑-(ម)ធុប្រីយ១កំ-ាន៑១កន៑ឯត៑១កុ—
១៤- ត្និ–កោន៑១សោច៑ក្តោ១កោន៑២ត្វង៑១កោន៑១ប្កាយ៑១កោន៑១—
១៥- កោន៑១កន្តេក៑១អំនោយ៑១កន្ដៃបិសោ(ត៑)១និឞ្ដ—-ង៑១—
១៦- ប្រង៑១—–ន៑១—–កញ្ជុង៑១—ទោឞ១ស–១ក្លោញ៑—
១៧- ចន្ទ្រគុប្ដ———-ត៑១—ក្លោញ៑សម្របុ១កោន៑១ត—
១៨- កោន៑១ចង្កា១កោន៑១សល្ប-១កោន៑១អវស–១កន្តុ១វោ—
១៩- ស្រមោល៑១វ្ងេ១–្ន—-ក្ឞ១ត្មេក៑១កន៑អស៑១កន៑—
២០- វ្ងេ១កោន៑១កញ្ជៃ១កញ្ជ…….(ឝ/ភ)ក្ដិមាន្រ១ត្ឫឞ១ត្បាស៑១(កន្តា)ង៑១—
២១- ———ជ្យ(យុ)គល(យៅ)–ទំរិង៑១គិនេះស្រេទង៑ក្ញុំ——-
២២- (កន្តៃម្រតាង៑)ទង៑គេក្លោញ៑អ្មេម្រតាញ៑ចន្ទ្រសេនជោន៑តវ្រះកម្រតា(ង៑អញ៑)
២៣- (ឝ្រីឝង្ករ)ណារាយនបុណ្យម្រតាញ៑ទង៑គេក្លោញគេគិ—–
២៤- យ—នៅអ្នក៑តនិរស្ដគិអំវិលាង៑វ្រះ–ឯកាវីឝ(និរយ)—
២៥- តនាំ—–បំនោស៑បំជុះវ្រះកម្រតាង៑អញ៑គិតនាគិ—
២៦- កុវា—–កោន៑កុ—-ក៑១កុ—–វក៑១កុក—–ទ——១វាក–
២៧- វាក——រ១កុសម្រំបុ១កោន៑កន៑ទិប៑១វា—–
២៨- ឝិល—–១វា(អំ)វៅ១មិត្រគណ១កុអសា—–១——
២៩- ស្រេជំនាហ្វ៑—អប៑ទង៑ក្លោញ៑ប្រក្កឰកន្លះវ្រៃ—–
៣០- គិស្រេជំនាហ្វ៑ផោង៑——មាស៑៥គិនេះក្ញុំទង៑—–
៣១- —–ញ៑តវ្រះកម្រតាង៑អញ៑ឝ្រីឝង្ករ[នារាយណ]
អត្ថបទប្រែសម្រួល
(១-១២) (នា)មហាសករាជឆ្នាំ៦៤៨ ទី៧កើត ខែស្រាពណ៍ ម្រតាញភាស្ករបាល ថ្វាយស្រែនិងអ្នកបម្រើចំពោះព្រះគម្ដែងអញស្រីសង្ករនារាយណ៍ ជាបុណ្យរបស់ម្រតាញ។ (ស្រែមាន) ស្រែព្រៃកល្បៅ(ទំហំ)–វិជ ស្រែត្បែង(ទំហំ)២១វីជ ស្រែក្រៅទ្នល(ទំហំ)១២មាស ស្រែព្រៃទំរោក(ទំហំ)–មាស ស្រែជើងស្ទឹងកន្លះសន្រែ ស្រេរទេះបាក់(ទំហំ)១មាស ១ជើ ស្រែរទល(ទំហំ) –សន្រែ ស្រែកន្លះព្រៃ(ទហំ)៣មាស។ អ្នកបម្រើស្រី(មាន)នាងក្មេរ១ (និង)កូន៤(នាក់) នាងកល្ប១ នាង—(និង)កូន១ (នាង)ប្រាបកូន២(នាក់) នាងប្រេក១ (និង)កូន១(នាក់) (នាង)ក្រឹស១ (និង)កូន១(នាក់) (នាង)ចំបោត១ (និង)កូន-(នាក់) នាងត្លេម១ (និង)កូន១(នាក់) នាងទប្ទិប១ (និង)កូន១(នាក់) នាងស្វេត១ (និង)កូន១(នាក់) នាងសុវណ៌្ណ១ នាង—ចង្កា១ នាងតំវេ១ នាងកន្បាញ១ នាងស្វោក១ នាងត្បាញ១ នាងត្រសោ— នាងរំវុះ១។ (អ្នកបម្រើ)ប្រុស កញ្ជត១ រំបត១ ប្រឝស្ដគន១ តរង្គ—១-ទុត១ កច្យោន១ អនន្តរារប១ ត្គន១ កញ្ជ១ ធម៌្មសក្តិ១— កំបុស១ ស្មោម១។
(១២-២០) អ្នកបម្រើជាតង្វាយរបស់ម្រតាញសិទ្ធិគន (មាន)នាងកញ្ជ១— នាងកំវត១នាងមុលិះ១ (និង)កូន(១នាក់) នាង(ម)ធុប្រីយ១ នាងកំ-ាន១ (នាង)កនឯត១ នាង—ត្និ–(និង)កូន១(នាក់) នាងសោចក្តោ១ (និង)កូន២(នាក់) (នាង)ត្វង១ (និង)កូន១(នាក់) នាងប្កាយ១ (និង)កូន១(នាក់)— (និងកូន)១(នាក់) (នាង)កន្តេក១ (នាង)អំនោយ១ (នាង)កន្ដៃបិសោត១ (នាង)និស្ដ—-ង១ —ប្រង១ —–ន១ —–កញ្ជុង១ —ទោស១ ស–១ ក្លោញ—ចន្ទ្រគុប្ដ———-ត១— ក្លោញសម្របុ១ (និង)កូន១(នាក់) ត—(និង)កូន១(នាក់) ចង្កា១ (និង)កូន១(នាក់) សល្ប-១ (និង)កូន១(នាក់) អវស–១ កន្តុ១ វោ—ស្រមោល១ វ្ងេ១ –្ន—-ក្ឞ១ ត្មេក១ កន្អស១ កន— វ្ងេ១ (និង)កូន១(នាក់) កញ្ជៃ១ កញ្ជ…….(ស/ភ)ក្ដិមាន្រ១ ត្រឹស១ ត្បាស១ កន្តាង១—។
(២១) ———ជ្យ(សម្លៀក)យុគលយៅ–ដំណាំ១។
(២១-២៤) ទាំងនេះគឺស្រែនិងអ្នកបម្រើ——- ភរិយាម្រតាងនិងអ្នកជាក្លោញ(ដែល)ម្ដាយម្រតាញចន្ទ្រសេនា ថ្វាយចំពោះព្រះគម្ដែងអញស្រីសង្ករនារាយណ៍ (គឺជា)បុណ្យរបស់ម្រតាញនិងអ្នកជាក្លោញ គឺ—–។
(២៤) នូវអ្នកដែលធ្វើឱ្យនិរាស គឺរំលាងព្រះ (សូមធ្លាក់ទៅ)នរក២១ជាន់។
(២៥) និយាយអំពីអ្នកបួសធ្វើពិធប្រោះទឹកនៅប្រាសាទ—-
(២៦-២៨) បញ្ជីឈ្មោះអ្នកបម្រើ
(២៩) ស្រែដែលជាវ—រួមទាំងក្លោញប្រាក់ឯកន្លះព្រៃ—–
(៣០) គឺស្រែដែលជាវផ្សេងទៀត—–(ទំហំ)៥មាស (៣០-៣១) ទាំងនេះគឺខ្ញុំបម្រើនិងស្រែ (ដែលថ្វាយចំពោះ)ព្រះគម្ដែងអញស្រីសង្ករនារាយណ៍។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង