ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២ គ.ម. ភាគខាងកើតប្រាសាទតាមាន់ធំ និងចម្ងាយប្រមាណ ៦ គីឡូម៉ែត្រ ភាគអាគ្នេយ៍ភូមិបាក់ដៃ ខេត្តសុរិន ប្រទេសថៃ។ នៅក្នុងឯកសាររបស់អ្នកស្រាវជ្រាវបារាំង (លោក Etienne Aymonier និងលោក Lunet De Lajonquière) គេកត់ត្រាឈ្មោះប្រាសាទនេះថា “ព្រះឥសី” ឬ “ព្រះឫស្សី”។ ប៉ុន្តែ ឈ្មោះដែលអ្នកស្រុកខ្មែរហៅបច្ចុប្បន្នគឺ “តាក្របី” ហើយជនជាតិថៃហៅប្រាសាទនេះថា “តាខ្វាយ” (តាក្របី និងតាខ្វាយ មានន័យដូចគ្នា) ។ យើងមិនមានភស្តុតាងអ្វីដែលអាចពន្យល់អំពីឈ្មោះ “តាក្របី” នេះបានច្បាស់លាស់ឡើយ ប៉ុន្តែ យើងអាចសន្និដ្ឋានថាកាលពីមុនមកនៅទីនេះអាចមានចម្លាក់ព្រះយមគង់នៅលើសត្វក្របីក៏អាចថាបាន។ តើប្រាសាទតាក្របី មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទតាក្របី ចាប់ផ្តើមមានអ្នកស្គាល់ច្រើនកាលពីជាង១០ឆ្នាំមុន ក្នុងពេលដែលខ្មែរ និងថៃមានការប៉ះទង្គិចផ្នែកយោធានៅព្រំដែនតាមបណ្តោយជួរភ្នំដងរែក។ ប៉ុន្តែ បើយើងយោងទៅតាមឯកសាររបស់អ្នកស្រាវជ្រាវជនជាតិបារាំង ប្រាសាទនេះធ្លាប់បានសិក្សាខ្លះៗ និងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ តាំងពីចុងស.វ.ទី១៩ ដើមស.វ.ទី២០ មកម្ល៉ែះ ពោល គឺគ្រាន់តែគេបានកត់ឈ្មោះប្រាសាទនេះថា “ព្រះឥសី” ឬ “ព្រះឫស្សី”។ ការរៀបចំប្លង់ប្រាសាទតាក្របី មានលក្ខណៈខុសគ្នាឆ្ងាយពីប្រាសាទមួយចំនួនដែលស្ថិតនៅមិនឆ្ងាយពីគ្នា ដូចជា ប្រាសាទតាមាន់ធំ និងប្រាសាទចាន ជាដើម។ ប្រាសាទតាក្របី ជាប្រភេទសំណង់ទោលសាងសង់ឡើងអំពីថ្មភក់ដែលមានរាងបួនជ្រុងស្មើ ហើយភ្ជាប់គ្នាដោយសំណង់គោបុរ (ទ្វារចូល) លយចេញទៅទិសទាំងបួន បង្កើតបានជាប្លង់មួយប្រភេទដែលគេស្គាល់ថា “ប្លង់រាងកាកបាទ” ឬ “ប្លង់រាងខ្វែងជើងក្អែក” មានកម្ពស់ប្រមាណ ២៥ ម៉ែត្រ។ ប្រាសាទតាក្របីមានការរៀបចំប្លង់ស្រដៀងប្រាសាទព្រះថ្កោល ស្ថិតនៅក្នុងក្រុមប្រាសាទបាកាណ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាប្រាសាទស្ថិតនៅក្នុងរចនាបថបាយ័ន្ត រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២២០)។ យើងសង្កេតឃើញថា នៅលើជញ្ជាំងយ៉នៃគោបុរ មានរៀបចំជាកូនបង្អួចសងខាងគ្រប់មុខទាំងបួនថែមទៀតផង។ ក្នុងនោះ ប្រាសាទតាក្របីសាងសង់មិនទាន់រួចរាល់នៅឡើយទេ ព្រោះដូចដែលឃើញយ៉ាងច្បាស់ថា នៅលើប្រាង្គប្រាសាទទាំងមូល មានតែថ្មភក់ដែលមិនទាន់ឆ្លាក់ចេញជាក្បាច់លម្អអ្វីឡើយ ពោល គឺគ្រាន់តែបានដាប់ថ្មឱ្យចេញជារូបរាងហោជាង ឬផ្តែរទ្វារប៉ុណ្ណោះ។
អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេសនោះ គឺប្រាង្គប្រាសាទទាំងមូលកសាងគ្របពីលើលិង្គធម្មជាតិមួយ (ស្វយម្ភូលិង្គ) ដែលជាប្រភេទថ្មភ្នំនៅទីនោះស្រាប់ ពោល គឺមានលក្ខណៈដូចទៅនឹងប្រាសាទភ្នំឈ្ងោក ខេត្តកំពត ដែលបានកសាងឡើងតាំងពីចុងស.វ.ទី៦ ដើមស.វ.ទី៧ មកម្ល៉េះ។ ត្រង់ចំណុចនេះ វាមិនមានអ្វីចម្លែកនោះទេ ដ្បិតការជ្រើសរើសទីតាំងសម្រាប់កសាងប្រាសាទណាមួយ គេច្រើនតែជ្រើសរើសយកទីតាំងណាដែលពាក់ព័ន្ធទៅនឹងជំនឿដែលមាននៅទីនោះស្រាប់ ជាពិសេស គឺរូងភ្នំ លើភ្នំ ឬថ្មដែលមានរាងដូចលិង្គជាដើម ព្រោះគេជឿថាកន្លែងទាំងនោះជាជម្រករបស់ពួកអាទិទេពគង់នៅ។ ស្វយម្ភូលិង្គ (លិង្គធម្មជាតិ) ដែលស្ថិតនៅខាងក្នុងប្រាសាទតាក្របីនេះ គឺជាភស្តុតាងដ៏សំខាន់មួយដែលគេអាចសន្និដ្ឋានថា ប្រាសាទនេះជាសំណង់ព្រហ្មញ្ញសាសនាដែលស្ថិតនៅក្នុងនិកាយសៃវ ពោល គឺសំណង់ព្រះឥសូរ។ ជាមួយគ្នានេះ តាមគំរូប្លង់ដែលមានច្រកចូលគ្រប់ទិសទាំងបួនរបស់ប្រាសាទ យើងអាចនឹកឃើញដល់ប្រាសាទសំបូរ តួប៉ម N1 នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាប្រាសាទមានទ្វារចូលបួនមុខដូចគ្នា ក៏ជាប្រាសាទឧទ្ទិសដល់ព្រះឥសូរដូចគ្នាដែរ (ស្រីគំម្ភីរេស្វរ)។
កន្លងមក គេមិនធ្លាប់រកឃើញសិលាចារឹកនៅប្រាសាទនេះឡើយ ម្ល៉ោះហើយ អាយុកាល និងព័ត៌មានទូទៅរបស់ប្រាសាទតាក្របីគេពុំអាចដឹងបានច្រើនឡើយ។ ក្នុងឯកសារមួយចំនួន គេបានកត់ត្រាថា ប្រាសាទនេះទំនងកសាងឡើងនៅរវាងស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩) ឬព្រះបាទស្រីឧទ័យទិត្យវរ្ម័នទី២ (គ.ស.១០៥០-១០៦៦) ដោយគេយោងទៅលើប្លង់ប្រាសាទនេះមានលក្ខណៈដូចទៅនឹងប្លង់ប្រាសាទបន្ទាយស្រីដំដែក និងប្លង់ប្រាសាទតាកែវ ស្ថិតនៅក្នុងខេត្តសៀមរាប។ ប៉ុន្តែ បើសិនយើងពិនិត្យមើលការរៀបចំប្លង់ប្រាសាទជារាងកាកបាទឬរាងខ្វែងជើងក្អែក គឺពុំមានការពេញនិយមឡើយនៅក្នុងស.វ.ទី១១ ជាក់ស្តែងប្រាសាទតាមាន់ធំ ដែលស្ថិតនៅខាងលិចប្រាសាទតាក្របីប្រមាណ ១២ គីឡូម៉ែត្រ មានប្លង់រាងបួនជ្រុងស្មើ និងមានយ៉វែងលយទៅខាងមុខ ដែលជាលក្ខណៈទូទៅនៃប្លង់ប្រាសាទក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ ពោល គឺមានលក្ខណៈខុសគ្នាទាំងស្រុងជាមួយប្រាសាទតាក្របី។ អ្វីដែលយើងអាចប្រៀបធៀបបាននោះ ការរៀបចំប្លង់ និងទម្រង់ក្បាច់លម្អទូទៅរបស់ប្រាសាទតាក្របី គឺមានលក្ខណៈដូចគ្នាច្រើនជាមួយប្រាសាទមួយចំនួនក្នុងរចនាបថអង្គរវត្ត និងរចនាបថបាយ័ន្ត (ប្រាសាទព្រះថ្កោល និងប្រាសាទសំខាន់នៃក្រុមបាកាណ)។ ហេតុដូច្នេះហើយ យើងអាចសន្និដ្ឋានបឋមថា ប្រាសាទតាក្របី ជាស្ថាបត្យកម្មព្រហ្មញ្ញសាសនា និកាយសៃវ ដែលទំនងកសាងឡើងនៅរវាងចុងស.វ.ទី១១ ដល់ស.វ.ទី១៣ ហើយជាស្ថាបត្យកម្មសាសនាសាងសង់នៅលើភ្នំដងរែកដ៏សំខាន់មួយ ស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរ ឆ្ពោះទៅកាន់តំបន់ភិមាយ ដែលគេស្គាល់ថា “ផ្លូវពាយព្យ”។ បន្ថែមពីនេះទៅទៀត តាមការសិក្សារបស់លោក Etienne Aymonier បានបង្ហាញថា ទីតាំងនេះមាននៅសល់បំណែកកុលាលភាជន៍បុរាណជាច្រើនថែមទៀតផង ជាពិសេសនៅត្រង់ ២០០ ម៉ែត្រ ខាងកើតប្រាសាទតាក្របី។








————–
Prasat Ta Krabei Temple
Prasat Ta Krabei Temple is situated in Sen Monorum 1 village, Kok Mon commune, Banteay Ampil district, Oddar Meanchey province. It is located along the ancient ‘Northern Route’ that connects the Angkor area to Phimai Temple. Based on the temple’s general layout, it is likely a Hindu-Saiva structure constructed between the late 11th and early 13th centuries.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី