យើងប្រទះឃើញវត្តមាន នាងគង្ហីងព្រះធរណី នៅក្នុងសង្គមខ្មែរច្រើនកន្លែងដូចជាគំនូរឈុតព្រះពុទ្ធផ្ចាញ់មារ កិច្ចប្រុងពលី សន្លឹកពពិល និងជាចម្លាក់ទោលដូចនៅរង្វង់មូលនាងគង្ហីងជាដើម។ ត្រង់ឈុតផ្ចាញ់មារ ឬ មារវិជ័យ យើងសង្កេតឃើញមាននៅប្រទេសកម្ពុជា ថៃ ឡាវ និងភូមា ដែលនិយមគូរឬឆ្លាក់រូបនាងគង្ហីងព្រះធរណីផុសក្រោមបល្ល័ង្ករ័ត្នច្បូតសក់បញ្ចេញទឹក។ តាមចំណេះដឹងពុទ្ធប្រវត្តិបែបអ្នកស្រុកអាស៊ីអាគ្នេយ៍ នៅមុនពេលដែលព្រះអង្គត្រាស់ដឹង ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្ស លើស្បូវភ្លាំងដែលសោត្ថិយព្រាហ្មណ៍ថ្វាយ ក្លាយជាបល្ល័ង្ករ័ត្នផុសទ្រព្រះអង្គ។ មារនិងសេនារេហ៍ពលទាំងឡាយក៏មកផ្ចាញ់ផ្ចាលព្រះអង្គ ថាបល្ល័ង្ករ័ត្នទ្រង់កំពុងគង់លើនោះជារបស់មារាធិរាជ គឺមានរេហ៍ពលមារទាំងឡាយជាសាក្សី។ ព្រះពុទ្ធត្រាស់ថា បល្ល័ង្ករ័ត្ននេះកើតឡើងពីការសន្សំបារមីរបស់ព្រះអង្គអនេកជាតិ។ មារបន្ដផ្ចាញ់ផ្ចាលរកអ្នកជាសាក្សី ទើបនាងគង្ហីងព្រះធរណីផុសមក ច្បូតសក់ជាទឹកលិចលង់ពួកមារនោះទៅ។ នាងគង្ហីងព្រះធរណី ជាតំណាងឱ្យព្រះធរណីជាសាក្សី ចំណែកឯទឹកដែលនាងច្បូតចេញពីសក់ តំណាងឱ្យទឹកដែលព្រះពុទ្ធអង្គតែងតែច្រូចលើព្រះធរណីក្នុងការសន្សំបារមីជាអនេកជាតិ គឺថាសូម្បីទឹកដែលព្រះអង្គច្រូចកន្លងមកនោះ ក៏អាចពន្លិចពួកមារឱ្យអន្ដរធានបានដែរ។ តាមពុទ្ធប្រវត្តិក្នុងគម្ពីរព្រះត្រៃបិដក ពុំមាននាងគង្ហីងព្រះធរណីនោះទេ គឺព្រះពុទ្ធអង្គចង្អុលផែនដីជាសាក្សី(ភូមិស្បស៌) ផែនដីក៏កក្រើករញ្ជួយ ឯពួកមារក៏រលាយបាត់អស់ទៅ។ នាងគង្ហីងនេះ ទំនងជាការបន្ថែមបែបអ្នកស្រុកនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។
នៅក្នុងសិលាចារឹកខ្លីៗជាច្រើននៅប្រាសាទបាយ័ន មានសិលាចារឹកមួយផ្ទាំងចុះលេខ K.293-40 ចារឹកថា «វ្រះភគវតិធរណី» សម្រួលមកថា ព្រះភគវតីធរណី ឬ ព្រះនាងធរណី ឬមានឈ្មោះផ្សេងទៀតជា ភូមិទេវី ឬ ភូមី ជាដើម ដែលគេស្គាល់ថាជាទេពរក្សាដីក្នុងសាសនាព្រាហ្មណ៍។ ចំណែកឯនៅក្នុងពុទ្ធសាសនា ពុំមានទេពរក្សាដីទេ។ ហេតុនេះហើយ ទើបខ្មែរបង្កើតជារូបរាងឡើងជាតំណាង ដែលហៅថា “នាងគង្ហីង”។ នាងគង្ហីង គឺជាដី មិនមែនជាទេពរក្សាដីនោះទេ គ្រាន់តែគេធ្វើឡើងជារូបតំណាងឱ្យមានលក្ខណៈដូច មនុស្ស ដូចយើងឃើញតាមរូបគំនូរ ចម្លាក់ រូបសូនជាដើម។
បើយើងពិនិត្យលើពាក្យសព្ទវិញ ពាក្យ “គង្ហីង” ពុំមានកត់ត្រាជាមេពាក្យនៅក្នុងវចនានុក្រមខ្មែរឡើយ គឺមានតែក្នុងសេចក្ដីពន្យល់ពាក្យ “ធរណី” ប៉ុណ្ណោះ ទោះបីជាអ្នកស្រុកជាទូទៅស្គាល់ពាក្យនេះក្ដី។ ខ្មែរយើងរមែងហៅថា “នាងគង្ហីងព្រះធរណី” ហៅខ្លីថា្ល។នយារឹកវង់មូលនាងគង្ហីងជាដើម។ “នាងគង្ហីង” ឬក៏ “នាងហ៊ីងព្រះធរណី” ហៅខ្លីថា “នាងហ៊ីង”។ តើពាក្យនេះវិវត្តមកពីពាក្យអ្វី? មានដើមកំណើតមកពីណា?
តាមរយៈការសិក្សាសិលាចារឹកភាសាខ្មែរបុរាណ យើងដឹងថាពាក្យ “គង្ហីង” វិវត្តចេញមកពីពាក្យបុរាណសម័យមុនអង្គរថា «កន្ហេង៑» ឬ “កញ៑ហេង” ដែលមកដល់សម័យអង្គរ ពាក្យនេះវិវត្តមកជា “កន្ហ្យង៑” ឬ “កន្ហ្យាង៑”។ ពាក្យទាំងនេះបង្កើតចេញមកពីពាក្យឫស “ហេង៑” ៣ហ្យង៑” “ហ្យាង៑” ដែលមានន័យថាខ្លាំង ពូកែ ខ្ពង់ខ្ពស់ ច្រើនប្រើជាឋានន្តរនាមរបស់នារី ឬក្សត្រី នៃវណ្ណៈអភិជនឬរាជវង្សានុវង្ស។ លោក ម៉ៃឃើល វីឃើរី និងលោក ហ្វីលីព ជេន្នើរ យល់ថាពាក្យនេះមានទំនាក់ទំនងជាមួយពាក្យជ្វាបុរាណថា «ហ្យង៑» (hyaṅ) និងពាក្យចាម្ប “យង៑” (yaṅ) “យាង៑” (yāṅ) ជាពាក្យសម្គាល់អ្វីដែលពិសិដ្ឋត្រូវនឹងពាក្យខ្មែរទំនើបថា «ព្រះ»។ យ៉ាងនេះក្ដីយើងក៏អាចមើលឃើញថាពាក្យ “កន្ហេង៑” នេះ ក៏អាចមានពាក្យឫស «ខេង៑» មានន័យថាខែង ខែងរែង ផងដែរ។
ពាក្យ “កន្ហេង៑” ឬ “កញ៑ហេង៑” នៅសម័យមុនអង្គរ ជាឋានន្តរនាមសម្រាប់សម្គាល់ស្ត្រីក្នុងវណ្ណៈអភិជន មានដូចជាក្សត្រីឬព្រះអង្គម្ចាស់ក្សត្រីជាដើម។ ពាក្យនេះក៏មានប្រើជាសមាសនាមសម្រាប់ឋានន្តរនាមផង ដូចក្នុងសិលាចារឹកក្រាំងព្រះពុទ្ធ K.1413 មានឋានន្តរនាម “កញ៑ហេង៑អញ៑” ដែលជាស្ត្រីវណ្ណៈអភិជន ជាអ្នកទំនុកបម្រុងពិធីបូជានៅប្រាសាទ។ លុះមកដល់សម័យអង្គរ ពាក្យនេះប្រើជាពាក្យសមាសក្នុងឋានន្តរនាម “កន្ហ្យង៑ កំម្រតេង៑អញ៑” មានន័យថា “ព្រះអង្គម្ចាស់ក្សត្រី”។ យើងសូមលើកជាឧទាហរណ៍ខ្លះៗចេញពីសិលាចារឹកខ្មែរបុរាណដូចក្នុងសិលាចារឹកនៅខេត្តផ្សារដែក K.9 មានចារឹកឃ្លាថា “ស្រេអំនោយ៑កញ្ហេង៑វ្រះអញ៑លាង៑គុស៑អាយ៑តវ្រះកម្រតាង៑អញ៑ឝ្រីភដារវីរេឝ្វរ…” (K.9:9-10) ដែលអាចសម្រួលថា “ស្រែដង្វាយរបស់កញ្ហេងព្រះអញលាងគុសថ្វាយចំពោះព្រះគម្ដែងអញស្រីភដារវីរេសូរ”។ សិលាចារឹកវត្តព្រះឥន្ទកោសិយ K.263 ចារឹកថា “ខ្ញុំជំន្វន៑កន៑ហ្យង៑កម្រតេង៑អញ៑ឥន្ទ្រលក្ឞ្មី” (K.263D:39) ដែលអាចសម្រួលបានថា “ខ្ញុំ(បម្រើជា)ជំនូនរបស់កន្ហេងគម្ដែងអញឥន្ទ្រលក្ឞ្មី”។ សរុបមក យើងឃើញថាពាក្យនេះ ប្រើសម្រាប់តែមនុស្សស្រីតែប៉ុណ្ណោះ កាលពីសម័យបុរាណ។
ពាក្យ «កន្ហេង៑» ឬ “កន្ហ្យង៑” នេះបានវិវត្តជាពាក្យ “គង្ហីង” និង “កំហែង” ក្នុងភាសាខ្មែរទំនើប។ នឹងយល់ពីការវិវត្តនោះ ត្រូវចាប់អារម្មណ៍ថា ” ្យ ” ពីសម័យបុរាណសម្រាប់ការកត់ត្រាពាក្យខ្មែរ មានបម្រែបម្រួលច្រើន គឺអាចទៅជាស្រៈ ” េ “ ផង ស្រៈ ” ៀ “ផង និងស្រៈ ” ី ” ផង ។ល។ ដូចជាសំណេរពាក្យ “វ្រ្យង” ពីបុរាណ ក្លាយមកជាពាក្យទំនើបថា “ព្រីង”។ នាពេលបច្ចុប្បន្ន ពាក្យ “គង្ហីង” មានអត្ថិភាពប្រើតែក្នុងពាក្យឬប្រើកាត់ពីពាក្យ “នាងគង្ហីងព្រះធរណី” គឺនៅរក្សាលក្ខណៈដើមដែលប្រើជាមួយមនុស្សស្រី។ ចំណែកឯពាក្យ “កំហែង” វិញ គឺសម្គាល់នូវលក្ខណៈខែងរែង កម្លាំងខ្លាំង ដែលក្លៀវក្លា អង់អាច… ប្រើជាឋានន្តរនាមផងដូចជា កំហែងហនុមាន (អ្នកសហគមន៍ស្វាយអណ្ដែតហៅ អ្នកតាកំហែង) និងប្រើជាឈ្មោះទូកងផងដូចជា កំហែងរាមា កំហែងនាគរាជ កំហែងមហាហង្សសែនជ័យ ជាដើម។ ពាក្យនេះបានក្លាយពីការប្រើជាមួយស្រី មកប្រើជាមួយប្រុសផងដែរ ប៉ុន្តែពុំមែនជាប្រការចម្លែកនោះទេ ដ្បិតយើងឃើញមានពាក្យដទៃ ដែលដើមឡើយប្រើជាមួយមនុស្សស្រី ប៉ុន្ដែក្រោយមកក៏ប្រើសម្គាល់ឋានៈឬតួនាទីជាធំរបស់មនុស្សប្រុសដែរ ដូចពាក្យ «មេ» ជាដើម។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង