ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹក​មានប្រភពមកពីវត្តព្រះធាតុ K.៧៣ ឬ  K.៧១៨

សិលាចារឹក​មានប្រភពមកពីវត្តព្រះធាតុ K.៧៣ ឬ  K.៧១៨

កាលដើមឡើយ វត្តព្រះធាតុនេះស្ថិតនៅក្នុងភូមិព្រះធាតុ ឃុំរលួស ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល។ ចាប់ពីឆ្នាំ២០១១មក ទីតាំងនេះត្រូវកាត់បញ្ចូល​ក្នុង​សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញវិញ។ យោងតាម​គេហទំព័រ https://cisark.mcfa.gov.kh បាន​ឱ្យដឹងថាក្នុងបរិវេណអារាមនេះ មានព្រះវិហារ​ចំនួនពីរ និងកសិន្ធុព័ទ្ធជុំវិញចំនួន​១។ ព្រះ​វិហារ​ខាងត្បូង សាងសង់លើទីទួលប្រាសាទបុរាណ ដែលហៅថាទួលព្រះធាតុ។ ឈ្មោះ​​ព្រះ​ធាតុនេះ តែងប្រទះឃើញនៅទីតាំងអតីតប្រាសាទបុរាណ​ ភាគច្រើនជាប្រាសាទ​​ព្រហ្មញ្ញសាសនា និងត្រូវកែមកជា​ទីតាំងពុទ្ធសាសនាវិញ។ ទីទួលនេះមានសំណល់​ខឿន​ថ្ម​បាយ​ក្រៀម​ មានផ្លូវចូល​ពីទិសខាងកើត។

សំណល់បុរាណវត្ថុនៅវត្តព្រះធាតុ (រូបថត៖ CISARK)

បើតាមសំណេះសំណល់​នៅទីតាំងនេះ បញ្ជាក់ថាទីតាំងនេះ​ជាស្ថានសាសនាតាំងពីសម័យមុនអង្គររហូតមកដល់​ចុង​ស.វ.ទី១២និងដើមស.វ.ទី១៣ ក្នុងរាជ្យព្រះបាទ​ស្រីជ័យវម៌្មទេវទី៧។ ភស្ដុតាង​សម័យមុនអង្គរ មានដូចជា៖ ផ្ដែររចនាបថសម្បូរព្រៃគុហ៍ចំនួន២ បំណែកថ្មថ្លើមអណ្ដើកមួយចំនួនដែលមានទាំងស្នាណទ្រោនីផងដែរ និងសិលាចារឹក​ចំនួន២ផ្ទាំង។ ស្របនឹង​ភស្ដុតាងនេះ យើង​ក៏ឃើញមាន​ទីតាំង​សម័យមុនអង្គរ​សំខាន់ៗដែល​នៅជុំវិញនោះ ដូចជាសំណល់ប្រាសាទនិងសិលាចារឹកនៅ​វត្តជើងឯក ក្រាំងព្រះពុទ្ធ​ដែលរកឃើញផ្ទាំងសិលាចារឹក និងប្រាសាទវត្តប្រាសាទជាដើម។ ឯភស្ដុតាង​សម័យអង្គរ មានវត្ថុសិល្បៈជាច្រើនស្ថិតក្នុង​រចនាបថបាយ័នដូច​ជា៖ តោ​ នាគ បង្កាន់ដៃនាគ ព្រះពុទ្ធរូប បល្ល័ង្កជាដើម។ នៅរវាងដើមពាក់កណ្ដាលទី២នៃស.វ.​ទី១២ ក៏មាន​ផ្ទាំងសិលាចារឹក​មួយផ្ទាំង រកឃើញ​នៅ​ទួលអង្គក្រសាំងឆ្មារ ដែលមានចុះកាលបរិច្ឆេទ​នាមហាសក​រាជ​ឆ្នាំ​១០៨៤ ត្រូវនឹងគ្រិស្ដសករាជ​ឆ្នាំ​១១៦២ ក្នុងរាជ្យព្រះបាទយសោវម៌្មទេវទី២ គឺ​ជាភស្ដុតាង​បង្ហាញ​អំពីអត្ថិភាព​ នៃសាសនដ្ឋាន​តំបន់​នោះផង។ គួរបញ្ជាក់​ផងថា នៅទីតាំងនេះធ្លាប់ធ្វើកំណាយសង្គ្រោះ ដើម្បីជួសជុលប្រាសាទព្រះធាតុនេះផងដែរ ប៉ុន្តែ​គម្រោងជួសជុលនោះពុំបានសម្រេចចប់ចុងចប់ដើមនោះទេ។

ផ្តែរនៅវត្តព្រះធាតុ  (រូបថត៖ CISARK)

នៅក្នុងអត្ថបទនេះ យើង​នឹងលើកយកផ្ទាំងសិលាចារឹកមួយផ្ទាំងដែល​មានចុះ​លេខ​​សារពើភណ្ឌ K.៧៣ ឬ  K.៧១៨ មកសិក្សា។ សិលាចារឹកនេះ​ ធ្លាប់បាន​សិក្សាចុះផ្សាយ​រួច​មកហើយ គឺ​នៅឆ្នាំ​១៩៥៤ លោកសាស្ត្រាចារ្យ ហ្សក សេដែស បាន​ចុះផ្សាយសិលាចារឹកនេះក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា​ ក្បាលទី​៦ ទំព័រទី​៣៧ ប៉ុន្ដែ​ពុំមាន​ការ​បកប្រែ​នោះទេ។ ក្នុងអត្ថបទនោះ លោកបញ្ជាក់ថាសិលាចារឹកនេះរកឃើញនៅវត្តព្រះធាតុ ក្បែរស្ទឹងព្រែកត្នោត ស្ថិត​ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកំពង់ស្ពឺ និងចុះលេខបញ្ជីសារពើភណ្ឌ K.៧៣។ នៅក្នុងឆ្នាំដដែល លោកក៏បាន​សិក្សាសិលាចារឹក​នេះម្ដងទៀត ចុះផ្សាយក្នុងសៀវភៅតែមួយ នៅទំព័រ៥២ លោកបានចុះលេខបញ្ជីសិលាចារឹកនេះ K.៧១៨ ដោយ​ដាក់ប្រភពសិលាចារឹកនេះមកពី​ទីតាំងមួយឈ្មោះពពេល ស្ថិតនៅក្នុងខេត្តតាកែវ​ទៅវិញ។ សិលាចារឹកនេះនាំមករក្សាទុកនៅសារមន្ទីជាតិ នៅឆ្នាំ​១៩៣២។ នៅឆ្នាំ​១៩៧០ បានយកទៅរក្សាទុកនៅ​អភិរក្សដ្ឋានអង្គរ និងដឹកមករក្សាទុកក្នុងព្រះបរមរាជវាំងនៅឆ្នាំ​១៩៩៣ ទើបយកមករក្សាទុកនៅសារមន្ទីរជាតិ​ជាថ្មីម្ដងទៀតក្នុងឆ្នាំ២០០២ និងរក្សាទុក​រហូតមកដល់បច្ចុប្បន្ន។

អត្ថបទចារឹកចារនៅលើថ្មស្រទាប់ មានកម្ពស់​៦៥ស.ម. បន្ទារ២៤ស.ម. ​និង​មាន​កម្រាស់៨​ស.ម.​។ សិលាចារឹកនេះពុំមានចុះកាលបរិច្ឆេទទេ ប៉ុន្តែ​យោងតាម​តួអក្សរ គួរតែជាអត្ថបទ​ស្ថិតក្នុងស.វ.ទី៧នៃគ.ស.។ អត្ថបទ​សរុបមានចំនួន១៥បន្ទាត់ ប៉ុន្ដែពុំពេញលេញនោះទេ ដ្បិតមាន​ការ​បាក់បែកខូចខាតដោយអន្លើ ដែលនាំឱ្យដាច់សេចក្ដីខ្លះៗ។ អត្ថន័យរបស់សិលាចារឹក​នេះ គឺ​ជា​បញ្ជីរៀបរាប់អំពីតង្វាយថ្វាយចំពោះ​ព្រះដោយម្ចាស់បុណ្យ មានអ្នកបម្រើប្រុស​ស្រី ស្រែ និងគោក្របី។

សិលាចារឹក K.៧៣ ឬ K.៧១៨ (រូបថត៖ CISARK)

អត្ថបទដើមជាអក្សរខ្មែរទំនើប

១-    [[អំនោយ៑ជំន្វន៑]]តយជមាន[[តវ្រះ]]

២-    [[បុណ្យ]]ម្រតាញ៑ចរន្តក្លោញ៑បោំ——

៣-   —តវ្រះនក្កយជមានត(វ្រះក្ញុំ)[[វ្រះវា]]

៤-    –លវាត្បូរ៑១វាក្ទោច៑១វាអនិស១កុ–

៥-    –១កុក្ញំ១កុត្មាន៑១កុវ្រៅ១កុវោំតេង៑

៦-    -ស្រេឰយ៑តេំស្លាង៑+ស្រេឰយ៑បិង៑

៧-   ម្រសោយ៑+ស្រេឰយ៑ល្វាង៑ចារ+ស្រេ

៨-    អំនោយ៑បោញ៑អទិត៑ឰយ៑វ្រះបាទ១

៩-    ស្រេអំវិតបោញ៑ក្មន្នអំនោយ៑បោ

១០- ញ៑សុទេវឰយ៑តវ្រះបាទ១ត្មុរ៑

១១- ២០ក្រលា១តោង៑តេំ១០ស្រេឰ

១២- យ៑អំវេក្វោញ៑អំវិតវោ–

១៣- ម្រសិរ៌បាទ១ស្រេឰយ៑–

១៤- ចំបោក៑អម្វិតកុរាក៑[[ម្រសិ]]

១៥- រ៌បាទ៙

អត្ថបទប្រែសម្រួល

(១-៣) តង្វាយជំនូន​របស់​យជមានគឺម្ចាស់បុណ្យ ​ថ្វាយចំពោះព្រះ គឺ​ជាបុណ្យ​របស់​ម្រតាញ​ចរន្ត​ ជាក្លោញ(មេ)បោំ—ថ្វាយចំពោះព្រះនិងជាអ្នកយជមានចំពោះព្រះ។

(៣-៥) អ្នកបម្រើព្រះ វា–ល វាត្បូរ១ វាក្ទោច១ វាអនិស១ កុ—-១ កុក្ញំ១ កុត្មាន១ កុវ្រៅ១ កុវោំតេង១។                      (៦-១៥) ស្រែនៅឯដើមស្លែង ស្រែនៅឯ​បឹងម្រសោយ ស្រែនៅឯ​ល្វាំងចារ ស្រែដែលជា​អំនោយ​បោញអទិតថ្វាយដល់ព្រះបាទ ស្រែបានពីបោញក្មន្នជាអំណោយ​បោញ​សុទេវ​ថ្វាយចំពោះព្រះបាទ។ គោ២០ក្បាល ក្របី១ក្បាល ដើមដូង១០ដើម។ ស្រែនៅឯអង្វេក្វោញ​បាន​ពី​បោញម្រសិរ១បាទ។ ស្រែនៅឯ–ចំបក់បានពីកុរាកម្រសិរ។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!