ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត)

ប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត)

ភ្នំបាសិត មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ២៧ គីឡូម៉ែត្រ ភាគអាគ្នេយ៍រាជធានីភ្នំពេញ។ នៅចង្កេះភ្នំបាសិតមានសេសសល់ប្រាសាទបុរាណមួយដែលគេស្គាល់ឈ្មោះថា “ប្រាសាទស្រីគ្រប់ល័ក្ខណ” ។ ឈ្មោះ “ស្រីគ្រប់ល័ក្ខណ” ទំនងគេចង់សំដៅដល់រូបចម្លាក់ ឬបដិមាទេពស្រីណាមួយដែលគេធ្លាប់ឃើញមាននៅទីនោះ ដ្បិតនៅទីនោះក៏មាននៅសេសសល់បដិមានៅសម័យអង្គរខ្លះដែរ ដូចគេឃើញនៅក្នុងរូបភាពទី៤១ នៃសៀវភៅដ៏ល្បីល្បាញរបស់លោក Henri Parmentier ដែលមានចំណងជើងថា “L’Art Khmer Primitif”​​ បោះពុម្ពនៅឆ្នាំ១៩២៧។ ​ម្យ៉ាងវិញទៀត ឈ្មោះនេះក៏ទំនងអាចគេហៅសំដៅដល់រូងភ្នំនៅក្នុងប្រាសាទនេះក៏ថាបាន ដ្បិតជាទូទៅគេតែងប្រៀបធៀបរូងភ្នំទៅនឹងមនុស្សស្រី ឬទេពស្រី។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីប្រវត្តិជាទូទៅ និងលក្ខណៈពិសេសរបស់ប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត)។

ប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត) ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងដើមសតវត្សរ៍ទី២០ ដោយលោក Louis Finot ដែលជានាយកសាលាបារាំងចុងបូព៌ាប្រទេសដំបូងគេបង្អស់ ដោយបានបោះផ្សាយនៅឆ្នាំ ១៩០៣ (ខ)។ បន្ទាប់មកទៀត ប្រាសាទនេះក៏ចាប់ផ្តើមមានការចុះបញ្ជីដោយលោក Henri Parmentier នាឆ្នាំ១៩១១ ហើយលោកក៏បានសិក្សាលម្អិតស្ថាបត្យកម្ម និងក្បាច់លម្អនៅឆ្នាំ១៩២៧ (ទំព័រ ១៣៣-១៣៥)។ បន្តបន្ទាប់មកទៀត ក៏មានការសិក្សាពីអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិផ្សេងទៀត ដូចជា លោកស្រី Mireille Bénisit (១៩៧១) លោក អាំង ជូលាន (១៩៩៣) ។ល។ ប្រាសាទស្រីគ្រប់ល័ក្ខណ កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងលិច ដោយងាកមុំប្រមាណ ២ ឬ ៣ ដឺក្រេទៅទិសខាងត្បូង ដោយមានទ្វារចូលនៅទិសខាងលិច និងបីទិសទៀតរចនាជាទ្វារបញ្ឆោត (រូបលេខ១-២)។ អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះគឺ សិល្បករកសាងឡើងគ្របពីលើផ្ទាំងថ្មធម្មជាតិមួយមានរាងស្តួចចុងជារបៀបត្រីកោណ ដែលភ្ជាប់ដោយរូងភ្នំធម្មជាតិតូចមួយនៅខាងក្រោមផ្ទាំងថ្មធម្មជាតិនេះទៀតផង (រូបលេខ៣)។ ត្រង់ចំណុចនេះ វាមិនមានអ្វីចម្លែកនោះទេ ដ្បិតការជ្រើសរើសទីតាំងសម្រាប់កសាងប្រាសាទណាមួយ គេច្រើនរើសទីតាំងណាដែលពាក់ព័ន្ធនឹងជំនឿដែលមានស្រាប់ ដ្បិតរូងភ្នំ ឬទីទួលខ្ពស់ ខ្មែរច្រើនគិតថាជាកន្លែងជំរករបស់ពួកអាទិទេពរស់នៅ។ ម្យ៉ាងវិញទៀត ផ្ទាំងថ្មដែលមានរាងស្តួចចុង និងរូងភ្នំនេះ ទំនងមនុស្សសម័យបុរាណប្រដូចទៅនឹងសិវលិង្គនិងទម្រយោនីធម្មជាតិតែម្តង ដូចលោក អាំង ជូលាន លើកឡើងថា ក្នុងជំនឿជីវចលរបស់ខ្មែរ ដុំថ្ម ទីទួល កូនភ្នំ គេតែងចាត់ទុកជាអ្នកតា ឬទេពប្រុស រីឯទេពស្រីវិញ គេច្រើនប្រៀបប្រដូចទៅនឹងរូងភ្នំ ឬដីដែលជានិម្មិតរូបនៃផ្ទៃមាតា។

ចំពោះក្បាច់លម្អស្ថាបត្យកម្មនៅប្រាសាទស្រីគ្រប់ល័ក្ខណវិញ គឺមានក្បាច់ជាច្រើនដែលគួរឱ្យគេកត់សម្គាល់យកមកសិក្សា ដូចជា ក្បាច់សសរពេជ្រ (រូបលេខ៤) ក្បាច់លម្អនៅលើផ្តែរទ្វារ (រូបលេខ៥) ក្បាច់វិមានអណ្តែតនៅតាមជញ្ជាំង (រូបលេខ៦) និងក្បាច់លម្អផ្សេងទៀតនៅតាមខឿននិងជញ្ជាំងរបស់ប្រាសាទ។ ការលម្អសសរពេជ្រនៅប្រាសាទស្រីគ្រប់ល័ក្ខណ គឺមានរាងមូល ដែលផ្នែកក្បាលសសរសិល្បករលម្អជារូបក្បាច់ត្របកឈូក និងក្បាច់ថូទឹក ឬក្អមទឹក ដែលជាទម្រង់ជាទូទៅដូចដែលគេធ្លាប់ឃើញនៅតាមប្រាសាទផ្សេងៗទៀតដែលមានអាយុកាលនៅស.វ.ទី៧ ឬដើមស.វ.ទី៨។ ចំណែក ការលម្អផ្តែរទ្វារនៅទិសខាងកើតដែលធ្វើអំពីឥដ្ឋ គឺមានក្បាច់បន្ទាត់ធ្នូរាងសំប៉ែតត្រង់ ដែលលោក Henri Parmentier យល់ថា ជាការវិវឌ្ឍន៍របស់ផ្តែរនៃទម្រង់ទី២ ឬហៅតាមការបែងចែករចនាបថថា “គំរូផ្តែរទ្វាររចនាបថព្រៃក្មេង” ពោល គឺជាការផ្លាស់ប្តូរសត្វមករនៅខាងចុងដែលធ្លាប់ឃើញនៅរចនាបថសំបូរព្រៃគុកទៅជាក្បាច់ស្លឹកឈើ។ រីឯផ្តែរទ្វារខាងលិចនៃទ្វារចូលប្រាសាទវិញ យើងឃើញថាជាការវិវឌ្ឍន៍ផ្តែរទ្វារចូលទៅក្នុងរចនាបថកំពង់ព្រះ ដែលមានក្បាច់ខាងចុងជាវង់គូទខ្យងគួចឡើងលើ និងផ្នែកកណ្តាលលម្អជាស្លឹកឈើ ហើយលក្ខណៈបែបនេះ គឺមានលក្ខណៈស្រដៀងទៅនឹងផ្តែរទ្វារប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង និងប្រាសាទអណ្តែត ខេត្តកំពង់ធំជាដើម។ បើនិយាយអំពីក្បាច់វិមានអណ្តែតនៅលើជញ្ជាំងប្រាសាទស្រីគ្រប់ល័ក្ខណវិញ គឺមានគំរូវិវឌ្ឍន៍ឃ្លាតបន្តិចពីវិមានអណ្តែតដែលគេធ្លាប់ឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក តែមានលក្ខណៈដូចច្រើនទៅនឹងវិមានអណ្តែតនៃប្រាសាទភ្នំបាយ៉ង់ ខេត្តតាកែវ។ ក្នុងនោះដែរ លោក ចិន្ត ច័ន្ទរតនា ដែលធ្លាប់សិក្សាច្រើនអំពីចម្លាក់វិមានអណ្តែតនៅតាមប្រាសាទសម័យមុនអង្គរ លោកបានចាត់ថ្នាក់ក្បាច់វិមានអណ្តែតនៅលើជញ្ជាំងប្រាសាទស្រីគ្រប់ល័ក្ខណ ចូលទៅក្នុងប្រភេទទី២។

បើមើលទៅលើរូបរាងស្ថាបត្យកម្ម និងក្បាច់លម្អ ក៏គេអាចដឹងថា ប្រាសាទស្រីគ្រប់ល័ក្ខណ មានទម្រង់ជាប្រាសាទដែលកសាងឡើងនៅសម័យមុនអង្គរ ក្នុងស.វ.ទី៧ ឬដើមទី៨។ ប៉ុន្តែ កាន់តែច្បាស់ដែលអាចកំណត់កាលបរិច្ឆេទប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត) បាននោះ គឺប្រភពសិលាចារឹក។ នៅប្រាសាទនេះ គេធ្លាប់រកឃើញសិលាចារឹកមួយដែលចុះបញ្ជីលេខ K.78 ហើយសិលាចារឹកនោះគេបានដឹកជញ្ជូនចេញពីភ្នំបាសិតទៅរក្សាទុកនៅវត្តបទុមវត្តី រាជធានីភ្នំពេញ តាំងពីដើមស.វ.ទី២០ មកម្ល៉េះ។ សិលាចារឹកនេះ ចារឹកជាភាសាខ្មែរ មានចំនួន ២៣ បន្ទាត់ ដែលរៀបរាប់អំពីតង្វាយរបស់ម្រតាញម្នាក់ (មន្រ្តីជាន់ខ្ពស់ជាបុរសនៅក្នុងជួររាជការ) ថ្វាយទៅដល់អាទិទេព។ ជាពិសេសនោះ គឺសិលាចារឹកនោះបានផ្តល់កាលបរិច្ឆេទឱ្យយើងដឹងថា គេចារឹកនៅមហាសករាជ ៥៩…. (រលុបខាងចុងមួយលេខ) តែលោក Coedès ស្មានថា អាចត្រូវនឹងគ្រឹស្តសករាជឆ្នាំ ៦៦៨ ដល់ ៦៧៧ ពោល គឺត្រូវនឹងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ ដល់ ៦៨១)។ ដូច្នេះហើយ គេអាចកំណត់កាលបរិច្ឆេទប្រាសាទស្រីគ្រប់ល័ក្ខណដោយទំនុកចិត្តថា ប្រាសាទនេះទំនងកសាងឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ហើយអាចឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ តែយើងមិនស្គាល់ព្រះនាមអាទិទេពថាយ៉ាងណាឡើយ ព្រោះសិលាចារឹកបានរលុបអក្សរនៅត្រង់ព្រះនាមទេពតែម្តង។

សរុបមក ប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត) គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋនៅសម័យមុនអង្គរមួយ ដែលគេសាងសង់ឡើងគ្របពីលើផ្ទាំងថ្មនិងរូងភ្នំធម្មជាតិដែលមានស្រាប់ ហើយទំនងគេចាត់ទុកផ្ទាំងថ្មជាសិវលិង្គ (ទេពប្រុស) និងរូងភ្នំជាទម្រយោនីតែម្តង (ទេពស្រី)។ ផ្អែកទៅតាមប្រភពពីសិលាចារឹកដែលគេបានរកឃើញនៅទីនោះ និងផ្នែកលម្អស្ថាបត្យកម្មរបស់ប្រាសាទ គេអាចកំណត់អាយុកាលប្រាសាទស្រីគ្រប់ល័ក្ខណ (ភ្នំបាសិត) ជាប្រាសាទសាងនៅចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ ដល់ ៦៨១) ពោល គឺស្ថិតនៅក្នុងសម័យចេនឡា (មុនអង្គរ) ដូចដែលធ្លាប់បានសិក្សាឡើងដោយលោកស្រី Mireille Bénisti ដូច្នោះដែរ៕

————————-

Prasat Srei Krub Leak

Prasat Srei Krub Leak (Phnom Baset) is a pre-Angkorian brick temple​​ built over the stone and existing natural cave. In this case, ancient artists probably considered this natural stone as a Sivalinga (male deity) and the cave as a pedestal or Yoni (female deity). Based on the inscriptions and the architectural decoration of the temple, it is possible to determine the age of the Prasat Srei Krub Leak (Phnom Baset) as a temple built at the end of the Prei Kmeng style and the early period of Kampong Preah style, in the reign of King Jayavarman I (657 to 681 AD) of the Zhenla period (Pre-angkorian style).

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!