វរុណ គឺជាទេពតំណាងឱ្យទឹកឬសមុទ្រ និងជាទេពដ៏សំខាន់មួយនៅក្នុងព្រហ្មញ្ញសាសនា ដ្បិតព្រះអង្គជាលោកបាលមួយក្នុងចំណោមលោកបាលទាំងបួនទិសធំៗ។ ព្រះវរុណ គឺជាលោក បាលប្រចាំនៅទិសខាងលិច ខណៈខាងកើតជាព្រះឥន្រ្ទ (ទេពតំណាងឱ្យភ្លៀង ផ្គរ រន្ទះ) ខាងជើងជាព្រះកុវេរ (ទេពតំណាងឱ្យទ្រព្យម្បត្តិឬភោគផល) និងខាងត្បូងជាព្រះយម (ទេពតំណាងឱ្យសេចក្តីស្លាប់)។ នៅសម័យវេទ ព្រះវរុណមានយានជំនិះជាសត្វមករ តែក្រោយមកនៅពេលឥទ្ធិពលរបស់ទ្រង់ថយចុះទ្រង់បានប្តូរមកជិះសត្វហង្សជាយានជំនិះវិញ។ ជាទូទៅ នៅសម័យបុរាណ មានចម្លាក់ព្រះវរុណច្រើនរាប់មិនអស់ដែលគេឆ្លាក់នៅតាមប្រាសាទ ប៉ុន្តែបើនិយាយអំពីបដិមាព្រះវរុណវិញ គេពុំសូវនិយមសាងឡើងច្រើនដូចបដិមាអាទិទេពធំៗទាំងបីនៅក្នុងព្រហ្មញ្ញសាសនាឡើយ (ព្រះឥសូរ ព្រះវិស្ណុ ព្រះព្រហ្ម)។ ដូច្នេះ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីបដិមាព្រះវរុណដ៏ល្បីល្បាញមួយអង្គដែលរកឃើញនៅប្រាសាទគោកដូង។ តើបដិមានេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
បដិមាព្រះវរុណនេះ រកឃើញនៅប្រាសាទគោកដូង ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានចម្ងាយ ២,២ គ.ម. ខាងលិចទីប្រជុំជនឃុំពួក និងមានចម្ងាយប្រមាណ ៥០០ម៉ែត្រ ខាងត្បូងផ្លូវជាតិលេខ៦។ ប្រាសាទគោកដូង ជាប្រាសាទមានប៉ម ៣ ធ្វើអំពីឥដ្ឋ ដែលសាងនៅលើគ្រឹះថ្មបាយក្រៀម និងកសិន្ធុព័ទ្ធជុំវិញ ហើយសព្វថ្ងៃបានបាក់រលំអស់ទៅហើយ (សូមមើល Lajonquière (3), IK.602, p.288)។ ដោយឡែក បដិមាព្រះវរុណដែលយើងលើកមកសិក្សានៅពេលនេះ គឺគេរកឃើញតាមរយៈការធ្វើកំណាយបែបបុរាណវិទ្យា ដោយអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេសនៅក្នុងទសវត្សរ៍ ១៩៣០ ហើយបានយកមកតាំងនៅសារមន្ទីរជាតិកម្ពុជានៅប៉ុន្មានឆ្នាំបន្ទាប់ពីបានរកឃើញដែលមានលេខបញ្ជី Ka.1579, B.850, B.731.8។ បដិមានេះ សាងឡើងអំពីថ្មភក់ ដោយមានកម្ពស់សរុបទាំងជើងទម្រប្រវែង ៩៥ ស.ម. ទទឹងប្រវែង ៣៨ ស.ម. កម្រាស់ ៣៦ ស.ម. និងទម្ងន់ ៨៤ គ.ក.។ សិល្បករ ឆ្លាក់ព្រះវរុណអង្គុយដោយដាក់ព្រះបាទស្តាំបញ្ឈរជង្គង់ ព្រះបាទឆ្វេងបត់រាបស្មើ ដោយម្រាមព្រះបាទឆ្វេងមកជាប់ជាមួយកែងព្រះបាទស្តាំ ព្រះហស្តស្តាំដាក់លើជង្គង់ព្រះបាទស្តាំ និងព្រះហស្តឆ្វេងទម្លាក់ចុះមកដាក់លើភ្លៅ។ កាយវិការនេះ គេហៅថា “មហារាជលីលាសន” ពោល គឺជាឥរិយាបថតំណាងឱ្យការបន្ធូរអារម្មណ៍ ឬភាពអស្ចារ្យ។ ក្នុងនោះដែរ សិល្បករឆ្លាក់ព្រះវរុណអង្គុយនៅលើជើងទម្រដែលមានសត្វហង្សកំពុងងើយកនិងត្រដាងស្លាបចំនួន ៤ បែរមុខទៅទិសធំៗទាំង៤ ហើយសត្វហង្សទាំង៤នេះឈរនៅលើទម្រដែលមានក្បាច់ត្របកឈូក។ ទម្រដែលមានសត្វហង្សនេះ នាំឱ្យអ្នកស្រាវជ្រាវជំនាន់មុននៅតែមិនប្រាកដថាតើបដិមានេះជាព្រះវរុណ ឬព្រះព្រហ្មឱ្យប្រាកដ ដ្បិតព្រះព្រហ្មក៏មានយានជំនិះជាសត្វហង្សដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា រាល់ការបង្ហាញព្រះព្រហ្មនៅក្នុងសិល្បៈខ្មែរ គេតែងតែបង្ហាញទ្រង់មានព្រះសិរ ៤ ដើម្បីកុំឱ្យច្រឡំជាមួយព្រះវរុណដែលមានព្រះសិរតែមួយ។ ជាការចាប់អារម្មណ៍ សិល្បករឆ្លាក់ព្រះវរុណមានទឹកមុខស្ងួតដោយពាក់ម្កុដរាងដូចភ្នំ (គិរីមកុដ) ព្រះនេត្របិទ ព្រះកាណ៌វែង ព្រះឱស្ឋក្រាស់ ច្រមុះមានខ្ទង់ រូបរាងតូចច្រឡឹង រូបមើលទៅមិនសូវមានចលនា ហើយស្លៀកសំពត់ចងក្បិន ដោយមានជាយធំធ្លាក់ចំពីមុខរាងដូចផ្លិត។ ទម្រង់សំពត់របៀបនេះ គឺមានលក្ខណៈដូចសំពត់ទេវរូបភេទប្រុសនៅក្នុងរចនាបថកោះកេរ និងប្រែរូប ប៉ុន្តែដើម្បីកំណត់រចនាបថបដិមានេះបាន គេអាចពិចារណាទៅលើរូបរាងដ៏តូចច្រឡឺងរបស់បដិមា និងសភាពនៃរូបមិនសូវមានចលនា។ ដូច្នេះ គេអាចកំណត់បដិមានេះ ចាត់ចូលទៅក្នុងរចនាបថប្រែរូបច្រើនជាងរចនាបថកោះកេរ (ស.វ.ទី១០ នៃគ្រឹស្តសករាជ) ហើយអាចជាសិល្បៈនៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ ដល់ ៩៦៧)។
បដិមាព្រះវរុណមើលពីមុខនិងក្រោយ (ថតឆ្នាំ១៩៦៤) ប្រភព៖ Collection EFEO
គួរកត់សម្គាល់មួយចំណុចទៀតនោះគឺ ព្រះហស្តទាំងពីររបស់ព្រះវរុណបានបាក់នៅសល់ដើមព្រះហស្ត និងកព្រះហស្តតែប៉ុណ្ណោះ ហើយព្រះហស្តខាងស្តាំដែលកំពុងដាក់នៅលើជង្គង់នោះទំនងជាកាន់វត្ថុអ្វីម្យ៉ាង។ ជាទូទៅ គេឆ្លាក់រូបព្រះវរុណកាន់ “បាឝ” (បាស ជាភាសាសំស្រ្កឹត) ត្រូវនឹងភាសាខ្មែរហៅថា “ខ្សែ” ឬ “ព្រ័ត្រ” ដែលជាអាវុធដ៏ពិសិដ្ឋរបស់ទេពចំនួន ៣ នៅក្នុងព្រហ្មញ្ញសាសនា (ព្រះវរុណ ព្រះគណេស និងព្រះយម) ហើយច្រើនប្រើសម្រាប់ចងដៃចងជើងរបស់គូសត្រូវ ហើយម្យ៉ាងវិញទៀត បាស ក៏ជាវត្ថុម្យ៉ាងតំណាងឱ្យរវាងទេព និងពិភពលោក និងជាចំណងអំណាចសម្រាប់ចាប់យកអំពើអាក្រក់ និងភាពល្ងង់ខ្លៅ។ ដោយឡែក ព្រះវរុណកាន់អាវុធនេះសម្រាប់ចាប់ចងអំពើអាក្រក់ដែលជនទុច្ចរឹតបានប្រព្រឹត្ត ព្រោះទ្រង់ក៏ជាអាទិទេពនៃគ្រោះថ្នាក់ មានវេទមន្តនិងអំណាចដ៏អស្ចារ្យសម្រាប់ដាក់ទណ្ឌកម្មមនុស្សអាក្រក់។ ដូច្នេះ ព្រះហស្តខាងស្តាំនៃបដិមាព្រះវរុណដែលរកឃើញនៅប្រាសាទគោកដូង ប្រហែលជាកាន់បាសដូចចម្លាក់ព្រះវរុណផ្សេងទៀតដែលធ្លាប់ឃើញនៅតាមប្រាសាទខ្មែរដែរ។ ជារួមមក បដិមាព្រះវរុណដែលរកឃើញនៅប្រាសាទគោកដូង ស្រុកពួក ខេត្តសៀមរាប គឺជាបដិមាព្រះវរុណដ៏កម្រមួយនៅក្នុងសិល្បៈខ្មែរ ដ្បិតគេមិនសូវឃើញសិល្បករបុរាណឆ្លាក់រូបទ្រង់ជាទម្រង់បដិមាសាស្រ្តនោះឡើយ តែបើជាចម្លាក់គេអាចឃើញច្រើនរាប់មិនអស់។ បដិមានេះ ទំនងកសាងឡើងនៅក្នុងស.វ.ទី១០ រចនាបថប្រែរូប ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ ដល់ ៩៦៧)។ បដិមានេះ ស្តែងឱ្យឃើញថា បុព្វបុរសខ្មែរនៅសម័យបុរាណពិតជាបានគោរពប្រណិប័តន៍ព្រហ្មញ្ញសាសនាបានយ៉ាងខ្ជាប់ខ្ជួន ហើយទេពព្រហ្មញ្ញសាសនាជាច្រើនប្រភេទធ្លាប់បានធ្វើឡើងជាច្រើនផងដែរ៕
បដិមាព្រះវរុណ មើលពីគ្រប់មុខទាំងបួន (ថតឆ្នាំ២០២៤ សារមន្ទីរជាតិកម្ពុជា)
———————-
Varuna statue found at Kok Dong temple
Many deities of Hinduism were carved by ancient Khmer artists as statues, but Varuna was less popular for carving as statues and was often seen as a sculpture. This Varuna statue was discovered in the Kok Dong temple in Siem Reap by French researchers in the 1930s and has been on display at the National Museum of Cambodia for decades. It sits in the form of a mahărăjalĭlăsana posture on a pedestal with four swans (Hamsa) facing to the four major directions. According to the art historical evidence, the statue of Varuna from Kok Dong temple can be classified as Pre Rub style, in the tenth century during the reign of King Rajendravarman (ca. 944-967).
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី