តោ គឺជាស្តេចចតុបាទដែលមានអនុភាពខ្លាំងពូកែរស់នៅខាងជើងភ្នំព្រះសុមេរុដែលជាកន្លែងអាទិទេពគង់នៅ។ នៅសម័យបុរាណ គេនិយមសាងបដិមាតោដាក់នៅខាងមុខប្រាសាទ ក្នុងតួនាទីជាឆ្មាំចាំការពារមិនឱ្យសភាវៈអាក្រក់ទាំងឡាយចូលទៅក្នុងសំណង់សាសនា។ ជាការចាប់អារម្មណ៍ ចាប់តាំងពីរវាងស.វ.ទី៨ ដល់ដើមស.វ.ទី១២ គេតែងសង្កេតឃើញថាសិល្បករបុរាណសាងបដិមាតោឈរដោយជើងបួន (ជើងមុខពីរ និងក្រោយពីរ) ដោយមានរូបរាងប្លែកគ្នាទៅតាមសម័យកាលនីមួយៗ។ ជាទូទៅ បដិមាតោដែលប្រណិតជាងគេ គេឃើញដំបូងនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅតួប៉ម C1 ឬហៅថាប្រាសាទតោ ហើយបដិមាតោសរុបមានរហូតដល់ទៅ ៦។ បដិមាតោទាំងអស់ មានមាត់បើកធំ ធ្មេញសំប៉ែតធំ ភ្នែកបើកសំឡឹងមើលទៅមុខ រោមរួញសំពោងធំជាងដងខ្លួន កន្ទុយដាក់សន្ធឹងរហូតដល់ក្បាល ជើងទាំងបួននៅនឹងថ្កល់ឥតចលនា ក្បាលនិងដងខ្លូនមិនសមាមាត្រគ្នាទេ ពោល គឺក្បាលធំជាងដងខ្លួន តែសិល្បករឆ្លាក់យ៉ាងផ្ចិតផ្ចង់។ ទោះបីជាយ៉ាងណា អ្វីដែលគេយល់ថាកាន់តែពិសេស និងចម្លែកមិនដែលឃើញពីមុននោះ គឺមកដល់រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ – ១២២០) គេបានប្រទះឃើញបដិមាតោចំនួន ២ ដែលឈរដោយជើងក្រោយតែពីរប៉ុណ្ណោះ។ តើបដិមាតោចំនួន២ ដែលឈរដោយជើងក្រោយទាំងពីរមានប្រវត្តិ និងលក្ខណបែបណាខ្លះ?
បដិមាតោទាំងពីរដែលយើងលើកមកសិក្សានៅពេលនេះ គឺរកឃើញនៅតំបន់ប្រាសាទបាកាណ ខេត្តព្រះវិហារ (ឯកសារជាច្រើនហៅទីនោះថា ព្រះខ័ន-កំពង់ស្វាយ) ហើយឯកសារភាគច្រើនមិនបានបញ្ជាក់អំពីទីតាំងជាក់លាក់ឡើយ។ ខ្លះទៀតក៏រៀបរាប់ថា បដិមាតោទាំងពីរនេះរកឃើញនៅប្រាសាទព្រះថ្កោល ដែលស្ថិតនៅកណ្តាលអាំងស្តុកទឹក (បដាក) ដ៏ធំមួយនៅតំបន់ប្រាសាទបាកាណតែម្តង។ សូមបញ្ជាក់ថា បដិមាតោទាំងពីរ គឺសុទ្ធសឹងតែឈរក្នុងទម្រង់ដូចគ្នា ពោល គឺឈរដោយប្រើប្រាស់ជើងក្រោយទាំងពីរ រីឯជើងមុខលើកឡើងលើ។ ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់នោះ នៅពេលលោក Louis Delaporte (មន្រ្តីផ្នែកស្រាវជ្រាវនិងប្រមូលសម្បត្តិបេតិកភណ្ឌខ្មែរយកទៅកាន់ប្រទេសបារាំង) បានមកដល់តំបន់ប្រាសាទបាកាណនៅក្នុងឆ្នាំ១៨៧៣-១៨៧៤នោះ បដិមាតោទាំងពីរមានគំលាតពីគ្នាត្រឹមតែពីរឬបីជំហានប៉ុណ្ណោះ ឈរយ៉ាងសាហាវ ដោយលាតកណ្តាប់ដៃចេញក្រៅ ហើយបដិមាតោដែលឈររបៀបនេះ គឺលោកបានជួបជាលើកដំបូងហើយ។ លោកគិតថា ឥរិយាបថរបស់តោឈរដោយជើងក្រោយរបៀបនេះ ហាក់បង្ហាញអំពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះបដិមាតោនេះ និងម្យ៉ាងទៀតបដិមាតោទាំងពីរគឺបាត់ជើងមុខចំនួនមួយដូចគ្នា ដែលការបាត់ជើងមុខមួយនេះ លោក Louis Delaporte រៀបរាប់ថា អ្នកស្រុកជំនាន់នោះក៏មានភ្ជាប់ជាមួយរឿងព្រេងទៀតផង ដែលរឿងព្រេងនោះជាប់ទាក់ទងនឹងពេលខ្មែរមានសង្រ្គាមជាមួយទ័ពសៀម ហើយទ័ពសៀមបានលួចជើងបដិមាតោដ៏សក្តិសិទ្ធិនេះទៅ។ ទោះបីនេះគ្រាន់តែជារឿងព្រេងដែលអ្នកស្រុកនិទានឡើងនៅពេលនោះក៏ដោយ តែឯកសារដ៏សំខាន់របស់លោក Louis Delaporte បានរំលេចឱ្យយើងដឹងច្បាស់ថា នៅចុងស.វ.ទី១៩ ក្នុងពេលដែលលោកមកដល់ បដិមាតោទាំងពីរ គឺមានជើងមុខតែមួយប៉ុណ្ណោះ។
ទោះបីក្នុងពេលនោះ លោក Louis Delaporte បានដឹកជញ្ជូនវត្ថុបុរាណខ្មែរប្រណិតៗជាច្រើនទៅកាន់ប្រទេសបារាំងក៏ដោយ ក៏បដិមាតោទាំងពីរនេះ លោកពុំបានដឹកជញ្ជូនយកទៅទេ។ ពោល គឺទើបតែមកដល់ឆ្នាំ១៩៣១ បដិមាតោមួយ គេបានដឹកជញ្ជូនយកទៅរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរហ្គីមេ នាទីក្រុងប៉ារីស ប្រទេសបារាំង ហើយពេលនោះទៀតសោត គឺជាពេលដែលលោក Louis Delaporte បានស្លាប់រយៈពេល ៥ ឆ្នាំទៅហើយ (១៩២៥)។ ដោយសារតែជើងមុខរបស់បដិមាតោទាំងពីរ បាត់ផ្នែកខាងស្តាំដូចគ្នានោះ គឺវាងាយនឹងច្រឡំខ្លាំងណាស់ ប៉ុន្តែគេអាចសម្គាល់បាននៅជើងខាងក្រោយរបស់បដិមាតោទាំងពីរ។ បដិមាតោដែលគេដឹកយកទៅសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង គឺជើងក្រោយផ្នែកខាងស្តាំដាក់ទៅក្រោយ ហើយជើងក្រោយផ្នែកខាងឆ្វេងដាក់ទៅមុខ ពោល គឺផ្ទុយគ្នាជាមួយបដិមាតោមួយទៀតដែលដាក់ជើងក្រោយផ្នែកខាងស្តាំទៅមុខ និងផ្នែកខាងឆ្វេងទៅក្រោយ។ ទម្រង់មុខរបស់តោរកឃើញនៅតំបន់ប្រាសាទបាកាណ ដែលកំពុងស្ថិតនៅប្រទេសបារាំង គឺមានទឹកមុខកាចសាហាវ ច្រមុះធំ ភ្នែកលៀន ធ្មេញនិងចង្កូមធំៗ មាត់ធំ ពោល គឺមានទម្រង់មុខស្ទើរតែគ្នាជាមួយមុខព្រះកាល ឬរាហូដែលគេឆ្លាក់ឡើងនៅក្នុងរចនាបថបាយ័ន្តដែរ (ចុងស.វ.ទី១២ ដល់ដើមស.វ.ទី១៣)។ ក្រៅពីមុខរបស់តោ នៅលើដងខ្លួន និងផ្នែកសំខាន់សុទ្ធសឹងមានលម្អជាក្បាច់ផ្សេងៗដែលយើងធ្លាប់ឃើញនៅសម័យអង្គរ ហើយតោទប់លំនឹងដោយរាងអ៊ែនអននៅត្រង់ចង្កេះនិងត្រកាក។
ដោយឡែក បដិមាតោមួយទៀតដែលមានទម្រង់នៃការឈរដោយជើងក្រោយ និងរកឃើញនៅទីតាំងក្បែរគ្នាដែរ (តំបន់បាកាណ) គឺគេមិនបានយកទៅស្រុកបារាំងទាំងអស់នោះទេ ពោល ក្នុងឆ្នាំ១៩៣១ គេយកបដិមាតោចេញពីទីនោះចំនួន ១ ប៉ុណ្ណោះ។ ប៉ុន្តែ នៅរវាងទសវត្សរ៍ ១៩៨០ គេបានដឹកជញ្ជូនយកបដិមាតោដែលនៅសល់មួយទៀត មកតម្កល់នៅគល់ស្ពានឥន្ធនូ នាទីរួមខេត្តកំពង់ធំ។ បដិមាតោនោះ គឺមានរូបរាងស្ទើរដូចគ្នាបេះបិទជាមួយបដិមាតោដែលរៀបរាប់ខាងលើ ពោល គឺខុសតែជើងក្រោយប៉ុណ្ណោះ។ អ្វីកាន់តែពិសេសទៀតនោះ បដិមាតោនោះ បានក្លាយទៅជាវត្ថុសក្តិសិទ្ធិដែលអ្នកស្រុកកំពង់ធំតែងតែមកគោរពបូជា និងបន់ស្រន់ឥតឈប់ឈរ ហើយបទចម្រៀងជាច្រើនដែលកវីនិពន្ធល្បីៗតែងនៅជំនាន់នោះ គឺតែងរំលេចអំពីតោថ្មនេះនៅក្នុងបទចម្រៀងផងដែរ។ ក្នុងឆ្នាំ២០១២ ដោយហេតុថាបដិមាតោដែលតម្កល់នៅគល់ស្ពានកំពង់ធំ មានសភាពទ្រុឌទ្រោម និងជុំវិញខ្លួនពោរពេញទៅដោយទឹកថ្នាំពណ៌ និងស៊ីម៉ង់ត៍ច្រើនផង គេសម្រេចលើកយកបដិមាតោនេះ ទៅជួសជុលនៅរោងជាងថ្មនាសារមន្ទីរជាតិកម្ពុជា (រាជធានីភ្នំពេញ)។ ក្រោយមក នៅរវាងពាក់កណ្តាលឆ្នាំ២០១៦ គេបានកសាងបដិមាតោថ្មីធ្វើអំពីថ្មមួយជំនួសវិញ ដោយសិល្បករយកគំរូតាមបដិមាតោមុនដដែល និងបានសម្ភោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ ទោះបីយ៉ាងណា ជំនឿដ៏មុតមាំរបស់អ្នកស្រុកកំពង់ធំទៅលើបដិមាតោចាស់ មិនបានងើបឡើងវិញចំពោះបដិមាតោដែលជំនួសថ្មីនោះឡើយ ពោល គឺសព្វថ្ងៃជំនឿទៅលើបដិមាតោនៅគល់ស្ពានកំពង់ធំបានសាបទៅហើយ។ ជាការកត់សម្គាល់ បន្ទាប់ពីការជួសជុលបដិមាតោចប់សព្វគ្រប់ហើយ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនបដិមាតោដែលមានប្រភពមកពីតំបន់ប្រាសាទបាកាណ និងធ្លាប់តម្កល់នៅគល់ស្ពានកំពង់ធំ យកទៅរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរធម្មជាតិសាកលសម្តេចតេជោព្រះវិហារ ដ្បិតគេយល់ថាសារមន្ទីរនេះ គឺជាសមិទ្ធផលថ្មីមួយដែលកើតឡើងនៅក្នុងខេត្តព្រះវិហារ ហើយបដិមាតោនេះក៏ធ្លាប់មានអតីតស្ថិតនៅក្នុងខេត្តព្រះវិហារដូចគ្នា។
ជារួមមក បដិមាតោទាំងពីរដែលរកឃើញនៅតំបន់ប្រាសាទបាកាណដែលឈរដោយជើងក្រោយទាំងពីរ គឺអាចចាត់បញ្ចូលថាជាសិល្បៈដ៏កម្របំផុតនៅសម័យបុរាណខ្មែរ។ ដ្បិតបដិមាតោចាប់ពីស.វ.ទី៨ មកដល់ចុងសម័យអង្គរនៅស.វ.ទី១៤ គឺគេបានរកឃើញស្ទើររាប់មិនអស់ ប៉ុន្តែពុំមានបដិមាតោណាដែលឈរដោយជើងក្រោយ និងលើកជើងមុខដាក់ទៅលើបែបនេះឡើយ។ យើងពុំមានភស្តុតាងអ្វីមកអះអាងថា តើហេតុអ្វីបានជាសិល្បករបុរាណសាងបដិមាតោទាំងពីរនេះមកដូច្នេះឡើយ? ប៉ុន្តែ ទោះបីជាយ៉ាងណា ឆ្លងតាមការរៀបរាប់របស់លោក Louis Delaporte និងតាមការមើលឃើញជាក់ស្តែងពីជំនឿរបស់អ្នកស្រុកកំពង់ធំ គឺទំនងសបញ្ជាក់ឱ្យឃើញថាអ្នកស្រុកមានជំនឿខ្លាំងទៅលើបដិមាតោទាំងពីរនេះ។ ជាការសោកស្តាយ បដិមាតោទាំងពីរបានឃ្លាតចាកឆ្ងាយពីគ្នាប្រមាណ ៩៣ ឆ្នាំទៅហើយ ហើយក៏ភាគរយតិចតួចណាស់ដែលបដិមាតោទាំងពីរនេះអាចមកជួបជុំគ្នាបាន ប្រសិនបើយោងទៅលើ អនុសញ្ញាស្តីពីការហាមឃាត់ និងទប់ស្កាត់ការនាំចូលដោយខុសច្បាប់ ឆ្នាំ១៩៧០ របស់អង្គការយូណេស្កូ៕
———————-
Two Lions found at Prasat Bakan
Lion is a powerful and powerful animal that lives north of Mount Sumeru, where the deity resides. In ancient times, building a lion statue in front of the temple was customary as a guard to prevent evil spirits from entering religious buildings. It is definitely rare to see two lion statues built in the late 12th and early 13th centuries found in Bakan, standing with both hind legs. Today, a lion statue is on display at the National Museum of France, transported from its original location in 1931 by the French colonial authorities. Another lion statue is displayed at the Thomacheat Samdech Techo Preah Vihear Museum, transported from its original location in the 1980s. The two lion statues can be considered as one of the rarest and most unique arts ever in ancient times and are likely to reflect the people’s belief in these two lion statues.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី