ចាប់ពីរវាងស.វ.ទី១០មក យើងសង្កេតឃើញថានៅក្នុងសិល្បៈខ្មែរចាប់ផ្តើមពេញនិយមកសាងប្រាសាទដែលមានរាងពីរ៉ាមីតជាបន្តបន្ទាប់ ជាក់ស្តែងដូចជា ប្រាសាទបក្សីចាំក្រុង (តំបន់អង្គរ) ប្រាសាទប្រាង្គ ឬប្រាសាទធំ (តំបន់កោះកេរ) ។ល។ ដោយឡែក នៅតំបន់ប្រាសាទបាកាណ (ខ្លះហៅថាតំបន់ប្រាសាទព្រះខ័ន-កំពង់ស្វាយ) ក៏មានប្រាសាទមានរាងពីរ៉ាមីតមួយដែរ ពោល គឺមានឈ្មោះថា “ប្រាសាទព្រះដំរី” ដែលមានទីតាំងស្ថិតនៅខាងកើតបឹងតដាក (អាងស្តុកទឹកដ៏ធំមួយនៅបាកាណ) ហើយស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ តើប្រាសាទនេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
ឈ្មោះថា “ប្រាសាទព្រះដំរី” នេះ គឺទំនងសំដៅទៅដល់បដិមាដំរីមួយដែលគេតម្កល់នៅជាន់ខាងលើបង្អស់របស់ប្រាសាទនេះ ដែលអមជុំវិញតាមជ្រុងទាំង៤ ដោយបដិមាដំរីចំនួន ៤ ផ្សេងទៀត។ បដិមាព្រះដំរីនេះ សព្វថ្ងៃកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរហ្គីមេត នាទីក្រុងប៉ារីស ប្រទេសបារាំង ហើយប្រមូលទៅស្រុកបារាំងដោយលោក Louis Delaporte នៅឆ្នាំ១៨៧៣។ ប្រាសាទព្រះដំរី ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងដោយលោក Crozier នៅក្នុងឆ្នាំ១៨៧៥ តែលោកពុំបានរៀបរាប់អ្វីច្រើននោះទេ។ ក្នុងដំណើរបេសកកម្មប្រមូលវត្ថុបុរាណខ្មែររបស់ លោក Louis Delaporte នៅទសវត្សរ៍ ១៨៧០ លោកក៏បានមកដល់ក្រុមប្រាសាទបាកាណ ហើយបានប្រមូលយកវត្ថុបុរាណមួយចំនួនចេញពីទីនេះ រួមទាំងបដិមាព្រះដំរីដូចរៀបរាប់ខាងលើ។ ក្រោយមកទៀត នៅស.វ.ទី២០ មានអ្នកស្រាវជ្រាវពីអឺរ៉ុបជាច្រើនបានចាប់អារម្មណ៍ក្នុងការសិក្សាអំពីប្រាសាទព្រះដំរី។
ប្រាសាទព្រះដំរី សាងឡើងអំពីថ្មបាយក្រៀមតម្រៀបថ្នាក់ៗចេញជារាងសាជីជ្រុង ឬរាង ពីរ៉ាមីត ដែលមានបាតខាងក្រោមជារាងបួនជ្រុងស្មើប្រវែងប្រមាណ ៣០ ម៉ែត្រ ដោយតម្រៀបជាថ្នាក់តូចៗទៅលើប្រមាណ ១០ ថ្នាក់ (ថ្នាក់ខាងលើប្រវែងប្រមាណ ១៥ ម៉ែត្រ) និងមានកម្ពស់សរុបប្រមាណ ៦ ទៅ ៧ ម៉ែត្រ។ នៅជុំវិញប្រាសាទ ហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ដែលមានទ្វារចូលនៅទិសពាយព្យធ្វើអំពីថ្មភក់ (មានបង្កាន់ដៃនាគ និងគ្រុឌ) ហើយមានទ្វារបញ្ឆោតធ្វើអំពីថ្មភក់នៅបីទិសផ្សេងទៀត។ នៅលើកំពែងមានលម្អដោយក្បាច់រការាងដូចទឹករលកធ្វើអំពីថ្មភក់ រីឯនៅអមទ្វារបញ្ឆោតគេលម្អដោយចម្លាក់ទេពអប្សរ ចម្លាក់សត្វ និងក្បាច់រុក្ខជាតិផ្សេងៗ។ ចំណែក នៅតាមជ្រុងកំពែង គេលម្អដោយសត្វទេវកថាដែលមានតេជៈរួមបញ្ចូលគ្នាតែមួយ ពោល គឺក្បាលជាសត្វដំរី ខ្លួន និងជាជើងអាចជាតោ និងគ្រុឌ។ ជាពិសេស យើងសង្កេតឃើញថានៅលើក្បាលដំរីនេះ មានលម្អជាចម្លាក់ទេពក្នុងព្រះពុទ្ធសាសនា។ យោងទៅតាមការសិក្សារបស់លោក Aymonier និងលោក Lajonquière បង្ហាញថា នៅផ្នែកខាងលើរបស់ប្រាសាទមានលម្អដោយបដិមាតោចំនួន ៨ និងបដិមាទ្វារបាលចំនួន ៨ (ទ្វារបាលប្រដាប់ដោយដំបងរាងវែងទម្លាក់ចុះមកក្រោម) ប៉ុន្តែសព្វថ្ងៃយើងអាចមើលឃើញតែបដិមាតោមួយចំនួនប៉ុណ្ណោះ ចំណែកបដិមាទ្វារបាលពុំដឹងបាត់បង់ទៅទីណានោះទេ។ នៅតាមទ្វារចូល និងទ្វារបញ្ឆោតរបស់ប្រាសាទព្រះដំរី ក៏មានលម្អផ្តែរទ្វារដែរ តែវាមានលក្ខណៈពិសេសមួយ ពោល គឺគេឆ្លាក់ជារូបទេពក្នុងព្រះពុទ្ធសាសនាមហាយាន ឬវជ្រយាន ចំនួន ៥ អង្គកំពុងអង្គុយក្នុងកាយវិការបទ្មសន ហើយមើលទៅព្រះហស្តកំពុងដាក់ផ្ងារឡើងលើក្នុងទម្រង់សមាធិ។ គេមិនដឹងច្បាស់ថា រូបទេពទាំង ៥ ជាទេពអង្គណាឱ្យប្រាកដនោះទេ ព្រោះគ្មានព័ត៌មានសិលាចារឹកណាមួយនៅតំបន់នេះបញ្ជាក់អំពីចម្លាក់ទាំងនេះឡើយ។ អ្នកស្រាវជ្រាវមួយចំនួនយល់ថា រូបទេពទាំង ៥ នេះ គឺជាព្រះធ្យានិពុទ្ធទាំង ៥ (បញ្ចសៅគត) រួមមាន ព្រះវៃរោចន, ព្រះអក្សោភ្យ, ព្រះរតន្នសម្ភវ, ព្រះអាមិតភ និងព្រះអមោឃសិទ្ធិ។ តែទោះបីជាយ៉ាងណា នៅក្នុងសិល្បៈបុរាណរបស់ប្រទេសដែលគោរពព្រះធ្យានិពុទ្ធទាំង ៥ គេតែងឃើញព្រះទាំង ៥ មានកាយវិការផ្សេងៗពីគ្នា ពុំមែនកាយវិការសមាធិតែមួយដូចរូបនេះទេ។ ម្ល៉ោះហើយ យើងនៅតែមិនអាចហ៊ានសន្និដ្ឋានថា រូបទេពទាំង ៥ នេះជានរណាឱ្យប្រាកដនោះទេ។ ចម្លាក់ព្រះទាំង ៥ សមាធិ បែបនេះ យើងប្រទះឃើញមានច្រើនគួរសមនៅក្នុងតំបន់ប្រាសាទបាកាណ។ ដូច្នេះហើយ តាមរយៈសិល្បៈបដិមាសត្វ និងចម្លាក់ផ្សេងៗនៅច្រកចូល និងនៅតាមកំពែង នាំឱ្យអ្នកស្រាវជ្រាវជាច្រើនអាចចាត់ថ្នាក់ប្រាសាទព្រះដំរីចូលទៅក្នុងរចនាបថបាយ័ន្ត ចុងស.វ.ទី១២ ដើមស.វ.ទី១៣។
អ្វីដែលគួរយកមកពិចារណានោះគឺ នៅប្រាសាទប្រាង្គ ឬប្រាសាទធំ (តំបន់កោះកេរ) ដែលមានរាងពីរ៉ាមីតដូចប្រាសាទព្រះដំរីដែរ តែឧទ្ទិសដល់ព្រហ្មញ្ញសាសនា គេតម្កល់សិវលិង្គនៅចំកណ្តាល (យោងតាមទិន្នន័យសិលាចារឹក) ប៉ុន្តែប្រាសាទព្រះដំរីដែលជាប្រាសាទឧទ្ទិសដល់ព្រះពុទ្ធសាសនា បែរជាតម្កល់រូបបដិមាសត្វដំរីនៅចំកណ្តាលទៅវិញ។ តែចំណុចគួរកត់សម្គាល់នោះគឺ នៅភាគខាងកើតអាងស្តុកទឹកប្រាសាទបឹងមាលាក៏មានប្រាសាទរាងពីរ៉ាមីតមួយធ្វើអំពីថ្មបាយក្រៀមដែរ មានឈ្មោះថា “ប្រាសាទគងភ្លុក”។ ប្រាសាទគងភ្លុក មានរឿងព្រេងទាក់ទងនឹងស្តេចដំរីដូចគ្នាដែរ (ស្តេចដំរីស) ដែលប្រហែលពីមុនក៏អាចគេតម្កល់រូបបដិមាដំរីនៅទីនោះដូចគ្នាក៏អាចថាបាន។ ប្រាសាទគងភ្លុក មានអាយុកាលដូចគ្នាជាមួយប្រាសាទព្រះដំរី (រចនាបាយ័ន្ត រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧) ដូច្នេះហើយ យើងអាចសន្និដ្ឋានបានថា វាមិនមែនជារឿងចៃដន្យឡើយដែលមានប្រាសាទរាងពីរ៉ាមីតពាក់ព័ន្ធជាមួយសត្វដំរីនៅខាងកើតអាងស្តុកទឹករបស់ប្រាសាទដូចគ្នា តែអាចជាគំនិតមួយដែលដកស្រង់ចេញពីគម្ពីរណាមួយនៃព្រះពុទ្ធសាសនាច្រើនជាង។ សរុបជារួមមក ប្រាសាទព្រះដំរី គឺជាប្រាសាទមួយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន ឬវជ្រយាន ក្នុងរចនាបថបាយ័ន្ត រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានភាពជាប់ពាក់ព័ន្ធច្រើនជាមួយជំនឿទាក់ទងនឹងសត្វដំរី។ ប្រាសាទនេះ អាចចាត់ទុកថា ជាប្រាសាទដ៏ពិសេសមួយនៅក្នុងស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដែលសិល្បកររចនាឡើងជាប្លង់ដែលមានរាងពីរ៉ាមីត ហើយជាសក្ខីភាពមួយបង្ហាញអំពីការគោរពព្រះពុទ្ធសាសនាមហាយាន ឬវជ្រយានដ៏ធំសម្បើមមួយនៅក្នុងសង្គមខ្មែរ នៅចុងស.វ.ទី១២ ដើមស.វ.ទី១៣។
—————–
Prasat Preah Damrei
Prasat Preah Damrei is one of the many temples in the temple complex of Bakan where situated in Sangkum Thmei District, Preah Vihear Province. The ancient artist designed Prasat Preah Damrei as a pyramid tower, approximately 7 meters high, east of a large sacred pond. This study has shown that at the top of the temple housed a sandstone elephant statue adorned with various ornaments on the body. Prasat Preah Damrei is dedicated to Mahayana or Vajrayana Buddhism, which was in the Bayon style during the reign of Jayavarman VII and may have been associated with the belief in elephants near the sacred water system.