ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មីនៅទួលម្ទេស ខេត្តបាត់ដំបង

សិលាចារឹករកឃើញថ្មីនៅទួលម្ទេស ខេត្តបាត់ដំបង

សិលាចារឹកនេះសព្វថ្ងៃរក្សាទុកនៅវត្តទួលពន្លៃ ភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ យោងតាមសង្ឃដីការបស់ព្រះគម្តែងសង្ឃ ផុន សាវេត ព្រះគ្រូចៅអធិការវត្តទួលពន្លៃ មានសង្ឃដីកាថា សិលាចារឹកនេះរកឃើញនៅទួលម្ទេស ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលរកឃើញដោយលោក សុយ ប្រាក់ នៅរវាងឆ្នាំ២០១២ ក្នុងពេលភ្ជួរដី ស្រែក្បែរបុរាណដ្ឋានទួលម្ទេស។ ក្រោយមក ព្រះគ្រូចៅអធិការវត្ត ក៏បានយកមករក្សាទុកនៅវត្តពន្លៃរហូតមក។ តើសិលាចារឹកវត្តពន្លៃ មានអត្ថន័យ និងខ្លឹមសារយ៉ាងណាខ្លះ?

ខ្ញុំបានទទួលព័ត៌មានសិលាចារឹកនេះពីព្រះគម្តែងសង្ឃ ឆាយ ទីន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សិលាចារឹកនេះ ចារឹកជាភាសាខ្មែរមានចារឹកអក្សរចំនួន ១៤ បន្ទាត់ ចារនៅលើបន្ទះថ្មភក់។ អក្សរចារឹកនេះ ជាប្រភេទអក្សរជ្រៀង ដោយនៅត្រង់ផ្នែកខាងឆ្វេងខាងលើ មានបែកបាក់ថ្មដែលធ្វើឱ្យបាត់កាលបរិច្ឆេទរបស់សិលាចារឹកនេះ។ សិលាចារឹកនេះ ចារឹកនៅសម័យអង្គរ នាពាក់កណ្តាលស.វ.ទី១០ ដោយទំហំទទឹង ០,៣០ ម៉ែត្រ និងកម្ពស់ ០,៣២ ម៉ែត្រ។

អត្ថន័យជាទូទៅរបស់សិលាចារឹកនេះ គឺជាប្រភេទព្រះរាជសាសន៍ (សេចក្តីណែនាំត្រាស់បង្គាប់) ឱ្យដល់រដ្ឋមន្រ្តីជាន់ខ្ពស់ម្នាក់ ដែលមានឋានន្តរនាមថា “ម្រតាញអញ”។ ត្រង់កន្លែងឈ្មោះរបស់ម្រតាញអញ គឺបានបាក់បែកថ្ម តែយើងអាចកាត់យល់បានថាជា “ម្រតាញស្រីកវីន្រ្ទារិមថន” ដែលជារដ្ឋមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការខាងព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវម៌្មទេវ។ រដ្ឋមន្រ្តីម្រតាញស្រីកវីន្រ្ទារិមថន បានពាំនាំពាក្យបន្ទូលរបស់ព្រះរាជាទៅដល់អ្នកជំនិតជាច្រើននាក់ ដែលសុទ្ធសឹងមានគោរម្យងារជា “វាប” ដើម្បីប្រើឱ្យទៅធ្វើតង្វាយមូលនិធិដល់ទេវស្ថាន។ តង្វាយជាដីស្រែ គឺមានបញ្ជាក់ដល់ព្រំគោលសីមាដីស្រែ និងតង្វាយផ្សេងៗទៀតដែលមិនបានបញ្ជាក់ច្បាស់ តែគេគិតខ្នាតជាស្លឹក ហើយសេចក្តីណែនាំនោះធ្វើឡើងនៅក្នុងខែខ្នើត (កើត) ក្នុងខែពិសាខ។

អត្ថបទពាក្យចារឹក

១.       ……………………..កេត វៃឝាខ

២.      [នុ មាន វ្រះ] ឝា[ស]ន ត ម្រតាញ

៣.      [អញ៑ ឝ្រីកវិន្ទ្រារិម]ថន ប្រេ ឱយ

៤.       …………ប្រេ កន្ទ្វារ សុរភិ ត ទឝាវសិក៑

៥.       [ម្រតាញ ឝ្រីកវិ]ន្ទ្រារិមថន បន្ទ្វល វ្រះ

៦.       …….ត វាប…វ្យាស ប្រត្យយ

៧.      …..ឱយ ប្រសាទ ស្រេ កន្ទ្វារ សុរភិ ត ទ

៨.       ឝាវសិក៑ តោយ៑ បូវ៌្វ  វ្នុរ កនីក ស្តុក សំន្តា

៩.       ប៑ សុវណ៌ាចាលិ ទក្ឞិន គ្នង ឧត្តរគ្នង ទៅ បឝ្ចិ

១០.    ម ស្តុក ប្រាសុរភិ គិ ត រាប ភាគ តទិង

១១.    ថ្ងាយ ភាគ វាប វ្រៅ ស្លិក ៣ វាប អក ស្លិក៣

១២.    វាប៑ នន៑ ស្លិក១ វាប៑ អ្យក៑ ស្លិក៑១ វាប៑ កប៑ ស្លិក៑១

១៣.    វាប៑ ធម៌្ម ឝត៣ វាប៑ ថ្ងេ ឝត៣ វាប៑ ឝ្រី

១៤.    ស្លិក៑ ២ ទៅ បឝ្ចិម ទឝាវស ស្លិក៑ ៧

បំណកប្រែ

(បន្ទាត់ទី១ ដល់ទី ៣) ……………កើត ខែពិសាខ ព្រះមហាក្សត្រទ្រង់មានព្រះរាជតម្រាស់ត្រាស់ដល់ព្រះតេជគុណម្រតាញស្រីកវិន្ទ្រារិមថន ត្រាស់បង្គាប់ប្រើ ដើម្បីប្រគល់ឱ្យ …..។

(បន្ទាត់ទី៤ ដល់ទី ១៤) ……….ប្រើកន្ទ្វារសុរភិ ដែលជាទសវសិព្រះតេជគុណម្រតាញអញ ស្រីកវិន្ទ្រារិមថន បាននាំបន្ទូលព្រះរាជបញ្ជា ….ត្រាស់ដល់វាប ..វ្យាស ជាប្រត្យយ (ស្មោះភក្តី) … ​ ឱ្យប្រទានស្រែកន្ទ្វារ សុរភិ ដែលជាទសវសិក (ដោយដីស្រែនោះកំណត់) ដោយពីខាងកើត ទួល  កនីក ស្តុក សន្តាប សុវណ៌ាចាលិ ខាងត្បូង គ្នង ខាងជើង គ្នង ទៅខាងលិច ដល់ ស្តុកប្រាសុរភិ គឺរហូតដល់ភាគខាងទទឹងថ្ងៃ (មាន) វាបវ្រៅចំនួន ៣ ស្លឹក, វាបអក ៣ ស្លឹក, វាបនន ១ ស្លឹក, វាប    អ្យក ១ ស្លឹក, វាបកប ១ ស្លឹក, វាបធម៌្មចំនួន ៣០០, វាបថ្ងេចំនួន ៣០០,  វាបស្រី ២ ស្លឹក រហូតទៅដល់ខាងបស្ចឹមទសាវសិចំនួន ៧ ស្លឹក។

ជារួមមក សិលាចារឹករកឃើញថ្មីនៅទួលម្ទេស ខេត្តបាត់ដំបង បានផ្តល់ព័ត៌មានឱ្យយើងដឹងអំពីព្រឹត្តិការណ៍នយោបាយក្នុងរាជ្យព្រះបាទស្រីរាជេន្រ្ទវរ្ម័ន ដែលមានរដ្ឋមន្រ្តីជាន់ខ្ពស់ម្នាក់ឈ្មោះ “ម្រតាញស្រីកវីន្រ្ទារិមថន” ជាអ្នកទទួលបន្ទុកការងារព្រះពុទ្ធសាសនា។ រដ្ឋមន្រ្តីរូបនេះបាននាំព្រះរាជតម្រាស់របស់ព្រះរាជា ទៅផ្សព្វផ្សាយដល់មន្រ្តីថ្នាក់ក្រោមឱ្យអនុវត្តតាម។ ក្រៅពីនេះ យើងបានដឹងរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធរឿងការការពារដីធ្លីរបស់ទេវស្ថាន។

អត្ថបទដោយ៖ កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!