ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកទួលស្រែភូមិ ខេត្តបាត់ដំបង K.1050

សិលាចារឹកទួលស្រែភូមិ ខេត្តបាត់ដំបង K.1050

សិលាចារឹកនះ រកឃើញនៅទួលស្រែភូមិដែលមានទីតាំងស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយបានយកមករក្សាទុកនៅសារមន្ទីរវត្តពោធិវាល ក្រុងបាត់ដំបង។ ដោយទទួលបានការអនុញ្ញាតពី លោក តុប​ តានលាន អតីតប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង និងលោក គឹម សោភ័ណ នៅក្នុងឆ្នាំ២០១២ ខ្ញុំបាទ និងសហការី បានចុះផ្តិតនិងសិក្សាសិលាចារឹកនេះ។ តើសិលាចារឹករកឃើញនៅទួលស្រែភូមិ ខេត្តបាត់ដំបង មានអត្ថន័យ និងខ្លឹមសារយ៉ាងណាខ្លះ?

សិលាចារឹកនេះ ចារឹកអក្សរទាំងសងខាងនៅលើផ្ទៃបង្គោលថ្មភក់រាងជាស្លឹកសីមា ជាភាសាខ្មែរ និងភាសាសំស្រ្កឹត មានចំនួនសរុប ៣៧ បន្ទាត់ (ជ្រុងទី១ មានចំនួន ២៣ បន្ទាត់ និងជ្រុងទី២ មានចំនួន ១៤ បន្ទាត់)។ ខ្លឹមសារទាំងមូល គឺរៀបរាប់អំពីមន្រ្តីម្នាក់មានគោរម្យងារជា “ម្រតេញ” ដែលមានឈ្មោះថា “ម្រតាញវក្ត្រសិវទុលៅ ដែលជាអធិបតីគ្រប់គ្រងទេវស្ថានកម្រតេងអញបរមេស្វរ។ កម្រតេង អញបរមេស្វរ ជាឈ្មោះទេវស្ថានមួយកន្លែង ដែលអាចជាឈ្មោះដើម ឬទេព នៅក្នុងទេវស្ថានទួលស្រែភូមិនេះតែម្តង ប៉ុន្តែសព្វថ្ងៃអ្នកស្រុកហៅថា «ទួលស្រែភូមិ»​។ ពាក្យថា «បរមេឝ្វរ» ជាភាសាសំស្ក្រឹត ឬអានជាខ្មែរថា “បរមេសូរ” ជាព្រះនាមរបស់ព្រះសិវ ប៉ុន្តែនៅក្នុងរជ្ជកាលរបស់ព្រះស្រីជយវម៌្មទេវទី២ បន្ទាប់អំពីទ្រង់សោយព្រះវិលាល័យទៅទ្រង់ព្រះនាមថា បរមេស្វរ ដែរ។ បរមេស្វរ គឺជាបដិមាព្រះសិវលិង្គដ៏ពិសិដ្ឋសម្រាប់ព្រហ្មញ្ញសាសនា និងជនជាតិខ្មែរនៅសម័យបុរាណដែរ។

ចារឹកនេះ ជាប្រភេទរាជសាសន៍ស្រមតាមការទូលស្នើសុំរាជប្រទានផ្តល់រាជានុគ្រោះ ប៉ុន្តែមិនបានបញ្ជាក់ព្រះនាមព្រះមហាក្សត្រដោយចំពោះនោះទេ។ អ្នកស្នើសុំគឺ ម្រតេញវក្ត្រសិវទុលៅ ក្នុងមហាសករាជឆ្នាំ ៨២៤ ត្រូវនឹងគ.ស.៩០២ ហើយសេចក្តីណែនាំនោះក៏ចេញនៅក្នុងពេលនោះដែរ។ តួអង្គសំខាន់ផ្សេងទៀតនៅក្នុងអត្ថបទសិលាចារឹកនេះគឺ វាបសិវេស្វរ ត្រូវជាបង ឬប្អូនថ្លៃរបស់វាបវក្ត្រសិវទុលៅ ដែលជាអ្នករស់នៅក្នុងទីតាំងនេះ ហើយក៏ទទួលផលមត៌កបន្តត្រកូលរបស់គាត់ផង ដោយវាបវក្ត្រសិវទុលៅ ជាប្រធានអធិកាបតីទេវស្ថាន បានទូលស្នើសុំព្រះមហាក្សត្រឱ្យរាជានុគ្រោះ និងផ្តល់សិទ្ធិពិសេសដល់គាត់ក្នុងការទទួលផល និងគ្រប់គ្រងទេវស្ថាន។ ស្របតាមការទូលស្នើសុំនេះ ព្រះមហាក្សត្របានត្រាស់បង្គាប់ដល់រាជប្រត្យយ (មន្ត្រីជំនិត) ម្នាក់ ដែលមិនបានបញ្ជាក់ឈ្មោះ ដើម្បីឱ្យមកសង់សិលាចារឹក និងបោះបង្គោលព្រំសីមា កម្មសិទ្ធិ របស់ទេវស្ថានមួយមាននាមថា «ព្រះកម្រតេងអញបរមេស្វរ» ដោយព្រះរាជប្រសាទ (ចិត្តសទ្ធាថ្វាយ), រាជានុគ្រោះផ្តល់សិទ្ធិពិសេសដល់ទេវស្ថាននេះ និងមិនស្ថិតនៅក្រោមចំណុះអាជ្ញាធម៌ណាមួយឡើយ រួមបញ្ចូលទាំងភ្នាក់ងារប្រមូលពន្ធស្រូវអង្ករ ភ្នាក់ងារប្រមូលពន្ធប្រេងជាដើម ហើយចំណុះឱ្យតែទេវស្ថានព្រះកម្រតេងអញបរមេស្វរតែមួយគត់។ នៅពេលទ្រង់ចេញព្រះរាជសាសន៍(សេចក្តីបង្គាប់) ទ្រង់បានប្រទានតង្វាយបន្ថែម ដូចជា ដីស្រែជនាទ៌្ទន ស្រែចិក្សុភេត ស្រែក្ទម្ព ស្រែផ្លែស្រុក ស្រែកណ្ដាល ស្រែពស់ ស្រែប្រោល និងខ្ញុំបម្រើបុរសចំនួន ៥ នាក់ ក្មេងទើបចេះរត់ម្នាក់ នារីចំនួន ៥ នាក់ កូន ៣ នាក់ គោ ៤ ក្បាល ក្របីចំនួន ៤ ក្បាលថែមទៀតផង។

អត្ថបទពាក្យចារឹក

ជ្រុងទី១

            ១.        សិទ្ធិស្វស្តិឧំនមឝ្ឝិវាយ

            ២.        ៨២៤ឝកនុម្រតេញ៑វក្ត្រឝិវទុលៅ

            ៣.        នាវ្រះកម្រតេង៑អញ៑បរមេឝ្វរបង្គំ

            ៤.        ថ្ប្វង៑និវេទនគិស្រុកភូម្យាករនាអ

            ៥.        ង្គ្វយ៑វាបឝិវេឝ្វរតខ្លាយឱយ៑នុវឧបា

            ៦.        យ៑នុវខ្ញុមនុវទ្រវ្យផោងនុវស្រេត

            ៧.        គិវាប៑ឝិវេឝ្វរថ្វេនុវស្រេនិម៌្មូលនុវស្រេម្ឫ

            ៨.        តកធនស្វមបិថ្ពេចំនាំតវ្រះកម្រតេង៑

            ៩.        អញ៑បរមេឝ្វរតតន្ទុលឯកប្រស្ថប្រតិទិ

            ១០.     នមានវ្រះឝាសនធូលីវ្រះបាទធូលីជេង៑

            ១១.     វ្រះកម្រតេង៑អញ៑ប្រេប្រត្យយមោក៑ស

            ១២.     ង៑ប្រឝស្តតគិស្រុក៑សង្គោលតគិស្រេឱយ្ត

            ១៣.     ម្រតេញ៑វក្ត្រឝិវទុលៅនាវ្រះកម្រតេ

            ១៤.     ង៑អញ៑បរមេឝ្វរនុវឧបាយនុវទ្រ

            ១៥.     វ្យផោងប្រេថ្វេចំនាំវ្រះកម្រតេងអញ៑

            ១៦.     បរមេឝ្វរនុ​គិស្រេជនាទ៌្ទនស្រេចិក្សុ

            ១៧.     ភេតស្រេកទម្វស្រេផ្លេស្រុកស្រេក

            ១៨.     ន្តាលស្រេវសស្រេប្រោល៑ខ្ញុំឃោ៥រត១តៃ៥ក្វន៣

            ១៩.     ថ្មុរ៑៤ក្របី៤ប្រិហិអនុក្តាគម សិទ្ធិ

            ២០.     បិប្រេតគិកាយ៌្យវ្រះកម្រតេង៑អញ៑ប

            ២១.     រមេឝ្វរនេះភូម្យាករនេះវ្វំជាបិស្វត

            ២២.     ន្ត្រតខ្លោញ៑វ្រិហិវ្វំជាបិស្វតន្ត្រត

            ២៣.     ខ្លោញ៑កន្ទ្វារច្រលោវ្វំជាបិស្វតន្ត្រ

ជ្រុងទី២

          ១.        តប្រត្យយល្វោហៅវ្វំជាបិស្វតន្ត្រ

            ២.        តប្រត្យយបយ៌្យងវ្វំជាបិស្វតន្ត្រ

            ៣.        នាម្វាយទៃតិលេងនាវ្រះកម្រតេង៑

            ៤.        អញ៑បរមេឝ្វរគុស៑វ្វំអាច្តិអាចា

            ៥.        យ៌្យខ្លោញ៑វ្នំប្រេអ្នកនោះតគិកាយ៌្យ

            ៦.        តទៃតិថ្មាថ្ពេចំនាំនោះហគុស៑អា

            ៧.        យត្តតកម្រតេញ៑វក្ត្រឝិវទុលៅនុ

            ៨.        វកុលទៃកុលេយជមានឧក្ក

            ៩.        កល្បនាបរ្យង៑មាស៑១

            ១០.     ល្ងោលិះ៥ប្រតិសំវត្សរ

            ១១.     ៙ស្យាលឝ្ឝិវេឝ្វរោយោ

            ១២.     ម្ឫតស្តទីយំបរិគ្រហម៑តេ

            ១៣.     បរមេឝ្វរបូជាថ៌

            ១៤.     ន្ន្ឫបាជ្ញយាវាបវក្ត្រឝិវ

*បំណកប្រែ

ជ្រុងទី១

(១) សិទ្ធិ (សេចក្តីសម្រេច) ស្វស្តិ (សួស្តី) ឧំ នមឝ្ឝិវាយ (ឱម សូមក្រាបថ្វាយបង្គំ ចំពោះព្រះសិវៈ)។

(២-៩)   មហាសករាជឆ្នាំ៨២៤ ម្រតេញវក្ត្រសិវទុលៅ  នៅនាព្រះកម្រតេងអញបរមេស្វរ ថ្វាយបង្គំ  ស្តីពីមូលនិធិមាន ស្រុកភូម្យាករ (ភូមិករ=ពន្ធដីធ្លី) អ្នកដែលរស់នៅ វាបសិវេស្វរ ដែលជាញាតិខ្លាយ (សាច់ថ្លៃ) បានប្រគល់ឱ្យនូវឧបាយ (គ្រឿងផ្សេងៗ ឬមធ្យោបាយសម្រាប់ផ្គត់ផ្គង់) នូវខ្ញុំបម្រើ និងទ្រព្យសម្បត្តិផង និងដីស្រែដែលវាបសិវេស្វរបានធ្វើ និងស្រែនិម៌្មូល និងដីស្រែដែលជាម្ឫតកធន (មត៌ក) សូម ដើម្បីរៀបចំធ្វើជារណ្ដាប់តង្វាយបូជាដល់ ព្រះកម្រតេងអញបរមេស្វរ (តង្វាយមាន) តន្ទុល (អង្ករ) ចំនួន ១ ប្រស្ថជាប្រចាំថ្ងៃ។

(១០-១៦) ព្រះមហាក្សត្រ ទ្រង់មានព្រះសាសន៍ (ព្រះរាជឱង្ការត្រាស់បង្គាប់) ធូលីព្រះបាទធូលីជេងព្រះកម្រតេងអញ ដោយត្រាស់បង្គាប់ប្រើប្រត្យយ (រាជជំនិត) ដើម្បីឱ្យមកសង់ប្រសស្ត(បង្គោលចារឹក) នៅស្រុក បោះបង្គោលដីស្រែ ដើម្បីប្រគល់ទៅឱ្យដល់ម្រតេញវក្ត្រសិវទុលៅ សម្រាប់នៅនាព្រះកម្រតេងអញបរមេស្វរ នូវ ឧបាយ និងទ្រព្យសម្បត្តិផង។ ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ប្រើ ដើម្បីធ្វើតង្វាយដល់ព្រះកម្រតេងអញបរមេស្វរ។

(១៦-១៩) តង្វាយ គឺដីស្រែជនាទ៌្ទន ស្រែចិក្សុភេត ស្រែក្ទម្ព ស្រែផ្លែស្រុក ស្រែកណ្ដាល ស្រែពស់ ស្រែប្រោល និងខ្ញុំបម្រើបុរសចំនួន ៥ នាក់ ក្មេងទើបចេះរត់ម្នាក់ នារីចំនួន ៥ នាក់ កូន ៣ នាក់ គោ ៤ ក្បាល ក្របីចំនួន ៤ ក្បាល។

(១៩-១៩) ប្រិតិ អនុក្តាគម សិទ្ធិ សេចក្តីសោមនស្ស អនុក្តាគម (មិនពោលស្តី ឬតុណ្ហីភាព)សេចក្តីសម្រេច ដើម្បីប្រើការសម្រាប់ព្រះកម្រតេងអញបរមេស្វរ នេះភូម្យាករ (ដីឃ្លីបង់អាករ) នេះពុំស្ថិតនៅក្រោមបង្គាប់ចំណុះខ្លោញវ្រិហិ (ប្រធានខាងប្រមូលពន្ធដាស្រូវ) ពុំស្ថិតនៅក្រោមចំណុះខ្លោញ កន្ទ្វារច្រលោ ពុំស្ថិតនៅក្រោមចំណុះ….។

ជ្រុងទី២

(១-១០) ដែលជាប្រត្យយ (រាជជំនិត)  ល្វោ ហៅពុំស្ថិតនៅក្រោមចំណុះឱ្យប្រត្យ (ឋានន្តរងារមន្ត្រីត្រួត) ប្រេង ពុំស្ថិតនៅក្រោមចំណុះណាមួយផ្សេង តែស្ថិតនៅក្រោមចំណុះព្រះកម្រតេងអញបរមេស្វរតែមួយគត់។ មិនអាចអាចារ្យ ខ្លោញភ្នំ (ចៅអាវាសទេវស្ថាន) ប្រើអ្នកទាំងអស់នោះ ដើម្បីធ្វើការផ្សេង (ខុសមុខការ) គឺប្រើសម្រាប់ធ្វើចំណាំសម្រាប់ថ្វាយដល់ទេវស្ថានមួយគត់ ហើយត្រូវស្ថិតនៅក្រោមបង្គាប់កម្រតេញវក្ត្រសិវទុលៅ និងគ្រួសារអ្នកយជមានផង កល្បនា(តង្វាយ)ប្រេងចំណុះ១មាស ល្ង ចំនួន៥លិះ រៀងរាល់ឆ្នាំ។

(១១-១៤) ស្យាលឝ្ឝិវេឝ្វ រោយោ ម្ឫតស្តទីយំ បរិគ្រហម៑ តេ បរមេឝ្វរ បូជា ថ៌ន្ន្ឫបាជ្ញយា វាប វក្ត្រឝិវ៙ គ្រឿងតង្វាយនេះ ជាម្ឫតកធន (ទ្រព្យមរតក) របស់សិវេស្វរ ជាសាច់ថ្លៃ មត៌កធន(ទ្រព្យមត៌ក) របស់សិវេស្វរនោះបានបូជាដល់ព្រះបរមេស្វរ និងវាបវក្ត្រសិវតាមរាជបញ្ជារបស់ព្រះមហាក្សត្រ។            

សរុបជារួមមក សិលាចារឹកទួលស្រែភូមិ ខេត្តបាត់ដំបង គឺជាព័ត៌មានមួយដែលនិយាយពីបញ្ហាសង្គមនៅសម័យអង្គរ និងរៀបរាប់អំពីការធ្វើបុណ្យទាននៅតាមប្រាសាទតាមបែបព្រហ្មញ្ញ​សាសនា។ ព័ត៌មានជាច្រើននៅក្នុងសិលាចារឹកនេះ នាំឱ្យយើងបានស្គាល់ឈ្មោះមន្រ្តីជាច្រើន ដែលបានបម្រើការនៅសម័យអង្គរ។

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!