ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទភ្នំត្រប់ K.94

សិលាចារឹកប្រាសាទភ្នំត្រប់ K.94

ប្រាសាទភ្នំត្រប់ មានទីតាំងស្ថិតស្រុកបាធាយ ខេត្តកំពង់ចាម ហើយសិលាចារឹកដែលលើកយកមកសិក្សានេះ ដំបូងឡើយស្ថិតនៅទីតាំងប្រាសាទផ្ទាល់ តែក្រោយមកគេបានយកមករក្សាទុកនៅសារមន្ទីរជាតិនាទីក្រុងភ្នំពេញយូរណាស់មកហើយ ដោយចុះលេខសម្គាល់ D75។ ក្រោយមកទៀត គេបានដឹកជញ្ជូនយកទៅរក្សាទុកនៅមន្ទីរអភិរក្សដ្ឋានអង្គរ រហូតមកដល់បច្ចុប្បន្ន។ អត្ថបទនេះ ធ្លាប់មានអ្នកស្រាវជ្រាវបរទេសល្បីៗសិក្សាជាច្រើនលើកមកហើយ។ ប៉ុន្តែ នៅក្នុងអត្ថបទនេះ​ ខ្ញុំនឹងពិនិត្យម្តងទៀតលើការសិក្សារបស់អ្នកស្រាវជ្រាវបរទេស។ តើសិលាចារឹកប្រាសាទភ្នំត្រប់មានលក្ខណៈ ខ្លឹមសារ និងអត្ថន័យបែបណាខ្លះ?

នៅដើមសតវត្សរ៍ទី២០ លោក អេជែន អៃម៉ូញ៉េ មិនបានបកប្រែសិលាចារឹកនេះទាំងស្រុងនោះទេ តែលោកបានធ្វើសេចក្តីសង្ខេបខ្លឹមសាររួមរបស់សិលាចារឹកនេះ ព្រមទាំងបានយោងលើការវិភាគរបស់លោក អាប៊ែលបាហ្គែញ ផងដែរ។ លោកអៃម៉ូញេ បានបន្ថែមទៀតថា នេះជាការប្រតិស្ថានព្រះស្រីភទ្រោទយេស្វរ។ គាត់សន្មត់ថា ទេពដែលរៀបរាប់នៅក្នុងសិលាចារឹកនេះ គឺទំនងជាទេពនៅក្នុងរជ្ជកាលរបស់ព្រះបាទឧទយាទិត្យវម៌្ម ដែលទ្រង់គ្រងរាជ្យតាំងពីមហាសករាជឆ្នាំ ៨៧១ មកម្ល៉េះ។ បន្ទាប់មកលោក លុយណេ ដីឡាហ្សុងគ៊្យែ បានយកព័ត៌មាននេះមកផ្សព្វផ្សាយម្តងទៀតដោយលោកយោងទៅតាមការបកស្រាយរបស់លោក អៃម៉ូញេ និងលោក អាប៊ែលបាហ្គែញ។

លោក អាប៊ែលបាហ្គែញ បានបានធ្វើសេចក្តីសង្ខេប និងអំណានអត្ថបទឱ្យបានត្រឹមត្រូវនូវកាលបរិច្ឆេទទាំង៣គឺ ៨៧៥, ៨៨២ និង៨៨៤ នៃមហាសករាជ (ត្រូវនឹងគ.ស. ៩៥៣, ៩៦០, ៩៦២) ប៉ុន្តែកំហុសរបស់គាត់នៅត្រង់ថា គាត់បានយកម្ចាស់មូលនិធិ គឺព្រះស្រីភក្តិវិក្រម ថាជាព្រះ ឬទេពទៅវិញ។ ចំណែកឯ ព្រះភទ្រោទយេស្វរ ដែលបានប្រតិស្ថានឡើងនៅក្នុងឆ្នាំមហាសករាជ ៨៧៥ (គ.ស.៩៥៣) លោកយល់ថា ជាម្ចាស់មូលនិធិទៅវិញ។

បើយោងទៅតាមលោក ហ្សក សឺដេស បានលើកឡើងថា សិលាចារឹកនេះចារឹកនៅលើមេទ្វារខាងជើងច្រកចូលប្រាង្គកណ្ដាល។ នៅក្នុងសិលាចារឹកនេះគ្មានព័ត៌មានអំពីព្រះមហាក្សត្រនោះទេ លោក សឺដេស បានយោងទៅលើកាលប្បវត្តិរបស់សិលាចារឹកនេះ គាត់បានសន្និដ្ឋានថា ព្រឹត្តិការណ៍នៅក្នុងសិលាចារឹកស្ថិតក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវម៌្ម (គ.ស.៩៤៤ ដល់ ៩៦៧)។ សិលាចារឹកនេះចារឹកជាភាសាសំស្ក្រឹត មានចារឹកអក្សរចំនួន ១២ បន្ទាត់ ឬបើគិតជាស្លោកមានចំនួន ៣ ស្លោក និពន្ធបែបកំណាព្យវសន្តតិលកាឆន្ទ។  ការសិក្សារបស់លោក បានបោះពុម្ពផ្សាយជាភាសាបារាំង ប៉ុន្តែ ជនជាតិខ្មែរមួយចំនួនធំ មិនមានសមត្ថភាពអាចអាន និងយល់ភាសាបារាំងបានឡើយ។

តាមការសិក្សាឡើងវិញនៅពេលនេះ យើងពិនិត្យឃើញថា នៅក្នុងអំណានរបស់លោក សឺដេស បានកាត់សន្ធិនូវបទមួយចំនួនដើម្បីងាយស្រួលដល់ការអានតាមលំនាំបែបរបស់អឺរ៉ុប។ការផ្តាច់សន្ធិបែបនេះ នាំឱ្យមានគុណសម្បត្តិដល់អ្នករៀនសំស្រ្កឹតដំបូង ពោល គឺងាយស្រួលដល់ការអាន ប៉ុន្តែក៏មានផលលំបាកមួយចំនួនដល់អ្នករៀនសំស្រ្កឹតដំបូងដូចគ្នា ពោល គឺក្នុងសិលាចារឹកសរសេរផ្សេង លោក សឺដេស សរសេរផ្សេង នាំឱ្យខុសទៅនឹងគណៈឆន្ទតាមក្បួនកាព្យសាស្រ្ត និងធ្វើឱ្យបាត់សម្ផស្សខាងសព្ទាលង្ការថែមទៀតផង។ ឧទាហរណ៍ ៖ នៅក្នុងសិលាចារឹសរសេរថា៖    

  • តនុភិវ៌ិភុតា ទៅជា តនុភិរ៑ វិភុតា
  • ស្ថិតឝ្ឝ្រី ទៅជា ស្ថិតឝ៑ ឝ្រី​
  • ឥហាជមតិឞ្ឋិបត្សះ ទៅជា ឥហាជម៑ អតិឞ្ថិបត៑ សះ
  • វិក្រមុបេន្ទ្រមតិឞ្ឋិបត្សះ ទៅជា វិក្រម៑ ឧបេន្ទ្រម៑ អតិឞ្ថិបត៑ សះ

ចំពោះខ្លឹមសារទាំងស្រុងរបស់សិលាចារឹកនេះ គឺការប្រតិស្ថានព្រះបដិមា ព្រះស្រីភទ្រោទយេស្វរ នៅក្នុងឆ្នាំមហាសករាជ ៨៧៥ (ត្រូវនឹងគ.ស.៩៥៣) និង ស្រីភក្តិវិក្រម បានប្រតិស្ថានព្រះអជ នៅក្នុងឆ្នាំមហាសករាជ ៨៨២ (ត្រូវនឹងគ.ស.៩៦០) បន្ទាប់មក គឺការប្រតិស្ថានព្រះបដិមាព្រះឧបេន្ទ្រ ក្នុងឆ្នាំមហាសករាជ ៨៨៤ (ត្រូវនឹងគ.ស.៩៦២)។

អត្ថបទពាក្យចារឹក

វសន្តតិលកាឆន្ទ

            ១. កីដាន្តមីនធនុវ្ឫឝ្ចិកមាគ៌្គមាគ៌្គេ                កីដាទិបាឝ៌្វនយនោទ្ភវ អាទិទេវះ

                បីថេថ៌ឝៃលតនុភិវ៌ិភុតាស្ថិតឝ្ឝ្រី              ភទ្រោទយេឝ្វរ ឥតិ ប្រថិតាភិធានះ។

            ២. ទ្វន្ទាក៌សោម្យភ្ឫគុភោមតុលាទ៌្ធចន្ទ្រ       សិង្ហោទ្ភវាមរគុរៅ មករាក៌សូនៅ

                នេត្រាឞ្ដមូត៌ិ្តឝុចិយាមទិនេឞុ ឝុក្លេ         ឝ្រីភក្តិវិក្រម ឥហាជមតិឞ្ឋិបត្សះ។

            ៣. វឞ៌ាលិមធ្យមិថុនស្តនតៅលមីនា           ម្ភោភ្ឫទ្វ្ឫឍេ ក្ឞណគតេក៌មុខេ ស លគ្នេ

                 វេទាឞ្ដមង្គលសមាធវវហ្និក្ឫឞ្ណេ               ឝ្រីភក្តិវិក្រមុបេន្ទ្រមតិឞ្ឋិបត្សះ។

បំណកប្រែ

១. ខាងចុងទៅគោចរចាប់ពី កីដ=វ្ឫស្ចិករាសី មិនរាសី ធនុរាសី វ្ឫស្ចិករាសី មក៌ដរាសី និងកក៌ដរាសី ព្រះអាទិត្យរះឡើង ចាប់ផ្តើមពីវ្ឫស្ចិករាសី ក្នុងឆ្នាំមហាសករាជកំណត់ដោយ តនុ=៨   ឝៃល ៧ អថ៌=៥= មហាសករាជឆ្នាំ ៨៧៥ ជាពេលបានប្រតិស្ថានទេវបដិមា ដែលមានព្រះនាមថា ស្រីភទ្រោទយេស្វរ ហើយបានតម្កល់នៅលើបល្ល័ង្ក។

២. ផ្កាយព្រះអាទិត្យ សៅម្យ=ផ្កាយពុធ ផ្កាយសុក្រ ភោម=ផ្កាយព្រះអង្គារ៍ ស្ថិតជាគូនឹងគ្នា ព្រះចន្ទមួយចំណិតស្ថិតនៅត្រង់ (អទ៌្ធចន្ទ្រ) តុលរាសី ផ្កាយព្រហស្បតិ៍ ស្ថិតក្នុងសីហរាសី ផ្កាយព្រះសៅរ ស្ថិតនៅមកររាសី ក្នុងឆ្នាំកំណត់ដោយ មូត៌ិ្ត=៨ អឞ្ដ=៨ នេត្រ=២= មហាសករាជ ៨៨២ ក្នុងថ្ងៃយាម ខែសុចិ ខាងសុក្លបក្ស ពេលនេះ ព្រះស្រីភក្តិវិក្រម បានប្រតិស្ថានព្រះបដិមា ព្រះអជនៅត្រង់ទីកន្លែងនេះ។

៣. ស្ថិតនៅក្នុងឧសភរាសី ពាក់កណ្តាលវិច្ឆិការាសី ផ្កាយភ្លោះ កុម្ភរាសី តុលរាសី មិនារាសី និងកុម្ភរាសី ក្នុងពេលនេះព្រះអាទិត្យស្ថិតនភាបាទ (ជើងមេឃ) នៅក្នុងឆ្នាំកំណត់ដោយ មង្គល=៨ អឞ្ដ=៨ វេទ=៤ ថ្ងៃចន្ទ ខែមាធវ ខាងក្ឫស្ណបក្ស(រនោច) ក្នុងពេលនោះ ព្រះស្រីភក្តិវិក្រម បានប្រតិស្ថានព្រះបដិមា ព្រះឧបេន្ទ្រ (វិស្ណុ)

សរុបជារួមមក សិលាចារឹកភ្នំត្រប់ គឺជាសិលាចារឹកភាសាសំស្រ្កឹតមួយផ្ទាំង ដែលបង្ហាញអំពីព័ត៌មានខាងហោរាសាស្រ្ត ​និងតារាសាស្រ្តជាច្រើន ដែលមនុស្សជំនាន់មុនពិតជាមានជំនាញយ៉ាងច្បាស់លាស់លើប្រព័ន្ធតារាសាស្រ្តមួយនេះ។ ព័ត៌មានជាទូទៅ​ បានផ្តល់ឱ្យយើងដឹងអំពីតម្កល់ព្រះនៅក្នុងប្រាសាទក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន។ ម្យ៉ាងវិញទៀត យើងសម្គាល់ឃើញថា បើទោះបីចម្លាក់នៅលើជញ្ជាំងប្រាសាទភ្នំត្រប់បង្ហាញអំពីទេពនៅក្នុងព្រះពុទ្ធសាសនាវជ្រយានក៏ពិតមែន ប៉ុន្តែព័ត៌មានសិលាចារឹកដែលរកឃើញនៅទីនេះបញ្ជាក់បន្ថែមថា នៅទីនេះក៏ប្រណិបតន៍ព្រហ្មញ្ញសាសនាផងដែរ។

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,600SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!