ស្តាប់ត្រឹមតែឈ្មោះប្រាសាទ យើងអាចស្មានបានថា ការហៅឈ្មោះបែបនេះ ប្រហែលមកពីប្រាសាទនេះកសាងឡើងអំពីឥដ្ឋមានពណ៌ក្រហម ទើបបានជាអ្នកស្រុកហៅថា “ក្រហម” យ៉ាងដូច្នេះ។ ប្រាសាទមានឈ្មោះដូច្នេះ នៅទូទាំងស្រុកខ្មែរមានច្រើនគួរសម ដូចជា ប្រាសាទក្រហមនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ប្រាសាទក្រហមនៅតំបន់កោះកេរ (ស្រុកគូលែន ខេត្តព្រះវិហារ), ប្រាសាទក្រហមនៅលើភ្នំគូលែន (ស្រុកស្វាយលើ ខេត្តសៀមរាប) ។ល។ វាដូចទៅនឹងប្រាសាទមួយចំនួនដែលធ្វើអំពីថ្មបាយក្រៀមគេច្រើនហៅថា “រមាស” ដូច្នេះដែរ ព្រោះពាក្យថា “រមាស” មិនមែនសំដៅទៅលើសត្វចតុប្បាទនោះទេ តែសំដៅដល់ពណ៌របស់ថ្មបាយក្រៀម។
ប្រាសាទក្រហមដែលលើកយកមកសិក្សានៅពេលនេះ មិនមែនស្ថិតនៅខេត្តព្រះវិហារ និងសៀមរាបនោះឡើយ ពោល គឺមានទីតាំងស្ថិតនៅភូមិប្រាំមីនា ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ ២២ គីឡូម៉ែត្រ ភាគនិរតីក្រុមប្រាសាទបន្ទាយឆ្មារ ដែលជាអតីតទីប្រជុំជនដ៏សំខាន់នៅសម័យអង្គរ ជាពិសេស រជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ (គ.ស. ១១៨១ – ១២២០)។ ទោះបីជាប្រាសាទក្រហម ស្ថិតនៅមិនឆ្ងាយពីក្រុមប្រាសាទបន្ទាយឆ្មារក៏ពិតមែន ប៉ុន្តែនៅរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០ ក្នុងអំឡុងពេលដែលអ្នកស្រាវជ្រាវជនជាតិបារាំង ចាប់ផ្តើមចុះបញ្ជី និងសិក្សាស្រាវជ្រាវប្រាសាទបុរាណនៅកម្ពុជា គេមិនទាន់បានចុះបញ្ជីប្រាសាទនេះឡើយ។
ប្រាសាទក្រហម ជាសំណង់ទោលសាងអំពីឥដ្ឋ ស្ថិតនៅលើទីទួលមួយដែលគេលើកឱ្យចេញជារាងបួនជ្រុងស្មើប្រវែង ៥០ ម៉ែត្រ x ៥០ ម៉ែត្រ។ ប្រាសាទនេះ មានរាងបួនជ្រុងស្មើ (៤,៥ម៉ែត្រ x ៤,៥ ម៉ែត្រ) បែរមុខទៅទិសខាងជើង ហ៊ុមព័ទ្ធដោយកសិន្ធុ និងមានត្រពាំងធំមួយនៅខាងកើត (៣០ ម៉ែត្រ x ៧០ ម៉ែត្រ)។ សព្វថ្ងៃមានខ្ទមអ្នកតាមួយនៅខាងកើត និងខ្ទមឈើតូចមួយប្រក់ស័ង្កសីនៅខាងក្នុងប្រាសាទសម្រាប់ធ្វើកិច្ចបូជា ដែលសបញ្ជាក់ឱ្យយើងឃើញថា ប្រាសាទក្រហមជាទីសក្ការបូជាមួយកន្លែងដែលមានមនុស្សគោរពប្រណិប័តន៍ជំនឿឥតដាច់តាំងពីសម័យបុរាណមកដល់សម័យបច្ចុប្បន្ន និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុក។ បច្ចុប្បន្ន ស្ថានភាពរបស់ប្រាសាទក្រហមពុំមានការបែកបាក់ធ្ងន់ធ្ងន់គួរឱ្យកត់សម្គាល់ឡើយ ពោល គ្រប់ផ្នែកទាំងអស់នៅរក្សាស្ថានភាពដើមច្រើន។ ប្រការមួយគួរឱ្យសោកស្តាយ សំណង់ប្រាសាទក្រហមនៅពុំទាន់សាងសង់រួចរាល់នៅឡើយទេ។ រាប់ពីផ្នែកខាងលើ (ដំបូល) ដល់ផ្នែកខាងក្រោម (ខឿន) គឺមានតែរូបរាងប៉ុណ្ណោះ ពុំមានក្បាច់លម្អអ្វីឡើយ។ សូម្បីស៊ុមទ្វារ សសរពេជ្រ និងផ្តែរទ្វារនៅច្រកចូលខាងជើងដែលសុទ្ធសឹងធ្វើអំពីថ្មភក់ មិនទាន់មានលម្អអ្វីឡើយ ដោយសិល្បករបុរាណបានដាប់ថ្មភក់ឱ្យចេញជារូបរាងមេទ្វារ សសរប្រាំបីជ្រុង និងផ្តែរទ្វាររាងបួនជ្រុងទ្រវែងប៉ុណ្ណោះ ចំណែក ជើងទម្រធ្វើអំពីថ្មភក់មានរាងបួនជ្រុងស្មើដែលតម្កល់នៅខាងក្នុងប្រាសាទ ក៏មិនទាន់បានឆ្លាក់ចេញជាក្បាច់លម្អអ្វីដែរ ។ ដោយឡែក សម្រាប់ជញ្ជាំងវិញ គឺនៅទម្រង់ជាផ្ទៃឥដ្ឋរាបស្មើប៉ុណ្ណោះ លើកលែងជញ្ជាំងទិសខាងត្បូងដែលសិល្បករបានដាប់ឆ្លាក់ចេញជាទ្វារបញ្ឆោត។ នៅប្រាសាទក្រហមមិនមាននៅសល់សិលាចារឹកណាមួយឡើយ ដូច្នេះហើយ យើងមិនមានព័ត៌មានណាមួយដែលអាចពន្យល់បានថា តើកត្តាអ្វីខ្លះដែលនាំឱ្យប្រាសាទនេះសាងសង់មិនទាន់រួចរាល់ឡើយ។
ចំណុចដែលគួរលើកយកមកពិចារណា ប្រាសាទជាច្រើននៅតំបន់គោករមៀត (ប្រាសាទកូនដំរី, ប្រាសាទគោកកូពី, ប្រាសាទសំរោង) ដែលស្ថិតនៅមិនឆ្ងាយពីប្រាសាទក្រហម សុទ្ធសឹងកសាងឡើងបែរមុខទៅទិសខាងកើត ប៉ុន្តែ ហេតុអ្វីបានជាប្រាសាទក្រហមគេសង់ឡើងបែរមុខទៅទិសខាងជើងវិញដូច្នេះ? ករណីនេះ យើងមិនអាចបកស្រាយឱ្យប្រាកដបានឡើយ។ ទោះបីជាប្រាសាទខ្មែរភាគច្រើនសង់បែរមុខទៅទិសខាងកើតឱ្យស្របទៅតាមក្បួនច្បាប់ក៏ដោយ ក៏នៅក្នុងលោកនេះតែងតែមានករណីលើកលែងខ្លះ ទើបបានជាគេឃើញប្រាសាទខ្មែរខ្លះបែរមុខទៅទិសខាងជើង ខាងត្បូង និងខាងលិច (ខាងលិចភាគច្រើនជាហោត្រៃ និងមណ្ឌប)។ គេមិនអាចដឹងច្បាស់ថា ការប្រែប្រួលទិសនេះមានហេតុផលយ៉ាងណាឱ្យប្រាកដនោះឡើយ ប៉ុន្តែ អ្នកស្រាវជ្រាវភាគច្រើនសន្និដ្ឋានថា ករណីទាំងនេះទំនងមកពីការបំបែរប្រាសាទទៅរកទិសផ្សេងពីខាងកើតដោយសារ សណ្ឋានដី ឬបែរមុខទៅរកប្រាសាទសំខាន់ណាមួយ ឬបែរទៅស្របនឹងដំណើរអ្វីមួយ ឬបែរទៅរកផ្លូវទឹក។ ជាក់ស្តែង ប្រាសាទខ្មែរដែលបែរមុខទៅរកទិសខាងជើងតាមគំនិតសន្និដ្ឋានខាងលើ មានដូចជា ប្រាសាទព្រះវិហារ (សង់បែរមុខទៅជើង អាចមកពីសណ្ឋានដីភ្នំរត់អ័ក្សពីជើងទៅត្បូង) ប្រាសាទភ្នំដា និងប្រាសាទអាស្រមមហាឫស្សី (អ្នកស្រាវជ្រាវមុនសន្និដ្ឋានថា ការសង់បែរមុខទៅជើង ទំនងគេចង់បំបែរមុខប្រាសាទទៅរកក្រុង) ប្រាសាទសំបូរ N10 (សង់បែរមុខទៅជើង ទំនងមកពីការរៀបចំប្លង់របស់ប្រាសាទឱ្យស្របជាមួយប្រាង្គសំខាន់នៅកណ្តាល និងប្រាង្គរណប N9 ដែលនៅទល់មុខគ្នា)។ ក្រៅអំពីនេះ នៅមានប្រាសាទខ្មែរជាច្រើនទៀតដែលបែរមុខទៅទិសខាងជើង ហើយពិបាកនឹងសន្និដ្ឋានអំពីហេតុផល ដូចជា ប្រាសាទដងវែក (សំបូរព្រៃគុក) ប្រាសាទភ្នំតាម៉ៅ (តាកែវ) ប្រាសាទបឹងកែវ (សៀមរាប) ប្រាសាទព្រះធាតុតូច (ត្បូងឃ្មុំ) ប្រាសាទថ្នល់ស្វាយខាងជើង (ព្រះវិហារ) គុកលិច ឬប្រាសាទត្នោតជុំខាងលិច (កំពង់ធំ) ។ល។ ហេតុដូច្នេះហើយ យើងពុំមានតឹកតាងណាមួយដែលពន្យល់ច្បាស់លាស់ថា ប្រាសាទក្រហមសង់បែរមុខទៅទិសខាងជើងដោយសារហេតុផលអ្វីឡើយ។ ប៉ុន្តែ វាក៏អាចចូលទៅក្នុងការសន្និដ្ឋានណាមួយក្នុងចំណោមសន្និដ្ឋានទាំង ៤ ខាងលើដូច្នោះដែរ បើទោះបីជាកង្វះព័ត៌មានសិលាចារឹកបញ្ជាក់ក៏ដោយ។
ជារួមមក ដូចបានរៀបរាប់ហូរហែរមកហើយថា ប្រាសាទក្រហមពុំមាននៅសល់ក្បាច់លម្អណាមួយ គួរឱ្យកត់សម្គាល់បានឡើយ។ ហេតុដូច្នេះហើយ ការកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទ មានភាពលំបាកជាខ្លាំង។ យើងគ្រាន់អាចសន្និដ្ឋានបានថា ប្រាសាទក្រហមទំនង កសាងឡើងនៅរវាងស.វ.ទី១០ ឬស.វ.ទី១១ ដោយយោងទៅលើទំហំឥដ្ឋ រូបរាងប្រាសាទ ការរចនាទ្វារបញ្ឆោត (មានក្បាច់បន្ទះចំកណ្តាល) បំណែកជើងទម្រ និងសសរពេជ្រដែលមានរាងប្រាំបីជ្រុងជាដើម។ ចំណែក តួនាទីរបស់ប្រាសាទក្រហម យើងមិនមានអ្វីអាចបញ្ជាក់បានថាតើប្រាសាទនេះឧទ្ទិសដល់អាទិទេពក្នុងព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនាឡើយ។
——————–
The Prasat Kraham Temple
The Prasat Kraham Temple is located in the Banteay Meanchey province’s Kok Romiet commune, Thmor Pouk district. The temple is square, north-facing, and has a solitary brick tower. The east and west fake entrances, the lintels, and the pillars are among the numerous areas of the temple that are still unfinished and devoid of ornamental elements. This temple has struggled to identify its historical art and religious significance since it lacks information from the inscriptions. However, it has been determined that Prasat Kraham possibly have been constructed in the tenth or eleventh century based on the temple’s design and octagonal pillars. Of special note is that the reason the temple was erected with its face toward the north is unknown.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី