រាអណ្តើក

ជាទំនៀមតាមនិគមជនបទខ្មែរ នៅពេលប្រមូលផលស្រូវរួចរាល់ គេតែងតែប្រារព្ធកិច្ចឡើងអ្នកតាទៅតាមបែបផែននៃកិច្ចផ្សេងៗពីគ្នា។ អ្វីដែលយើងតែងសង្កេតឃើញច្រើននោះ នៅមុនកិច្ចឡើងអ្នកតាគេនិយមនេសាទត្រីជាសហគមន៍ និងចាប់សត្វផ្សេងៗសម្រាប់ធ្វើម្ហូបអាហារថ្វាយដល់អ្នកតា ដែលអ្នកស្រុកយល់ថាជាទេពដ៏សំខាន់នៅក្នុងតំបន់។ ជាក់ស្តែង នៅភូមិសំបូរ (តំបន់ប្រាសាទសំបូរព្រៃគុក) គេរៀបចំកិច្ចឡើងអ្នកតាជា ៤ ថ្ងៃ ដោយកំណត់យកថ្ងៃខ្នើតក្នុងខែមាឃ ពោល គឺថ្ងៃទី១ រាអណ្តើក ថ្ងៃទី២ បាញ់ស្វា ថ្ងៃទី៣ និងថ្ងៃទី៤ ជាថ្ងៃឡើងអ្នកតា (រើសយកថ្ងៃសៅរ៍)។ អ្នកភូមិសំបូរ ខកខានធ្វើកិច្ចរាអណ្តើកនេះជាង ២០ ឆ្នាំមកហើយ ពោល ទើបតែឆ្នាំនេះប៉ុណ្ណោះដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ជ្រោមជ្រែងឱ្យមត៌កអរូបីដ៏មានសារៈសំខាន់មួយនេះរស់ឡើងវិញជាថ្មី។ តើការរាអណ្តើកនៅភូមិសំបូរមានលក្ខណៈ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

នៅក្នុងវចនានុក្រមខ្មែរ ពាក្យ “រា” មានន័យថា ហាម ឃាត់ ថយក្រោយ ធ្វើឱ្យថយក្រោយ បែរចេញ ទាសចេញ រួញចេញ ជំទាស់ ដោះដៃ ប្រកែក …។ រីឯ អណ្តើកនៅក្នុងជំនឿខ្មែរ គេជឿថាជាសត្វដែលតំណាងឱ្យទឹក ឬភាពត្រជាក់ត្រជុំ។ ម្ល៉ោះហើយ រាអណ្តើកគេធ្វើឡើងដើម្បីចាប់សត្វអណ្តើកយកទៅធ្វើម្ហូបសែនថ្វាយអ្នកតា ព្រោះគេជឿថានៅពេលអ្នកតាបានសេពសោយម្ហូបដែលធ្វើពីសត្វអណ្តើករួចហើយ អ្នកតានឹងតបស្នងមកវិញនូវទឹកភ្លៀងឱ្យពេញបរិបូណ៌សម្រាប់ស្រោចស្រពដល់ស្រែចម្ការរបស់ពួកគេ។ ករណីនេះស្របទៅនឹងបរិបទខ្មែរដែលចាត់ទុកការធ្វើស្រែជាកង្វល់ដ៏សំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស កង្វល់ដែលពាក់ព័ន្ធនឹងការខ្វះខាតទឹកភ្លៀង ព្រោះតាមទំនៀមមកគេធ្វើស្រែពឹងផ្អែកលើទឹកភ្លៀងជាចម្បង។

ជាទម្លាប់នៅភូមិសំបូរ នៅមុនថ្ងៃរាអណ្តើកមួយឬពីរថ្ងៃ ចៅមឿងដែលជាអ្នកចាត់ចែងរៀបចំកិច្ចឡើងអ្នកតា បានបង្កូកប្រកាសឱ្យអ្នកភូមិបានដឹងឮអំពីពេលវេលាជួបជុំគ្នា ហើយទីតាំងជួបជុំស្ថិតនៅខាងជើងភូមិដែលអ្នកស្រុកហៅថា “ព្រៃកូនង៉ា” (ក្បែរសាលាបឋមសិក្សាសំបូរ)។ គេច្រើនចេញដំណើរនៅម៉ោងជាង ១០ ព្រឹក ដែលជាពេលអ្នកស្រុកបានស្រស់ស្រូបអាហារថ្ងៃត្រង់រួចរាល់។ មុនចេញដំណើរ ចៅមឿងដឹកនាំអ្នកស្រុកដែលមកចូលរួមរាអណ្តើកធ្វើកិច្ចសែនព្រេនជម្រាបអង្គហេតុជូនអ្នកតានៅព្រៃកូនង៉ាឱ្យបានដឹងអំពីគោលបំណងដែលគេកំពុងបម្រុងនឹងធ្វើ។

គេដើរថ្មើរជើងជាក្រុម សំដៅទៅរកត្រពាំងបុរាណដែលស្ថិតនៅខាងជើងភូមិ (ទិសជើង ជាទិសនៃទ្រព្យសម្បត្តិតាមជំនឿព្រហ្មញ្ញសាសនា)​ រួមមាន ត្រពាំងជ្ពីស ត្រពាំងថ្លា ត្រពាំងទាក ត្រពាំងតាម៉ុក ត្រពាំងជ្រៃលុង ។ល។ តាមត្រពាំងនីមួយៗ គេត្រូវសែនព្រេនដូចគ្នានឹងចុះរាយកអណ្តើកនៅក្នុងទឹក។ ការរាអណ្តើកត្រូវតែមានគ្នាច្រើនទើបងាយស្រួល ពោល បើសិនមានមនុស្សកាន់តែច្រើន គឺនឹងកាន់តែល្អប្រសើរ។ អ្នកដែលអាចចុះរាអណ្តើកក្នុងត្រពាំងបាន គេមិនប្រកាន់ថាជាប្រុសឬស្រីនោះឡើយ ហើយមិនមែនដាច់ខាតថាចាប់តែសត្វអណ្តើកមួយមុខនោះឡើយ (ត្រី ពស់……)។ ពេលរាអណើ្តកគេត្រូវកាន់ដៃតម្រៀបគ្នាជាជួរពីម្នាក់ទៅម្នាក់ ហើយដើរទៅមុខដោយយកជើងរាទឹក ពោល គឺត្រូវដើរសំយុងជើងវាតគាស់ទឹកក្នុងគោលបំណងយកជើងដើម្បីឱ្យប៉ះជាមួយ​ស្នូកអណ្តើក។ បើសិនមាននរណាប៉ះស្នូកអណ្តើកហើយ គេត្រូវមុជចូលទៅក្នុងទឹកដើម្បីយកដៃរាវចាប់សត្វអណ្តើកនោះ។ នៅពេលមានបុគ្គលណាចាប់បានអណ្តើក អ្នករាល់គ្នាដែលនៅកំពុងរាអណ្តើកនោះត្រូវស្រែកហ៊ោអឺងកងយកជ័យរួមគ្នា ដែលជាសញ្ញាបញ្ជាក់ថា ភោគផលស្រូវ​នៅឆ្នាំបន្ទាប់នឹងកើតកាលវាលគុម្ព ព្រោះរដូវធ្វើស្រែនោះនឹងពេញបរិបូណ៌ដោយទឹកភ្លៀងសម្រាប់ស្រោចស្រពស្រូវគ្រប់គ្រាន់។

អណ្តើកដែលចាប់បានទាំងអម្បាលម៉ាន គេយកទៅធ្វើម្ហូបសែនថ្វាយអ្នកតានៅថ្ងៃឡើងអ្នកតា (ថ្ងៃទី៤)។ តាមទំនៀមមក អ្នកភូមិសំបូរចងចាំថា អណ្តើកដែលយកទៅធ្វើម្ហូប ត្រូវតែយកទៅឆាជាមួយមីសួរជាដាច់ខាត ពោល គេមិនអាចធ្វើម្ហូបអ្វីផ្សេងក្រៅពីមួយមុខនេះបានឡើយ។ ប្រសិនយកម្ហូបនេះមកគិតយើងអាចយល់បានថា អាហារដែលជាវប្បធម៌របស់ចិនបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរយូរមកហើយ។ ឆាមីសួរជាមួយសាច់អណ្តើក មួយផ្នែកគេដាក់ក្នុងកន្ទោងយកទៅតម្រៀបនៅលើខ្ទមអ្នកតាទ្វារនិងអ្នកតាចាស់ស្រុក ហើយមួយផ្នែកទៀតគេយកដាក់នៅលើពែដែលធ្វើដោយស្រទបចេកជារូបសេះ រូបដំរី រទេះគោ សង្ឃឹក សាលា កញ្រ្ជោង សម្រាប់ជាសំណែននៅក្នុងកិច្ចបញ្ជូន (អ្នកភូមិសំបូរបញ្ជូនទៅទិសខាងត្បូង)។   

សរុបជារួមមក រាអណ្តើកនៅភូមិសំបូរជាផ្នែកមួយនៃមត៌កអរូបីដ៏សំខាន់ដែលងាយនឹងបាត់បង់។ កិច្ចនេះធ្វើឡើងដើម្បីចាប់សត្វអណ្តើកថ្វាយដល់អ្នកតា ព្រោះគេមានជំនឿថាអណ្តើកជាសត្វតំណាងឱ្យភាពត្រជាក់ត្រជុំ ឬតំណាងឱ្យទឹក ហើយនៅពេលដែលអ្នកតាបានសេពសោយសត្វនេះហើយ នឹងតបស្នងមកវិញនូវភោគផលទឹកភ្លៀងពេញបរិបូណ៌សម្រាប់ស្រោចស្រពស្រែចម្ការរបស់ពួកគេ។  

អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!